ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីស្រាអែល៖តើនាយករដ្ឋមន្រ្តីថ្មីលោកណាតាលី បេននែតមានប្រវត្តិរូបសង្ខេបយ៉ាងដូចម្តេចខ្លះ?

សំឡេង ០៥:៣៧
Filho de imigrantes americanos, Naftali Bennett, um ex-empresário de 49 anos, é o novo primeiro-ministro israelense.
Filho de imigrantes americanos, Naftali Bennett, um ex-empresário de 49 anos, é o novo primeiro-ministro israelense. AP - Ariel Schalit

នៅ​ថ្ងៃអាទិត្យ ទី១៣ មិថុនា សភាអ៊ីស្រាអែល​បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ដល់​រដ្ឋាភិបាល​ចម្រុះ​ថ្មី​ដែល​ត្រូវ​ដឹក​នាំ​ដោយ​នាយករដ្ឋមន្ត្រី​ចំនួន២នាក់​ផ្លាស់វេន​គ្នា​កាន់​ពាក់កណ្តាល​អាណត្តិ​ម្នាក់។ នៅ​ពាក់កណ្តាល​ដំបូង រដ្ឋាភិបាល​ចម្រុះ​ថ្មី​ត្រូវ​ដឹក​នាំ​ដោយ​លោក​ណាតាលី បេននែត ហើយ​នៅ​ពាក់កណ្តាល​ចុង​ក្រោយ​ជា​វេន​របស់​លោក​យ៉ាអៀរ ឡាពីដ។ រដ្ឋាភិបាល​ចម្រុះ​ថ្មី​នេះ​បាន​បិទទំព័រ​សករាជ​នៃ​ការ​សោយរាជ្យ​រយៈពេល ១២ឆ្នាំ​ជាប់​គ្នា​របស់​លោក​នេតាន់យ៉ាហ៊ូ។ ចាប់​ពី​ពេល​នេះ​ទៅ លោក​នេតាន់យ៉ាហ៊ូ​បាន​ក្លាយ​ជា​អ្នកប្រឆាំង​នៅ​ក្នុង​សភា។ តែ​លោក​បាន​ប្តេជ្ញាចិត្ត​នឹង​ត្រឡប់​ទៅ​កាន់​អំណាច​ជា​ថ្មី។ តើ​នាយករដ្ឋមន្រ្តី​ថ្មី​លោក​ណាតាលី បេននែត​ជា​នរណា និង​ថា តើ​វិបត្តិនយោបាយ​នៅ​អ៊ីស្រាអែល​អាច​បិទបញ្ចប់​ត្រឹម​នេះ​ដែរ ឬ​ទេ?

ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត ក្តីសង្ឃឹម និង​សុបិន្ត​របស់​ក្រុមប្រឆាំង​ដែល​ចង់​ឃើញ​លោក​នេតាន់យ៉ាហ៊ូ​ខ្ទាត​ចេញ​ពី​កៅអី​នាយករដ្ឋមន្រ្តី​បាន​សម្រេច​ហើយ។ ចាប់​ពី​ពេល​នេះ​ត​ទៅ រដ្ឋាភិបាល​ចម្រុះ​ថ្មី​មួយ​ដែល​ចូលរួម​ដោយ ៨គណបក្ស​នឹង​ត្រូវ​ចែក​គ្នា​ដឹកនាំ​ពាក់កណ្តាល​អាណត្តិ​ម្នាក់​រវាង​លោក​ណាតាលី បេននែត និង​លោក​យ៉ាអៀរ ឡាពីដ។ លោក​បេននែត​ដឹកនាំ​នៅ​ពាក់កណ្តាល​អាណត្តិ​ដំបូង ហើយ​នៅ ២ឆ្នាំ​ក្រោយ​មក​ជា​វេន​របស់​លោក​ឡាពីដ​វិញ​ម្តង។ តែ​ក្នុង​ពេល​រង់ចាំ​ដល់​វេន​ខ្លួន លោក​ឡាពីដ​បាន​ទទួល​តំណែង​ជា​រដ្ឋមន្រ្តី​ការបរទេស។ គួរ​រម្លឹក​បន្តិច​ថា​នៅ​ក្រោយ​ការ​បោះឆ្នោត​សភា​នា​ខែ​មីនា​កន្លង​ទៅ គណបក្សកណ្តាលនិយម​របស់​លោក​ឡាពីដ​បាន​ឈ្នះ​ឆ្នោត​លំដាប់​ទី២ នៅ​ក្រោយ​គណបក្ស​ស្តាំនិយម​លីគូដ​របស់​លោក​នេតាន់យ៉ាហ៊ូ។ តែ​ដោយ​លោក​នេតាន់យ៉ាហ៊ូ​មិន​អាច​ប្រមូល​សំឡេង​បាន​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ថ្មី។

ប្រធានាធិបតី​អ៊ីស្រាអែល​ក៏​បាន​ប្រគល់​កិច្ចការ​នេះ​ទៅ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​លំដាប់​ទី២ របស់​លោក​យ៉ាអៀរ ឡាពីដ​វិញ​ម្តង។ ចុះ​ហេតុអ្វី​បាន​ជា​លេច​ឈ្មោះ​ណាតាលី បេននែត​ចែក​អំណាច​ជាមួយ​លោក​យ៉ាអៀរ ឡាពីដ​ទៅ​វិញ?។ តាម​ពិត​ទៅ គឺ​សម្លេង និង​ការ​គាំទ្រ​របស់​លោក​បេននែត​ដែល​បាន​ធ្វើ​ឲ្យ​ជញ្ជីង​របស់​លោក​ឡាពីដ​រួម​ជាមួយ​នឹង​គណបក្ស​ចំនួន ៦ទៀត​មាន​ទម្ងន់​រហូត​ដល់​អាច​បង្កើត​រដ្ឋាភិបាល​ចម្រុះ​បាន​ពេល​នេះ។ មាន​អាយុ ៤៩ឆ្នាំ និង​ចាប់​កំណើត​ក្នុង​ទីក្រុង​ហាយហ្វា​ស្ថិត​ប៉ែក​ខាងជើង​អ៊ីស្រាអែល លោក​បេននែត​មាន​ឱពុក ម្តាយ​ជា​ជនជាតិ​អាមេរិក​ដើមកំណើត​ជ្វីហ្វ។ មុន​នឹង​ចូល​ប្រឡូក​ក្នុង​អាជីពនយោបាយ​ក្នុង​ឆ្នាំ ២០០៦ លោក​បេននែត​បាន​បម្រើ​ក្នុង​ជួរ​កងទ័ព​រយៈពេល ៦ឆ្នាំ និង​បាន​ឆ្លង​កាត់​អាជីព​ជា​ច្រើន​ផ្សេង​ទៀត ពិសេស​អាជីព​ជា​អ្នកជំនួញ។

ក្នុង​ឆ្នាំ ២០០០លោក​បេននែត​បាន​បង្កើត​ក្រុមហ៊ុន​ព័ត៌មានវិទ្យា​មួយ​ផ្នែក​សន្តិសុខ​តាម​អ៊ីនធ័រនែត​ឈ្មោះ Cyotta។ ក្នុង​ឆ្នាំ ២០០៥ លោក​បេននែត​លក់​ក្រុមហ៊ុន Cyotta នៅ​អាមេរិក​ដោយ​ទទួល​បាន​លុយ​ចំនួន ១៤៥លានដុល្លារ។ នៅ ១ឆ្នាំ​ក្រោយ​មក ពោល​ក្នុង​ឆ្នាំ ២០០៦ លោក​បែននែត​បាន​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ដោយ​ជ្រក​ក្រោម​ស្លាក​គណបក្សស្តាំនិយម​លីគូដ​របស់​លោក​នេតាន់យ៉ាហ៊ូ។ មាន​ពាក់​ជា​ប្រចាំ​នូវ​មួក​គីប៉ា​ដែល​តំណាង​ឲ្យ​អ្នក​កាន់សាសនា​ជ្វីហ្វ លោក​បេននែត​ជា​អ្នកជាតិនិយមសាសនា និង​ជា​អ្នក​អភិរក្សនិយមជ្រុល។ គឺ​ជាមួយ​នឹង​ឧត្តមគតិ​នេះ​ហើយ​ដែល​លោក​បេននែត​បាន​ចាប់​ផ្តើម​កសាង​ផ្លូវនយោបាយ​មួយ​ផ្តាច់​ចេញ​ពី​គណបក្សស្តាំនិយម​លីគូដ​ក្នុង​ឆ្នាំ ២០០៨ ដើម្បី​ចូលរួម​ជាមួយ​ចលនា​ស្តាំនិយម​មួយ​ឈ្មោះ « ផ្ទះ​ជ្វីហ្វ »។ នៅ ៤ឆ្នាំ​ក្រោយ​មក ពោល​ក្នុង​ឆ្នាំ ២០១២ ចលនា « ផ្ទះ​ជ្វីហ្វ » មួយ​នេះ​បាន​ប្រមូល​ចលនា​តូចតាច​ផ្សេង​ទៀត​ដើម្បី​បង្កើត​គណបក្ស​មួយ​ឈ្មោះ « Yamina » ដែល​មាន​លោក​បេននែត​ជា​ប្រធាន។

គណបក្ស Yamina ត្រូវ​បាន​គេ​ស្គាល់​ជា​គណបក្ស​ដែល​ប្រកាន់​គោលនយោបាយ​សេដ្ឋកិច្ចសេរីនិយមជ្រុល មាន​ជំហរ​តឹងតែង​ទល់​នឹង​អ៊ីរ៉ង់​ដែល​ជា​សត្រូវ​ស៊ូពូជ​របស់​អ៊ីស្រាអែល ចង់​ផ្តាច់​យក​ដែនដី​ប៉ាឡេស្ទីន​ជិត ២ភាគ៣ នៅ​តំបន់​ស៊ីហ្សកដានី​ដែល​អ៊ីស្រាអែល​កំពុង​កាន់​កាប់ ឬ​មួយ​ក៏​ថា ការ​កាន់កាប់​លើ​ដែនដី​ប៉ាឡេស្ទីន​ពី​សំណាក់​អ៊ីស្រាអែល​មិនមែន​ជា​រឿង​ខុសច្បាប់​ឡើយ ព្រោះ​ប៉ាឡេស្ទីន​មិនមែន​ជា​រដ្ឋ​ឯករាជ្យ​ទេ។ ផ្តាច់​ចេញ​ពី​គណបក្ស​លីគូទ​មែន តែ​គណបក្ស Yamina និង​លោក​បេននែត​បន្ត​ជា​សម្ព័ន្ធមិត្ត​មួយ និង​ជា​មនុស្សជំនិត​ម្នាក់​មិន​អាច​កាត់​ថ្លៃ​បាន​របស់​លោក​នេតាន់យ៉ាហ៊ូ។ ជំហរ​របស់​លោក​បេននែត​ក៏​លោក​នេតាន់យ៉ា​ត្រូវ​ការ និង​ចង់​បាន​សម្រាប់​នយោបាយ​របស់​ខ្លួន​ដែរ។

អ៊ីចឹង​ហើយ​បាន​ជា​ចាប់​ពី​ឆ្នាំ ២០១៣ មក លោក​បេននែត​ត្រូវ​បាន​លោក​នេតាន់យ៉ាហ៊ូ​ជ្រើស​ឲ្យ​កាន់​តំណែង​ក្រសួង​មួយ​ចំនួន​ដូច​ជា​ក្រសួង​សេដ្ឋកិច្ច ក្រសួង​គ្រប់គ្រង​ជនជាតិ​ជ្វីហ្វ​នៅ​បរទេរស ក្រសួង​អប់រំ ឬ​មួយ​ក៏​ក្រសួង​ការពារជាតិ​ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២០។ គឺ​ទើប​នៅ​ក្រោយ​ការ​បោះឆ្នោត​សភា​នា​ខែ​មីនា ឆ្នាំ ២០២០ ដែល​លោក​បេននែត​បាន​ប្តូរ​ពី​ជំហរ​គាំទ្រ និង​សម្ព័ន្ធមិត្ត​ជាមួយ​លោក​នេតាន់យ៉ាហ៊ូ​ទៅ​ជា​អ្នក​ប្រឆាំង​ទល់​នឹង​លោក​នេតាន់យ៉ាហ៊ូ​វិញ។ ខណៈ​ដែល​លោក​នេតាន់យ៉ាហ៊ូ​កំពុង​ជំពាក់​វាក់វិន​នឹង​រឿង​អាស្រូវ​ពុករលួយ និង​មិន​អាច​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន លោក​បេននែត​បាន​បែរ​ខ្លួន ១៨០អង្សារ​ទៅ​គាំទ្រ​ប្រធាន​បក្សប្រឆាំង​លោក​យ៉ាអៀរ ឡាពីដ​រហូត​ទទួល​បាន​ការ​ចែក​អំណាច​ជាមួយ​លោក​ឡាពីដ។ លោក​នេតាន់យ៉ាហ៊ូ​ពិត​ជា​នឹក​ស្មាន​មិន​ដល់​សោះ​ឡើយ​ថា អ្នក​ដែល​បាន​កម្ចាត់​លោក​ចេញ​ពី​តំណែង​ជា​មនុស្សជំនិត​ម្នាក់​ដែល​លោក​ធ្លាប់​យក​ធ្វើ​ជា​រដ្ឋមន្រ្តី និង​ជឿ​ទុកចិត្ត។

តែ​ដរាប​ណា​នៅ​បន្ត​អាជីព​នយោបាយ លោក​នេតាន់យ៉ាហ៊ូ​នៅ​មិន​ទាន់​អស់​សង្ឃឹម​នឹង​វិល​ត្រឡប់​វិញ​ទេ។ ក្តីសង្ឃឹម​របស់​លោក​នេតាន់យ៉ាហ៊ូ​ដូច​នេះ​ដោយ​លោក​មើល​ឃើញ​ថា រដ្ឋាភិបាល​ចម្រុះ​ចែក​អំណាច​គ្នា​កាន់​នេះ​ជា​រដ្ឋាភិបាល​មួយ​ដែល​លោក​ធ្លាប់​បាន​ធ្វើ និង​ត្រូវ​បាន​បែកបាក់​នៅ​ប៉ុន្មាន​ខែ​ក្រោយ​មក ដូច​ដែល​ឃ្លា​មួយ​និយាយ​ថា ភ្នំ​មួយ​មិន​អាច​មាន​ខ្លា​ពីរ​សោយរាជ្យ​ទេ តែ​បើ​មាន ក៏​មិន​អាច​រួម​សុខ រួម​ទុក្ខ​ជាមួយ​គ្នា​បាន​យូរ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI