ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចអាចនឹងបង្កើនអាជីវកម្មរ៉ែ?

បច្ចេកវិទ្យាថាមពលបៃតង​ដែលចាំបាច់​ក្នុងការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​ត្រូវការប្រើ​វត្ថុធាតុដើម​ជាច្រើន ដែល​ចេញ​ពី​អាជីវកម្ម​រ៉ែ
បច្ចេកវិទ្យាថាមពលបៃតង​ដែលចាំបាច់​ក្នុងការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​ត្រូវការប្រើ​វត្ថុធាតុដើម​ជាច្រើន ដែល​ចេញ​ពី​អាជីវកម្ម​រ៉ែ AP - Martin Meissner

នៅក្នុងពេល​បច្ចុប្បន្ន​នេះ មាន​ប្រទេស​កាន់តែច្រើនឡើង​បាន​ដាក់ចេញ​នូវ​គោលដៅ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឡើងកម្តៅផែនដី។ ការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​នេះ វា​អាច​នឹង​នាំ​ឲ្យ​កើនឡើង​នូវសកម្មភាព​មួយ​ផ្សេងទៀត គឺ​ការ​រុករក និង​ធ្វើ​អាជីវកម្ម​រ៉ែ ដែល​ជា​សកម្មភាព​អាច​បង្ក​នូវ​ផលប៉ះពាល់​​យ៉ាងច្រើន​ផងដែរ ទាំង​ផ្នែក​បរិស្ថាន និង​ផ្នែក​សង្គម។

ផ្សាយពាណិជ្ជកម្ម

ការកាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​ឲ្យ​ធ្លាក់មកនៅកម្រិត​ដែល​គេហៅថា « ហ្សេរ៉ូកាបោន » គឺ​ជា​គន្លឹះ ដើម្បី​អាច​ទប់ស្កាត់​ការឡើងកម្តៅផែនដី​មិន​ឲ្យ​លើស​ពី​២អង្សា ដូចដែល​មាន​ចែង នៅ​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស កាល​ពី​ឆ្នាំ២០១៥។ ដើម្បី​អាច​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​ទៅតាម​គោលដៅ​នេះ​បាន គេ​ចាំបាច់​ត្រូវតែ​កាត់បន្ថយ​ការប្រើ​ថាមពលផូស៊ីល ហើយ​ជំនួស​មកវិញ​ដោយ​ប្រភេទ​ថាមពល​ថ្មី ជាពិសេស ​ថាមពល​វារីអគ្គិសនី ថាមពល​ខ្យល់ ​ថាមពល​ព្រះអាទិត្យ​ ក៏ដូចជា​ការ​ផ្លាស់ប្តូរ​បច្ចេកវិទ្យា​យានយន្ត​ពី​ការ​ប្រើ​ប្រេងមក​ប្រើ​ម៉ូទ័រអគ្គិសនី។

ក៏ប៉ុន្តែ បញ្ហា​គឺនៅត្រង់ថា បច្ចេកវិទ្យាអស់​ទាំង​នេះ​សុទ្ធតែ​ត្រូវការ​វត្ថុធាតុដើម​​ផ្សេងទៀត ដែល​បាន​ពី​អាជីវកម្មរ៉ែ រួមមាន​ដូចជា ដែក ដើម្បី​ផលិតទួរប៊ីនខ្យល់, ខ្សាច់ ដើម្បី​ផលិត​កញ្ចក់​យក​ទៅ​ធ្វើ​ផ្ទាំងសូឡា, កូបាល់ និង​លីចូម សម្រាប់ប្រើ​ក្នុងការ​ផលិត​អាគុយ​ឡាន​អគ្គិសនី ព្រមទាំង​រ៉ែផ្សេងទៀត​រួមមាន​ដូចជា នីកែល ទង់ដែង អាលុយមីញ៉ូម លោហៈកម្រ ។ល។ និង ។ល។

យោងតាមការព្យាករ​របស់​ធនាគារ​ពិភពលោក និង​ទីភ្នាក់ងារថាមពល​អន្តរជាតិ ប្រសិនបើ​គេ​ចង់​សម្រេច​តាម​គោលដៅ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច ដូច​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស តម្រូវការ​រ៉ែ​មួយ​ចំនួន រួមមាន​ដូចជា នីកែល ជាដើម នឹង​ត្រូវកើនឡើង​រហូតដល់​ទៅជាង១០០% ចាប់ពីពេលនេះ​ទៅដល់​ឆ្នាំ២០៥០​ខាងមុខ, កូបាល់ ត្រូវកើនឡើង​ជិត ៦០០% ចំណែក លីចូមវិញ នឹង​ត្រូវ​កើនឡើង​រហូតដល់​ទៅ​ជិត ១០០០%។

តម្រូវការ​ដ៏ច្រើន​សន្ធឹកសន្ធាប់​នេះ គឺ​​មានន័យ​ថា សកម្មភាព​រុករក និង​ធ្វើ​អាជីវកម្ម​រ៉ែ​ក៏​ប្រាកដ​ជា​នឹង​ត្រូវ​កើនឡើង​យ៉ាងខ្លាំង​ទៅតាម​នោះផងដែរ ឬ​យ៉ាងហោចណាស់ កើនឡើង​នៅ​ក្នុងរយៈពេលខ្លី មុននឹង​អាច​កាត់បន្ថយ​ខ្លះមកវិញ តាមរយៈ​ការ​យក​របស់​មកច្នៃប្រើឡើងវិញ ឬ​ហៅតាមភាសាអង់គ្លេស​ថា Recycling។

យោងតាម​ក្រុមហ៊ុន​ឈ្មោះ Wood Mackenzie ដែល​ជា​ក្រុមហ៊ុន​ជំនាញ​ខាង​សិក្សា​អំពី​វិស័យថាមពល និង​រ៉ែ គេត្រូវការ​ការវិនិយោគថ្មី​ក្នុង​វិស័យរ៉ែ ​រហូតដល់​ទៅ ១,៧ទ្រីលាន​ដុល្លារ ​ក្នុងរយៈពេល ១៥ឆ្នាំខាងមុខនេះ ទើបអាច​​ផ្គត់ផ្គង់​តម្រូវការ​រ៉ែ​នៅលើ​ទីផ្សារ​នៅទូទាំង​ពិភពលោកបាន។

កំណើន​នៃ​ការវិនិយោគលើ​វិស័យរ៉ែ​នេះ វា​អាច​មាន​ចំណុចវិជ្ជមាន​មួយ។ វិជ្ជមាន​នៅត្រង់​ថា វា​អាច​ជា​ឳកាស​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍ តែមាន​ធនធានរ៉ែ។ ជាឳកាស​បង្កើត​ការងារ​ដល់​ប្រជាជន ជំរុញ​កំណើន​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាព​ក្រីក្រ ដែលនេះ​គឺ​ជា​ចំណុច​សំខាន់ ពីព្រោះ​ថា មានប្រជាជន​រហូតដល់​ទៅប្រមាណជា ៣ពាន់លាននាក់ ពោលគឺ ជិតពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប គឺ​រស់​នៅ​ក្នុង​ប្រទេស​កំពុងអភិវឌ្ឍ តែ​មាន​ធនធានរ៉ែ។

ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា វា​ក៏​អាច​ជះផលអវិជ្ជមាន​ផងដែរ ពីព្រោះ​ថា គិត​រហូតមកទល់នឹង​ពេល​បច្ចុប្បន្ន​នេះ ការធ្វើ​អាជីវកម្ម​រ៉ែ​​គឺ​ជា​វិស័យមួយ ដែលតែងតែ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​​ច្រើន​ដល់​បរិស្ថាន ក៏ដូចជា បង្កើត​ឲ្យ​មាន​ការប្រើប្រាស់​កម្លាំងពលកម្ម​ដោយ​គ្មាន​ប្រាក់ឈ្នួល​ត្រឹមត្រូវ ឬ​ពលកម្ម​លើ​កុមារ ជាពិសេស នៅតាម​ប្រទេស​កំពុងអភិវឌ្ឍ ដែល​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិបាលកិច្ច នៅមាន​ការ​ខ្វះខាត​ច្រើន​នៅឡើយ។

លើសពីនេះ​ទៅទៀត ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ គឺ​ជា​សកម្មភាព​ដែល​ត្រូវការ​ប្រើ​ថាមពល​ច្រើន ដោយ​គិត​ជា​សរុប​នៅ​ទូទាំង​ពិភពលោក​ទាំងមូល ថាមពល​ប្រមាណ​ជា ១១% ត្រូវ​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​រ៉ែ។ នេះវា​បង្កើត​ឲ្យ​មាន​ជា​ចំណោទ​ដ៏​ចម្បងមួយទៀត គឺ​ថា តើ​ប្រភព​ថាមពល​នោះ​បានមកពីណា? ប្រសិនបើ​វាជា​ប្រភព​ថាមពល ដែល​បញ្ចេញ​ឧស្ម័នការបូនិច វា​មានន័យ​ថា ការធ្វើ​អាជីវកម្មរ៉ែ ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ដែល​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច តែ​បែរ​ជា​នាំ​ឲ្យ​មាន​ការ​បញ្ចេញ​ឧស្ម័នកាបូនិច​ទៅវិញ​ដដែលជាដដែល។

ដូច្នេះ ដើម្បី​ឲ្យ​ធនធានរ៉ែ​អាច​ជា​កម្លាំង​ចលករ​ក្នុងការ​ជំរុញ​បច្ចេកវិទ្យា​ថាមពលបៃតង ហើយ​ជួយទប់ស្កាត់​ការ​ឡើងកម្តៅផែនដី ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ក៏​ចាំបាច់​ត្រូវតែ​ធ្វើឡើង​ដោយ​ប្រើ​ថាមពល​បៃតង​ដូចគ្នា ព្រម​ទាំង​មាន​ការ​យកចិត្ត​ទុកដាក់ខ្ពស់​ចំពោះ​ផលប៉ះពាល់​ផ្សេងទៀត ទាំងផលប៉ះពាល់​ទៅលើ​បរិស្ថាន និង​ទៅលើ​ផ្នែកសង្គមកិច្ច។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI