ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហុងកុង​អាចនឹង​ចោល​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩​ ​រាប់​លានដូស ដោយសារ​តែ​ប្រជាជន​មិន​ព្រម​ចាក់

សំឡេង ០៥:២០
លោកស្រី ការី ឡាំ ទទួកការចាក់វ៉ាក់សាំងដូសទី២ របស់មន្ទីរពិសោធន៍​Sinovac នៅថ្ងៃទី ២២ មីនា ២០២១
លោកស្រី ការី ឡាំ ទទួកការចាក់វ៉ាក់សាំងដូសទី២ របស់មន្ទីរពិសោធន៍​Sinovac នៅថ្ងៃទី ២២ មីនា ២០២១ AP - Vincent Yu

ខណៈដែលប្រទេសក្រីក្រខ្លះ គ្មាន​វ៉ាក់សាំងចាក់ឲ្យ​ប្រជាជន ដើម្បីបង្កាការឆ្លងរាលដាលកូវីដ​១៩ កោះហុងកុងឯណោះវិញ មានវ៉ាក់សាំងជាច្រើនលានដូស ដែលសល់ចោល អាចនឹងផុតកាលបរិច្ឆេទប្រើប្រាស់​ ហើយអាចប្រឈមនឹងការយកទៅបោះចោលតែម្តង។ យុទ្ធនាការចាក់វ៉ាក់សាំងនៅដែនដីហុងកុង បានធ្វើទៅយ៉ាងយឺត ដោយសារតែ​ប្រជាជនហុងកុង ពុំសូវស្ទុះស្ទាចង់ចាក់វ៉ាក់សាំងទេ។ តើមានមូលហេតុអ្វី ដែលធ្វើឲ្យ​ប្រជាជនហុងកុង មិនចង់ចាក់វ៉ាក់សាំង ប្រឆាំងកូវីដ​១៩?

ផ្សាយពាណិជ្ជកម្ម

មានប្រជាជនប្រមាណ​​៧លាន៥សែន​នាក់ ដែនដីហុងកុង គឺជាដែនដីដ៏កម្រមួយ ដែលអាចមានលទ្ធភាព បញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ​១៩ ក្នុងចំនួន​គ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្លួន​​។ តាំងតែពីដំបូង រដ្ឋបាលកោះហុងកុង បាន​បញ្ជាទិញ វ៉ាក់សាំងរបស់មន្ទីរពិសោធន៍ Pfizer-BioNTech ចំនួន​៧លាន ៥សែនដូស។​ ហុងកុង ក៏បាន​ទិញវ៉ាក់សាំងចិន​ របស់មន្ទីរពិសោធន៍ Sinovac ចំនួន​ជាង​៧លានដូសដែរ។ ចំណែក វ៉ាក់សាំងរបស់​មន្ទីរពិសោធន៍​ AstraZeneca រដ្ឋបាលហុងកុង បានកុម្មង់ទិញ ៧លាន៥សែនដូសដែរ តែបានលុបចោលកិច្ចសន្យាទៅវិញ បន្ទាប់ពី​មានរឿងមិនទុកចិត្តផ្ទួនៗគ្នា ទាក់ទិននឹង​ផលប៉ះពាល់ របស់វ៉ាក់សាំងនេះ។

តែផ្ទុយទៅវិញ យុទ្ធនាការចាក់វ៉ាក់សាំងនៅហុងកុង មិនបានប្រព្រឹត្តិធ្វើទៅ ដូចការរំពឹងទុករបស់អាជ្ញាធរទេ។ ប្រជាជនហុងកុង មិនបានស្ទុះស្ទា នាំគ្នាទៅចាក់វ៉ាក់សាំងទេ។ រហូតមកទល់ពេល​នេះ ហុងកុង បានទទួលវ៉ាក់សាំងរបស់មន្ទីរពិសោធន៍ Pfizer-BioNTech បានចំនួន ៣លាន​៣សែន​ដូសហើយ។ ក៉៏ប៉ុន្តែ មានតែ១លាន​២សែនដូស តែប៉ុណ្ណោះ ដែលត្រូវបាន​ប្រើប្រាស់។​ ក្នុង​ចំណោម​​ប្រជាជន​៧លាន​៥សែននាក់ នៅហុងកុង គឺមាន​តែ​១៩%ប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំង​​ដូស​ទី១ និង​ ១៤%​បាន​ទទួលវ៉ាក់សាំង រួចរាល់ទាំង​២ដូស។

មានហេតុផលមួយចំនួន ដែលធ្វើឲ្យប្រជាជនហុងកុង មិនស្ទុះស្ទាចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩។ ហេតុផលដំបូងបង្អស់ គឺប្រជាជនហុងកុងជាទូទៅ មិនមានទំនុកចិត្ត ទៅលើអាជ្ញាធររដ្ឋបាលហុងកុង។ ២ឆ្នាំក្រោយ​ផ្ទុះបាតុកម្ម​ ទាមទារលទ្ធិប្រជាធិបតេយ្យ ក្នុងក្រសែភ្នែករបស់​ប្រជាជន​ហុងកុង គឺរដ្ឋបាលរបស់​លោកស្រី ការី ឡាំ គឺគ្រាន់តែជាអាយ៉ង របស់​ចិនកុម្មុយនីស្តប៉េកាំងតែប៉ុណ្ណោះ។ ដូច្នេះ ប្រជាជនហុងកុង មិនទុកចិត្តទេ ថាវ៉ាក់សាំងដែលគេចាក់ឲ្យខ្លួន គឺជាវ៉ាក់សាំង របស់មន្ទីរពិសោធន៍ Pfizer-BioNTech ឬក៏ជាវ៉ាក់សាំងរបស់មន្ទីរពិសោធន៍ចិន​នោះទេ​។

ជាមួយគ្នានេះ នៅតាមបណ្តាញសង្គមហុងកុង គឺមានលេចឮនូវដំណឹងភូតកុហកបោកប្រាស់ជាច្រើន ទាក់ទិននឹងប្រសិទ្ធភាព​ ក៏ដូចជា​ផលអវិជ្ជមាន បង្កឡើងដោយវ៉ាក់សាំងប្រឆាំងកូវីដ​១៩។ ជាងនេះទៀត ប្រជាជនហុងកុង ជាទូទៅ គិតថាគ្មានអ្វីបន្ទាន់ ត្រូវភ័យបារម្ភ រត់ទៅចាក់វ៉ាក់សាំងទេ ព្រោះថាស្ថានភាពឆ្លងរាលដាលកូវីដ​១៩នៅហុងកុង ពុំធ្ងន់ធ្ងរនោះឡើយ។ រីឯអាជ្ញាធរហុងកុងទៀតសោត ក៏ហាក់ដូចជា ពុំមានវិធានការជាក់ស្តែង ដែលជំរុញលើកទឹកចិត្តប្រជាជន ឲ្យ​ទៅចាក់វាក់សាំងដែរ។

កុំថាឡើយដល់ទៅប្រជាជនហុងកុងសាមញ្ញ សូម្បីតែបុគ្គលិកពេទ្យ ដែលតាមធម្មតា ជាអ្នកមានអាទិភាព ត្រូវចាក់វ៉ាក់សាំងមុនគេនោះ​ ក៏ពួកគេមិនសូវស្ទុះស្ទាដែរ។ កាលពីសប្តាហ៍កន្លងទៅ អាជ្ញាធរសុខាភិបាលហុងកុង បានចេញផ្សាយ​តួលេខ ដែលបង្ហាញថា ក្នុងចំណោមបុគ្គលិកពេទ្យទាំងអស់ គឺមាន​តែ១ភាគ៣តែប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងប្រឆាំងកូវីដ​១៩។

លោក Thomas Tsang អតីតមន្ត្រីនៃមជ្ឈមណ្ឌលបង្កាជំងឺឆ្លងហុងកុង បាន​លើកឡើងនៅតាមវិទ្យុ RTHK កាលពីថ្ងៃអង្គារទី២៥ឧសភាថា នៅសល់តែ​៣ខែទៀតប៉ុណ្ណោះ គឺវ៉ាក់សាំងឡូត៍ដំបូង​ របស់មន្ទីរពិសោធន៍ Pfizer-BioNTech ដែលស្ថិតក្នុងស្តុករបស់អាជ្ញាធរសុខាភិបាលហុងកុង គឺនឹង​ត្រូវផុតកាលបរិច្ឆេទប្រើប្រាស់ហើយ។ បើយោងតាមកាលវិភាគ​បច្ចុប្បន្ននេះ គឺមានន័យថា ដាច់ខែ​កញ្ញា ទីតាំងចាក់វ៉ាក់សាំង Pfizer-BioNTech នៅហុងកុង នឹងត្រូវបិទទ្វារហើយ។ មន្ត្រីហុងកុងរូបនេះ បានបន្ថែមថា វាជារឿង ដែលមិនយុត្តិធម៌ទាល់តែសោះ ដែល​ប្រទេសផ្សេងខំប្រឹងស្រវ៉េស្រវ៉ា ប្រមូលប្រាក់ទិញវ៉ាក់សាំង ទំរាំបានយកទៅចាក់ជូន​ប្រជាជន តែប្លែកអី ហុងកុងមានវ៉ាក់សាំងគ្រាប់គ្រាន់ តែបែជាប្រជាជនមិនព្រមចាក់ទៅវិញ។

ជាការពិត មានប្រទេសច្រើនណាស់ ដែលគ្មានលទ្ធភាពទិញវ៉ាក់សាំង ឬ ទិញមិនទាន់ប្រទេសអ្នកមាន។ ប្រទេសនៅតំបន់អាមេរិកខាងត្បូងចំនួន​៦ គឺ មិកស៊ិក ហ្សាម៉ាអ៊ីក បូលីវី អេក្វាទ័រ អ៊ុយរ៉ាហ្កាយ និងកូស្តារីកា បានរួមគ្នា​ចេញលិខិតមួយ អំពាវនាវ ឲ្យ​ប្រទេសដែលមាន​វ៉ាក់សាំងច្រើនក្នុងស្តុក ត្រូវចែករំលែកមកឲ្យប្រទេសគេខ្លះផង។

យ៉ាងណាមិញ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានអ្នកនយោបាយ​ហុងកុងខ្លះ បានលើកជាសំណើ​ថា ត្រូវតែផ្ញើវ៉ាក់សាំង ដែលសល់ក្នុងស្តុក ទៅជួយ​ប្រទេសផ្សេងដែលខ្វះខាត ជាជាងទុកចោលឲ្យផុតកាលបរិច្ឆេទ ប្រើលែងកើត។ ជាមួយគ្នានេះដែរ មានមតិខ្លះ បាន​លើកឡើងថា អាជ្ញាធរហុងកុង គួរតែចេញវិធានការបន្ថែម ដើម្បីជំរុញ លើកទឹកចិត្តឲ្យ​ប្រជាជនទៅចាក់វ៉ាក់សាំង។ តួយ៉ាង ដូចជា ការប្រគល់ជាគូប៉ុងទឹកប្រាក់ សម្រាប់អ្នកដែលបានទៅចាក់វ៉ាក់សាំង។ ក៏ប៉ុន្តែ កាលពីថ្ងៃអង្គារ​ទី​២៥ឧសភា លោកស្រី ការី ឡាំ បានបដិសេធ គំនិតប្រគល់ប្រាក់លើកទឹកចិត្តអ្នកចាក់វ៉ាក់សាំង ព្រោះ​លោកស្រីយល់ថា វាអាចនឹងហុចផលផ្ទុយស្រលះមកវិញ ព្រោះប្រជាជននឹងកានតែលែងទុកចិត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI