ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើគោលបំណងលុបបំបាត់ភាពក្រីក្រសកលនៅឆ្នាំ២០៣០ត្រូវរលាយដោយសារកូវីដ១៩?

កម្មវត្ថុ​លុប​បំបាត់​ភាព​ក្រីក្រ​នៅ​ឆ្នាំ​២០៣០​មិន​អាច​សម្រេច​បាន​ដោយហេតុ​កូវីដ១៩ ?
កម្មវត្ថុ​លុប​បំបាត់​ភាព​ក្រីក្រ​នៅ​ឆ្នាំ​២០៣០​មិន​អាច​សម្រេច​បាន​ដោយហេតុ​កូវីដ១៩ ? Munir Uz zaman AFP

ផ្អែកតាម អង្គការសហប្រជាជាតិ អត្រានៃភាពក្រីក្រសកលពីមុនវិបត្តិកូវីដ១៩ បានធ្លាក់ចុះជាងពាក់កណ្តាល ចាប់តាំងពីឆ្នាំ២០០០។ ក៏ប៉ុន្តែ ជំងឺរាតត្បាតសកលកូវីដ១៩ បានបណ្តាលឲ្យភាពក្រីក្រនៅទូទាំងពិភពលោកកើនឡើងមកវិញ ដល់ទៅកន្លះលាននាក់ ឬស្មើប្រហែល៨ភាគរយនៃចំនួនប្រជាជនសរុប។ យោងតាមការស្រាវជ្រាវនាពេលថ្មីៗ ក្រោមលក្ខខណ្ឌបែបនេះ គោលបំណងនៃការកាត់បន្ថយអត្រាភាពក្រីក្រសកលឱ្យនៅតិចជាង៣ភាគរយនៅឆ្នាំ២០៣០ ទំនងជាមិនអាចទៅរួចនោះទេ ព្រោះថាគោលបំណងនេះហាក់ពិបាកសម្រេចបានរួចស្រេចស្រាប់ តាំងពីមិនទាន់មានវិបត្តិកូវីដ១៩។

ផ្សាយពាណិជ្ជកម្ម

ភាពក្រីក្រសកល៖ តួលេខជាក់ស្ដែង

ពិភពលោកបានបោះជំហានយ៉ាងខ្លាំងក្នុងការកាត់បន្ថយភាពក្រីក្រសកល។ ចាប់តាំងពីឆ្នាំ១៩៩០ ប្រជាជនជាង១,២ពាន់លាននាក់បានងើបចេញពីភាពក្រីក្រខ្លាំង។ ឥឡូវនេះ ប្រហែល៩,២% នៃប្រជាជនពិភពលោកកំពុងរស់នៅជាមួយប្រាក់ចំណូល ១,៩០ដុល្លារអាមេរិកក្នុងមួយថ្ងៃ ឬតិចជាង នេះបើប្រៀបធៀបទៅនឹងអត្រាជិត ៣៦% ក្នុងឆ្នាំ១៩៩០។ នៅពេលដែលគ្រួសារយ៉ាងច្រើនលើពិភពលោកចាកចេញពីភាពក្រីក្រ សុខភាពនិងសុខុមាលភាពរបស់កុមារជំនាន់ក្រោយៗក៏បានកើនឡើងផងដែរ។ ចាប់តាំងពីឆ្នាំ១៩៩០  ចំនួនកុមារដែលមានអាយុក្រោម៥ឆ្នាំបានស្លាប់ ហើយភាគច្រើនបណ្ដាលមកពីភាពក្រីក្រ ភាពអត់ឃ្លាន និងជំងឺ គឺមានចំនួនធ្លាក់ចុះពី ៣៥០០០ក្នុងមួយថ្ងៃៗ មកត្រឹម ១៤២០០នាក់ប៉ុណ្ណោះ។

នាលពេលបច្ចុប្បន្ន ជំងឺរាតត្បាតសកលកូវីដ១៩ បានបន្ដគំរាមកំហែងដល់សមិទ្ធផលដែលសម្រេចបាន នៅច្រើនទសវត្សរ៍កន្លងមកនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនៅទូទាំងពិភពលោក និងការកាត់បន្ថយវិសមភាពប្រាក់ចំណូល ហើយវិបត្តិនេះកំពុងបង្កមហន្តរាយយ៉ាងច្រើនដល់អនាគតកូនចៅជំនាន់ក្រោយៗ។

យោងតាមធនាគារពិភពលោក បច្ចុប្បន្ននេះ វាជាលើកដំបូងក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ដែលអត្រានៃភាពក្រីក្របំផុតនៅលើសកលលោក បានកើនឡើងក្នុងឆ្នាំ២០២០ ដោយសារការរំខាននៃជំងឺរាតត្បាតកូវីដ១៩ រួមបញ្ចូលបញ្ហាជម្លោះនានា និងការផ្លាស់ប្តូរអាកាសធាតុផងដែរ។ ប្រជាជនប្រមាណ ១២០លាននាក់បន្ថែមទៀតកំពុងរស់នៅក្នុងភាពក្រីក្រដែលជាលទ្ធផលនៃជំងឺរាតត្បាតនេះ។ គេរំពឹងថា អត្រានៃភាពក្រីក្រនឹងកើនឡើងដល់ប្រហែល ១៥០លាននាក់ នៅចុងឆ្នាំ២០២១ នេះ។

តើកូវីដ១៩ប៉ះពាល់ដល់ភាពក្រីក្រនៅលើពិភពលោកយ៉ាងណា?

យោងទៅតាមកាសែត The Financial Times មនុស្សរាប់លាននាក់កំពុងប្រឈមនឹងការធ្លាក់ខ្លួនចូលក្នុងភាពក្រីក្រសារជាថ្មី ដោយសាររោគរាតត្បាតកូវីដ១៩។

រោគរាតត្បាតកូវីដ១៩ បានធ្វើឱ្យ​ជីវិតមនុស្សប្រឈមបញ្ហានានា ដូចជាការថយចុះសកម្មភាពទំនាក់ទំនងសង្គម អំពើហិង្សាក្នុងគ្រួសារ បញ្ហាហិរញ្ញវត្ថុ បញ្ហាសុខភាពផ្លូវចិត្ត និងការកើនឡើងនូវភាពក្រីក្រ និងវិសមភាពផងដែរ។

កាលពីមួយឆ្នាំមុន ផ្អែកលើការប៉ាន់ស្មានរបស់ សន្ទស្សន៍ភាពក្រីក្រសកលរបស់សាកលវិទ្យាល័យOxford (MPI) មានប្រជាជនពី ១៣១ ទៅ ៥៤៧លាននាក់ នៅទូទាំងពិភពលោក អាចធ្លាក់ចូលក្នុងភាពក្រីក្រសារជាថ្មី ហើយវាអាចធ្វើឱ្យ​សមិទ្ធផលសម្រេចបានលើការកាត់បន្ថយភាពក្រីក្រកន្លងមកក្លាយជាបាត់បង់។ និយមន័យនៃភាពក្រីក្រនេះសំដៅដល់គ្រួសារមួយដែលជួបប្រទះនឹងការខ្វះខាតជាច្រើន ដូចជា កង្វះអាហារូបត្ថម្ភ មរណភាពកុមារ កង្វះការសិក្សា កង្វះអនាម័យ កង្វះទឹក កង្វះអគ្គិសនី ផ្ទះសម្បែងខូចខាត ជាដើម។

គោលបំណងបញ្ចប់ភាពក្រីក្រនៅឆ្នាំ២០៣០មិនអាចសម្រេចបានទេ

យោងទៅតាមធនាគារពិភពលោក ប្រជាជនដែលធ្លាក់ក្នុងភាពក្រីក្រសារជាថ្មីភាគច្រើនរស់នៅក្នុងទីក្រុងច្រើន ជាជាងអ្នកនៅជនបទ។ ពួកគេអាចពាក់ព័ន្ធច្រើនធ្វើការក្នុងវិស័យសេវាកម្មក្រៅផ្លូវការ និងផលិតកម្ម ហើយមានចំនួនកាន់តែតិចក្នុងវិស័យកសិកម្ម។ ពួកគេអាចជាប្រជាជនដែលកំពុងរស់នៅក្នុងតំបន់ទីក្រុងដែលមានភាពកកស្ទះ និងធ្វើការនៅក្នុងវិស័យដែលរងផលប៉ះពាល់ដោយការបិទទីក្រុង និងសកម្មភាពធ្វើដំណើរនានា។

ប្រទេសដែលមានប្រាក់ចំណូលមធ្យម ដូចជា ឥណ្ឌា និងនីហ្សេរីយ៉ានឹងរងផលប៉ះពាល់ខ្លាំង។ បច្ចុប្បន្ន ប្រទេសដែលមានប្រាក់ចំណូលមធ្យម មានប្រជាជនក្រីក្រចំនួន៨២%នៃប្រជាជនក្រីក្រសរុបទូទាំងពិភពលោក។

ការសិក្សាស្រាវជ្រាវថ្មីប៉ាន់ប្រមាណថា ការប្រែប្រួលអាកាសធាតុនឹងជំរុញឱ្យមានប្រជាជន ៦៨ លាននាក់ ទៅ ១៣២ លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រ នៅឆ្នាំ២០៣០។ ការប្រែប្រួលអាកាសធាតុគឺជាការគំរាមកំហែងយ៉ាងខ្លាំង ជាពិសេស សម្រាប់បណ្តាប្រទេសនៅអនុតំបន់សាហារ៉ា អាហ្រ្វិក និងអាស៊ីខាងត្បូង ដែលជាតំបន់ដែលមានប្រជាជនក្រីក្រភាគច្រើន នៅលើពិភពលោក។ នៅក្នុងប្រទេសមួយចំនួន ចំនួនពលរដ្ឋក្រីក្រដ៏ច្រើនកំពុងរស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ពីជម្លោះនានា និងប្រឈមនឹងគ្រោះទឹកជំនន់ ជា ឧទាហរណ៍ប្រទេសនេប៉ាល់ កាមេរូន លីបេរីយ៉ា និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ក្នុងពេលបច្ចុប្បន្ននេះ វិបត្តិកូវីដ១៩ជាការគំរាមកំហែងថ្មី និងបន្ទាន់បំផុត ចំពោះការកាត់បន្ថយភាពក្រីក្រ។ បើគ្មានការឆ្លើយតបជាសកលគ្រប់គ្រាន់ទេ ផលប៉ះពាល់នៃជំងឺរាតត្បាតនេះ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច ជម្លោះប្រដាប់អាវុធ និងការផ្លាស់ប្តូរអាកាសធាតុពិតជានឹងធ្វើឱ្យចំនួនមនុស្សដ៏ច្រើន និងសេដ្ឋកិច្ចត្រូវខាតបង់ធ្ងន់ធ្ងរ នាពេលអនាគត។

ការស្រាវជ្រាវចុងក្រោយបានបង្ហាញថា ផលប៉ះពាល់នៃវិបត្ដិកូវីដ១៩ នាពេលបច្ចុប្បន្នមានស្ទើរតែគ្រប់ប្រទេស រហូតដល់ឆ្នាំ២០៣០។ ស្ថិតក្រោមលក្ខខណ្ឌទាំងនេះ គោលដៅនៃគោលបំណងកាត់បន្ថយភាពក្រីក្រសកល ឱ្យមកតិចជាង ៣ភាគរយនៅឆ្នាំ២០៣០ទំនងមិនអាចទៅរួចទេ ព្រោះថា គោលបំណងនេះហាក់ប្រឈមបញ្ហាសម្រេចបានស្រេចស្រាប់ តាំងពីមុនមានវិបត្តិកូវីដ១៩មកម៉្លេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI