ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បក្សប្រឆាំង និង អង្គការ​​សង្គម​ស៊ីវីល កំពុងតែ​រលាយ​បាត់​សាបសូន្យ ពី​ដែនដី​ហុងកុង

សំឡេង ០៦:៥៨
នគរបាលហុងកុង កំពុងដើរយាម ក្បែរទង់ជាតិ​ចិន ដែលគេតម្រៀបជាជួរ ក្នុងឱកាសខួប​ទី ២៤ នៃការប្រគល់ហុងកុង មកឲ្យ​ចិន​គ្រប់គ្រងវិញ។ ហុងកុង ថ្ងៃទី ១ កក្កដា ២០២១
នគរបាលហុងកុង កំពុងដើរយាម ក្បែរទង់ជាតិ​ចិន ដែលគេតម្រៀបជាជួរ ក្នុងឱកាសខួប​ទី ២៤ នៃការប្រគល់ហុងកុង មកឲ្យ​ចិន​គ្រប់គ្រងវិញ។ ហុងកុង ថ្ងៃទី ១ កក្កដា ២០២១ AP - Vincent Yu

ឆ្លងកាត់២ឆ្នាំ នៃចលនាបាតុកម្ម ទាមទារលទ្ធិប្រជាធិបតេយ្យ យ៉ាងសកម្ម នៅហុងកុង នៅពេលនេះ អ្វីៗហាក់បាន​ស្ងប់ស្ងាត់។ ស្ងប់ស្ងាត់ មិនមែន​ដោយសារ តែ​ប្រជាជន​​ហុងកុង បានទទួលនូវអ្វីដែល​ខ្លួន​តវ៉ា​ទាមទារ​នោះទេ តែគឺដោយសារ អ្នកនយោបាយ សកម្មជន​​ប្រជាធិបតេយ្យ​សឹងតែទាំងអស់ ត្រូវគេ​ចាប់ដាក់ឃុំ ឬ​ប្រឈម​នឹងទោស​ព្រហ្មទណ្ឌ។ ច្បាប់សន្តិសុខជាតិ ដែល​គណបក្សកុម្មុយនីស្តិ​ចិន​អនុម័ត ត្រូវបាន​​អាជ្ញាធរ​ហុងកុង យក​​មក​​ប្រើជាអាវុធ  ដើម្បី​បំបិទ​សម្លេង​តវ៉ាប្រឆាំង​ទាំងអស់។ ជាងនេះ​ទៀត អង្គការ សមាគម សង្គម​ស៊ីវីល​សឹងទាំងអស់​ បាន​បិទទ្វារ​​ម្តងមួយៗ លែងមាន​​សកម្មភាព​​អ្វីទាំងអស់ ដោយសារ​តែ​ខ្លាច​រង​នូវ​​ការ​​ចាប់ទោស​អូស​​ដំណើរ ពី​សំណាក់អាជ្ញាធរហុងកុង​។

ផ្សាយពាណិជ្ជកម្ម

នៅហុងកុង អ្នកនយោបាយបក្សប្រជាធិបតេយ្យ សមាជិកក្រុមប្រឹក្សាសង្កាត់ សមាជិកសភា សកម្មជន​អង្គការ សមាគម​នាៗ​ បានចាប់ផ្តើម​លាឈប់ លែងធ្វើសកម្មភាព​ជាបន្តបន្ទាប់។ អង្គការ​សង្គមស៊ីវីល កំពុងតែ​​រលាយ​​បាត់​សាបសូន្យ ខណៈ​​ដែល​​ប៉េកាំង បាន​​រឹត​បន្តឹង​ការកៀប​សង្កត់ កាន់​តែ​ខ្លាំងឡើង មក​លើដែនដីហុងកុង។

និស្សិតហុងកុង ឈ្មោះ Wong Yat-chin បានថ្លែងប្រាប់អ្នក​យកព័ត៌មាន​បារាំង AFP ថា​ ឆ្លងកាត់​២ឆ្នាំ​​មកនេះ ខ្លួន​បាន​សង្កេតឃើញ នូវ​ការដាំក្បាលចុះ នៃ​ចលនា​​ទាមទារ​​លទ្ធិ​ប្រជាធិបតេយ្យ​​នៅហុងកុង។ យុវជនវ័យ​​២០ឆ្នាំរូបនេះ បាន​រំលឹកថា នៅ​ពាក់កណ្តាល​ឆ្នាំ​​២០១៩ ខ្លួន​​បាន​សម្រេច​ចិត្ត​​បង្កើត​​ចលនា​​និស្សិតមួ​យ ​ឈ្មោះថា « Student Politicism » ដើម្បី​ប្រឆាំង​​នឹង​​គម្រោង​​​ច្បាប់ ​« សន្តិសុខជាតិ »​​។ ចលនា​នេះ តែងតែ​បាន​រៀប​ចំ​ជាស្តង់​នៅតាម​ផ្លូវ ដើម្បី​ផ្សព្វផ្សាយ​​ពីគ្រោះថ្នាក់​​ នៃ​ច្បាប់​​សន្តិសុខ​ជាតិ​​របស់ចិន មកលើ​​សិទ្ធិសេរីភាព​​​របស់​​​ប្រជាជន​ហុងកុង។

យុវជន Wong Yat-chin ត្រូវបាន​​សមត្ថកិច្ច​​​ហុងកុង ចាប់ឃុំ​ខ្លួន​ចំនួន​៥ដង។ បន្តិច​​ម្តងៗ សកម្មភាព​​​ដាក់ស្តង់​​នៅតាម​ផ្លូវ ដែល​​ជាទំលាប់ របស់​​ប្រជាជន​​ហុងកុង​​ ដើម្បី​​ផ្សព្វផ្សាយ​​​ការ​តវ៉ាប្រឆាំង​​ណាមួយ​នោះ ត្រូវបាន​​គេ​​ហាមឃាត់។ ម្ចាស់​ទីតាំង ​បានប្រាប់​ថា អាជ្ញាធរ​​នគរបាល ​បាន​ហាម​ឃាត់​​យ៉ាងច្បាស់ ថាហាម​​អនុញ្ញាត​​ឲ្យ​មាន​​ការ​​ដាក់ស្តង់​​ជា​ដាច់ខាត  ព្រោះតែ​​បញ្ហា​​កូវីដ​១៩។ យុវជន​រូបនេះ អះអាង​ថា សូម្បី​តែ​អង្គការ ​សមាគម​ដែល​ធ្លាប់​ធ្វើការងារ ដោយ​​សន្តិវិធី និង​ដោយ​​មាន​​​ហេតុផល​​ត្រឹមត្រូវ​​បំផុតនោះ ក៏​ត្រូវ​​គេ​ហាម​​ឃាត់ដែរ។ សមាគម អង្គការ​ជាច្រើន បាន​សម្រេចចិត្ត ​រំលាយខ្លួន​ចោល​ដោយខ្លួនឯង។

យុទ្ធសាស្ត្រកៀបសង្កត់២ដំណាក់កាល

Wong Yat-chin លើកឡើងថា អង្គការ​សង្គមស៊ីវីល នៅ​ហុងកុង បាននិង​​កំពុង​តែរលាយ​​សាប​សូន្យ​ ដោយ​សារ​តែ​​យុទ្ធសាស្ត្រ​​ កៀប​​សង្កត់សង្កិន ២ដំណាក់​កាល របស់​ចិន​ប៉េកាំង ដើម្បី​បំបិទ​​សំឡេង​រិះគន់​តវ៉ាទាំងអស់។ ជំហានដំបូង ប៉េកាំង​បានរៀបចំ​ធ្វើច្បាប់​សន្តិសុខជាតិ។ តាមរយៈ​​ច្បាប់នេះ មនុស្ស​​យ៉ាងហោច ១២០នាក់ ​ត្រូវបាន​​​គេ​ចាប់​​ដាក់ឃុំ ឬ ​ចោទប្រកាន់ ដែល​សឹងតែ​ទាំងអស់ គឺសុទ្ធ​តែ​ដោយសារ​ការ​​បញ្ចេញ​ទស្សនៈ​នយោបាយ។

លុះប៉េកាំង បាន​ឃើញយ៉ាងច្បាស់ នូវ​ជោគជ័យ​ភ្លូកទឹក​ភ្លូកដី របស់​គណបក្ស​ប្រជាធិបតេយ្យ​ហុងកុង នៅ​ក្នុង​​ពេល​បោះឆ្នោត​​ក្រុមប្រឹក្សា​​មូលដ្ឋាន នៅ​ចុងឆ្នាំ​​២០១៩ គេក៏​បាន​សម្រេច​អនុវត្ត​ជំហានទី២​​មួយទៀត នោះ​គឺការ​កំណត់ តម្រូវ​ឲ្យ​​បុគ្គលិក​​រដ្ឋការ និង​​​​អ្នក​​នយោបាយ​​​​ទាំងអស់ ត្រូវតែ​បង្ហាញ​​​ « ភក្តីភាព​​ចំពោះ​ចិន »។ « ហុងកុង ត្រូវដឹកនាំ​ដោយ​​​អ្នក​​ស្នេហាជាតិ » នេះ​គឺជា​ពាក្យ​ស្លោក ដែល​​​ប៉េកាំង បានបន្លឺ​ ​ផ្សព្វផ្សាយ​​​ក្តែងៗ បំភ័យ​​​​អ្នក​​នយោបាយ​​​ណា ដែល​មាន​​ទំនោរប្រឆាំង​នឹង​​បក្ស​​កុម្មុយនីស្តិ​ចិន។

អ្នកនយោបាយ សមាជិក​សភា សមាជិក​ក្រុមប្រឹក្សាសង្កាត់ ឬ​បុគ្គលិករដ្ឋ ដែល​ត្រូវ​គេ​ដឹងថា​ មិនស្មោះត្រង់​ចំពោះ​បក្ស គឺ​ប្រឈម​នឹង​ការ​​ហាមឃាត់ មិន​ឲ្យ​​ឈរឈ្មោះ​​បោះឆ្នោត ប្រឈម​នឹងការ​បណ្តេញ​ចេញ​ពី​មុខងារ។ ការចំណាយ​ចាយវាយ នៅក្នុង​ការ​បំពេញ​​មុខ​ងារ​ របស់​ជននោះ ដែលរដ្ឋ​ធ្លាប់​​បាន​សង​ នាពេល​​កន្លងមក គឺ​ជននោះ​ត្រូវ​សង​ត្រលប់​មកវិញ។

សមាជិកសភា សមាជិកក្រុម​ប្រឹក្សា​សង្កាត់ នាំគ្នាលាឈប់

មេចលនា​នយោបាយ​​​​ប្រជាធិបតេយ្យ ដែល​ចេញ​​មុខខ្លាំង​​សឹង​ទាំងអស់ បើមិន​​ជាប់​​ក្នុង​ឃុំទេ គឺ​កំពុងប្រឈម​​នឹង​បទ​​​ចោទ​ប្រកាន់ ​ឬក៏ខ្លះ ​បាន​រត់​ភៀសខ្លួន​​ទៅ​ក្រៅ​ស្រុក។ បន្ថែមពីនេះ​ សមាជិក​ក្រុមប្រឹក្សា​​​សង្កាត់ ដែល​​កើតចេញ​​ពី​​​ការបោះឆ្នោត​​ដោយសេរី និង​សកល ​ចំនួន​​​២៥០​នាក់ បាន​​លា​​ឈប់​​ពីមុខងារ​ ដើម្បី​​ចៀសកុំ​​ឲ្យ​មាន​​​បញ្ហា​​ជា​មួយ​​​អាជ្ញាធរ។

ចំនួន​​សមាជិក​​​ក្រុម​ប្រឹក្សា​​សង្កាត់ ដែល​​បង្ខំ​ចិត្ត​លាឈប់ បានកើនឡើង​កាន់តែខ្លាំង ប៉ុន្មាន​សប្តាហ៍ចុង​ក្រោយនេះ។ យ៉ាងណាមិញ លោក Lo Kin-hei ប្រធាន​គ​ណបក្ស​​ប្រជាធិបតេយ្យ​​ ដែល​ជា​បក្ស​ប្រឆាំង​​ ​ដ៏ចំណាស់​មួយ​​នៅហុងកុង ក៏បាន​​លា​ឈប់​​ពី​ការងារ​ដែរ។​ លោក​បាន​ប្រាប់​​អ្នកយក​​ព័ត៌មាន​​​បារាំង​ថា ការ​​កៀប​​សង្កត់ រករឿង ​មាន​ទំហំ​កាន់តែធំ និង​លឿន​រហស័​ហួសពី​ការស្មាន ដែលធ្វើ​ឲ្យ​អ្នក​​នយោបាយ​​​​ប្រជាធិបតេយ្យ​​ អស់សង្ឃឹម ​បាត់មាត់​ស្ងាត់ឈឹង។ អ្នកនយោបាយ​វ័យ​៣៧ឆ្នាំ​រូបនេះ បាន​​លើក​ឡើង​ថា ក្នុងរយៈ​​ពេល​​​២០ឆ្នាំ ក្រោយ​​​ការ​ប្រគល់​ហុងកុង ​ទៅឲ្យ​​ចិន​គ្រប់គ្រង ​គឺ​ប្រជាជន​​ហុងកុង​​បាន​រស់​​ ក្នុង​សិទ្ធិសេរីភាព ដោយ​​ផ្អែក​លើ​គោលការណ៍ ដែល​​​ចិន​​បាន​សន្យា គឺ​« ​ប្រទេស​មួយ​ ប្រព័ន្ធ​២ »។ ក៏ប៉ុន្តែ ​អំណេះ​តទៅ គឺគ្មាន​​ពន្លឺ​អ្វី​ទៀត​​ឡើយ។

សមាគម សហជីព រំលាយ​ខ្លួនដោយខ្លួនឯង

ការបាក់ទឹកចិត្ត ទំលាក់ដៃ ​​លែង​​តស៊ូ​មតិ មិនមែន​​មានតែ​​ក្នុង​ចំណោម​​​អ្នក​នយោបាយ​​​នោះទេ។​ ​សូម្បី​​តែ​​សមាគម ​សហជីព​​​នានា ក៏បាន​​​ដក​ថយ​ដែរ។ ជាក់ស្តែង ​សហជីព​​គ្រូពេទ្យ សហជីព​​​មេធាវី ឬ ​សហជីព​​តំណាង​​​បុគ្គលិក​​រដ្ឋជាដើម។ ទីភ្នាក់ងារ​​​ព័ត៌មាន​​​បារាំង AFP បានរាប់​ឃើញ​​​ថាមាន​សហជីព និង​​សមាគម​ ចំនួន​​​​យ៉ាង​ហោច​​៣០ ដែល​បាន​រំលាយ​​ខ្លួនចោល ឬ​បិទមាត់ លែង​​​ហ៊ាន​ធ្វើ​​​សកម្មភាព​​ជាសាធារណៈ ក្នុងរយៈពេល​​១២ខែ​ចុងក្រោយនេះ។

យ៉ាងណាមិញ សមាគម​គ្រូពេទ្យ​​នៃ​មន្ទីរ​ពេទ្យរដ្ឋ ​ដែល​​ជា​​សហជីព​​​មួយ​ដ៏​​សំខាន់​​នៅហុងកុង បាន​​បញ្ជាក់ថា គេ​កំពុង​​ពិចារណា​​ថានឹ​ង​រំលាយ​​​ចោល​ដែរ។ លោកស្រី Arisina Ma អតីត​ប្រធានសមាគម​​នេះ បាន​​ថ្អូញថ្អែរថា​ ​កាលពីមុន​ ​បើរដ្ឋាភិបាល​​មិនពេញ​ចិត្ត​យើង មិនយល់​ស្រប​នឹង​យើង គឺ​គេ​​គ្រាន់តែ​​មិនខ្វល់ មិន​​ស្តាប់​​គំនិត​យើង។ តែចាប់​ពី​ពេល​នេះទៅ គឺគេ​អាច​​​ប្រើ​​មធ្យោបាយ​​​ច្បាប់ ​ដើម្បី​ចាប់ទោស​អូសដំណើរ​ សមាជិក​របស់​យើង​ម្នាក់ៗ។

ដូចគ្នាដែរ មន្ត្រី​ទូតបរទេស​មួយ​ចំនួន​ធំ​ ប្រចាំនៅ​ហុងកុង បាន​​លើកឡើងថា ប្រជាជន​ហុងកុង ​កាន់តែ​​ច្រើនឡើងៗ បាន​​បដិសេធ មិន​​មកជួប​​​ដើម្បី​​និយាយ​​ពី​ប​ញ្ហា​សង្គម និង​​នយោបាយ​​ទេ ​ដោយសារ​​តែ​ពួកគេ ខ្លាច​​រអារ នឹង​​ការ​ចោទ​​ប្រកាន់ ​ថា « ឃុំឃិតជាមួយ​បរទេស »។

« យ៉ាងហោច ក៏នៅមានម្នាក់ ដែលមិនព្រមចុះចាញ់ »

អាជ្ញាធរ​ហុងកុង បាន​អះអាងថា « ច្បាប់សន្តិសុខជាតិ » ​គឺមាន​តួនាទី​​ការពារ ​ពង្រឹង​​ស្ថិរភាព​​ហុងកុង។ រីឯ​​យុទ្ធនាការ​​ឃោសនា « ទ្រឹស្តី​​ស្នេហាជាតិ » គឺវា​នឹង​​អនុញ្ញាត​ឲ្យ​ គេ​អាច​​រារាំង ឬចាប់​ខ្លួន ក្រុម​ជន​មួយក្តាប់​តូច ដែលមាន​និន្នាការ​ប្រឆាំង​នឹងចិន។

គួរកត់សំគាល់ថា គិតត្រឹមពេល​នេះ នៅ​ក្នុង​សភាហុងកុង (Legco) គឺគ្មាន​​សមាជិក​​សភា​មក​ពី​គណបក្ស​ប្រឆាំងសូម្បីតែម្នាក់។ ហើយ​ទៅ​ថ្ងៃ​អនាគត អ្នកដែល​ចង់​ឈរ​​ឈ្មោះ ក្លាយ​​ជាសមាជិក​សភា គឺ​ត្រូវ​តែ​​បង្ហាញ​ភក្តីភាព​ ចំពោះ​ចិន និង​បក្សកុម្មុយនីស្ត។ ជាង​នេះទៀត សមាជិក​​សភា​​ដែល​​អាច​ជាប់ឆ្នោត  ដោយ​ការ​បោះឆ្នោត​ដោយ​​ផ្ទាល់​ពី​​ប្រជាជន​នោះ គឺមានមិន​ដល់​​១ភាគ​៤​ផងទេ។

យុ​វជន Wong Yat-chin បាន​សារភាពថា មានពេល​ខ្លះ ខ្លួនក៏​អស់សង្ឃឹម​ក្នុង​ការ​តស៊ូដែរ។ តែ​ទោះជា​យ៉ាងណា ខ្លួន​​នៅតែ​ខំប្រឹង​ ប្រមូល​ការ​តាំងចិត្ត។ យុវជន​រូបនេះ អះអាង​ថា​នឹង​បន្ត​ដាក់​ស្តង់​នៅ​តាមផ្លូវ ដើម្បី​ផ្សព្វផ្សាយ​​ទាមទារ​សិទ្ធិសេរីភាព និង​ដើម្បី​​បង្ហាញ​ប្រាប់ទៅ​ប្រជាជន​ហុងកុង ​ឲ្យដឹង​ថា ទោះបី​ជាយ៉ាងណា ក៏នៅ​មាន​មនុស្ស​ម្នាក់ដែរ ដែល​​មិន​ព្រម​​ចុះចាញ់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI