ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីស្រាអែល៖លោកនេតាន់យ៉ាហ៊ូកំពុងប្រឈមនឹងការខ្ទាតពីអំណាច ក្រោយពីបានកាន់កាប់រយៈពេល ១៥ឆ្នាំ

សំឡេង ០៥:៣១
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូកំពុងប្រឈមនឹងការខ្ទាតពីអំណាច ក្រោយពីបានកាន់កាប់រយៈពេល ១៥ឆ្នាំ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូកំពុងប្រឈមនឹងការខ្ទាតពីអំណាច ក្រោយពីបានកាន់កាប់រយៈពេល ១៥ឆ្នាំ។ AP - Yonatan Sindel

នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល គណបក្ស​ប្រឆាំង និង​គណបក្សស្តាំនិយមជ្រុល​កំពុង​ចរចា​គ្នា​ដើម្បី​បង្កើត​សម្ព័ន្ធភាព​មួយ​ឆ្ពោះ​ទៅ​បង្កើត​រដ្ឋាភិបាល​ឯកភាពជាតិ​ថ្មី​ដែល​គេ​ហៅ «រដ្ឋាភិបាល​នៃ​ការ​ផ្លាស់ប្តូរ » ។ អ្វី​ដែល​ច្បាស់ និង​បើ​អ្វីៗ​ប្រព្រឹត្តិ​ទៅ​ដូច​បាន​គ្រោង​ទុក​មែន រដ្ឋាភិបាល​ចម្រុះ​ថ្មី​នឹង​ត្រូវ​ប្រសូត្រ​ចេញ​នៅ​ថ្ងៃ​ពុធ ទី២ មិថុនា​ដើម្បី​ជំនួស​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​នាយករដ្ឋមន្រ្តី​លោក​នេតាន់យ៉ាហ៊ូ។ មិន​ទាន់​អី​ផង លោក​នេតាន់យ៉ាហ៊ូ​ដែល​បាន​កាន់​អំណាច​រយៈពេល ១៥ឆ្នាំ​បាន​ចាត់​ទុក​អនាគត​រដ្ឋាភិបាល​ឯកភាពជាតិ​ថ្មី​ថាជា​រដ្ឋាភិបាល​គ្រោះថ្នាក់​សម្រាប់​សន្តិសុខ​របស់​រដ្ឋ​អ៊ីស្រាអែល និង​ថា ការ​ចង​សម្ព័ន្ធ​រវាង​គណបក្ស​ប្រឆាំង និង​គណបក្ស​ស្តាំនិយមជ្រុល​ជា​ការ​បោកប្រាស់​ប្រចាំ​សតវត្ស។ តើ​សករាជ​របស់​លោក​នេតាន់យ៉ាហ៊ូ​ពិត​ជា​បាន​ឈាន​ដល់​ទីបញ្ចប់​មែនទែន​ហើយ ឬ​ នៅ​ពេល​នេះ?

ផ្សាយពាណិជ្ជកម្ម

អ៊ីស្រាអែល​គ្មាន​លោក​នេតាន់យ៉ាហ៊ូ?។ នេះ​ជា​សំណួរ​មួយ​ដែល​ធ្លាប់​បាន​ចោទ​សួរ​ច្រើន​សារ និង​កំពុង​បន្ត​ចោទ​សួរ​នៅ​ត្រឹម​ចុង​សប្តាហ៍​កន្លង​ទៅ។ តែ​ចាប់​ពី​យប់​ថ្ងៃ​អាទិត្យ​ឆ្លង​ចូល​ថ្ងៃ​ចន្ទ ទី៣១ ឧសភា​មក អ្វីៗ​ហាក់​កាន់​តែ​ច្បាស់​បន្តិច​ចំពោះ​អនាគត​នាយករដ្ឋមន្រ្តី​របស់​លោក​នេតាន់យ៉ាហ៊ូ។ អ្វី​ដែល​ច្បាស់ គឺ​ការ​ដែល​ប្រធាន​គណបក្ស​ស្តាំនិយមជ្រុល​លោក​ណាហ្វតាលី បេននែត​បាន​ប្រកាស​គាំទ្រ និង​ចូលរួម​ជាមួយ​ប្រធាន​គណបក្សកណ្តាលនិយម​លោក​យ៉ាអៀរ ឡាពីដ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី។ ជាមួយ​នឹង​ការ​ចូលរួម​របស់​លោក​បេននែត រួម​ទាំង​គណបក្សដៃគូ​ផ្សេង​ទៀត លោក​ឡាពីដ​ទើប​មាន ៥៧សំឡេង​ប៉ុណ្ណោះ មាន​ន័យ​ថា លោក​ត្រូវ​ការ ៤សំឡេង​ទៀត​ទើប​មាន ៦១សំឡេង​គ្រប់គ្រាន់​ដើម្បី​អាច​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន។

សំឡេង​ទាំង ៤ ដែល​នៅ​សេសសល់​ត្រូវ​បាន​លោក​ឡាពីដ​សង្ឃឹម​ទទួល​ពី​ក្រុម​គណបក្ស​អារ៉ាប់​ដែល​នៅ​មិន​ទាន់​ប្រកាស​ពី​ជំហរ​ច្បាស់លាស់​របស់​ខ្លួន​នៅ​ឡើយ។ គួរ​រម្លឹក​ថា​នៅ​ក្រោយ​ការ​បោះឆ្នោត​សភា​ក្នុង​ខែ​មីនា​កន្លង​ទៅ គណបក្ស​លីគូទ​របស់​លោក​នេតាន់យ៉ាហ៊ូ​ទទួល​បាន​សំឡេង​នាំ​មុខ តែ​គ្មាន​សំឡេង​ភាគច្រើន​ដើម្បី​អាច​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​ឡើយ។ តែ​ដោយ​មិន​អាច​ប្រមូល​សំឡេង​គាំទ្រ​ពី​គណបក្ស​ដៃគូ​បាន ការ​ព្យាយាម​បង្កើត​រដ្ឋាភិបាល​របស់​លោក​នេតាន់យ៉ាហ៊ូ​ក៏​បាន​ទទួល​បរាជ័យ។ នៅ​ពេល​នេះ ប្រធានាធិបតី​ក៏​បាន​ចាត់​លោក​ឡាពីដ​ដែល​ឈ្នះ​ឆ្នោត​លំដាប់​ទី២ ឲ្យ​ព្យាយាម​បង្កើត​រដ្ឋាភិបាល​ថ្មី​ម្តង។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក​ឡាពីដ​អាច​ប្រមូល​កម្លាំង​គ្រប់គ្រាន់​ដើម្បី​កម្ចាត់​ការ​សោយរាជ្យ​របស់​លោក​នេតាន់យ៉ាហ៊ូ​នៅ​លើ​ឆាក​នយោបាយ​អ៊ីស្រាអែល​បាន ឬ អត់​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន លោក​នេតាន់យ៉ាហ៊ូ​ក៏​ហាក់​មិន​បណ្តោយ​ឲ្យ​គេ​កម្ចាត់​លោក​ងាយៗ​ដែរ។ តាម​ពិត​ទៅ នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​ក្រុម​គណបក្ស​ប្រឆាំង​ព្យាយាម​ទម្លាក់​លោក​នេតាន់យ៉ាហ៊ូ​ចេញ​ពី​កៅអី​នាយករដ្ឋមន្រ្តី។ តែ​នៅ​ទីបំផុត លោក​នេតាន់យ៉ាហ៊ូ​តែង​រក​ឃើញ​ច្រកចេញ​គ្រប់​ពេល។ កុំ​ថា​ឡើយ​អង្គុយ​កៅអី​ម្នាក់​ឯង​ពេញ​មួយ​អាណត្តិ សូម្បី​តែ​ចែក​ជាមួយ​អ្នក​ផ្សេង​ដើម្បី​អង្គុយ​ពាក់កណ្តាល​អាណត្តិ​ម្នាក់​ក៏​លោក​ធ្លាប់​ដែរ។នៅ​អ៊ីស្រាអែល លោក​នេតាន់យ៉ាហ៊ូ​ត្រូវ​បាន​គេ​ឲ្យ​រហ័ស​នាម « Bibi » និង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​គ្រូមន្តអាគម​នយោបាយ។

ជា​គ្រូមន្តអាគមនយោបាយ​ព្រោះ​លោក « Bibi »បាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទាំង​អស់​ដើម្បី​តោង​អំណោច​កុំ​ឲ្យ​របូត​ចេញ​ពី​ដៃ។ ចាប់​កំណើត​ក្នុង​ខែ​តុលា ឆ្នាំ ១៩៤៩ នៅ​ទីក្រុង​តេឡាវី លោក​នេតាន់យ៉ាហ៊ូ​ជា​ប្រមុខ​រដ្ឋាភិបាល​ម្នាក់​គិត​ត្រឹម​ថ្ងៃ​នេះ​ដែល​បាន​ចាប់​កំណើត​នៅ​ក្រោយ​ការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល​ក្នុង​ឆ្នាំ ១៩៤៨។ នៅ​ពេល​ដែល​គេ​និយាយ​ពី​គណបក្ស​ស្តាំនិយម​លីគូទ​នៅ​អ៊ីស្រាអែល គេ​មិន​អាច​មិន​និយាយ​ពី​លោក​នេតាន់យ៉ាហ៊ូ​បាន​ឡើយ ព្រោះ​លោក « Bibi » រូប​នេះ​ឯង​ដែល​ជា​និមិត្តរូប​នៃ​មរតក​របស់​គណបក្សស្តាំនិយម​អ៊ីស្រាអែល។ ក្នុង​អំណាច​នាយករដ្ឋមន្រ្តី​រយៈពេល ១៥ឆ្នាំ លោក​នេតាន់យ៉ាហ៊ូ​កាន់​ជាប់​គ្នា​ចំនួន ១២ឆ្នាំ។ ទន្ទឹម​ជា​នាយករដ្ឋមន្រ្តី​កាន់​អំណាច​ដុះស្លែ លោក​ក៏​ជា​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ទី១ ដែល​កំពុង​ជាប់​ក្នុង​បទ​ចោទ​ប្រកាន់​ចំនួន ៣៖​ពុករលួយ កេងបន្លំ និង​រំលោភ​លើ​សេចក្តី​ទុកចិត្ត។

ពិតណាស់​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល លោក​នេតាន់យ៉ាហ៊ូ​បាន​ដើរ​តួនាទី​ជា​អ្នក​ការពារ​អ៊ីស្រាអែល​ប្រឈម​ទប់​នឹង​ការ​គំរាមកំហែង​របស់​អ៊ីរ៉ង់ និង​ប្រកាន់​យក​នូវ​នយោបាយ​ពង្រីក​ដែនដី​អាណានិគម​លើ​ដែនដី​ប៉ាឡេស្ទីន។ តែ​ទន្ទឹម​នឹង​តម្លៃជាតិ​ដែល​លោក​នេតាន់យ៉ាហ៊ូ​មិន​ញញើត​នឹង​ការពារ​ដោយ​មាន​ការ​ជឿ​ទុកចិត្ត និង​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​អ៊ីស្រាអែល​មួយ​ចំនួន លោក​នេតាន់យ៉ាហ៊ូ​មិន​ដែល​ភ្លេច​គិត​ពី​តម្លៃ និង​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ ពិសេស​គឺ​តោង​អំណាច​ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់។ លោក Colin Shindler សាស្រ្តាចារ្យ​អង់គ្លេស​បាន​គូសបញ្ជាក់​ថា លោក​នេតាន់យ៉ាហ៊ូ​មិន​ដែល​ជឿ​ទុក​ចិត្ត​លើ​នរណា​ទេ ហើយ​ដើម្បី​អំណាច លោក​នេតាន់យ៉ាហ៊ូ​បាន​យក​អ្នក​នេះ ឬ​អ្នក​នោះ​ទៅ​ប្រើ រួច​នៅ​ពេល​បាន​អំណាច​ហើយ បែរ​ជា​បាន​ទាត់​ចោល​ទៅ​វិញ។

គឺ​ទង្វើ​របស់​លោក​នេតាន់យ៉ាហ៊ូ​របៀប​នេះ​ឯង​ដែល​បាន​ធ្វើ​ឲ្យ​ដៃគូ​របស់​លោក​ឈឺចាប់ និង​ឆ្អែតឆ្អន់។ ជាក់ស្តែង លោក​បេននែត​ដែល​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្រ្តី​របស់​លោក​នេតាន់យ៉ាហ៊ូ​បាន​ងាក​ទៅ​គាំទ្រ​ប្រធាន​គណបក្សប្រឆាំង​លោក​ឡាពីដ​ពេល​នេះ។ លោក​ឡាពីដ​មាន​ពេល​ត្រឹម​ថ្ងៃ​ពុធ ទី២ មិថុនា​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​ឲ្យ​បាន បើ​ពុំ​នោះ​សោត​ទេ ប្រធានាធិបតី​អាច​ជ្រើសរើស​ឥស្សរជន​ម្នាក់​ផ្សេង​ទៀត​ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី។ តែ​បើ​នៅ​តែ​មិន​អាច​ចេញ​រួច​ទៀត គឺ​មាន​តែ​ការ​រៀបចំ​បោះឆ្នោត​ឡើង​វិញ​ដែល​ជា​ជម្រើស​ចុង​ក្រោយ។ ចំណោត​នៅ​ត្រង់​ថា ជម្រើស​ចុង​ក្រោយ​មួយ​នេះ​ក៏​នៅ​មិន​ច្បាស់​នឹង​បញ្ចប់​វិបត្តិ​នយោបាយ​ដែល​កំពុង​អូស​បន្លាយ​ពេល​នេះ​ទេ។

ចូរ​កុំ​ភ្លេច​ថា អ៊ីស្រាអែល​បាន​រៀបចំ​បោះឆ្នោត​ដល់​ទៅ ៤ដង​ក្នុង​រយៈពេល​មិន​ដល់ ២ឆ្នាំ​ចុង​ក្រោយ​នេះ។ ដរាប​ណា​មាន​ការ​បោះឆ្នោត​លើក​ទី៥ នា​ពេល​ខាង​មុខ ដរាប​នោះ​លោក​នេតាន់យ៉ាហ៊ូ​នៅ​តែ​សង្ឃឹម​ថា តំណែង​នាយករដ្ឋមន្រ្តី​របស់​លោក​នៅ​មិន​ទាន់​ចប់​ត្រឹម​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI