ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រ៉ុកកែតអារីយ៉ានដែលត្រូវបាញ់បង្ហោះតេឡេស្កុបអវកាសជេមស៍វេប

សំឡេង ០៤:០៥
រ៉ុកកែត "អារីយ៉ាន-៥" បាញ់ចេញ​ពី​មជ្ឈមណ្ឌលអវកាស "គូរូ"
រ៉ុកកែត "អារីយ៉ាន-៥" បាញ់ចេញ​ពី​មជ្ឈមណ្ឌលអវកាស "គូរូ" © AFP PHOTO / ESA-CNES-ARIANESPACE / JM GUILLON

តេឡេស្កុបអវកាស « ជេមស៍វេប »​ (James Webb) ដែល​ជា​តេឡេស្កុប​ដ៏​ទំនើបជំនាន់ថ្មី ហើយ​ដែល​គេ​ទន្ទឹង​រង់ចាំ​ជាច្រើន​ឆ្នាំមកហើយ​នោះ ត្រូវ​គេ​គ្រោង​បាញ់បង្ហោះ នៅ​ចុងឆ្នាំ២០២១​នេះ ហើយ​រ៉ុកកែត​ដែល​គេ​ត្រូវប្រើ​ ដើម្បី​បាញ់បង្ហោះ​តេឡេស្កុប​នេះ គឺ​រ៉ុកកែត​ធុន​ “អារីយ៉ាន” (Ariane) ​របស់​អឺរ៉ុប។ រ៉ុកកែត​​ “អារីយ៉ាន” ​នេះ គឺ​ជា​ផ្នែក​ដ៏​ចម្បងមួយ ដែល​បាន​ជួយ​អឺរ៉ុប​ឲ្យ​អាច​បោះជំហាន​ចូល​ប្រកួតប្រជែង និង​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​មួយ នៅ​ក្នុង​វិស័យ​អវកាស រហូត​មកទល់​នឹង​បច្ចុប្បន្ន។

ផ្សាយពាណិជ្ជកម្ម

រ៉ុកកែត “អារីយ៉ាន” ត្រូវ​បាន​ទីភ្នាក់ងារអវកាស​អឺរ៉ុប​បាញ់បង្ហោះ​ដោយជោគជ័យ​ជាលើកដំបូង កាល​ពី​ឆ្នាំ១៩៧៩​កន្លងទៅ ដោយបាញ់ចេញ​ពី​​មជ្ឈមណ្ឌល​អវកាស “គូរូ” ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ខេត្ត​ហ្គីយ៉ាន ដែល​ជា​ខេត្ត​នាយសមុទ្រ​របស់​បារាំង​មួយ ក្នុង​តំបន់​អាមេរិក​ខាង​ត្បូង។

មុននឹង​ឈាន​មក​ដល់​ជោគជ័យ​ជាលើកទី១​ នៃ​ការ​បាញ់​បង្ហោះ​រ៉ុកកែត​អារីយ៉ាន នៅថ្ងៃ​ទី២៤​ធ្នូ ឆ្នាំ១៩៧៩​នោះ កម្មវិធី​អវកាស​អឺរ៉ុប​​​បាន​ឆ្លងកាត់​នូវ​បរាជ័យ​យ៉ាងច្រើនរួចមកហើយ ក្នុងពេល​ដែល​​កម្មវិធី​អវកាស​របស់​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​កំពុងតែ​បោះជំហាន​ទៅមុខ​យ៉ាងលឿន នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រជែង​អវកាស ក្នុង​សង្រ្គាម​ត្រជាក់។

ជោគជ័យ​នៃកម្មវិធី​រ៉ុកកែតអារីយ៉ាន នៅពេលនោះ​ គឺ​ជា​កត្តា​ដ៏ចម្បងមួយ ដែល​បាន​ជួយ​នាំ​វិស័យ​អវកាស​អឺរ៉ុប​ឲ្យ​ចេញ​ផុត​ពី​បរាជ័យ និង​ភាព​មិន​ចុះសម្រុងគ្នា​មិនចេះចប់ រវាង​ប្រទេស​ជា​សមាជិក ហើយ​អាច​បោះជំហាន​ចូល​ប្រកួតប្រជែង​ និង​ក្លាយ​ជា​តួអង្គ​ដ៏ចម្បងមួយ នៅ​ក្នុង​វិស័យ​អវកាស រហូតមកទល់​នឹងពេលបច្ចុប្បន្ន។

ក្នុងរយៈពេល​ជាង ៤០​ឆ្នាំ​កន្លងទៅនេះ រ៉ុកកែត​អារីយ៉ាន​នេះ​​ធ្លាប់​ត្រូវ​បាន​អភិវឌ្ឍ​ចេញ​ជា ៥​ជំនាន់​រួចមកហើយ ដោយ​ពី​មួយ​ជំនាន់ទៅមួយមួយជំនាន់ ត្រូវ​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​កាន់តែ​ទំនើបឡើងៗ​ គឺ​តាំង​ពី​ “អារីយ៉ាន​-១” រហូត​មក​ដល់​ “អារីយ៉ាន​-៥” ។ គឺរ៉ុកកែត “អារីយ៉ាន-៥” (Ariane 5) នេះហើយ ដែលគេ​​ត្រូវ​ប្រើ ដើម្បី​បាញ់បង្ហោះ​​តេឡេស្កុបអវកាស “ជេមស៍វេប” (James Webb) ទៅដាក់​ក្នុង​គន្លង​តារាវិធី​ជុំវិញផែនដី នៅ​ចុងឆ្នាំ​នេះ។

រ៉ុកកែត “អារីយ៉ាន-៥” ជា​ប្រភេទ​រ៉ុកកែតអវកាសធុនធ្ងន់ ឬហៅតាមភាសា​អង់គ្លេស​ថា « Heavy-lift space launch vehicul » (HLV) ពោលគឺ​ស្ថិត​នៅ​ក្នុង​ប្រភេទ​ជាមួយ​គ្នា​នឹង​រ៉ុកកែត Falcon 9 របស់​ក្រុមហ៊ុន SpaceX និង​រ៉ុកកែត Long March 5 របស់ចិន។

មានប្រវែងសរុប ៥៣ម៉ែត្រ អារីយ៉ាន-៥ គឺ​ជា​ប្រភេទ​រ៉ុកកែត ដែល​មាន​ពីរកំណាត់ ​មាន​ប៊ូស្ទ័រ​ (Booster) ចំនួន​ពីរ​នៅ​អមសងខាង ហើយ​មាន​សមត្ថភាព​ផ្ទុក​ទម្ងន់​បាន​ជាង ២០តោន ទៅកាន់​គន្លងតារាវិថីទាប ឬហៅតាមភាសាអង់គ្លេស​ថា « Low-Earth Orbit » (LEO) គឺគន្លងតារាវិថី​ក្នុងចន្លោះ​ពី ១៦០គីឡូម៉ែត្រ ទៅ ១០០០គីឡូម៉ែត្រ​ពីដី ។

គិតចាប់តាំង​ពី​ត្រូវ​បានដាក់​ឲ្យ​ដំណើរការ កាល​ពី​ឆ្នាំ២០០២​មក រ៉ុកកែត​ធុន “អារីយ៉ាន-៥” នេះ ធ្លាប់ត្រូវបាន​គេ​បាន​គេ​បាញ់បង្ហោះ​ដោយ​ជោគជ័យ​ចំនួន ១០៥លើក ដោយភាគច្រើន​ជា​ការ​បាញ់បង្ហោះ​ផ្កាយរណប ក៏ប៉ុន្តែ ក៏មានដែរ​បេសកកម្ម​អវកាស​សំខាន់ៗ​មួយ​ចំនួន ជាពិសេស​ គឺ​ការ​បាញ់បង្ហោះ​យានគ្មានមនុស្សបើក​ឈ្មោះ “រ៉ូហ្សេតា” (Rosetta) កាល​ពីឆ្នាំ២០០៤ ដើម្បី​ទៅ​ចុះចត​លើ​ផ្កាយដុះកន្ទុយ។

បេសកកម្ម​បាញ់បង្ហោះ​តេឡេស្កុបអវកាស ជេមស៍វេប អាច​នឹង​ត្រូវក្លាយ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ទៀត សម្រាប់​កម្មវិធីរ៉ុកកែតអវកាសអឺរ៉ុប នៅក្នុងពេល​ដែល​ អឺរ៉ុប​កំពុងតែ​រៀបចំ​ផលិត​រ៉ុកកែត​អារីយ៉ាន​ជំនាន់​ថ្មី​មួយទៀត គឺ អារីយ៉ាន-៦ ដែល​ពីដំបូង​​គេ​គ្រោង​បាញ់បង្ហោះ​សាកល្បង នៅ​ឆ្នាំ២០២០ ក៏ប៉ុន្តែ ការយឺតយ៉ាវ​នៅ​ក្នុង​សង្វាក់ផលិតកម្ម បង្កឡើងដោយវិបត្តិ​កូវីដ បាន​តម្រូវ​ឲ្យ​គេ​លើកពេល​បាញ់បង្ហោះសាកល្បងនេះ ទៅ​ធ្វើ​នៅ​ឆ្នាំ២០២២​ខាងមុខនេះ​វិញ។

រ៉ុកកែត​អារីយ៉ាន-៦​នេះ ជា​ប្រភេទ​រ៉ុកកែតទំនើប​​អាច​បាញ់​បង្ហោះ​ផ្កាយរណប​ច្រើន​ទៅ​ដាក់​​ក្នុង​គន្លង​តារាវិថី​ខុសៗគ្នា ក្នុង​ពេល​តែមួយ ​ហើយ​អឺរ៉ុប​ក៏​គ្រោង​ផងដែរ រចនារ៉ុកកែតអារីយ៉ាន-៦​នេះ​ឲ្យ​ទៅជា​រ៉ុកកែតដែល​​អាច​ប្រើឡើងវិញ​បាន​នូវផ្នែកខ្លះ ដើម្បី​តម្រូវទៅតាម​​ទីផ្សារ​អវកាស​បច្ចុប្បន្ន​ ដែល​មាន​ការ​ប្រកួតប្រជែង​ខ្ពស់ ទាំងពីសំណាក់រដ្ឋ និង​ក្រុមហ៊ុន​ឯជន ជាពិសេស គឺ​ក្រុមហ៊ុន SpaceX របស់លោក Elon Musk ដែល​ផលិត​និង​ដាក់​ឲ្យ​ដំណើរការរួចទៅហើយ នូវ​ប្រភេទរ៉ុកកែត​ ដែល​អាច​ប្រើបាន​ឡើងវិញ គឺ​រុកកែត​ធុន Falcon 9៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI