ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិបន្តនៅឋេរ?

សំឡេង ០៣:៥៤
ហេតុអ្វីបានជាតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិបន្តនៅឋេរ?
ហេតុអ្វីបានជាតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិបន្តនៅឋេរ? AP - Manish Swarup

តម្លៃ​អង្ករ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បន្ត​នៅ​ឋេរ ខណៈ​ដែល​តម្លៃ​វត្ថុធាតុដើម​ផ្សេង​ទៀត​បាន​ឡើង​ថ្លៃ​ខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ សម្រាប់​ឆ្នាំ ២០២១ ក៏​ដូច​ជា​ឆ្នាំ ២០២០ ពិភពលោក​មិន​ខ្វះ​អង្ករ ហើយ​តម្លៃ​របស់​វា​ក៏​មិន​ឡើង​ថ្លៃ​ដែរ។ អ្នក​ដែល​ញញឹម​បិទមាត់​មិន​ជិត គឺ​គ្មាន​នរណា​ក្រៅ​ពី​ប្រជាជន​អាហ្រ្វិក​ដែល​ជា​អតិថិជន​ទិញ​អង្ករ​ច្រើន​ជាង​គេ។ ហេតុអ្វី​បាន​ជា​ពិភពលោក​មិន​ជួប​វិបត្តិ​កង្វះ​អង្ករ និង​តម្លៃ​របស់​វា​បន្ត​នៅ​ឋេរ?។

ផ្សាយពាណិជ្ជកម្ម

គឺ​ទ្វីប​អាស៊ី​ដែល​អ្នក​ប្រើប្រាស់​អង្ករ​គួរ​ណា​ត្រូវ​អរគុណ។ អរគុណ​ទ្វីប​អាស៊ី ព្រោះ​អ្នក​នាំ​អង្ករ​ចេញ​គ្រាក់ៗ​នៅ​អាស៊ី​កំពុង​មាន​អង្ករ​ស្តុក​ក្នុង​ដៃ​ក្នុង​បរិមាណ​យ៉ាង​ច្រើន​សម្បើម។ គឺ​បរិមាណ​ស្តុក​ដ៏​ច្រើន​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ពិភពលោក​មិន​ខ្វះ​អង្ករ និង​អាច​រក្សា​តម្លៃ​របស់​វា​នៅ​ឋេរ​បាន។ ប្រទេស​ក្បាលម៉ាស៊ីន​នាំ​អង្ករ​ចេញ​ក្នុង​លោក​សព្វថ្ងៃ​មិនមែន​ថៃ​ទេ តែ​គឺ​ឥណ្ឌា។ ប្រទេស​មហាយក្ស​អាស៊ី​មួយ​នេះ​បាន​ដណ្តើម​កន្លែង​ប្រទេស​ថៃ​តាំង​ពី ៣ឆ្នាំ​កន្លង​មក​ដើម្បី​ក្លាយ​ជា​អ្នក​នាំ​អង្ករ​ចេញ​ទី១ ក្នុង​លោក។ គឺ​ជា​ចំណាត់ថ្នាក់​មួយ​ដែល​ឥណ្ឌា​សក្តិសម​នឹង​ទទួល​បាន​មែន ព្រោះ​ក្នុង​មួយ​ខែៗ មាន​អង្ករ​ពី ១លាន ៥សែន​តោន​ទៅ ២លានតោន​ដែល​ឥណ្ឌា​បាន​នាំ​ចេញ។ តាម​ការ​ព្យាករណ៍ ឥណ្ឌា​នាំ​អង្ករ​ចេញ​ប្រមាណ​ពី ១៥លានតោន​ទៅ ១៦លានតោន​សម្រាប់​ឆ្នាំ ២០២១ នេះ។

តួលេខ​នៃ​នាំ​ចេញ​ដ៏​សម្បើម​នេះ​បាន​មក​ពី​កត្តា​រួម​បញ្ចូល​គ្នា​រវាង​បរិមាណ​ស្តុក​ច្រើន ការ​ប្រមូលផល​បាន​ល្អ និង​ការ​អនុវត្តន៍​នូវ​នយោបាយ​តម្លៃ​ដែល​មាន​ការ​ប្រកួតប្រជែង​ខ្លាំង។ « គ្មាន​ប្រទេស​តែ​មួយ​ណា​ដូច​ឥណ្ឌា​ដែល​នាំ​អង្ករ​ចេញ​យ៉ាង​ច្រើន​របៀប​នេះ​ទេ » នេះ​ជា​ការ​យល់​ឃើញ​របស់​លោក​ប៉ាទ្រីស៊ីយ៉ូ ម៉ន់ដេ ឌែលវីឡា សេដ្ឋវិទូ និង​ជា​អ្នក​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កសិកម្ម​សម្រាប់​ការអភិវឌ្ឍន៍។ តាម​សេដ្ឋវិទូ និង​អ្នក​ស្រាវជ្រាវ​រូប​នេះ​ដដែល ការ​បំបែក​កំណត់ត្រា​របស់​ឥណ្ឌា​ប្រហែល​មិនមែន​ចប់​ត្រឹម​នេះ​ទេ ព្រោះ​ការ​ប្រមូលផល​ស្រូវ​ក្នុង​ឆ្នាំ ២០២១ នេះ​អាច​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។ កំណើន​នៃ​ការ​នាំ​អង្ករ​ឥណ្ឌា​ចេញ​ជា​ដំណឹង​ល្អ​សម្រាប់​ពិភពលោក និយាយ​ជា​រួម និង​សម្រាប់​ទ្វីប​អាហ្រ្វិក និយាយ​ដោយឡែក។

នៅ​ក្នុង​ចំនួន​អង្ករ​ឥណ្ឌា​នាំ​ចេញ ទ្វីបអាហ្រ្វិក​បាន​ស្រូប​យក​តែ​ម្នាក់​ឯង​ដល់​ទៅ ៥០%។ មួយ​វិញ​ទៀត អង្ករ​ឥណ្ឌា​ក៏​មាន​តម្លៃ​ទាប​ជាង​អង្ករ​របស់​ប្រទេស​ថៃ និង​វៀតណាម។ នៅ​អាហ្រ្វិក ការ​នាំ​អង្ករ​ចូល​អនុញ្ញាត​ឲ្យ​តម្លៃ​អង្ករ​នៅ​លើ​ទីផ្សារ​ក្នុង​តំបន់ និង​ក្នុង​ប្រទេស​នីមួយៗ​មាន​តម្លៃ​ឋេរ​ប្រឈម​នឹង​តម្លៃ​អង្ករ​ផលិត​ក្នុង​ស្រុក​ដែល​ច្រើន​ស្គាល់​ការ​ឡើង ចុះ​ខ្លាំង។ ពិត​ណាស់​បើ​ធៀប​នឹង​ឆ្នាំ ២០១៩ តម្លៃ​អង្ករ​ក្នុង​ឆ្នាំ ២០២០ ហាក់​ឡើង​ថ្លៃ​បន្តិច។ តែ​ក៏​មិន​ឡើង​ថ្លៃ​ខ្លាំង​ដូច​វត្ថុធាតុ​ដើម​ផ្សេង​ទៀត​ទេ។ ចំណែក​នៅ​ពេញ​មួយ​ឆ្នាំ ២០២១ និង​បើ​គ្មាន​គ្រោះមហន្តរាយ​អាកាសធាតុ​ធំដុំ​នា​ពេល​ខាង​មុខ​ទេ តម្លៃ​អង្ករ​នឹង​បន្ត​ឋេរ​ក្នុង​រង្វង់​ដូច​តម្លៃ​ក្នុង​ឆ្នាំ ២០២០ អ៊ីចឹង​ដែរ។ ហេតុផល​មិន​ពិបាក​យល់​ទេ ព្រោះ​ពេល​នេះ​ជា​ពេល​វេលា​កំពុង​ប្រមូលផល និង​ចាប់​ពី​ខែ​កញ្ញា​ទៅ​នឹង​មាន​អង្ករ​ច្រើន​នៅ​លើ​ទីផ្សារ។

ម្យ៉ាង​ទៀត នេះ​ជា​លើកទី១ និង​ជា​រឿង​កម្រ ប្រទេស​ចិន​មិន​បាន​ក្រឡុក​ហាងឆេង ឬ​ធ្វើ​ឲ្យ​តម្លៃ​អង្ករ​ស្គាល់​ភាព​ក្រឡាប់ចាក់​ទេ​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ ពិត​ណាស់​សម្រាប់​ចិន អង្ករ​ជា​ផលិតផល​សំខាន់​ខ្លាំង​ដែល​គេ​ត្រូវ​ចាត់​ចែង និង​គ្រប់គ្រង​ដូច​ជា​ទំនិញ​យុទ្ធសាស្រ្ត​មួយ​អ៊ីចឹង​ដែរ។ ចិន​បាន​ស្តុក​អង្ករ ២ដង​ច្រើន​ជាង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ដែល​ប្រើប្រាស់​អង្ករ។ ចិន​តែ​ម្នាក់​ឯង​បាន​ស្តុក​ដល់​ទៅ ៧០% នៃ​ចំនួន​ស្តុក​អង្ករ​ក្នុង​លោក។ តែ​ក្នុង​ពេល​ជាមួយ​គ្នា ការ​ប្រើប្រាស់​អង្ករ​នៅ​ចិន​ហាក់​កំពុង​ធ្លាក់​ចុះ​ដោយ​ពលរដ្ឋ​ចិន​បាន​ងាក​ទៅ​ចាប់​អារម្មណ៍​លើ​របប​អាហារ​ចម្រុះ​ផ្សេង​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI