ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបារាំងបន្ដជារដ្ឋទាក់ទាញវិនិយោគិនបរទេសល្អបំផុតនៅអឺរ៉ុប?

សំឡេង ០៤:៣៤
ហេតុអ្វីបារាំងបន្ដជារដ្ឋទាក់ទាញវិនិយោគិនបរទេសល្អបំផុតនៅអឺរ៉ុប?
ហេតុអ្វីបារាំងបន្ដជារដ្ឋទាក់ទាញវិនិយោគិនបរទេសល្អបំផុតនៅអឺរ៉ុប? REUTERS - POOL

បារាំងនៅបន្ដជាប្រទេសដែលទាក់ទាញបំផុតនៅអឺរ៉ុប សម្រាប់ការវិនិយោគបរទេស។ ​យោងតាមការចេញផ្សាយផ្លូវការរបស់ រដ្ឋាភិបាលបារាំង លទ្ធផលដ៏ល្អនេះបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចបារាំង និងនយោបាយកំណែទម្រង់នានារបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់ លោក ប្រធានាធិបតី Emmanuel Macron ទោះជាត្រូវប្រឈមនឹងវិបត្តិជំងឺកូវីដ១៩។ ទោះជាយ៉ាងណា ការព្រួយបារម្ភអំពីបញ្ហាសន្ដិសុខជាតិ និងការបាត់បង់អធិបតេយ្យភាព ក៏បានកើតមានឡើងដំណាលគ្នាផងដែរ។

ផ្សាយពាណិជ្ជកម្ម

ទោះបីជាត្រូវប្រឈមនឹងឆ្នាំនៃមហន្តរាយសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ បារាំងនៅបន្ដស្ថិតក្នុងចំណោមប្រទេសដែលទាក់ទាញបំផុត សម្រាប់ការវិនិយោបរទេស នៅឆ្នាំ២០២០។ បារាំងក៏ជាប្រទេសដែលទទួលបានការវិនិយោគធំបំផុតផងដែរក្នុងឆ្នាំ២០១៩។ លោក Emmanuel Macron តាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន បានលើកឡើងថា “សម្រាប់ពីរឆ្នាំជាប់ៗគ្នា បារាំងនៅបន្ដជាប្រទេសអឺរ៉ុបមួយដែលទាក់ទាញវិនិយោគិនបរទេសច្រើនបំផុត។ នេះគឺជាដំណឹងដ៏ល្អបំផុត ដោយមានលទ្ធផលជាក់ស្តែង។ ការងារកាន់តែច្រើនត្រូវបានបង្កើត (+ ៣០ ០០០ការងារ) និងមានពាសពេញប្រទេសបារាំង ជាពិសេស នៅក្នុងវិស័យឧស្សាហកម្ម។”

ប្រឈមការរីករាលដាលជំងឺកូវីដ១៩ សេដ្ឋកិច្ចសកលលោកកំពុងជួបការលំបាក ហើយប្រទេសនីមួយៗក៏ព្យាយាមជំរុញការប្រកួតប្រជែងរបស់ខ្លួន ដើម្បីទាក់ទាញវិនិយោគិនថ្មីៗផងដែរ។ ក្នុងហេតុផលដូចគ្នា បារាំងបានដាក់ចេញគោលនយោបាយថ្មី ឈ្មោះថា “ជ្រើសរើសប្រទេសបារាំង ឬ Choose France” និងបានបង្កើតកិច្ចប្រជុំនានាដែលប្រមូលផ្តុំដោយម្ចាស់អាជីវកម្ម ចំនួនជាង១០០នាក់ ក្នុងខែមិថុនានេះ។ គោលបំណងចម្បងគឺដើម្បីបង្ហាញផែនការស្តាសេដ្ឋកិច្ចបារាំងឡើងវិញ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគពហុជាតិ។ នៅឆ្នាំ២០២០ ទោះបីបរិមាណវិនិយោគធ្លាក់ចុះ ក៏បារាំងស្ថិតក្នុងចំណោមប្រទេសដែលទាក់ទាញបំផុតនាំមុខអាល្លឺម៉ង់ ឬចក្រភពអង់គ្លេស។ នេះបើយោងតាម លោក Franck Riester រដ្ឋមន្រ្តីប្រតិភូទទួលបន្ទុកពាណិជ្ជកម្មបរទេស និងភាពទាក់ទាញសេដ្ឋកិច្ច របស់រដ្ឋាភិបាលបារាំង។

បារាំងមានលក្ខណៈខុសគេជាផ្នែកមួយចម្បងនៃភាពទាក់ទាញ៖

បារាំងស្ថិតនៅចំណាត់ថ្នាក់លេខមួយ សម្រាប់ការបង្កើតសហគ្រាសឧស្សាហកម្ម និងការនាំមុខគូប្រជែងរបស់ខ្លួន ដោយបារាំងទទួលបានគម្រោងផលិតកម្ម និងឧស្សាហកម្ម ចំនួន៣៤១គម្រោង។ ការការដំឡើងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ សម្រាប់ការវិនិយោគថ្មី មានចំនួន១១៥ ក្នុងឆ្នាំ២០២០។ ការបង្កើតការងារថ្មីមានចំនួន ៣០៥៥៨កន្លែង ក្នុងឆ្នាំ២០២០ ហើយវាបានកើនឡើង ២១,៦% ចាប់តាំងពីឆ្នាំ២០១៧។

លើសពីនេះ ម្ចាស់សហគ្រាស ៥៨% ជឿជាក់ថា បារាំងអាចក្លាយជាមេដឹកនាំពិភពលោក សម្រាប់បរិយាកាសទាក់ទាញការវិនិយោគ ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ជាចុងក្រោយ ដោយសារហេតុផល និងឥទ្ធិពលពី Brexit ទីក្រុងប៉ារីសកាន់តែមានភាពទាក់ទាញផ្នែកហិរញ្ញវត្ថុ។ គម្រោងនៅក្នុងវិស័យហិរញ្ញវត្ថុបានកើនឡើង ២៣% នៅឆ្នាំ២០២០។ ទីក្រុងប៉ារីសបច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខមួយ ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ក្នុងតំបន់អឺរ៉ុប។

បារាំងដាក់ចេញកម្មវិធីកំណែទម្រង់ទ្រង់ទ្រាយធំសម្រាប់ក្រុមហ៊ុន៖

រដ្ឋាភិបាលបារាំង ជាក់ស្ដែង បានចាត់វិធានការយ៉ាងច្រើន ដើម្បីបង្កើនការប្រកួតប្រជែង តួយ៉ាង ការកាត់បន្ថយពន្ធសាជីវកម្ម កំណែទម្រង់ទីផ្សារការងារ ការបង្កើតគម្រោងឥណទានពន្ធស្រាវជ្រាវ និងកំណែទម្រង់ពន្ធនានា។ លើសពីនេះ រដ្ឋាភិបាលបានធ្វើឱ្យមានភាពងាយស្រួលនូវបែបបទសម្រាប់ក្រុមហ៊ុន និងវិនិយោគិនបរទេស ជាពិសេសចំពោះច្បាប់ពាក់ព័ន្ធនឹងការរីកចម្រើន និងការផ្លាស់ប្តូរអាជីវកម្ម។

ដើម្បីទាក់ទាញវិនិយោគិនបរទេស បារាំងបានបង្កើតបរិយាកាសឱ្យ​មានភាពងាយស្រួលសម្រាប់ទីផ្សារអឺរ៉ុប និងការទាក់ទាញបុគ្គលិកពូកែៗ និងមានជំនាញបច្ចេកទេសខ្ពស់ ក្នុងទ្រង់ទ្រាយធំ។ លោក Franck Riester បានបញ្ជាក់ថា ទាំងស្ត្រី និងបុរសមានតម្រូវការច្រើនដូចគ្នាពីក្រុមហ៊ុន។

ឥទ្ធិពល និងប្រសិទ្ធភាពនយោបាយជំរុញសេដ្ឋកិច្ចប្រឈមវិបត្តិកូវីដ១៩៖

ផែនការបន្ទាន់នានា ត្រូវបានដាក់ចេញឱ្យ​អនុវត្ត ដោយរដ្ឋាភិបាលបារាំង ដើម្បីគាំទ្រដល់ក្រុមហ៊ុន និងការរក្សាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចបារាំង ជាពិសេស អត្រាការងារ ជំនាញ និងចំណេះដឹងរបស់បុគ្គលិក។ ទំនុកចិត្តរបស់វិនិយោគិនបរទេស បាន​កើនឡើងនៅបារាំង។ តួលេខបង្ហាញថា ៦០% នៃគម្រោងវិនិយោគនៅបារាំងមានគម្រោងពង្រីកខ្លួន។

ផ្អែកតាមការស្ទង់មតិចុងក្រោយ ស្ដីការយល់ឃើញរបស់ម្ចាស់សហគ្រាសអន្តរជាតិលើបរិយាកាសវិនិយោគនៅបារាំង និងគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាល លទ្ធផលបង្ហាញថា ៥៦% នៃអ្នកវិនិយោគមានផែនការផ្លាស់ប្តូរទីតាំងមកធ្វើសកម្មភាព នៅក្នុងប្រទេសបារាំង។ វិនិយោគិនបរទេសចំនួន ៤៤% ចាត់ទុកថា គោលនយោយបាយជំរុញសេដ្ឋកិច្ចបារាំងហាក់មានប្រសិទ្ធភាពជាងផែនការស្តាសេដ្ឋកិច្ចរបស់បណ្តាប្រទេសអឺរ៉ុបដទៃទៀត។

តើបារាំងត្រូវព្រួយបារម្ភអ្វីខ្លះសម្រាប់ដំណឹងល្អនេះ?

ជាមួយដំណឹងល្អនៃការកើនឡើងការវិនិយោគបរទេស ក៏មានក្តីព្រួយបារម្ភកើតមានផងដែរសម្រាប់បារាំង។ ការបង្កើតរោងចក្រក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei របស់ចិន នៅតំបន់ Bas-Rhin កំពុងបង្កើនការព្រួយបារម្ភអំពីបញ្ហាសន្ដិសុខជាតិ និង​ការបាត់បង់អធិបតេយ្យភាពផងដែរ។

ផ្អែកតាមលោក Franck Riester នៅក្នុងគោលនយោបាយបារាំង នាពេលបច្ចុប្បន្ននេះ មានគោលនយោបាយទាក់ទាញ និងគោលនយោបាយបង្កើនការប្រកួតប្រជែង ប៉ុន្តែក្នុងពេលជាមួយគ្នា បារាំងចង់រក្សាអធិបតេយ្យភាពឱ្យ​បានច្រើនលើវិស័យវិនិយោគនានា ក៏ដូចជាវិស័យឧស្សាហកម្ម។ បារាំងជាពលរដ្ឋអឺរ៉ុប។ បារាំងចង់ឱ្យ​វិស័យបច្ចេកទេសយុទ្ធសាស្ត្រគ្រប់គ្រងដោយអឺរ៉ុប។ ការការពារទិន្នន័យឧស្សាហកម្ម និងភាពឯកជន អាចត្រូវបានគំរាមកំហែងផងដែរ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI