ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តុលាការព្រហ្មទណ្ឌអន្តរជាតិ ៩ឆ្នាំក្រោមរដ្ឋអាជ្ញាមកពីអាហ្វ្រិក

សំឡេង ០៤:៣៧
លោកស្រី ហ្វាទូ បេនស៊ូដា រដ្ឋអាជ្ញា​តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលទើបនឹងផុតអាណត្តិ
លោកស្រី ហ្វាទូ បេនស៊ូដា រដ្ឋអាជ្ញា​តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលទើបនឹងផុតអាណត្តិ POOL/AFP/Archivos

នៅថ្ងៃ​ពុធ​ទី១៦មិថុនា​នេះ ​លោក​ការីម ខាន់ បានចូលកាន់តំណែង​ជាផ្លូវការ ជា​រដ្ឋអាជ្ញា​តុលាការព្រហ្មទណ្ឌអន្តរជាតិ​ ជំនួស​លោកស្រី ហ្វាទូ បេនស៊ូដា ដែល​កាន់តំណែង​តាំង​ពី​ឆ្នាំ២០១២។ ៩ឆ្នាំក្រោម​រដ្ឋអាជ្ញា​មក​ពី​អាហ្វ្រិក​នេះ តើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ សម្រេច​បាន​លទ្ធផលអ្វីខ្លះ ជាពិសេស នៅ​ក្នុង​សំណុំរឿង​តុលាការ​និង​អាហ្វ្រិក?

ផ្សាយពាណិជ្ជកម្ម

នៅពេល​ដែល​ប្រទេស​សមាជិក​​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​បោះឆ្នោត​ជ្រើសរើស​លោកស្រី ហ្វាទូ បេនស៊ូដា ជា​រដ្ឋអាជ្ញា កាល​ពីឆ្នាំ២០១២ គេ​បានដាក់​ក្តីរំពឹង​ដ៏​ចម្បងមួយ គឺ​ផ្សះផ្សារ​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក ដែលតែងតែ​ចោទប្រកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ថា ជា​ឧបករណ៍នយោបាយ​​របស់​លោក​ខាងលិច​​ ដើម្បី​ប្រឆាំង​នឹង​អាហ្វ្រិក។

៩ឆ្នាំក្រោយមក ថ្វីដ្បិតតែ​មាន​សំណុំរឿង​ធំៗ​​ក្រៅតំបន់​អាហ្វ្រិក ត្រូវបាន​​បើក​ការ​ស៊ើបអង្កេត​ដោយ​លោកស្រី ហ្វាទូ បេនស៊ូដា ក៏ប៉ុន្តែ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅតែ​មាន​ទំនាក់ទំនង​ស្មុគស្មាញ​ជាមួយ​បណ្តា​ប្រទេស​អាហ្វ្រិក។

តាមការពិតទៅ គឺនៅក្នុង​អាណត្តិ​របស់​លោកស្រី ហ្វាទូ បេនស៊ូដា ដែល​បណ្តា​ប្រទេស​អាហ្វ្រិក​បាន​គំរាមដកសមាជិកភាព​ចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយ​ក្នុង​ចំណោម​ប្រទេស​ដែល​ប្រកាស​ដកខ្លួន​ចេញនោះ ក៏មាន​ដែរ ហ្កំប៊ី ប្រទេស​កំណើត​របស់​លោកស្រី ហ្វាទូ បេនស៊ូដា ដោយ​ផ្ទាល់។

ជាការពិត គេឃើញ​ថា នៅ​ទីចុងបញ្ចប់​ទៅ មានតែ​ប្រទេស​ប៊ូរុនឌី​មួយតែ​ប៉ុណ្ណោះ ដែល​បាន​ដកខ្លួនចេញ ដោយ​ហ្កំប៊ី​បាន​ផ្លាស់ប្តូរ​ជំហរមកវិញក្រោយ​ពី​មាន​រដ្ឋាភិបាល​ថ្មី ចំណែក​អាហ្វ្រិក​ខាង​ត្បូង ដែល​បាន​ដាក់លិខិត​សុំ​ដកខ្លួន​រួចមកហើយ​នោះ បាន​ស្នើសុំ​ដកលិខិត​ចេញមកវិញ រី​ឯបណ្តា​ប្រទេស​សមាជិក​សហភាព​អាហ្វ្រិក ដែល​បោះឆ្នោត​អនុម័ត​សេចក្តីសម្រេច​ដកខ្លួន​ជា​លក្ខណៈសមូហភាព ក៏​មិនមាន​ប្រទេសណាមួយ​ដាក់លិខិត​ដកខ្លួន​ជាផ្លូវការ។

ទោះជាយ៉ាងណា ការគំរាមដកខ្លួន​នេះ​ វា​បង្ហាញ​ពី​ភាពចម្រូងចម្រាសគ្នា រវាង​មេដឹកនាំ​អាហ្វ្រិក និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​គេឃើញ​ថា សំណុំរឿង​ភាគច្រើន​លើសលុប គឺ​ស៊ើបអង្កេត​តែ​ទៅលើ​ឧក្រិដ្ឋកម្ម​ នៅ​ក្នុង​តំបន់​អាហ្វ្រិក។

ទំនង​ជា​មើល​ឃើញ​ពី​ចំណុចនេះ​ហើយ ដែល​លោកស្រី ហ្វាទូ បេនស៊ូដា បានពង្រីក​សំណុំរឿង​ចេញ​ទៅ​ក្រៅ​តំបន់​អាហ្វ្រិក ដោយ​បាន​បើក​ការស៊ើបអង្កេត​ទៅលើ​ឧក្រិដ្ឋកម្ម ក្នុង​អំឡុង​សង្រ្គាម រវាង​រុស្ស៊ី និង​ហ្សកហ្ស៊ី នៅឆ្នាំ២០០៨, ឧក្រិដ្ឋកម្ម​ទាក់ទងនឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជនជាតិភាគតិច​រ៉ូហ៊ីងយ៉ា​នៅ​ភូមា និង​បង់ក្លាដែស, ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធនឹង​កងទ័ព​អាមេរិក​នៅ​អាហ្វហ្កានីស្ថាន, ​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​ដែនដី​ប៉ាឡេស្ទីន ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អ៊ីស្រាអែល និង​ការស៊ើបអង្កេត​ទៅលើ​ការរំលោភសិទ្ធិមនុស្ស នៅ​ក្នុង​យុទ្ធនាការ​បង្រ្កាប​គ្រឿងញៀន​នៅ​ហ្វីលីពីន។

ការស៊ើបអង្កេត​ទៅលើ​សំណុំរឿង​អស់ទាំងនេះ ខ្លះ​នៅមិនទាន់​បានចាប់ផ្តើម​ធ្វើ​នៅឡើយ ហើយ​ខ្លះទៀត​នៅ​ត្រឹមជា​ដំណាក់កាល​ស៊ើបអង្កេត​បឋម ដោយ​នៅ​មិនទាន់​មានការ​ចោទប្រកាន់ណា​មួយ ហើយ​ក៏​មិនទាន់​​មាន​ការ​ចេញ​ដីកា​ចាប់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​នៅឡើយ​នោះដែរ។

ក៏ប៉ុន្តែ ទោះជា​យ៉ាងណា ការសម្រេច​បើក​ការស៊ើបអង្កេត​ទៅលើ​សំណុំរឿងទាំងនេះ គឺ​នៅតែ​អាច​រាប់ថា​ជា​ចំណាត់ការ​ដ៏ក្លាហាន​មួយ​របស់​រដ្ឋអាជ្ញា ហ្វាទូ បេនស៊ូដា ពីព្រោះ​សំណុំរឿងខ្លះ មាន​​ជាប់ពាក់ព័ន្ធ​ទៅនឹង​ប្រទេស​មាន​ឥទ្ធិពល ដូចជា អាមេរិក រុស្ស៊ី និង​អ៊ីស្រាអែល ដែល​សុទ្ធសឹង​ជា​ប្រទេស​​​មិនដែល​ទទួលស្គាល់​យុត្តាធិការ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​។

ជាក់ស្តែង យើងឃើញ​ថា ការ​សម្រេច​បើក​ការ​ស៊ើបអង្កេត​លើ​កងទ័ព​អាមេរិក នៅ​អាហ្វហ្កានីស្ថាន បាន​ធ្វើ​ឲ្យ​លោកស្រី ហ្វាទូ បេនស៊ូដា ត្រូវ​ជាប់​ក្នុង​បញ្ជីខ្មៅ នៃ​ទណ្ឌកម្ម​អាមេរិក កាល​ពី​ក្នុង​សម័យ​កាល​លោក​ដូណាល់ ត្រាំ មុននឹង​ត្រូវ​ដកចេញ​មកវិញ ក្រោយ​ពី​លោក​ចូ បៃដិន ចូល​កាន់តំណែង។

ត្រឡប់​ទៅ​សំណុំរឿង​អាហ្វ្រិក​វិញ ក្រៅពី​ទំនាក់ទំនង​ចម្រូងចម្រាស​ជាមួយ​មេដឹកនាំ​អាហ្វ្រិក ដែល​នៅតែបន្តមាន គេ​ក៏​កត់សម្គាល់​ផងដែរ អំពី​បរាជ័យ​របស់​លោក​ស្រី ហ្វាទូ បេនស៊ូដា នៅ​ក្នុង​សំណុំរឿង​អតីតមេដឹកនាំ​ប្រទេស​កូតឌីវ័រ គឺ​លោក ឡូរ៉ង់ បាក់បូ ដែល​ត្រូវ​អង្គជំនុំជម្រះ​ឧទ្ធរណ៍​សម្រេច​លើកលែង​ការចោទប្រកាន់ ផ្ទុយ​ពី​ការទាមទារ​របស់​រដ្ឋអាជ្ញា ដែល​ជា​ដើម​បណ្តឹងអាជ្ញា។

ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា គេ​ក៏គួរ​តែ​គូសបញ្ជាក់ផងដែរ អំពីជោគជ័យ នៅ​ក្នុង​សំណុំរឿង​ដ៏​សំខាន់​មួយទៀត គឺ​ការស៊ើបអង្កេត​ទៅលើ​ករណី​បំផ្លិចបំផ្លាញ​ទីតាំង​វប្បធម៌​និង​ប្រវត្តិសាស្រ្ត នៅ​ក្នុងប្រទេសម៉ាលី។ ការស៊ើបអង្កេត ដែល​នាំ​ទៅដល់​ការ​ចោទប្រកាន់ ចាប់ខ្លួន និង​កាត់ទោស​ជនជាប់ចោទ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៩ឆ្នាំ ហើយ​វា​ជា​សំណុំរឿង​ដំបូងបង្អស់ ដែល​ការបំផ្លិចបំផ្លាញ​ទីតាំង​វប្បធម៌ និង​ប្រវត្តិសាស្រ្ត ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ យក​មក​ជំនុំជម្រះ​​​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI