ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីកូវីដ១៩ធ្វើឱ្យពិភពលោក និងសិង្ហបុរីបារម្ភខ្លាំង?

សំឡេង ០៥:៣៤
នាយក​រដ្ឋមន្ត្រី​សិង្ហបុរី Lee Hsien Loong
នាយក​រដ្ឋមន្ត្រី​សិង្ហបុរី Lee Hsien Loong AFP/File

សិង្ហបុរីត្រូវគេចាត់ទុកជាកន្លែងមួយដ៏មានសុវត្ថិភាពបំផុត ប្រឈមនឹងវិបត្តិជំងឺកូវីដ១៩។ ទោះជាយ៉ាងណា អតីតអ្នកការទូតដ៏ឆ្នើមម្នាក់របស់សិង្ហបុរី បានលើកឡើងថា សិង្ហបុរីស្ថិតនៅក្នុងវេលាដ៏គួរឱ្យព្រួយបារម្ភបំផុតមិនធ្លាប់មាន ក្នុងការប្រឈមនឹងវិបត្តិរាតត្បាតសកលនេះ។ ហេតុអ្វីកូវីដ១៩ធ្វើឱ្យពិភពលោក និងសិង្ហបុរីបារម្ភខ្លាំង?

ផ្សាយពាណិជ្ជកម្ម

គិត​​មក​ទល់​​នឹង​​ពេល​​​​បច្ចុប្បន្ន​ សិង្ហបុរី​​មាន​​អាយុកាល​​ប្រមាណ​​ជាង​៥០​ឆ្នាំ​ទៅ​ហើយ​ ក្រោយ​​ពី​បុរី​កោះ​មួយ​​នេះ ​បាន​​ផ្តាច់​ខ្លួន​ចេញ​ពី​​ប្រទេស​​ម៉ាឡេស៊ី។ ​ត្រឹម​​រយៈ​ពេល​​មិន​ដល់​​​​បី​ជំនាន់​​មនុស្ស​ផង​ បុរី​រដ្ឋ​​​នេះ​​បាន​​អភិវឌ្ឍ​ខ្លួន​​ពី​ប្រទេស​តតិយលោក​ ឬ​ជា​ប្រទេស​មួយ​ក្នុង​​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​​លើ​លោក​ មក​​ក្លាយ​​ជា​​ប្រទេស​​មួយ​​ក្នុង​​ចំណោម​​ប្រទេសជឿនលឿន​​បំផុត​​ នា​ពេល​​បច្ចុប្បន្ន។​

សិង្ហបុរីត្រូវគេចាត់ទុកជាកន្លែងមួយដ៏មានសុវត្ថិភាពបំផុត ប្រឈមនឹងវិបត្តិជំងឺកូវីដ១៩។ ទោះជាយ៉ាងណា អតីតអ្នកការទូតដ៏ឆ្នើមម្នាក់របស់សិង្ហបុរី បានលើកឡើងថា សិង្ហបុរីស្ថិតនៅក្នុងវេលាដ៏គួរឱ្យព្រួយបារម្ភមិនធ្លាប់មាន ក្នុងការប្រឈមនឹងវិបត្តិរាតត្បាតសកលនេះ។ ហេតុអ្វីកូវីដ១៩ធ្វើឱ្យពិភពលោក និងសិង្ហបុរីបារម្ភខ្លាំង?

សិង្ហបុរី និងជំងឺកូវីដ​១៩

បច្ចុប្បន្ននេះ ប្រជាជនសិង្ហបុរីកំពុងមានកង្វល់ជាច្រើន ទោះជាប្រភពនៃការព្រួយបារម្ភទាំងអស់អាចមានភាពមិនច្បាស់លាស់ក៏ដោយ ក៏ប្រភពនៃក្តីបារម្ភមួយចំនួនមានភាពច្បាស់លាស់ និងអាចកំណត់អត្តសញ្ញាណបាន។ ជាឧទាហារណ៍ ក្តីបារម្ភចំពោះការបិទក្រុងនាពេលបន្ទាប់ ការបិទភោជនីយដ្ឋានបន្ថែមទៀត ការធ្វើការពីផ្ទះ កុមារត្រូវរៀនពីចម្ងាយ ពលរដ្ឋក្រីក្រខ្លាំងកាន់តែលំបាកនៅសិង្ហបុរី ឬការធ្វើដំណើររវាងសិង្ហបុរី និងបណ្ដាប្រទេសផ្សេងទៀតនៅតែបន្តធ្លាក់ចុះ។

ប៉ុន្តែ នៅមានប្រភពនៃការព្រួយបារម្ភកាន់តែកម្រិតធ្ងន់ជាងនេះ។ តើសេដ្ឋកិច្ចសិង្ហបុរីនឹងបន្ដបិទដល់ពេលណាទៀត? តើនឹងមានអ្វីកើតឡើងចំពោះក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី និងអាកាសយានដ្ឋាន Changi? វាជាលើកដំបូង ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកហើយ ដែលសិង្ហបុរីមិនទាន់ដឹងប្រាកដថា បុគ្គលណាមួយនឹងក្លាយជានាយករដ្ឋមន្ត្រីសិង្ហបុរីបន្ទាប់។

ប្រទេសនានាលើពិភពលោក និងការព្រួយបារម្ភរបស់ពួកគេ

មានឧទាហរណ៍មួយចំនួនដែលបង្ហាញថា បណ្ដាប្រទេសនានាលើពិភពលោកក៏មានការព្រួយបារម្ភរបស់ពួកគេផងដែរ។ សហរដ្ឋអាមេរិកកំពុងខ្វល់ខ្វាយពីការធ្លាក់ចុះទៅជាមហាអំណាចលេខ២ នៅលើពិភពលោក។ ក្តីបារម្ភនេះជាការពិត។ ប្រធានាធិបតី Joe Biden ខ្លួនឯងផ្ទាល់ បានលើកឡើងអំពីរឿងនេះ។ គាត់បាននិយាយថា “ប្រទេសចិនមានគោលដៅរួម … ដើម្បីក្លាយជាប្រទេសឈានមុខគេនៅលើពិភពលោក ជាប្រទេសអ្នកមានបំផុតនៅលើពិភពលោក និងជាប្រទេសដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក… ក៏ប៉ុន្តែ វានឹងមិនអាចកើតមានឡើងឡើយ នៅក្នុងការតាមដានរបស់ខ្លួន ...។" នេះជាការបញ្ជាក់របស់លោក Joe Biden។

ប្រទេសចិនក៏កំពុងមានក្តីបារម្ភខ្លួនឯងផងដែរ។ ប្រជាជនចិនកំពុងមានរយៈពេល៤០ឆ្នាំល្អបំផុត ក្នុងប្រវត្តិសាស្រ្តចិនជាង៤០០០ឆ្នាំ បើគិតពីការអភិវឌ្ឈន៍ធនធានមនុស្ស។ ទោះយ៉ាងណា  ចិនត្រូវប្រឈមនឹងការពិតដែលថាសហរដ្ឋអាមេរិកនឹងប្រឹងប្រែងធ្វើយ៉ាងណា នៅទសវត្សរ៍នេះ ដើម្បីរក្សាមហាអំណាចលេខ១។ នេះក៏មានន័យថា ប្រទេសចិននឹងត្រូវប្រឈមនឹងការប្រជែងភូមិសាស្ត្រនយោបាយដ៏លំបាកបំផុតរបស់ខ្លួន។ លើសពីនេះ ចិនត្រូវតែពិចារណាឱ្យបានហ្មត់ចត់ថា តើគួរតែទៅធ្វើសង្គ្រាមលើកោះតៃវ៉ាន់ នៅក្នុងទសវត្សរ៍នេះដែរឬទេ?

ប្រទេសជឿនលឿនផ្សេងទៀត ក៏កំពុងប្រឈមនឹងបញ្ហាគួរឱ្យបារម្ភដូចគ្នា។ ប្រជាជនអឺរ៉ុបជាច្រើនមានអារម្មណ៍មិនពេញចិត្ត ចំពោះប្រជាជនអាហ្វ្រិកកាន់តែច្រើន ដែលធ្វើដំណើរចូលមកប្រទេសរបស់ខ្លួន។ ក្នុងតំបន់អាស៊ាន ប្រទេសម៉ាឡេស៊ីពុំដែលមានការប្រេះឆាផ្នែកនយោបាយដូចពេលនេះទេ។ អនាគតនយោបាយរបស់ប្រទេសថៃទំនងបន្ដមានភាពមិនច្បាស់លាស់។ ប្រទេសមីយ៉ាន់ម៉ានឹងនៅតែច្របូកច្របល់មួយរយៈពេលទៀត។ ប្រទេសកម្ពុជាក៏កំពុងប្រឈមមុខផងដែរពីដកការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប បន្ថែមពីលើបញ្ហាកូវីដ១៩។

នៅអាស៊ាន ប្រទេសដែលមានពន្លឺជាងគេ គឺ ឥណ្ឌូណេស៊ី ដែលបានជ្រើសរើសមេដឹកនាំមានទេពកោសល្យពិតប្រាកដ គឺប្រធានាធិបតី លោក Joko Widodo។ គាត់ទទួលបានការជឿទុកចិត្តយ៉ាងខ្លាំងពីប្រជាជន ព្រោះគាត់យកចិត្តទុកដាក់ខ្លាំងលើប្រជាជនខ្លួន។ លើសពីនេះ ប្រជាជនរាប់ពាន់លាននាក់នៅអាស៊ីខាងត្បូង អាហ្វ្រិក និងអាមេរិកឡាទីន ត្រូវប្រឈមការដោះស្រាយជាប្រចាំថ្ងៃ សម្រាប់តម្រូវការជាមូលដ្ឋានលើរាងកាយ ឬសេដ្ឋកិច្ច។

សិង្ហបុរី និងសារៈសំខាន់នៃការបន្ដបើកជានិច្ច

សិង្ហបុរីអាចបញ្ឈប់អ្នកធ្វើដំណើរពីបណ្ដាប្រទេសនានា ជាពិសេស ពីតំបន់អាស៊ី។ ប៉ុន្តែ ការពិតដ៏លំបាកនោះ គឺជា ផលវិបាកសម្រាប់ប្រទេសសិង្ហបុរីដែលត្រូវបិទទ្វារ។ សិង្ហបូរីមិនអាចធ្វើដូចប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ហើយផ្តាច់ខ្លួនចេញពីពិភពលោកបានឡើយ។ ប្រទេសទាំងពីរនេះអាចធ្វើបាន ព្រោះពួកគេអាចដាំដំណាំដោយខ្លួនឯង។ សិង្ហបុរីមិនអាចទេ។ សំខាន់ជាងនេះទៅទៀត ពាណិជ្ជកម្មសរុបរបស់ប្រទេសសិង្ហបូរីមានទំហំធំជាង ផលិតផលជាតិសរុប (GDP) ដល់ទៅបីដង។ ប្រសិនបើសិង្ហបុរីបញ្ឈប់លំហូរពាណិជ្ជកម្មដែលឆ្លងកាត់កំពង់ផែ និងអាកាសយានដ្ឋាន នុះសេដ្ឋកិច្ចសិង្ហបុរីនឹងរួញរាអន់ថយភ្លាមៗ។

នេះគឺជាការពិតដែលមិនអាចជៀសរួច។ ប្រសិនបើសិង្ហបុរីចង់ទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចសកលភាវូបនីយកម្មច្រើនបំផុតនៅលើពិភពលោក នោះប្រទេសសិង្ហបុរីក៏ត្រូវតែទទួលយកហានិភ័យច្រើនជាងគេផងដែរ។ លោក តេង ស៊ាវពីង អតីតមេដឹកនាំចិន យល់ច្បាស់ណាស់អំពីរឿងនេះ។ នៅពេលគាត់បើកទ្វារប្រទេសចិនឆ្ពោះទៅសកលភាវូបនីយកម្ម គាត់បាននិយាយថា ការបើកបង្អួចក៏នាំមកនូវរុយចូលផងដែរ។ សិង្ហបូរី ក៏ដូចជាពិភពលោកទាំងមូល កំពុងប្រឈមវិបត្តិវីរុសដ៏កាចសាហាវ ហើយវាអាចចូលមកពីគ្រប់ទីកន្លែង និងគ្រប់ពេល។

ទោះជាយ៉ាងណា សិង្ហបូរីមានប្រព័ន្ធរដ្ឋបាល និងអភិបាលកិច្ចល្អ។ គុណភាពគំនិត និងភាពស្មោះត្រង់ របស់មន្រ្ដីរដ្ឋ បានធ្វើឱ្យ​សិង្ហបុរីស្ថិតនៅចំណោមប្រទេសល្អបំផុត ដែលអាចព្យាបាលអ្នកជំងឺឆ្លងមិនឱ្យ​ស្លាប់។ ចំនួនអ្នកស្លាប់នៅសិង្ហបុរីមាន ០,១ភាគរយ បើប្រៀបធៀបនឹង សហរដ្ឋអាមេរិក (១,៨ ភាគរយ) ចក្រភពអង់គ្លេស (២,៩ ភាគរយ) និងជប៉ុន (១,៧ ភាគរយ)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI