ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រែប្រួលអាកាសធាតុ៖ តើសករាជប្រេងកំពុងឈានដល់ទីបញ្ចប់?

សំឡេង ០៤:១២
ក្រុមហ៊ុនប្រេង​កំពុង​រងសម្ពាធ​កាន់តែខ្លាំង ជាពិសេស ពី​សំណាក់​ម្ចាស់ភាគហ៊ុន ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ការឡើងកម្តៅផែនដី
ក្រុមហ៊ុនប្រេង​កំពុង​រងសម្ពាធ​កាន់តែខ្លាំង ជាពិសេស ពី​សំណាក់​ម្ចាស់ភាគហ៊ុន ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ការឡើងកម្តៅផែនដី REUTERS/Nick Oxford/File Photo

នៅក្នុងរយៈពេល​ប៉ុន្មានថ្ងៃចុងក្រោយនេះ គេ​សង្កេតឃើញ​ថា ក្រុមហ៊ុនប្រេងធំៗ​ជាច្រើន​​កំពុងរងនូវសម្ពាធ​យ៉ាងខ្លាំង ទាំងពី​សំណាក់​អ្ន​កវិនិយោគ ក៏ដូចជា​ពី​ស្ថាប័នតុលាការ ឲ្យ​បង្កើន​កិច្ចខិតខំប្រឹងប្រែង ក្នុងការ​កាត់បន្ថយ​ការ​ផលិតប្រេង ដើម្បី​ទប់ស្កាត់​ការ​ឡើងកម្តៅផែនដី។ វិស័យប្រេង ដែល​ជា​វិស័យ​ដ៏ចម្បង​ នៅក្នុងរយៈពេល​ប្រមាណ​ជា​១សតវត្សរ៍​កន្លងទៅនេះ កំពុងតែ​ដើរ​មកដល់​ចំណុច​របត់​មួយ ក៏ប៉ុន្តែ គេ​ក៏​មិនត្រូវ​រំពឹង​ដែរ​ថា អ្វីៗនឹង​ត្រូវ​ផ្លាស់ប្តូរ​ឆាប់ៗ។

ផ្សាយពាណិជ្ជកម្ម

គេដឹង​ថា ប្រេង និង​ឧស្ម័ន គឺ​ជា​ប្រភព​ដ៏ចម្បង​នៃ​ការ​បញ្ចេញ​ឧស្ម័នកាបូនិច ហើយ​ការណ៍ដែល​ក្រុមហ៊ុន​ប្រេង​រងការរិះគន់​ ទាក់ទង​នឹង​ការ​ឡើងកម្តៅផែនដី វា​មិនមែន​ជា​រឿង​ថ្មី​នោះទេ។ ក៏ប៉ុន្តែ សម្ពាធ​ទៅលើ​ក្រុមហ៊ុន​ប្រេង នៅក្នុងរយៈពេល​ថ្មីៗ​ចុងក្រោយ​នេះ បានកើនឡើង​ខ្លាំង​ដែល​គេ​កម្រ​នឹង​ឃើញ​មាន ជាពិសេស គឺ​សម្ពាធ​ពី​​ស្ថាប័នតុលាការ និង​ពី​សំណាក់​ម្ចាស់ភាគហ៊ុនក្រុមហ៊ុន​ដោយផ្ទាល់។

កាលពីថ្ងៃពុធ ទី២៦ឧសភា​កន្លងទៅនេះ ក្រុមហ៊ុន Shell ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្នុង​ប្រទេស​ហូឡង់ ត្រូវ​បាន​តុលាការ​ហូឡង់​ចេញសេចក្តីសម្រេច​បង្គាប់​ឲ្យ​ចាត់វិធានការ ធ្វើ​យ៉ាងណា​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​ឲ្យ​បាន​ ៤៥% នៅត្រឹម​ឆ្នាំ២០៣០​ខាងមុខ។ សេចក្តីសម្រេច​ដែល​អង្គការ​ការពារបរិស្ថាន​ចាត់ទុក​ថា​ « ជាប្រវត្តិសាស្រ្ត » ដោយសារ​តែ​នេះ គឺ​ជា​លើកទីមួយ ដែល​តុលាការ​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ឯកជន​សម្របខ្លួន​ទៅ​តាម​គោលដៅ នៃ​កិច្ចព្រមព្រៀង​អាកាសធាតុ​ ដែល​ចុះ​នៅ​ទីក្រុង​ប៉ារីស កាល​ពី​ឆ្នាំ២០១៥​កន្លងទៅ។

ជាការពិត គេអាច​និយាយបានថា ហូឡង់ ដែល​ជា​ប្រទេស​មានផ្ទៃដីភាគច្រើន​ស្ថិត​នៅ​ទាប​ជាង​កម្ពស់​ទឹកសមុទ្រ ហើយ​ងាយរងគ្រោះ​នឹង​​ការឡើងកម្តៅផែនដី ដូច្នេះ ប្រាកដ​ជា​​ត្រូវ​យកចិត្ត​ទុកដាក់​ខ្លាំង​នឹង​បញ្ហា​នេះ។ ក៏ប៉ុន្តែ គេ​សង្កេតឃើញ​ថា នៅតាម​បណ្តា​ប្រទេស​ផ្សេងទៀត ក្រុមហ៊ុន​ប្រេងធំៗ​ រួមមាន​ក្រុមហ៊ុន Total នៅបារាំង ក្រុមហ៊ុន Chevron និង ExxonMobil នៅ​អាមេរិក ក៏​រងនូវ​សម្ពាធ​យ៉ាងខ្លាំង​ផងដែរ ដោយ​ក្នុងករណី​ក្រុមហ៊ុន​ទាំងនេះ គឺ​សម្ពាធ​ពី​សំណាក់​ម្ចាស់ភាគហ៊ុន​ខ្លួនឯង​ដោយ​ផ្ទាល់ ដែល​បាន​នាំគ្នា​បោះឆ្នោត​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដាក់ចេញ​នូវ​យុទ្ធសាស្រ្ត​ជាក់លាក់ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឡើង​កម្តៅ​ផែនដី។

ចំណុច​ដែល​កាន់តែ​គួរ​ឲ្យ​កត់សម្គាល់​ទៅទៀត គឺ​ទីភ្នាក់ងារថាមពល​អន្តរជាតិ ដែល​ជាទូទៅ ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ស្ថាប័ន​​ដែល​មាន​ទំនោរ​ទៅខាង​វិស័យប្រេង​នោះ ក៏​ទើបនឹង​បាន​ចេញផ្សាយ​នូវ​ផែនទី​ចង្អុលផ្លូវ​មួយផងដែរ កាល​ពីថ្ងៃទី១៨ឧសភា​កន្លងទៅ ដោយ​បាន​លើកឡើង​ថា ដើម្បី​អាចឈាន​ទៅដល់​គោលដៅ « អព្យាក្រឹតកាបោន » ឬ « ហ្សេរ៉ូកាបោន » នៅ​ត្រឹមឆ្នាំ២០៥០​ខាងមុខ គេចាំបាច់​ត្រូវតែ​បញ្ឈប់​នូវ​រាល់​ការ​វិនិយោគ​​ថ្មីៗទៀត ទៅលើ​វិស័យថាមពល​ផូស៊ីល ក្នុងនោះ​ក៏មានដែរ វិស័យប្រេង និង​ឧស្ម័ន។

ក៏ប៉ុន្តែ នៅ​ក្នុងការ​អនុវត្ត​ជាក់ស្តែងវិញ គេ​សង្កេតឃើញ​ថា ក្រុមហ៊ុន​ប្រេង ថ្វីដ្បិតតែ​បាន​បោះទុន​វិនិយោគ​កាន់តែច្រើន​ទៅលើ​វិស័យថាមពល​បៃតង ក៏ប៉ុន្តែ គម្រោង​វិនិយោគ​ថ្មីៗ ទៅលើ​ការ​​រុករកប្រេង និង​ឧស្ម័ន ក៏នៅតែមានច្រើន ដោយ​គ្រាន់តែ​នៅ​ក្នុងឆ្នាំ២០២១​នេះ គម្រោង​ខួង​រក​ជង្រុកប្រេង និង​ឧស្ម័នថ្មីៗ​មាន​រហូតដល់​ទៅ​រាប់​សិប​កន្លែង ជាពិសេស នៅ​ក្នុង​តំបន់​អាមេរិកឡាទីន។

សម្រាប់ក្រុមហ៊ុនប្រេង ថ្វីដ្បិតតែគេ​ទទួលស្គាល់​នូវ​ភាព​ចាំបាច់​​នៃ​ការ​កាត់បន្ថយ​ការ​ផលិតប្រេង ដើម្បី​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា គេ​ក៏​បាន​កត់សម្គាល់ផងដែរ អំពី​រចនាសម្ព័ន្ធ​នៃ​សេដ្ឋកិច្ច​ពិភពលោក​បច្ចុប្បន្ន ដែល​មាន​ដល់​ទៅ​ប្រមាណ​ជា ៨០% ពឹងផ្អែក​ទៅលើ​ថាមពល​ផូស៊ីល។

អគ្គនាយកក្រុមហ៊ុន​ Total ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន​បារាំង កាល​ពីថ្ងៃចន្ទ​ដើមសប្តាហ៍​នេះ​ថា នៅ​ក្នុង​ស្ថានភាព​នៃ​ផ្គត់ផ្គង់ និង​តម្រូវការ​ថាមពល​បច្ចុប្បន្ន​នេះ ប្រសិនបើ​គេ​បញ្ឈប់​រាល់​ការវិនិយោគ​ថ្មី ​លើ​ការរុករក​ប្រេង និង​ឧស្ម័ន ដូចការ​លើកឡើង​របស់​ទីភ្នាក់ងារ​ថាមពល​​អន្តរជាតិ​នោះ តម្លៃប្រេងឆៅ ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុងរង្វង់ ៧០​ដុល្លារ​ក្នុងមួយបារីល នឹង​ត្រូវ​កើនឡើង​​លើសពី១០០ដុល្លារ​ នៅ​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ខាងមុខ។

ដូច្នេះ ការផ្លាស់ប្តូរ​ពី​ថាមពល​ផូស៊ីល ទៅថាមពល​បៃតង ជាពិសេស នៅ​ក្នុងបរិបទ​នៃ​កំណើន​សេដ្ឋកិច្ច និង​កំណើន​តម្រូវការ​ថាមពល​ខ្លាំង នៅតាម​បណ្តា​ប្រទេស​ដូចជា ចិន និង​ឥណ្ឌា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ទាមទារ​ពេលវេលា​ច្រើន ហើយ​ចាំបាច់​ត្រូវ​​មាន​ដំណាក់កាល​អន្តរកាល​​​ល្មមគ្រប់គ្រាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI