ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិ​នយោបាយ​និង​កូវីដ កំពុង​ពន្លឿន​ភាព​ក្រីក្រ នៅហុងកុង

សំឡេង ០៤:២១
ដោយហេតុ​កូវីដ និង​វិបត្តិ​នយោបាយ ភាព​ក្រីក្រ​នៅហុងកុង​បានកើន​ឡើង​ទ្វេ​ដង​ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ
ដោយហេតុ​កូវីដ និង​វិបត្តិ​នយោបាយ ភាព​ក្រីក្រ​នៅហុងកុង​បានកើន​ឡើង​ទ្វេ​ដង​ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ Anthony WALLACE AFP

រស់​នៅក្នុង​ផ្ទះ​ដ៏​តូច​ចង្អៀត មាន​ប្រាក់​ខែ​ចាយលែង​គ្រាន់​ ... នេះ​ជា​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​ហុងកុង​ រាប់​សិប​ពាន់​នាក់។ ហុងកុង​ ជា​ដែន​ដី​​ដែល​ល្បី​ថា​ប្រជាជន​មាន​ជីវភាព​ខ្ពស់​​ជាង​គេ​មួយ​នៅ​លើ​ពិភពលោក ប៉ុន្តែ​ដោយ​ហេតុ​មាន​​​វិបត្តិ​នយោបាយ និង​វិបត្តិ​​កូវីដ​១៩ ភាព​ក្រីក្រ​នៅហុងកុង​បាន​កើន​ឡើង​យ៉ាង​គំហុកនារយៈ​ពេល​ពីរ​​ឆ្នាំ​ចុងក្រោយ​នេះ។

ផ្សាយពាណិជ្ជកម្ម

ហុងកុង​ជា​ដែនដី​ដែល​ជាប់​ឈ្មោះ​ល្បី​ថា​មាន​ជាងគេ​បំផុត​មួយ​នៅលើ​ពិភពលោក ! ចំនូល​ជា​មធ្យម​របស់​ប្រជាពលរដ្ឋ​ហុងកុង​​ម្នាក់ៗ ឬ​ហៅ​ថា​​ផលិតផលសរុបក្នុង​ស្រុក​របស់​ពលរដ្ឋ​​ម្នាក់ៗ​ មានកំរិត​ម្តុំ​ ៤៨០០០​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំ។ ទោះ​ក្នុង​បរិបទ​នៃ​ការ​ចំណាយ​សាធារណៈ​ធំ​ អស់​ច្រើន​ខ្លាំង ដោយ​ហេតុ​តែ​មាន​វិបត្តិ​រោគរាតត្បាត​កូវីដ​១៩​ក៏​ដោយ​ ក៏​រដ្ឋាភិបាល​ហុងកុង​នៅមាន​ប្រាក់​បំរុង​​យ៉ាង​ច្រើន ប្រមាណ​ដល់​ទៅ ១១៦​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ។

ក្នុង​ចំណោម​​ប្រជាពលរដ្ឋ​ហុងកុង​សរុប​ជាង​​៧,៥លាន​នាក់​បន្តិច​ ​​៥ពាន់​នាក់ ជា​អ្នក​មាន ជា​មហាសេដ្ឋី​មាន​ប្រាក់លំដាប់រាប់​​ពាន់​លាន​ដុល្លារ ​ ពោល​គឺ​កើន​ឡើង​៤៨%​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ និង​២៨ម៉ឺន​នាក់​ជា​អ្នក​មាន​កំរិត​​មហាសេដ្ឋី។ នេះ​បើ​តាម​របាយការណ៍​​ប្រចាំ​ឆ្នាំរបស់​Knight Frank។

ហុងកុង​ជាបណ្តុំ​​អ្នក​មាន ប៉ុន្តែ​ហុងកុង​ក៏ជា​ទី​កន្លែង​​​មាន​វិសមភាព​ខ្លាំង​ជាង​គេ​បំផុត​មួយ​ដែរ​។ ក្នុង​ខណៈ​ដែល​ក្រុម​អ្នក​មាន​ កើនគ្នា​ និ​ងកើន​ទ្រព្យជា​លំដាប់​ ចំនួន​អ្នក​ក្រ​វិញ​ក៏​មាន​កាន់​តែ​ច្រើន និង​កាន់​តែ​ក្រ។ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ចំនួន​ពលរដ្ឋ​ធ្លាក់​ខ្លួន​ទៅ​ជា​ជន​ក្រីក្រ បាន​កើន​ឡើង​មួយ​ជាពីរ។

គ្រួសារ​រក​ចំណូល​បាន​ត្រឹម​តែ​១១៧០​ដុល្លារអាមេរិកក្នុង​មួយ​ខែ ឬ​ក្រោម​ ៩១០០​ដុល្លារ​ហុងកុង​ ​បាន​ឡើងទ្វេដង ដែល​ត្រូវ​ជា​​​១៤៩០០០​នាក់។ នេះ​បើតាម​តួលេខនៃ​​សិក្សា​ថ្មី​របស់​រដ្ឋាភិបាល​ហុងកុង។

កាលពី​ឆ្នាំ​២០១៨ ហុងកុង​រាប់​ឃើញ​មាន​ពលរដ្ឋ ចំនួន ១,៣៧​លាន​នាក់រស់​ក្រោម​បន្ទាត់​នៃ​ភាព​ក្រី​ក្រ ពោល​គឺ​២០%​នៃ​ប្រជាជន​សរុប ឬ​មាន​កំណើន​អ្នក​ក្រីក្រចំនួន ៣,៨%។ នៅ​ឆ្នាំ​២០១៧ ហុងកុង​មាន​អ្នក​ក្រ​ថ្មីបន្ថែម​ចំនួន​២៥០០០​នាក់ លើ​សឆ្នាំ​២០១៦។

នៅ​ហុងកុង ​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូលទាប​ជាង​​មធ្យមភាគ​ជាតិ​ពាក់​កណ្តាល (ក្រោម​៤០០០ដុល្លារ​ហុងកុង​ក្នុង​មួយ​ខែ ឬ​៩០០០ដុល្លារ​ហុងកុង​សម្រាប់​គ្រួសារពីរនាក់​ប្តីប្រពន្ធ) ត្រូវ​បាន​ចាត់​ទុក​ជា​ជន​ក្រីក្រ។

ហេតុ​អ្វី​បាន​ជា​មាន​ពលរដ្ឋ​ហុងកុងកាន់​តែ​​ច្រើន​មាន​ស្ថានភាព​ក្រឡាប់​ចាក់​ ធ្លាក់​ខ្លួន​ក្នុង​ភាព​ក្រីក្រ​យ៉ាងដូច្នេះ​?! មាន​មូលហេតុចម្បង​ពីរ គឺ​វិបត្តិ​នយោបាយ​និង​វិបត្តិកូវីដ។

ដោយហេតុ​​កូវីដ អ្នក​ធ្លាប់​ធ្វើការ​២០ទៅ​២៥​ថ្ងៃ​មួយ​ខែខ្លះ​ ស្រាប់​តែ​ធ្លាក់​ខ្លួន​មាន​ការងារ​ធ្វើ​ត្រឹម​៤ទៅ​៥​ថ្ងៃ ខែ​ខ្លះ​គ្មាន​ការ​ធ្វើ​សោះតែម្តង​ផង និង​ ខ្លះបាត់​បង់​លែង​មាន​ការងារ​ទាំងស្រុង។ កាលពី​ដើម​ឆ្នាំ​ អត្រា​អ្នក​ឥតការងារ​ធ្វើ​បាន​កើន​ឡើងខ្លាំង​ដល់​កំពូល កំរិត​​៧,២%ជា​លើក​ទី​មួយ គិត​តាំង​ពី​១៧​ឆ្នាំ។ ស្ថានភាព​ទីផ្សារ​ការងារ​ទើប​ចាប់​ប្រសើរ​បាន​បន្តិច​វិញ​ប៉ុណ្ណោះ។​

អតីត​ដែន​ដីក្រោម​អាណានិគម​អង់គ្លេស​ បាន​ឆ្លង​កាត់​វិបត្តិ​កូវី​ដ​១៩ ចំពេល​ដែល​កោះ​កំពុង​ធ្លាក់​ស្រាប់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដើរថយ​ក្រោយ​ បង្ក​ឡើង​ដោយ​វិបត្តិ​នយោបាយ និង​បាតុកម្ម​រាប់​ខែ។ ​​ក្នុង​ឆ្នាំ​២០១៩ បាតុករ​និស្សិត​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​បរិហារ​សកម្មភាព​​ក្រសោប​ហុងកុង​កាន់​តែ​ខ្លាំងឡើងៗ​ របស់​ប៉េកាំង ដែល​​មិន​ខ្វល់​អំពី​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធពីរ និង​ដើម្បី​បរិហារមេដឹកនាំ​រដ្ឋាភិបាល​​ហុងកុង​ផ្ទាល់​ផង។ សម្រាប់​ក្រុម​បាតុករ រដ្ឋាភិបាល​ហុងកុង​ ក្រោមការ​ដឹកនាំ​របស់​លោកស្រី​ ការី ឡាំ បាន​​សម្រប​ខ្លួន​ទៅ​គាំទ្រ​នយោបាយ​​ប៉េកាំង និង​អសមត្ថភាព​ក្នុង​ការ​កាត់​បន្ថយភាព​ក្រីក្រ ​វិសមភាព​សង្គម និង​រក​ដោះស្រាយឱ្យ​​វិបត្តិអចលនទ្រព្យ​ ដែល​ជំរុញ​ឱ្យ​ហុងកុង​ក្លាយ​ជា​ក្រុង​ថ្លៃ​ខ្លាំង​បំផុត​ខាង​ជម្រក​ស្នាក់នៅ។

ថ្វីបើ​ក្នុង​អាណត្តិ​ជា​ប្រមុខ​ដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ បាន​ចាត់ទុក​ការ​ផ្តល់​ជម្រក​ដល់​ពលរដ្ឋ​ជា​អាទិភាព​មែន ប៉ុន្តែ​ដើម្បី​អាច​ទទួល​បាន​ផ្ទះ​រដ្ឋ​សម្រាប់​ស្នាក់នៅ ពលរដ្ឋ​ហុងកុង​ត្រូវ​រង់ចាំ​ជា​មធ្យម ៥ឆ្នាំ​៨​ខែ ពោល​វែង​ជាង​កាលពី​លោកស្រី​ឡាំ​ទើប​ចូល​កាន់​តំណែង​ភ្លាម ដល់​ទៅ​១២​ខែ។

បើ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ Concern for Grassroot’s ​ហុងកុង​គ្មាន​ប្រព័ន្ធ​ជំនួយ​សង្គម​ទេ​។ ការ​ផ្តល់ជំនួយ​សង្គម ជា​ករណី​កម្រ​បំផុត​​ ហើយ​បើ​មាន​ក៏​ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត។ នៅ​ទី​បំផុត​ ភាព​ក្រីក្រ​ បាន​កើន​ឡើង និង​មាន​សន្ទុះ​លឿន​​ខ្លាំង គួរ​ឱ្យ​តក់ស្លុតតែ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI