ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សន្និសីទអន្តរជាតិស្តីពីជំងឺអេដស៍បានបើកធ្វើនៅក្នុងបរិបទដែលពិភពលោកកំពុងបន្តញាំញីដោយជំងឺកូវីដ១៩

សំឡេង ០៥:១០
សន្និសីទអន្តរជាតិស្តីពីជំងឺអេដស៍បានបើកធ្វើនៅក្នុងបរិបទដែលពិភពលោកកំពុងបន្តញាំញីដោយជំងឺកូវីដ១៩
សន្និសីទអន្តរជាតិស្តីពីជំងឺអេដស៍បានបើកធ្វើនៅក្នុងបរិបទដែលពិភពលោកកំពុងបន្តញាំញីដោយជំងឺកូវីដ១៩ © National Institute of Allergy and Infectious Diseases/NIH via AP

សន្និសីទ​អន្តរជាតិ​ប្រចាំ​ឆ្នាំ​លើក​ទី២៤ ស្តីពី​ជំងឺ​អេដស៍​បាន​បើក​ធ្វើ​រយៈ​ពេល ៤ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​អាទិត្យ ទី១៨ ដល់​ថ្ងៃ​ពុធ ទី២១ កក្កដា។ វិបត្តិ​កូវីដ១៩ បាន​បង្ខំ​ឲ្យ​ការ​រៀបចំ​សន្និសីទ​ឆ្នាំ​នេះ​ធ្វើ​ឡើង​តាម​អនឡាញ ពោល​មិន​មែន​រៀបចំ​ផ្ទាល់​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​ដូច​ដែល​បាន​គ្រោង​ទុក​ទេ។ សន្និសីទ​រយៈពេល ៤ថ្ងៃ​ដែល​ចូល​រួម​ដោយ​អ្នក​វិទ្យាសាស្រ្ត សិស្ស និស្សិត អ្នក​នយោបាយ និង​សកម្មជន​ជា​ច្រើន​រយ​ពាន់នាក់​ពេល​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ពិភពលោក​កំពុង​បន្ត​ញាំញី​ដោយ​ជំងឺ​កូវីដ១៩។

ផ្សាយពាណិជ្ជកម្ម

ក៏​ដូច​ជា​រៀងរាល់​ឆ្នាំ​ដែរ សន្និសីទអន្តរជាតិ​ស្តីពី​ជំងឺ​អេដស៍​ជា​ឱកាស​ដ៏​សំខាន់​មួយ​ដើម្បី​ធ្វើ​បទបង្ហាញ និង​ធ្វើ​អត្ថាធិប្បាយ​លើ​ស្ថានភាព​របស់​ជំងឺ​អេសដ៍ រួម​ទាំង​លទ្ធផល​ចម្រើន​ទៅ​មុខ​ក្នុង​ផ្នែក​ស្រាវជ្រាវ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កាច​សាហាវ​មួយ​នេះ។ ជា​ជំងឺ​កាច​សាហាវ ព្រោះ​ក្រោយ​ពី​បាន​លេច​រូបរាង ៤០ឆ្នាំ​មក ជំងឺ​អេដស៍​កំពុង​បន្ត​មាន​វត្តមាន កំពុង​បន្ត​ឆ្លង និង​កំពុង​បន្ត​លេប​ត្របាក់​ជីវិត​មនុស្ស​ជា​រៀងរាល់​ថ្ងៃ។ បើ​យោង​តាម​របាយការណ៍​ចុង​ក្រោយ​របស់​អូនុយស៊ីដា មាន​មនុស្ស​ចំនួន ៤០លាននាក់​កំពុង​មាន​ផ្ទុក​មេរោគ​អេដស៍​ក្នុង​ខ្លួន​ក្នុង​ឆ្នាំ ២០២០ ហើយ​ក្នុង​ឆ្នាំ ២០២០ ដដែល ជំងឺ​អេដស៍​បាន​ផ្តាច់​ជីវិត​មនុស្ស​ជិត ៧០០ ០០០នាក់។

អ្វី​ដែល​គួរ​ឲ្យ​សោកស្តាយ​នៅ ៤០ឆ្នាំ​ក្រោយ​មក ពិភពលោក​បន្ត​គ្មាន​វ៉ាក់សាំង​ដើម្បី​បង្ការ និង​បន្ត​គ្មាន​ថ្នាំ​ព្យាបាល​ជំងឺ​អេដស៍​ឲ្យ​បាន​ជា​សះស្បើយ​ដាច់​ស្រឡះ​ទេ។ អ្វី​ដែល​ពិភពលោក​មាន​សព្វថ្ងៃ គឺ​ថ្នាំគ្រាប់ Antirétroviraux ឬ​ហៅ​ថ្នាំ​ពន្យារជីវិត។ ថ្នាំ​ប្រភេទ​នេះ​ជួយ​អ្នក​ផ្ទុក​មេរោគ​អេដស៍​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ អាច​បន្ត​មាន​សុខភាព​ធម្មតា និង​ថែម​ទាំង​អាច​ជួយ​ទប់​មិន​ឲ្យ​ចម្លង​ទៅ​អ្នក​ផ្សេង​ទៀត​ផង។ ទន្ទឹម​គ្នា​នេះ​នៅ​៤០ឆ្នាំ​ក្រោយ​មក ពិភពលោក​ក៏​មិន​បាន​បន្ធូរដៃ​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អេដស៍​ដែរ មិន​ថា​ទាក់ទង​នឹង​ការ​ស្រាវជ្រាវ​រក​វ៉ាក់សាំង​បង្ការ ឬ​ការ​រក​ថ្នាំ​ព្យាបាល​ឲ្យ​ជា​សះស្បើយ។ តែ​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កាចសាហាវ​មួយ​នេះ​ហាក់​នៅ​ទ្រឹង​មួយ​កន្លែង ហើយ​វឌ្ឍនភាព​ក៏​ហាក់​យឺត​ជាង​ការ​រំពឹង​ទុក។

ជំងឺ​កូវី១៩ បាន​បង្ក​ឲ្យ​មាន​ភាព​ស្មុគស្មាញ​កាន់​តែ​ខ្លាំង​ថែមទៀត​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ជំងឺ​អេសដ៍។ វិធានការ​បិទខ្ទប់​ប្រទេស បំរាមគោចរ និង​ការ​រឹតបន្តឹង​ចរាចរណ៍​មនុស្ស​ដើម្បី​ទប់​ស្កាត់​នឹង​ការ​ឆ្លង​រាលដាល​កូវីដ១៩ បាន​បង្ក​ការ​លំបាក​ខ្លាំង​ដល់​អ្នក​ជំងឺ​អេដស៍។ លោក Yazdan Yazdanpanah វេជ្ជបណ្ឌិត​បារាំង​ផ្នែក​ជំងឺ​ឆ្លង​បាន​មើល​ឃើញ​ថា កូវីដ១៩ បាន​បង្អាក់​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ទទួល​ពិនិត្យ​អ្នក​ជំងឺ​អេដស៍។ វេជ្ជបណ្ឌិត​បារាំង​រូប​នេះ​ដដែល​បាន​បន្ថែម​ថា ការ​ធ្វើ​រោគវិនិច្ឆ័យ​យឺត​ពេល​បង្ក​ផលវិបាក​ដល់​អ្នក​ជំងឺ និង​ដល់​សង្គម ព្រោះ​ថា​នៅ​ពេល​នោះ ការ​ឲ្យ​ថ្នាំ​ក៏​មាន​ភាព​យឺតយ៉ាវ ហើយ​អ្នក​ជំងឺ​ក៏​អាច​ចម្លង​មេរោគ​ទៅ​អ្នក​ផ្សេង​ដែរ។

ទន្ទឹម​គ្នា​នេះ កូវីដ១៩ ក៏​បាន​បង្ខំ​ឲ្យ​ពិភពលោក​ទុក​ចោល​មួយ​អន្លើ​លើ​ជំងឺ​ឆ្លង​ផ្សេង​ទៀត ដូច​យ៉ាង​ជំងឺ​អេដស៍​ជា​ដើម។ អ្វី​ដែល​គេ​ចង់​និយាយ​នៅ​ត្រង់​ចំណុច​នេះ គឺ​ភាព​ខ្នះខ្នែង​ទ្រង់ទ្រាយ​ធំ​ក្នុង​ការ​ប្រមូល និង​ការ​បង្វែរ​ថវិកា រួម​ទាំង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដើម្បី​ប្រឆាំង​ទប់​នឹង​ការ​ឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ១៩។ លោកស្រី Winnie Byanyima នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​អូនុយស៊ីដា​មិន​បាន​ជំទាស់​នឹង​បញ្ហា​នេះ​ទេ។ តែ​លោកស្រី​បាន​លើក​ឡើង​ពី​វិសមភាព​ក្នុង​ការ​ចែកចាយ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ដែល​ស្រដៀង​គ្នា​នឹង​វិសមភាព​ក្នុង​ការ​ចែកចាយ​ថ្នាំពន្យារជីវិត​សម្រាប់​អ្នក​ជំងឺ​អេដស៍។ « យើង​មាន​មេរៀន​ពី​ជំងឺ​អេដស៍​ហើយ នៅ​ពេល​ដែល​មាន​អ្នក​ជំងឺ​អេដស៍​ច្រើន​លាននាក់​មិន​បាន​ទទួល​ថ្នាំពន្យារជីវិត ពួក​គេ​បាន​ស្លាប់​ដោយសារ​តែ​វិសមភាព​ក្នុង​ការ​ទទួល​បាន​ថ្នាំពន្យារជីវិត​នេះ​ឯង » នេះ​ជា​ការ​បញ្ជាក់​របស់​លោកស្រី Winnie Byanyima។

៤០ឆ្នាំ​ក្រោយ​មក ហេតុអ្វី​បាន​ជា​ពិភពលោក​រក​ទាន់​ឃើញ​វ៉ាក់សាំង​បង្ការ​ជំងឺ​អេដស៍ ខណៈ​ដែល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ត្រូវ​បាន​រក​ឃើញ​តែ​ក្នុង​រយៈពេល​មិន​ដល់ ១ឆ្នាំ​ផង?។ តើ​ពិភពលោក​អាច​មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​អេដស៍ ឬ​ថ្នាំ​ព្យាបាល​ជំងឺ​កាច​សាហាវ​មួយ​នេះ​នៅ​ថ្ងៃ​ណា​មួយ​ដែរ ឬ​ទេ?។ គេ​ពិបាក​ផ្តល់​ចម្លើយ​មួយ​ច្បាស់លាស់​ណាស់។ អ្វី​ដែល​គេ​អាច​និយាយ​បាន ពន្លឺ​នៃ​ក្តីសង្ឃឹម​សម្រាប់​ថ្នាំព្យាបាល​ជំងឺ​អេដស៍​ឲ្យ​ជា​សះស្បើយ​កំពុង​មាន​ច្រើន​ជាង​ក្តីសង្ឃឹម​មាន​វ៉ាក់សាំង​បង្ការ។ វិធី​ព្យាបាល​ដែល​គេ​កំពុង​សិក្សា​ពេល​នេះ គឺ​វិធីព្យាបាល​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​ទប់ទល់​នឹង​ជំងឺ​ដូច​ដែល​គេ​ធ្លាប់​ប្រើ​ទៅ​លើ​អ្នក​ជំងឺ​មហារីក។

វិធី​ព្យាបាល​នេះ​ត្រូវ​បាន​គេ​សាកល្បង​លើ​សត្វ​ស្វា​ចំនួន ២៨ក្បាល​ដោយ​ទទួល​បាន​លទ្ធផល​គួរ​ជា​ទីពេញចិត្ត។ នៅ​ក្នុង​ជំហានបន្ទាប់ គឺ​ការ​សាកល្បង​លើ​មនុស្ស។ ទាក់ទង​នឹង​វ៉ាក់សាំង​បង្ការ​ជំងឺ​អេដស៍​វិញ ពន្លឺ​នៃ​ក្តីសង្ឃឹម​កំពុង​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​ផ្តោត​លើ​បច្ចេកវិទ្យា​ថ្មី​នៃ​ការ​ផលិត​វ៉ាក់សាំង​បង្ការ​កូវីដ១៩។ គឺ​ជា​បច្ចេកវិទ្យា​ថ្មី​ដែល​គេ​ហៅ ARN Messager។ គួរ​រម្លឹក​ថា​ក្នុង​ចំណោម​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ដែល​ពិភពលោក​មាន​សព្វថ្ងៃ គឺ​ទើប​តែ​មាន​វ៉ាក់សាំង Pfizer និង Moderna ទេ​ដែល​បាន​ប្រើ​បច្ចេកវិទ្យា​ថ្មី​មួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI