ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីគេអាចវាស់វែងសុខុមាលភាពសង្គមតាមរយៈពន្លឺអគ្គិសនីថតពីផ្កាយរណប?

សំឡេង ០៣:២៤
ហេតុអ្វីគេអាចវាស់វែងសុខុមាលភាពសង្គមតាមរយៈពន្លឺអគ្គិសនីថតពីផ្កាយរណប?
ហេតុអ្វីគេអាចវាស់វែងសុខុមាលភាពសង្គមតាមរយៈពន្លឺអគ្គិសនីថតពីផ្កាយរណប? DR

ដោយសារចំណុចខ្សោយនានានៃការប្រើប្រាស់ GDP អ្នកសេដ្ឋកិច្ចយ៉ាងច្រើនបានរើសយក កត្តាពន្លឺភ្លើងរាត្រីថតដោយផ្គាយរណប ឬការផ្គត់ផ្គង់អគ្គិសនីក្នុងទីក្រុង ឬក្នុងប្រទេសមួយ ជាម៉ែត្រវាស់វែងសុខុមាលភាពសង្គម។ ជាទូទៅ តំបន់ណាដែលមានភ្លើងអគ្គិសនីប្រើប្រាស់ច្រើន តែងតែមានសេវាសង្គមល្អប្រសើរជាងតំបន់ដែលគ្មានអគ្គិសនី តួយ៉ាង សាលារៀន មន្ទីពេទ្យ សកម្មភាពសេដ្ឋកិច្ច និងការដឹកជញ្ជូននានា។

ផ្សាយពាណិជ្ជកម្ម

គេអាចប្រើប្រាស់ ពន្លឺភ្លើងរាត្រីថតដោយផ្គាយរណប ជាម៉ែត្រវាស់វែងសុខុមាលភាពនៃប្រទេសមួយបាន។ ពន្លឺភ្លើងរាត្រីនេះសំដៅដល់ ការផ្គត់ផ្គង់អគ្គិសនីក្នុងទីក្រុង ឬក្នុងប្រទេសមួយ។ ជាទូទៅ តំបន់ណាដែលមានភ្លើងអគ្គិសនីប្រើប្រាស់ច្រើន តែងតែមានសេវាសង្គមល្អប្រសើរជាងតំបន់ដែលគ្មានអគ្គិសនី តួយ៉ាង សាលារៀន មន្ទីរពេទ្យ សកម្មភាពសេដ្ឋកិច្ច និងការដឹកជញ្ជូននានា។ ជាឧទាហរណ៍ ប្រទេសកូរ៉េខាងជើង ដែលពន្លឺភ្លើងអគ្គិសនីមានតែនៅទីក្រុងព្យុងយ៉ាងប៉ុណ្ណោះ ស្របពេលដែលកូរ៉េខាងត្បូងមានពន្លឺភ្លើងភ្លឺស្ទើរពាសពេញប្រទេសតែម្ដង។

រហូតមកដល់ពេលបច្ចុប្បន្ន ម៉្រែតវាស់ GDP ឬជាពាក្យពេញ Gross Domestic Product ឬមានន័យជាភាសាខ្មែរ ផលិតផលក្នុងស្រុកសរុប ត្រូវបានគេប្រើជាទូទៅ ដើម្បីវាស់វែងអំពី សុខុមាលភាព និងការរីកចម្រើនរបស់ប្រជាជាតិមួយ។ ល្គឹកណា អត្រា GDP កើន នុ៎ះវានឹងមានន័យថា សុខុមាលភាព និងការរីកចម្រើនរបស់ប្រទេសនោះនឹងកើនឡើងផងដែរ។ ក៏ប៉ុន្តែ តាមធាតុពិតជាក់ស្ដែង ការប្រើប្រាស់ម៉ែត្រវាស់ GDP អាចឱ្យ​យើងវាស់វែងតែអ្វីដែលគិតជាលុយប៉ុណ្ណោះ ដោយមិនរាប់បញ្ចូល កត្តាផ្សេងៗទៀត រួមមាន បរិស្ថានស្អាត សេរីភាព វិសមភាពសង្គម ឬសេវាសង្គមនោះទេ។

តើ GDP ជាអ្វី? GDP ជារង្វាស់លុយទៅលើទំនិញ ឬសេវាកម្មដែល​បាន​ផលិត ក្នុងអំឡុងពេលណាមួយ ក្នុងប្រទេសមួយ។ ជាទូទៅ គេគិតក្នុងមួយឆ្នាំម្ដង។ ជាឧទាហរណ៍ យើងអាចផលិតបានសាច់គោ ចំនួន១០០គីឡូក្រាម នៅឆ្នាំនេះ។ នៅ​ឆ្នាំក្រោយ យើងអាចផលិតបាន សាច់គោ ចំនួន១០៧គីឡូក្រាម នុ៎ះអត្រាកំណើន GDP របស់យើងនឹងមានចំនួន ៧ភាគរយ ពោលគឺយើងយក ១០៧ ដក់១០០ ហើយចែកនឹង១០០។

គោលគំនិត GDP នៅសម័យទំនើប ត្រូវបានបង្កើតឡើង សេដ្ឋវិទូអាមេរិកមួយរូប គឺ លោក Simon Kuznets នៅឆ្នាំ១៩៤៣ ដើម្បីវាស់វែងអំពីការប្រែប្រួលនៃលំហូរសាច់ប្រាក់ក្នុងសេដ្ឋកិច្ឋ ក្រោយត្រូវប្រឈមនឹងវិបត្តិសេដ្ឋកិច្ច។ នៅក្នុងរបាយការណ៍ខ្លួនឯងផ្ទាល់  លោក Simon Kuznets បានប្រឆាំងពីការប្រើប្រាស់ GDP ដើម្បីវាស់វែង សុខុមាលភាពក្នុងសង្គម។

ទោះជាយ៉ាងណា ក្រោយកិច្ចព្រមព្រៀង Bretton Woods នៅក្នុងឆ្នាំ១៩៤៤ ដឹកនាំដោយ សហរដ្ឋអាមេរិក GDP បានក្លាយជាម៉ែត្រវាស់យ៉ាងចម្បងដើម្បីវាស់វែងអំពីការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសមួយ។ ក្នុងរបាយការណ៍យ៉ាងច្រើន GDP ត្រូវបានគេចាត់ទុកថាជាសូចនាករស្ថិតិដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក សម្រាប់ការវាស់វែងការអភិវឌ្ឍ និងវឌ្ឍនភាពនៃប្រទេសមួយ។

ពិភពលោក បាននិងកំពុងផុងខ្លួននឹងការប្រើប្រាស់ GDP ដើម្បីវាស់វែងពីសុខុមាលភាព និងការរីកចម្រើនរបស់ប្រទេសខ្លួន ស្របពេលដែលម៉ែត្រវាស់នេះបានវាស់វែងតែលុយប៉ុណ្ណោះ។ មានកត្តាយ៉ាងច្រើនទៀតដែលមិនបានរាប់បញ្ចូលក្នុង GDP តួយ៉ាង បរិស្ថានស្អាត សេរីភាព និងវិសមភាពសង្គម។ ជាឧទាហរណ៍ បើប្រទេសមួយកាប់ព្រៃឈើ ហើយលក់បានលុយច្រើន នុ៎ះ គេនឹងវាស់វែងថា GDP កើនឡើង។ ក្នុងពេលជាមួយ ប្រទេសនោះនឹងបាត់បង់ព្រៃឈើ ហើយអាចនឹងរងគ្រោះដោយគ្រោះធម្មជាតិថែមទៀតផង។

ជាក់ស្ដែង ការប្រើប្រាស់ GDP មានចំណុចខ្សោយច្រើន។ មូលហេតុនេះហើយដែល​អ្នកសេដ្ឋកិច្ចយ៉ាងច្រើនបានជ្រើសរើសយក កត្តាពន្លឺភ្លើងរាត្រីថតដោយផ្គាយរណប ឬការផ្គត់ផ្គង់អគ្គិសនីក្នុងទីក្រុង ឬប្រទេសមួយ ជាម៉ែត្រវាស់វែងសុខុមាលភាពសង្គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI