ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីអឺរ៉ុបអល់អែកនឹង​ការវិនិយោគចិន?

សំឡេង ០៤:១១
ហេតុ​អ្វីចិន​វិនិយោគនៅ អឺរ៉ុប ?
ហេតុ​អ្វីចិន​វិនិយោគនៅ អឺរ៉ុប ? © AP - Hau Dinh摄影

បណ្ដារដ្ឋអឺរ៉ុបជាច្រើនមានទំនាក់ទំនងអន្ដរជាតិជាមួយប្រទេសចិន តាំងពីសតវត្សរ៍ទី១៧ ក្នុងរាជវង្ស Qing។ រហូតដល់ពេលបច្ចុប្បន្ន សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិន ហើយចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់សហភាពអឺរ៉ុប។ ទោះជាយ៉ាងណា ចាប់តាំងពីខែមីនា ឆ្នាំ២០១៩ សហភាពអឺរ៉ុបបានចាត់ទុកប្រទេសចិនជា “គូប្រជែងយុទ្ធសាស្រ្ដ”។ រដ្ឋាភិបាលចិនក៏បានឆ្លើយតបតាមរយៈនយោបាយ “ការទូតអ្នកចម្បាំងចចក”។ ប្រឈមនឹងភាពតានតឹងនេះ បណ្ដាប្រទេសអឺរ៉ុបហាក់អល់អែកក្នុងការទទួលស្វាគមន៍ការវិនិយោគចិន។

ផ្សាយពាណិជ្ជកម្ម

មុនពេលមានវត្តមានរបស់ សហភាពអឺរ៉ុប ឬ European Union បណ្ដារដ្ឋអឺរ៉ុបជាច្រើនមានទំនាក់ទំនងរួចជាស្រាប់ ជាមួយរាជវង្ស Qing របស់ចិន នៅអំឡុងសតវត្សរ៍ទី១៧។ ក្រោយសង្គ្រាមលោកលើកទី២ ទំនាក់ទំនងរវាងអឺរ៉ុប និងសាធារណរដ្ឋប្រជាមានិតចិន ឬគេស្គាល់ថា ទំនាក់ទំនងអឺរ៉ុប និងចិន គឺជាទំនាក់ទំនងទ្វេភាគីដែលត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៧៥។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីការបោះឆ្នោតដោយផ្ទាល់លើកដំបូងនៅសភាអឺរ៉ុប ស្ថាប័នអឺរ៉ុបបានបង្កើត “គណៈប្រតិភូដើម្បីទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិន”។ ក្រោយសង្គ្រាមត្រជាក់ ទំនាក់ទំនងរបស់ចិនជាមួយអឺរ៉ុបមិនសូវមានអាទិភាពខ្ពស់ទេ សម្រាប់ប្រទេសចិន ព្រោះថា ចិនបានផ្តោតទំនាក់ទំនងរបស់ខ្លួនជាមួយអាមេរិក ជប៉ុន និងមហាអំណាចអាស៊ីផ្សេងទៀត។

នៅឆ្នាំ១៩៩៦ អឺរ៉ុបបានដាក់ចេញ “យុទ្ធសាស្ត្រអាស៊ីថ្មី”។ ក្រោយមក កិច្ចប្រជុំកំពូលអឺរ៉ុប និងចិនត្រូវបានធ្វើឡើងជាញឹកញាប់។ ក្នុងចំណោមប្រទេសអឺរ៉ុប ប្រទេសបារាំងមានទំនាក់ទំនងស្និតស្នាលជាមួយចិនជាងគេ ហើយបារាំងក៏ជាប្រទេសអឺរ៉ុបដំបូងគេដែល​រួមជាមួយរុស្ស៊ីក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយចិន។

វិនិយោគចិននៅអឺរ៉ុប

បច្ចុប្បន្ន សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិន ហើយចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អឺរ៉ុប។ នៅឆ្នាំ២០២០ ចិនបានវ៉ាដាច់អាមេរិកក្នុងការក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់សហភាពអឺរ៉ុប។ ពាណិជ្ជកម្មនេះភាគច្រើនផ្តោតលើឧស្សាហកម្ម និងផលិតកម្ម។

យោងតាមគេហទំព័រផ្លូវការរបស់គណៈកម្មការអឺរ៉ុប ការវិនិយោគផ្ទាល់របស់អឺរ៉ុបដែលហូរចូលទៅប្រទេសចិន ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ បានកើនឡើងដល់ជាង១៤០ពាន់លានអឺរ៉ូ។ ការវិនិយោគរបស់ចិនទៅកាន់អឺរ៉ុបមានទំហំជិត១២០ពាន់លានអឺរ៉ូ។ ទោះយ៉ាងណា ចាប់តាំងពីឆ្នាំ២០១៩ ការវិនិយោគរបស់ចិននៅអឺរ៉ុបបានបន្តធ្លាក់ចុះ។

ហេតុអ្វីបណ្ដាប្រទេសអឺរ៉ុបអល់អែកក្នុងការទទួលស្វាគមន៍ការវិនិយោគចិន?

ជារឿយៗ ទំនាក់ទំនងអឺរ៉ុប និងចិនត្រូវបានរងផលប៉ះពាល់ ដោយបញ្ហានយោបាយ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ជាឧទាហរណ៍ អឺរ៉ុបបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសចិន នៅពេលរដ្ឋាភិបាលចិនបង្រ្កាបយ៉ាងហិង្សាលើបាតុកម្ម Tiananmen។ នៅក្នុងសតវត្សរ៍ទី២១ ភាពតានតឹងនយោបាយរវាងអឺរ៉ុប និងចិន ទំនងកើតឡើងដោយសារផលប៉ះពាល់ពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។

ផ្អែកតាមកាសែតជប៉ុន Asian Nikkei ប្រទេសចិនបានធ្វើឱ្យ​អឺរ៉ុបអល់អែក និងចង់ការពារខ្លួន ប្រឈមនយោបាយខ្លាំង របស់ លោក ស៊ី ជីនពីង។ ចាប់តាំងពីខែមីនា ឆ្នាំ២០១៩ សហភាពអឺរ៉ុបបានចាត់ទុកប្រទេសចិនជា “គូប្រជែងយុទ្ធសាស្រ្ដ”។ នៅខែឧសភា ឆ្នាំ២០២១ គណៈកម្មការអឺរ៉ុបបានប្រកាសផែនការកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ក្នុងវិស័យសេដ្ឋកិច្ច។ កិច្ចព្រមព្រៀងវិនិយោគជាច្រើនជាមួយសហភាពអឺរ៉ុប ឥឡូវនេះ កំពុងត្រូវបានបង្អាក់យ៉ាងខ្លាំង។ ជាក់ស្ដែង សភាអឺរ៉ុបបានបោះឆ្នោតលើសលុប ដើម្បីបង្អាក់ដំណើរការផ្តល់សច្ចាប័នលើការវិនិយោគចិនដែលកិច្ចព្រមព្រៀងនេះបានធ្វើឡើង នៅទីក្រុងប៉េកាំង កាលពី៦ខែមុន។ រឿងនេះបានបង្កការភ្ញាក់ផ្អើលក្នុងរដ្ឋាភិបាលចិន ដោយត្រឹមរយៈពេលតែមួយខែប៉ុណ្ណោះ អ្វីៗបានផ្លាស់ប្ដូរ ក្រោយប្រធានាធិបតី ស៊ី ជិនពីង ប្រារព្វខួបទី១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន។

ជាឧទាហរណ៍ កិច្ចប្រឹងប្រែងការទូតរបស់ប្រទេសចិនបានទទួលរងនូវការប៉ះទង្គិចជាមួយប្រទេសអឺរ៉ុបផ្សេងទៀត គឺ ប្រទេសលីទុយអានី (មួយក្នុងចំណោមប្រទេស Baltic ទាំងបី) ដោយប្រទេសនេះបាននិយាយថាខ្លួន កំពុងចាកចេញពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការប្រទេស ១៧+១ រវាងប្រទេសចំនួន១៧ នៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត បូកជាមួយប្រទេសចិន។ កិច្ចសហប្រតិបត្តិការ ១៧+១ គឺជាក្របខ័ណ្ឌសំខាន់មួយសម្រាប់ប្រទេសចិន ក្នុងការបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ហើយវាពាក់ព័ន្ធនឹងគម្រោងផ្តួចផ្តើម “ផ្លូវ​មួយ​ខ្សែក្រវ៉ាត់មួយ ឬ The Belt and Road Initiative”។

បញ្ហាមួយផ្សេងទៀតក៏កំពុងលេចចេញជារូបរាងផងដែរ ពោលគឺ សហរដ្ឋអាមេរិក ជប៉ុន ចក្រភពអង់គ្លេស សមាជិកប្រទេសG7 សហភាពអឺរ៉ុប ឥណ្ឌា អូស្រ្តាលី និងប្រទេសដទៃផ្សេងទៀត កំពុងរួមគ្នា និងមើលប្រទេសចិនពីចម្ងាយ។ ទោះជាយ៉ាងណា ការឆ្លើយតបរបស់រដ្ឋាភិបាលចិន តាមរយៈនយោបាយ “ការទូតអ្នកចម្បាំងចចក” ឬ “Wolf Warrior Diplomacy” ហាក់បានបង្កើនភាពតានតឹងលើសដើម។ នយោបាយ “ការទូតអ្នកចម្បាំងចចក” បង្ហាញអំពីបែបបទការទូតតឹងរ៉ឹង និងមិនចុះញ៉ម ដែលត្រូវបានអនុវត្តក្រោមរដ្ឋបាលដឹកនាំ របស់ លោកស៊ី ជិនពីង នៅសតវត្សរ៍ទី២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI