ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វ៉ាក់សាំងបង្ការកូវីដ​​របស់​មន្ទីរពិសោធន៍​ចិន​Sinovac ​ផលិត​​អង់ទីក័រ​បាន​តិចជាងវ៉ាក់សាំង ARN ​ចំនួន​​១០ដង

សំឡេង ០៦:៤៥
បុរស​ម្នាក់ កាន់ក្រដាស​បញ្ជាក់ទីតាំង​ចាក់វ៉ាក់សាំង "Sinovac" នៅពហុកីឡាដ្ឋាន​ San Juan ប្រទេសហ្វ៊ីលីពីន ថ្ងៃទី ១៧ មិថុនា ២០២១
បុរស​ម្នាក់ កាន់ក្រដាស​បញ្ជាក់ទីតាំង​ចាក់វ៉ាក់សាំង "Sinovac" នៅពហុកីឡាដ្ឋាន​ San Juan ប្រទេសហ្វ៊ីលីពីន ថ្ងៃទី ១៧ មិថុនា ២០២១ AP - Aaron Favila

មានប្រទេសកាន់តែច្រើន ដែលចាប់​ផ្តើម មិនទុកចិត្ត ចំពោះប្រសិទ្ធភាព​នៃវ៉ាក់សាំងបង្ការកូវីដ១៩ ផលិតដោយ​មន្ទីរពិសោធន៍ចិន។ ​បើទោះបីជាបានចាក់វ៉ាក់សាំងក្នុងចំនួន​ច្រើនក្តី តែប្រទេសទាំងនោះ បាន​​សង្កេតឃើញ ពីសន្ទុះនៃការឆ្លងរាលដាលកូវីដ​១៩ ទំរង់ដែលតា យ៉ាងលឿនរហ័ស នាប៉ុន្មាន​ខែ​ចុងក្រោយនេះ។ សកលវិទ្យាល័យ​ហុងកុង បានធ្វើ​ការ​ស្រាវជ្រាវ ប្រៀបធៀប ​កម្រិត​​ផលិត​ប្រព័ន្ធអង់ទីក័រ រវាង​​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​ របស់មន្ទីរពិសោធន៍ចិន Sinovac និងវ៉ាក់សាំងរបស់មន្ទីរពិសោធន៍ Pfizer-BioNTech។ ជាការសន្និដ្ឋាន គឺវ៉ាក់សាំង​របស់​មន្ទីរ​ពិសោធន៍ Sinovac អាចផលិត​អង់ទីក័រ ដើម្បីការពារទប់ទល់កូវីដ​ តិចជាង​ដល់​ទៅ​១០ដង។

ផ្សាយពាណិជ្ជកម្ម

កូវីដ​១៩ ទម្រង់បំប្លែងខ្លួនដែលតា កំពុងតែវាយលុក ឆ្លងរាលដាលយ៉ាងលឿនរហ័ស ពាសពេញពិភពលោក។​ អ្វីដែលគួរឲ្យ​កត់សំគាល់បំផុតនោះ គឺប្រទេសមួយចំនួន ដែលបានចាក់វ៉ាក់សាំង ទៅឲ្យប្រជាជនបាន​ចំនួន​ច្រើនក្រែល ដោយ​ប្រើវ៉ាក់សាំងផលិត​ដោយ​មន្ទីរពិសោធន៍ចិន Sinovac  និង Sinopharm​ គឺការឆ្លងរាលដាលកូវីដ​១៩ នៅតែបន្តបោះពួយឡើងខ្ពស់។ ជាក់ស្តែង នៅប្រទេសអេមៀរ៉ាត់អារ៉ាប់រួម កោះសីឈែល ម៉ុងហ្គោលី ឈីលី អ៊ុយរ៉ាហ្កាយ និងឥណ្ឌូណេស៊ីជាដើម។ ការឆ្លងរាលដាលកូវីដ១៩ នៅតាមប្រទេសទាំងនេះ បានស្ទុះឡើងខ្លាំង និងលឿនរហ័សជាង​នៅ​តាម​ប្រទេស​ ដែល​​បានចាក់វ៉ាក់សាំងរបស់មន្ទីរពិសោធន៍ Pfizer-BioNTech ជាក់ស្តែងដូចជានៅ​អ៊ីស្រាអែល។

បញ្ហានេះ បានធ្វើ​ឲ្យ​កើតជាចំណោទ ចោទសួរអំពីប្រសិទ្ធភាពជាក់ស្តែង នៃ​វ៉ាក់សាំងរបស់មន្ទីរពិសោធន៍ចិនទាំង២នេះ។ ប្រសិទ្ធភាព ដែលអាចត្រូវបាន​ឆ្លុះបញ្ចាំងបាន តាមរយៈលទ្ធភាព នៃការ​ផលិត​ប្រព័ន្ធអង្គបដិធាតុ ឬហៅជាភាសាសាមញ្ញថា ប្រព័ន្ធអង់ទីក័រ ដែលវ៉ាក់សាំងអាច​ចូល​ទៅ​ជំរុញ​ ដាស់សរីរាង្គ ដើម្បីត្រៀមទប់នឹងមេរោគ។

កម្រិតអង់ទីក័រ ប្រហាក់ប្រហែលនឹងអ្នកដែលធ្លាប់ឆ្លងកូវីដរួច ហើយជាសះស្បើយ

ដើម្បីដោះស្រាយចំងល់នេះ អ្នកស្រាវជ្រាវវេជ្ជសាស្ត្រនៃសកលវិទ្យាល័យ​ហុងកុង បានធ្វើការ​សិក្សា​ប្រៀបធៀប រវាង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង Coronavac ផលិតដោយ​មន្ទីរពិសោធន៍ចិន Sinovac និងវ៉ាក់សាំង ប្រភេទ ARN Messager ផលិតដោយ មន្ទីរពិសោធន៍អាល្លឺម៉ង់ BioNTech។ គេបានអង្កេតស្រាវជ្រាវ ទៅលើ​បុគ្គលិកពេទ្យ ចំនួន​១៤៤២នាក់ ដែលបាន​ទទួលការចាក់វ៉ាក់សាំងទាំង២មុខនេះ បាន២ដូស។ លទ្ធផល​នៃការអង្កេតស្រាវជ្រាវ ត្រូវបាន​ចុះផ្សាយ​ ក្នុងទស្សនាវត្តីវិទ្យាសាស្ត្រ​ដ៏ល្បី​ ឈ្មោះ​ The Lancet Microbe កាលពីថ្ងៃទី​១៥កក្កដា។

ក្រុមអ្នកជំនាញនៃសកលវិទ្យាល័យហុងកុង បានសន្និដ្ឋានថា អ្នកដែលបានទទួល​ការចាក់វ៉ាក់សាំង Coronavac ផលិតដោយ​មន្ទីរពិសោធន៍ចិន Sinovac គឺមានកម្រិតអង់ទីក័រទាប មិន​គ្រប់គ្រាន់ មិន​​អាចចាត់ទុក​បាន​ថាមនុស្ស​នោះ​ បានទទួលការចាក់ថ្នាំបង្ការនោះឡើយ។ ពោលគឺ កម្រិតអង់ទីក័រដែលមាននៅក្នុងខ្លួន​មនុស្ស ដែលបានចាក់វ៉ាក់សាំង របស់មន្ទីរពិសោធន៍ Sinovac គឺមានទាបជាង​ អ្នកដែលបានចាក់វ៉ាក់សាំង របស់មន្ទីពិសោធន៍​BioNTech ចំនួន​ដល់​ទៅ​១០ដង។ អ្នកជំនាញ បន្ថែមថា កម្រិតអង់ទីក័រ របស់អ្នកដែល​បានចាក់វ៉ាក់សាំង Sinovac គឺ​មាន​ប្រហាក់​ប្រហែល ទៅនឹង​កម្រិតអង់ទីក័រ របស់អ្នកដែលបាន​ឆ្លងកូវីដ​១៩ រួចហើយជា​សះស្បើយ​វិញ។

ចាក់បន្ថែមដូសទី៣ ឬ ប្តូរទៅចាក់វ៉ាក់សាំង​ផ្សេងវិញ​

លទ្ធផល​នៃការស្រាវជ្រាវនេះ បានមកបន្ថែម ទំនុកចិត្តកាន់តែខ្លាំងឡើង ចំពោះវ៉ាក់សាំង ប្រភេទ ARN Messager ផលិតដោយ មន្ទីរពិសោធន៍អាល្លឺម៉ង់ BioNTech សហការជាមួយ​មន្ទីរ​ពិសោធន៍​អាមេរិក Pfizer។ តែទន្ទឹមនឹងនេះ វាបាន​ទៅបន្ថែមការព្រួយ​បារម្ភ ចំពោះបណ្តាប្រទេស ដែលប្រជាជនភាគច្រើន បានចាក់តែវ៉ាក់សាំង​របស់មន្ទីរសោធន៍ចិន ដែលជាប្រភេទ Vaccin à vecteur viral ពោលគឺជាការ​ចាក់បញ្ចូលមេរោគដែលគេរំងាប់។ ទោះយ៉ាងណាក្តី អ្នកជំនាញ​បាន​លើកឡើងថា បើទោះបីវ៉ាក់សាំងបង្ការកូវីដ​១៩ របស់មន្ទីរពិសោធន៍ Sinovac អាចទៅដាស់សរីរាង្គ ឲ្យ​ផលិតអង់ទីក័រ បានទំហំតិចតួចក្តី តែ​ក៏វាអាចជួយ​ការពារ បញ្ចៀសកុំឲ្យ​មនុស្សនោះ ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដែរ ក្នុងករណី​ឆ្លងកូវីដ​ជាថ្មីម្តងទៀត។

យ៉ាងណាក៏ដោយ ប្រឈមនឹងរលកឆ្លងរាលដាលខ្លាំង នៃកូវីដ​១៩ ទម្រង់បំប្លែងខ្លួន​ដែលតា ប្រទេសមួយចំនួន​ បាន​បន្ថែមការប្រុងប្រយ័ត្ន។ ជាក់ស្តែង កាលពីថ្ងៃទី​១៥កក្កដា ប្រទេសឈីលី បានសម្រេច ចាក់វ៉ាក់សាំង Sinovac ដូសទី​៣ បន្ទាប់ពីបានស្រាវជ្រាវដឹងថា កម្រិតទំហំអង់ទីក័រ បានធ្លាក់ថយចុះខ្លាំង ក្រោយ​ចាក់លើកទី​២​បាន​៦ខែ។ ដូចគ្នាដែរ ក្រសួងសុខាភិបាលថៃ បាន​សម្រេច ចាក់វ៉ាក់សាំងរបស់មន្ទីរពិសោធន៍​ AstraZeneca នៅដូសទី២ ទៅឲ្យ​បុគ្គលិកពេទ្យណា ដែល​បានចាក់វ៉ាក់សាំង Sinovac  នៅដូសទៅមួយ និងចាក់បន្ថែមដូសទី៣ ដោយ​ប្រើ​វ៉ាក់សាំង របស់​​មន្ទីរពិសោធន៍ AstraZeneca​ ឬ Pfizer។ នៅឥណ្ឌូណេស៊ី ដែលកំពុងតែមានការឆ្លងរាលដាលខ្លាំងនោះ អាជ្ញាធរសុខាភិបាល បានសម្រេចថា បុគ្គលិក​ក្នុងវិស័យ​ពេទ្យទាំងអស់ នឹងត្រូវ​ទទួលការចាក់វ៉ាក់សាំងបន្ថែមមួយដូសទៀត ដោយ​ប្រើវ៉ាក់សាំងរបស់មន្ទីរពិសោធន៍អាមេរិក Moderna។ ដោយឡែក ប្រទេសកូស្តារីកា បានសម្រេច ឈប់នាំ​ចូលវ៉ាក់សាំង Sinovac តែម្តង បន្ទាប់ពីបានសម្លឹងឃើញថា ពុំសូវមាន​ប្រសិទ្ធភាព។

ចិនពិចារណាប្រើវ៉ាក់សាំង ARN Messager ដែរ

គួរកត់សំគាល់ថា មិនមែនមានតែប្រទេសផ្សេងទេ ដែលបានចោទសួរ អំពីប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់​​មន្ទីរ​ពិសោធន៍​​ចិន Sinovac ។ សូម្បីតែចិនខ្លួនឯង ក៏​កំពុងតែពិចារណាដែរ។ កន្លងមក អាជ្ញាធរ​រដ្ឋចិន បានខំព្យាយាមផ្សព្វផ្សាយ ថាវ៉ាក់សាំងរបស់មន្ទីរពិសោធន៍ចិន គឺជាមោទនភាព​ជាតិ ដែលត្រូវតែការពារ លើកកំពស់ និងមាន​ទុកចិត្ត។ តែបច្ចុប្បន្ននេះ អាជ្ញាធរសុខាភិបាល​ចិន កំពុងតែពិចារណា ពីលទ្ធភាព​បើកយុទ្ធនាការ​ចាក់ដូសទី៣ ទៅឲ្យ​ប្រជាជនខ្លួន ដោយ​​ប្រើវ៉ាក់សាំង​បរទេស​។

យោងតាមការ​ចុះផ្សាយ របស់ទស្សនាវត្តីចិន Caixin ដែលបានស្រង់ប្រភពស្និទនឹង​អាជ្ញាធរ​ឱសថចិន បាន​លើកឡើងថា រដ្ឋាភិបាលចិនគ្រោងនឹង​ចាក់វ៉ាក់សាំងដូសទី៣ ទៅឲ្យ​ប្រជាជន ដោយ​ប្រើ​វ៉ាក់សាំង ARN Messager របស់​មន្ទីរពិសោធន៍អាល្លឺម៉ង់ BioNTech។ វ៉ាក់សាំងនេះ គឺសហគ្រាស​​ផលិត​ឱសថ​ចិនឈ្មោះ Fosun Pharma​ បាន​ទិញសិទ្ធិផលិត​ពី​មន្ទីរពិសោធន៍អាល្លឺម៉ង់។ តាមការគ្រោងទុក ការផលិតនឹងចាប់ផ្តើមនៅរវាងចុងខែសីហា នៅរោងចក្រក្រុងសៀងហៃ ដោយ​គេរំពឹងថាអាចផលិតបាន​ ចន្លោះពី​១០០លាន ទៅ២០០លានដូស ក្នុង​មួយខែ។

គួរបញ្ជាក់ថា គិតមកត្រឹមពេលនេះ ចិនបានចាក់វ៉ាកសាំង បានចំនួន១៤០០លានដូសហើយ។ តែយ៉ាងណា បើទោះបីចិនអះអាងថាគ្មានករណីឆ្លងថ្មីក៏ដោយ តែមួយផ្នែកធំក៏ដោយសារតែវិធានការ តាមដាន បិទខ្ទប់យ៉ាងតឹងតែងបំផុត។ រហូតមកទល់ពេលនេះ ចិនប្រគល់វីហ្សា ឲ្យ​អ្នកដំណើរបរទេសតិចតួចបំផុត ឬសឹងតែគ្មានសោះ និងដោយតម្រូវឲ្យធ្វើចត្តាឡីស័ក ពី២ ទៅ៣សប្តាហ៍។

ទន្ទឹមគ្នានេះ ចិនក៏កំពុងតែប្រឹងប្រែងផលិតវ៉ាក់សាំង​ ថ្មីមួយទៀតដែររបស់ខ្លួន​ ដោយ​ប្រើរូបមន្តបច្ចេកទេស​ ARN Messager ។ ការធ្វើតេស្តសាកល្បងទ្រង់ទ្រាយធំ ដំណាក់កាលទី​៣ កំពុងតែ​ធ្វើនៅក្នុង​ប្រទេស​មិកស៊ិក។ បើបានជោគជ័យ រដ្ឋាភិបាលចិន ត្រូវមាន​ការងារមួយទៀត គឺផ្សព្វផ្សាយ​អំពាវនាវឲ្យ​ប្រជាជនខ្លួន ​មានទំនុកចិត្តចំពោះវ៉ាក់សាំងប្រភេទនេះ។ កន្លងមក ដើម្បីលើកតម្កើងវ៉ាក់សាំងរបស់ខ្លួន អាជ្ញាធរចិនបានផ្សព្វផ្សាយ​បន្តុះបង្អាប់ វ៉ាក់សាំងប្រភេទ ARN Messager ថាជាបច្ចេកទេសថ្មីពេក ខ្វះទិន្នន័យស្រាវជ្រាវ មិនគួរឲ្យ​ទុកចិត្តនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI