ទស្សនៈព្រឹត្តិការណ៍ពិភពលោក

មហោស្រពភាពយន្តអន្តរជាតិ​​កាន​សន្យា​​យកចិត្តទុកដាក់កាត់បន្ថយការបំពុល​​​បរិស្ថាន

សំឡេង ០៥:៣៧
តាល់ប័ត្រមាស​ សម្រាប់ខ្សែភាពយន្ត​ខ្នាតវែងដែលល្អជាងគេ​នៅមហោស្រពភាពយន្ត​កាន ទី​៧៤
តាល់ប័ត្រមាស​ សម្រាប់ខ្សែភាពយន្ត​ខ្នាតវែងដែលល្អជាងគេ​នៅមហោស្រពភាពយន្ត​កាន ទី​៧៤ REUTERS - GONZALO FUENTES

មហោស្រពភាពយន្ត​អន្តរជាតិកាន ​លើកទី​៧៤ (ពីថ្ងៃទី ៦​ដល់ថ្ងៃទី ១៧ កក្កដា) ដែលកំពុងប្រព្រឹត្ត​ទៅ​នៅទីក្រុង​កាន ភាគខាងត្បូង​ ប្រទេស​បារាំងចង់​ដើរតួ​ជាគំរូគេ ដោយ​សន្យាគិតគូរដល់​បញ្ហា​បរិស្ថាន​ឲ្យបាន​ច្រើនជាងមុន។ ក្រៅតែ​ពី​ជ្រើសរើស​ខ្សែភាពយន្ត​ដែលនិយាយ​ពី​បញ្ហា​បរិស្ថាន​សម្រាប់​ការចាក់បញ្ចាំងនៅក្នុង​មហោស្រព អ្នករៀបចំបាន​ចាត់វិធានការ​​មួយចំនួន​ដូចជា​កាត់បន្ថយ ការចែកចាយ​ដបទឹកប្លាស្ទិក និង​​តម្រូវ​ឲ្យ​អ្នកចូលរួម​ក្នុង​មហោស្រព​ទាំងអស់​ត្រូវ​បង់​ប្រាក់​២៥​អឺរូ សម្រាប់​បុព្វហេតុ​បរិស្ថាន។តើនេះជាការភ្ញាក់រលឹកពិតៗ​របស់​អ្នករៀបចំ​មហោស្រព ឬ​គ្រាន់តែ​ជា​យុទ្ធសាស្រ្ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ ?

ផ្សាយពាណិជ្ជកម្ម

បើនិយាយ​ពីការទទួល​ខុសត្រូវ​ក្នុងការបំផ្លាញ​បរិស្ថាន ឧស្សាហកម្មភាពយន្ត​ជាពិសេស​មហោស្រពភាពយន្ត​អន្តរជាតិ​កានផ្ទាល់តែម្តងមានចំណែក​ចូលរួម​ច្រើនគួរសម។ គ្រាន់តែ​រាប់​អ្នកមកចូលរួមរាប់ពាន់នាក់ ដូចជា តារាភាពយន្ត ក្រុមបច្ចេកទេស ក្រុមហ៊ុន​ផលិត​ភាពយន្ត​​ឬ​អ្នកកាសែត​គ្រប់ជាតិសាសន៍ ដែលជិះយន្តហោះ​ឆ្លងទ្វីប​មក​ចូលរួម​ក្នុង​មហោស្រព គេឃើញ​ច្បាស់ទៅហើយថា យន្តហោះ​ដឹកអ្នកទាំងបាន​បញ្ចេញ​ឧស្ម័នកាបូនិក បំផ្លាញ​បរិស្ថាន​ច្រើនប៉ុណ្ណា។ នេះគេ​នៅមិនទាន់​និយាយ​ពីការចំណាយ​ខ្ជះខ្ជាយ ទឹកភ្លើង សម្ភារៈប្រើប្រាស់ទំនើបៗ ដើម្បី​តែ​​ផាសុខភាពរបស់អ្នកចូលរួម នៅក្នុង​អំឡុង​មហោស្រព​រយៈពេល​១២​ថ្ងៃនោះទេ។

តើ​មហោស្រពភាពយន្តកាន​នៅ​តែ​ចង់​ដើរតួ​ជាអ្នកបង្កបញ្ហា ឬ​ជាអ្នកចូលរួម​ដោះស្រាយ​បញ្ហា​ដែលកំពុងគំរាមកំហែងអាយុជីវិត​របស់​មនុស្សជាតិ​នៅលើ​ផែនដី។​ សម្រាប់ លោក​Thierry Frémaux ​ប្រធានប្រតិភូ ​មហោស្រពភាពយន្ត​កាន ការភ្ញាក់រលឹក​ និង​សកម្មភាពការពារ​បរិស្ថាន​អាចមាន​​នៅក្នុង​វិស័យ​សិល្បៈទី​៧។ មហោស្រពភាពយន្ត​អន្តរជាតិ​កានផ្ទាល់​​ចង់​ធ្វើគំរូគេ ដោយ​ឧទ្ទិស​មហោស្រពភាពយន្ត​ឆ្នាំ ២០២១​សម្រាប់​បរិស្ថាន។

ជាក់ស្តែង ខ្សែភាពយន្ត​ឯកសារ​ចំនួន​៥ និង ខ្សែភាពយន្ត​ប្រឌិត១រឿង​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការចាក់បញ្ចាំង​ពិសេស​នៅក្នុង​មហោស្រព​លើកនេះ។ រឿង Croisade​និយាយពី​​ក្មេងសិស្សសាលា​ដែលផ្តួចផ្តើមគំនិតធ្វើជាម្ចាស់ជោគ​វាសនា​របស់ខ្លួន ដើម្បី​ចាត់វិធានការ​ទប់ទល់​នឹង​គ្រោះមហន្តរាយ​ ខ្យល់ពុលបរិស្ថាន​ដែលបន្សល់ទុក​ដោយជំនាន់​ឪពុកម្តាយ។​ កុនឯកសារ​រឿង សត្វ L’animal របស់សមិទ្ធិករ​​Cyril Dion និយាយ​ពី​យុវជន​បារាំង និង​អង់គ្លេស​២នាក់​ដែល​ខ្វល់ខ្វាយ​ និង​ទោមនស្ស​ខឹង​សម្បារ​នឹង​មេដឹកនាំ​ អ្នកនយោបាយ ដែល​អសកម្ម និង​អសមត្ថភាព​ដើម្បី​ការពារ​ជីវិតសត្វ និង​ប្រព័ន្ធជីវចម្រុះ។ ផែនដីឡើងកំដៅ ភ្លើងឆេះព្រៃ ខ្យល់ពុល សំរាមប្លាស្ទិកលុកលុយ​នៅគ្រប់ប្រទេស ការឈានទៅរលត់ផុតពូជ ពពួកសត្វ រុក្ខជាតិ​នៅលើ​ផែនដី នៅចំពោះមុខ​តម្រូវការ និងការកើនឡើង​នៃ​ប្រជាជន​ក្នុងពិភពលោក។ បញ្ហា​ទាំងអស់នេះត្រូវ​បាន​គេលាតត្រដាង​យ៉ាងជាក់ស្តែង​បំផុត នៅក្នុង​ខ្សែភាពយន្តឯកសារដែល​ចាក់បញ្ចាំង​ក្នុង​មហោស្រពកាន។

ដើម្បី​ប៉ះប៉ូវ​ចំណែក​ទទួលខុសត្រូវ​របស់​មហោស្រព​ទៅលើ​ការបំផ្លាញបរិស្ថាន អ្នករៀបចំ​មហោស្រព​បាន​សន្យា​រៀបចំ​ទៅថ្ងៃ​មុខ មហោស្រព​ភាពយន្ត​មួយ ដែលមាន​ការទទួល​ខុសត្រូវ ជាងមុន។ ឧទាហរណ៍ មហោស្រព​នឹង​មិនផ្លាស់ប្តូរ​ញឹកញាប់​កម្រាលព្រំក្រហម​រាប់រយម៉ែត្រ ដែល​គេ​ក្រាល​សម្រាប់​ទទួល​តារាភាពយន្ត​ដូចមុនទៀតនោះទេ។ កម្រាលព្រំក្រហមនោះទៀតសោត គឺ អាច​យក​ទៅ ច្នៃ​ដើម្បី​ប្រើប្រាស់​ឲ្យបាន​យូរបំផុត។ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក មហោស្រព​លែង​ចែកចាយ ដបទឹកប្លាស្ទិក​ជាង ២ម៉ឺនដប ដូចដែល​មហោស្រព បាន​ធ្វើ​កាលពី​ឆ្នាំ ២០១៩។ មួយវិញទៀត អ្នកចូលរួម​ក្នុង​មហោស្រពម្នាក់ៗ ត្រូវ​បង់ប្រាក់​បន្ថែម ២៥​អឺរ៉ូ សម្រាប់​ចំណាយ​បង់​ថ្លៃការបញ្ចេញ​ឧស្ម័នកាបូនរបស់​មហោស្រព។

យ៉ាងណាក៏ដោយ ការចាក់បញ្ចាំង​ខ្សែភាពយន្ត​ដែលនិយាយ​ពី​បញ្ហា​បរិស្ថាន ហើយនិង​ចំណាត់ការ​កាត់បន្ថយ​ការប្រើប្រាស់​ដបបា្លស្ទិក មិនគ្រប់គ្រាន់​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​គេ​ជឿថា មហោស្រព​ភាពយន្ត​កានពិតជាមាន​ចេតនា​គិតគូរ​ពិតប្រាកដ​ពីបញ្ហា​បរិស្ថាន ការឡើងកំដៅផែនដី​នោះទេ។ ដរាបណាអ្នកចូលរួម​នៅតែមិនភ្ញាក់រលឹក​ពី​សកម្មភាព​បំពុល​បរិស្ថានរបស់ខ្លួន ដូចជានៅ​តែ​​​ជិះយន្តហោះដែលបញ្ចេញឧស្ម័ន​ក្រាស់ក្រែល ដើម្បី​ចូលរួម​មហោស្រព នោះ​ជញ្ជីងរបស់​មហោស្រព​នៅតែ​ទោរ​ខ្លាំង​ទៅខាង​បំផ្លាញបរិស្ថាន។ ប្រធានប្រតិភូរបស់​មហោស្រព​កាន​ផ្ទាល់​ទទួលស្គាល់​ថា មហោស្រព​មិនអាច​ទាមទារ​ ​​ដាក់កម្រិត​ឲ្យ​គេឈប់​ជិះយន្តហោះនោះទេ។ ដើម្បីការពារ​មុខមាត់ កិត្តិនាម​ល្បីល្បាញ​របស់មហោស្រពភាពយន្ត​​អន្តរជាតិកាន អ្នកទទួលខុសត្រូវ​របស់​មហោស្រព​នៅតែនិយាយ​​ការពារ​អ្នកដែលជិះយន្តហោះ រាប់ពាន់ រាប់ម៉ឺនគីឡូម៉ែត្រ ដើម្បីគ្រាន់តែ​មក​​ចុះ​កិច្ចសន្យា ឬ​ពិភាក្សា​ពី​បញ្ហា​កុន នៅ​ក្នុងឱកាស​បើក​មហោស្រពកាន។

មើលទៅ ​អ្នករៀបចំ​មហោស្រពកាន ​កំពុង​ភ្លាត់ភ្លាំង​ដូចជា ​តារាភាពយន្ត​ហូលីវូដ ឡេអូណាដូ ឌីកាព្រីយ៉ូ។ គេ​នៅចាំបានថា នៅ​ឆ្នាំ ២០១៦ តារាភាពយន្ត​ក្នុង​រឿង​Titanicរូបនេះ​បាន​ជិះយន្តហោះ​ពីទីក្រុង​កាន ទៅកាន់ញូវយ៉ក​ ដើម្បី​ទៅ​​ទទួល​រង្វាន់​សម្រាប់​សកម្មភាព​ដើម្បី​បុព្វហេតុ​បរិស្ថាន។ នៅថ្ងៃ​ដដែល លោកបានជិះយន្តហោះ​ពីអាមេរិក មក​បារាំងវិញ​ដើម្បី​ចូលរួម​ឲ្យទាន់ពិធី​បើកសម្ពោធ​​មហោស្រពកាន។ នៅ​ឆ្នាំ ១៩៩៥ ខ្សែភាពយន្ត​ដ៏ល្បីជាងគេ​ដែលនិយាយ​ពី ពិភពលោក​ជន់លិចទៅក្នុង​ទឹកសមុទ្រ ដោយសារ​ការប្រែប្រួល​អាកាសធាតុ រឿង Waterworld របស់អ្នកនិពន្ធ Kevin Costner ត្រូវ​បានគេចាត់ទុក​ជាខ្សែភាពយន្ត​ដែលត្រូវបាន​ផលិតឡើង​ដោយ​គិតគូរ​តិចតួច​បំផុត​ដល់​បរិស្ថាន។ នៅពេល​គេ​មិនដឹង​ពី​ចំនួន​ពិតប្រាកដ​នៃ​​ឧស្ម័នកាបូន សម្រាប់​ការផលិតកុន​មួយ​រឿង ប៉ុន្តែ គេ​អាច​ដឹងថា តាំង​ពី​អ្នកបច្ចេកទេស រហូត​ដល់​តួអ្នកសំដែងសុទ្ធតែ​ប្រើប្រាស់​មធ្យោបាយ​​ដឹកជញ្ជូនទំនើបលឿន​ដូចជា​យន្តហោះដែលតាមពិតជាប្រភព​បញ្ចេញ​ឧស្ម័នកាបូន​ដ៏សំខាន់មួយ។

ដើម្បី​ឲ្យគេជឿជាក់ថា មហោស្រព​គិតគូរ​ យកចិត្តទុកដាក់​ពិត​លើ​បញ្ហា​បរិស្ថាន តើ​មហោស្រពភាពយន្ត​កាន គួរ​តែ​ចាប់តម្រូវ​ឲ្យ​ខ្សែភាពយន្ត​ដែល​ត្រូវ​ជ្រើសរើស​ឲ្យ​មក​ប្រកួត​យក​រង្វាន់​នៅមហោស្រព ត្រូវ​តែ​បង្ហាញ​លទ្ធផលតួលេខ​នៃ​បរិមាណឧស្ម័នកាបូន​ដែលគេ​បាន​បញ្ចេញក្នុង​អំឡុង​ពេល​ផលិតកុន​មួយរឿងៗ​ដែរឬទេ? ​អ្នករៀបចំ​មហោស្រពកាន​មិន​គាំទ្រ​គំនិត​នេះទេ ព្រោះថា ការបង្ហាញ តួលេខ បរិមាណ​ឧស្ម័នកាបូនសម្រាប់​ការផលិត​កុនមួយៗ ឬ​ការបញ្ចេញ​តួលេខ​ចំនួន​ឧស្ម័នកាបូន​ដែល​បញ្ចេញ​ដោយ​មហោស្រពកាន នឹង​អាច​ប៉ះពាល់​ ធ្វើ​ឲ្យ​ខូចរូបភាព​ល្អប្រពៃ​ ថ្នៃថ្នូរ​របស់​មហោស្រពភាពយន្ត​អន្តរជាតិកាន។

មហោស្រព​បដិសេធ​មិនដាក់​កម្រិត​លើ​ខ្សែភាពយន្ត​ក្នុង​រឿង​បញ្ចេញឧស្ម័នកាបូន ឬ​ការប៉ះពាល់​ដល់​បរិស្ថាន ប៉ុន្តែ មជ្ឈមណ្ឌល​ជាតិ​ខ្សែភាពយន្ត​បារាំង តាមរយៈ​លោកស្រី​ប្រធាន Dominique Boutonnat បាន​បញ្ជាក់ហើយថា ចាប់តាំង​ពី​ឆ្នាំ ២០២៣ ខ្សែភាពយន្ត​ទាំងអស់​ដែលបាន​ទទួល​ហិរញ្ញវត្ថុ​ពី​មជ្ឈមណ្ឌលជាតិ​ខ្សែភាពយន្ត​ត្រូវ​តែ ដាក់បង្ហាញ តួលេខ​ឧស្ម័ន​កាបូនដែល​ខ្លួន​បាន​បញ្ចេញ ​ជា​ការចាំបាច់។

ការចាប់តម្រូវ​ពីអ្នកដទៃ គ្មាន​ប្រសិទ្ធិភាពនិងគ្រប់គ្រាន់​នោះទេ។ អ្វីដែលសំខាន់ គឺ​ការកើតចេញពី​ស្មារតីឆន្ទៈ​ភ្ញាក់រលឹក​របស់​បុគ្គលម្នាក់ៗ។ ឧទាហរណ៍​អ្នកដឹកនាំរឿង លោក​Cyril Dion បាន​គិតគូរ និង​បូកគណនា​យ៉ាងច្បាស់​ពី​បរិមាណ​ឧស្ម័នកាបូន​ក្នុងពេល​លោក​ផលិត រឿង សត្វ Animal​។ ការហ៊ានបង្ហាញ​តួលេខ​ឧស្ម័នកាបូន​ដែលខ្លួន​បាន​បញ្ចេញ ជាសញ្ញា​មួយថា គេ​បាន​ទទួលស្គាល់​ទង្វើ​បំផ្លាញ បរិស្ថាន។ នៅពេលនោះ មនុស្សម្នាក់ៗ​នឹង​ភ្ញាក់រលឹកជានិច្ចដើម្បី​ធ្វើសកម្មភាព​ដែលបំផ្លាញ​បរិស្ថាន​ឲ្យ​តិចបំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI