ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើវិបត្តិកូវីដ១៩ប៉ះពាល់អ្វីខ្លះដល់អត្រាការងារនៅអឺរ៉ុប?

សំឡេង ០៤:០៣
យោងតាម​គណៈកម្មការអឺរ៉ុប អត្រាអ្នកគ្មានការងារធ្វើ នៅសហភាពអឺរ៉ុប នៅ​ខែមីនា២០២១ មាន ៧,៣% ពោលគឺកើនឡើងពី ៦,៤% ក្នុងខែមីនា ឆ្នាំ២០២០។
យោងតាម​គណៈកម្មការអឺរ៉ុប អត្រាអ្នកគ្មានការងារធ្វើ នៅសហភាពអឺរ៉ុប នៅ​ខែមីនា២០២១ មាន ៧,៣% ពោលគឺកើនឡើងពី ៦,៤% ក្នុងខែមីនា ឆ្នាំ២០២០។ AP - Virginia Mayo

យោងតាមគេហទំព័រផ្លូវការរបស់ គណៈកម្មការសហភាពអឺរ៉ុប អត្រាអ្នកគ្មានការងារធ្វើបានកើនឡើងនៅតំបន់អឺរ៉ុប ប្រឈមនឹងវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩។ ផ្អែកតាមការសិក្សាថ្មីៗចុងក្រោយ គេរំពឹងថា អត្រាអ្នកគ្មានការងារនៅអឺរ៉ុបនឹងបន្ដកើតមានឡើង ទោះបីជាមានវិធានការណ៍គាំទ្រនានារបស់រដ្ឋាភិបាល ឬក៏ការងើបឡើងវិញនៃសេដ្ឋកិច្ចអឺរ៉ុបក៏ដោយ។ នាពេលបច្ចុប្បន្ន បណ្ដាប្រទេសអឺរ៉ុបស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាអ្នកចាក់វ៉ាក់សាំងច្រើនជាងគេ ហើយវ៉ាក់សាំងទំនងអាចធ្វើឱ្យស្ថានភាពប្រសើរបន្ដិច ក៏ប៉ុន្តែវាមិនអាចធ្វើឱ្យ​ស្ថានភាពការងារនៅអឺរ៉ុប ត្រលប់មករកភាពប្រក្រតី ដូចស្ថានភាពពីមុនវិបត្តិ ក្នុងពេលឆាប់ៗនោះទេ។

ផ្សាយពាណិជ្ជកម្ម

យោងតាមទិន្នន័យចុងក្រោយ ពីគេហទំព័រផ្លូវការរបស់ គណៈកម្មការសហភាពអឺរ៉ុប នៅខែមីនា ឆ្នាំ២០២១ អត្រាអ្នកគ្មានការងារធ្វើ នៅសហភាពអឺរ៉ុបទាំងមូលមាន ៧,៣% ពោលគឺកើនឡើងពី ៦,៤% ក្នុងខែមីនា ឆ្នាំ២០២០។ ជារួម អត្រាអ្នកគ្មានការងារធ្វើបានកើនឡើង សម្រាប់សហភាពអឺរ៉ុបទាំងមូល ក្នុងអំឡុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩។ តួលេខនេះត្រូវបានបោះពុម្ពចេញផ្សាយ ដោយស្ថាប័ន Eurostat ដែលជាការិយាល័យស្ថិតិនៃសហភាពអឺរ៉ុប។

ស្ថាប័ន Eurostat បានប៉ាន់ស្មានថា ចំនួនបុរស និងស្ត្រីប្រមាណជិត ១៦លាននាក់ នៅសហភាពអឺរ៉ុប កំពុងគ្មានការងារធ្វើ នៅខែមីនា ឆ្នាំ២០២១។ បើប្រៀបធៀបនឹងពេលវេលាដដែល កាលពីឆ្នាំ២០២០ អត្រាអ្នកគ្មានការងារធ្វើបានកើនឡើងចំនួនជាង២លាននាក់។ នៅខែមីនា ឆ្នាំ២០២១ យុវជនវ័យក្មេងៗចំនួនជិត ៣លាននាក់ (អាយុក្រោម ២៥ឆ្នាំ) បានបាត់បង់ការងារធ្វើរបស់ខ្លួន។ បើប្រៀបធៀបនឹងខែមីនា ឆ្នាំមុន អត្រាគ្មានការងារធ្វើរបស់យុវជន បានកើនឡើងជិត ៣២ម៉ឺននាក់។ គួរបញ្ជាក់ផងដែរថា អត្រាគ្មានការងារធ្វើមានកម្រិតខ្ពស់រួចស្រេចស្រាប់សម្រាប់យុវជនអឺរ៉ុប ដូច្នេះវិបត្តិជំងឺកូវីដ១៩បានបន្ថែមបន្ទុកកាន់តែធ្ងន់ធ្ងរលើបញ្ហានេះ។

ការប៉ាន់ស្មានទិន្នន័យទាំងនេះផ្អែកទៅលើនិយមន័យស្តង់ដារនៃភាពគ្មានការងារធ្វើ របស់ អង្គការពលកម្មអន្តរជាតិ (ILO) និងត្រូវបានប្រើប្រាស់ជាសកល នៅទូទាំងពិភពលោក។ តាមនិយមន័យ មនុស្សម្នាក់ត្រូវចាត់ទុកថាគ្មានការងារធ្វើ ដោយសារពួកគេកំពុងគ្មានការងារធ្វើ និងបានកំពុងស្វែងរកការងារធ្វើ ក្នុងរយៈពេល៤សប្តាហ៍ចុងក្រោយ ហើយអាចចាប់ផ្តើមធ្វើការបានក្នុងរយៈពេល ២សប្តាហ៍បន្ទាប់។

ការរាតត្បាតរបស់ជំងឺកូវីដ១៩ និងវិធានការណ៍ដែលត្រូវបានអនុវត្តដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ បានបង្កឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវចំនួនអ្នកទាមទារអត្ថប្រយោជន៍សង្គម (ឬ Sécurité Sociale ជាភាសាបារាំង) សម្រាប់ភាពគ្មានការងារធ្វើ នៅទូទាំងសហភាពអឺរ៉ុប។

យោងតាមការចេញផ្សាយរបស់ ព្រឹត្តិប័ត្រសេដ្ឋកិច្ចរបស់ធនាគារកណ្តាលអឺរ៉ុប ទីផ្សារការងារនៅតំបន់អឺរ៉ុប ត្រូវបានទទួលរងគ្រោះយ៉ាងខ្លាំង ដោយសារវិបត្តិកូវីដ១៩។ ការងារ និងចំនួនម៉ោងធ្វើការសរុប បានធ្លាក់ចុះយ៉ាងខ្លាំងបំផុត។ លទ្ធផលសិក្សាបង្ហាញថា ការផ្គត់ផ្គង់កម្លាំងពលកម្ម និងការធ្លាក់ចុះផលិតភាព បានរួមចំណែកប្រហែលមួយភាគបីនៃការថយចុះម៉ោងធ្វើការសរុប នាពេលកន្លងមក។ បញ្ហានេះបានឆ្លុះបញ្ចាំងឱ្យ​ឃើញពីផលប៉ះពាល់នៃបិទខ្ទប់ទីក្រុងមិនឱ្យ​ប្រជាពលរដ្ឋចេញក្រៅ ដែលតម្រូវឱ្យក្រុមហ៊ុនត្រូវបិទទ្វារ ឬកាត់បន្ថយប្រតិបត្តិការក្រុមហ៊ុន និងការកាត់បន្ថយបុគ្គលិកបម្រើការងារជាបណ្តោះអាសន្ន។ ក្នុងពេលជាមួយ តម្រូវការប្រើប្រាស់របស់ប្រជាជនជាមធ្យមក៏បានធ្លាក់ចុះ ហើយតំណាងប្រហែលមួយភាគបួននៃការធ្លាក់ចុះនៃចំនួនម៉ោងធ្វើការសរុបផងដែរ។

នាពេលបច្ចុប្បន្ន បណ្ដាប្រទេសអឺរ៉ុបស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាអ្នកចាក់វ៉ាក់សាំងច្រើនជាងគេ ហើយវ៉ាក់សាំងទំនងអាចធ្វើឱ្យស្ថានភាពប្រសើរបន្ដិច ក៏ប៉ុន្តែវាមិនអាចធ្វើឱ្យ​ស្ថានភាពការងារនៅអឺរ៉ុប ត្រលប់មករកភាពប្រក្រតី ដូចស្ថានភាពពីមុនវិបត្តិ ក្នុងពេលឆាប់ៗនោះទេ។ វ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺជាវ៉ាក់សាំងដែលមានគោលបំណងផ្តល់ភាពស៊ាំទៅនឹងជំងឺប្រព័ន្ធផ្លូវដង្ហើមធ្ងន់ធ្ងរ ហើយដែលបង្កឡើងដោយមេរោគកូវីដ​១៩។

គិតត្រឹមពាក់កណ្ដាលខែឧសភា ឆ្នាំ២០២១ វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន ១,៥ពាន់លានដូស ត្រូវបានប្រើប្រាស់នៅទូទាំងពិភពលោក។ ប្រទេសជឿនលឿន ឬប្រទេសអ្នកមានបំផុត ចំនួន២៧ប្រទេស ក៏មានផងដែរបណ្ដាប្រទេសនៅអឺរ៉ុប ទទួលបានវ៉ាក់សាំងក្នុងអត្រា៣៥,៥ភាគរយ បើទោះបីជាប្រទេសទាំងនោះមានប្រជាជនតែ១៤ភាគរយប៉ុណ្ណោះធៀបនឹងចំនួនប្រជាជនពិភពលោក។

ផ្អែកតាមការចេញផ្សាយរបស់ស្ថាប័នវាយតម្លៃហានិភ័យសកល FitchRatings ដែលទើបចេញផ្សាយរបាយការណ៍ នៅចុងខែមិថុនានេះ ផលប៉ះពាល់នៃវិបត្តិកូវីដ១៩លើការប្រើប្រាស់ និងអត្រាអ្នកគ្មានការងារធ្វើ ត្រូវបានកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាន ដោយសារវិធានការណ៍គាំទ្រនានារបស់រដ្ឋាភិបាល និងការផ្តល់ប្រាក់កម្ចី ប៉ុន្តែក៏នៅមានក្រុមគ្រួសារអឺរ៉ុបដែលងាយរងគ្រោះបំផុតចំពោះវិបត្តិសេដ្ឋកិច្ចនេះផងដែរ។ ទោះជាយ៉ាងណា គេរំពឹងថា ការកើនឡើងនៃភាពអត់ការងារនឹងកើតមានឡើង ទោះបីជាមានវិធានការណ៍គាំទ្រនានា ឬសេដ្ឋកិច្ចអឺរ៉ុបងើបឡើងវិញក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI