ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើក្រុមជំនាញអន្តររដ្ឋាភិបាលស្តីពីអាកាសធាតុជានរណា មានមុខងារអ្វី?

សំឡេង ០៤:០៦
ក្រុមជំនាញអន្តររដ្ឋាភិបាលស្តីពីអាកាសធាតុ (IPCC/GIEC) នៅពេល​ចេញរបាយការណ៍​អាកាសធាតុ កាល​ពី​ឆ្នាំ២០១៤
ក្រុមជំនាញអន្តររដ្ឋាភិបាលស្តីពីអាកាសធាតុ (IPCC/GIEC) នៅពេល​ចេញរបាយការណ៍​អាកាសធាតុ កាល​ពី​ឆ្នាំ២០១៤ REUTERS/Steffi Loos

ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​បាន​បើក​កិច្ចប្រជុំ កាល​ពីថ្ងៃទី២៦កក្កដា​កន្លងទៅ ដើម្បី​ជជែក និង​អនុម័ត​របាយការណ៍​អាកាសធាតុ​ថ្មីមួយ ដែល​រៀបចំ​ឡើង​ដោយ​ក្រុមជំនាញអន្តររដ្ឋាភិបាល ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា IPCC។ ជារបាយការណ៍​ដ៏​ចម្បងមួយ ដែលគេ​កំពុងទន្ទឹងរង់ចាំ។ ក៏ប៉ុន្តែ សំណួរសួរថា តើ​ក្រុមជំនាញ​អន្តររដ្ឋាភិបាល​ស្តីពី​អាកាសធាតុ​នេះ​ជានរណា ហើយ​មាន​មុខងារ​អ្វីខ្លះ?

ផ្សាយពាណិជ្ជកម្ម

ក្រុមជំនាញអន្តររដ្ឋាភិបាល​ស្តីពីអាកាសធាតុ ហៅកាត់​ជា​ភាសា​អង់គ្លេស​ថា IPCC​ (Intergovernmental Panel on Climate Change) ឬ​ជា​ភាសា​បារាំង ​GIEC (Groupe d’experts intergouvernemental sur l’évolution du climat) គឺជា​អង្គភាព​មួយ​របស់​អង្គការ​សហប្រជាជាតិ បង្កើតឡើង កាល​ពីឆ្នាំ១៩៨៨។ បង្កើតឡើង​រួមគ្នា​ដោយ​ស្ថាប័នពីរ​របស់​អង្គការ​សហប្រជាជាតិ គឺ​អង្គការ​ឧតុនិយមអន្តរជាតិ (WMO) និង​កម្មវិធីបរិស្ថាន​អង្គការសហប្រជាជាតិ (UNEP)។

មុខងារចម្បង​របស់​ក្រុមជំនាញ​នេះ គឺ​សិក្សាលម្អិតទៅលើ​​វិទ្យាសាស្រ្ត​នៃ​អាកាសធាតុ ពោលគឺ ពិនិត្យ​មើល​អំពី​ស្ថានភាព​អាកាសធាតុ​ក្នុងពេល​បច្ចុប្បន្ន និង​ប្រមើល​ទៅលើ​សេណារីយ៉ូ​នៃ​ការប្រែប្រួល​អាកាសធាតុ​ទៅថ្ងៃអនាគត សិក្សា​អំពី​ផលប៉ះពាល់​ និង​អំពី​ជម្រើស​នៃ​វិធានការ​ចម្បងៗ ដើម្បី​ដោះស្រាយ និង​សម្របខ្លួន​ទៅ​នឹង​​ការប្រែប្រួល​អាកាសធាតុ។

គោលដៅ គឺ​ធ្វើ​យ៉ាងណា​ផ្តល់​ឲ្យ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​នូវ​ទិន្នន័យ​​តាម​លក្ខណៈ​វិទ្យាសាស្រ្ត ដើម្បី​យក​ទៅ​ធ្វើ​ជា​មូលដ្ឋាន ក្នុងការ​ដាក់ចេញ​នូវ​គោលនយោបាយ​ផ្នែក​អាកាសធាតុ។

បច្ចុប្បន្ន​នេះ IPCC មាន​សមាជិក​ជា​តំណាង​មក​ពី​ប្រទេសចំនួន ១៩៥ ជា​សមាជិក​អង្គការ​សហប្រជាជាតិ ហើយ​តាមការពិត​ទៅ IPCC មិនមែន​ជា​អ្នក​សិក្សាស្រាវជ្រាវ​ខាង​វិទ្យាសាស្រ្ត​ដោយ​ខ្លួនឯងនោះទេ ក៏ប៉ុន្តែ ប្រគល់​កិច្ចការ​នេះ​ទៅ​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​ជាច្រើន​ផ្សេងទៀត​មក​ពី​បណ្តាប្រទេស​​​នៅជុំវិញ​ពិភពលោក។ ចេញ​ពីការ​សិក្សា​របស់​អ្នក​វិទ្យាសាស្រ្ត​ចម្រុះគ្នានេះ គេ​រៀបចំ​សរសេរ​ជា​របាយការណ៍ ដោយ​ចែកចេញ​ជា៣ផ្នែក​ធំៗ គឺទី១ ​វិទ្យាសាស្រ្ត​នៃ​ការប្រែប្រួល​អាកាសធាតុ ទី២ ផលប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ និង​ទី៣ ​វិធានការ​ទប់ស្កាត់និង​សម្របខ្លួន​ទៅនឹង​ការ​ប្រែប្រួល​អាកាសធាតុ។

ក្រោយ​ពី​សរសេរ​ចប់ របាយការណ៍​នេះ​ត្រូវ​ដាក់​ឲ្យ​មាន​ការ​ជជែក​ដេញដោលគ្នា មុននឹង​ត្រូវ​សម្រេច​អនុម័ត​ជាចុងក្រោយ ដោយ​ប្រទេស​ទាំង ១៩៥ ដែល​ជា​សមាជិក​របស់ IPCC។

គិត​រហូត​មកទល់​នឹង​ពេលនេះ IPCC ធ្លាប់​បាន​ចេញ​របាយការណ៍​អាកាសធាតុ​ចំនួន ៥លើករួចមកហើយ។ របាយការណ៍​ដែល​គេ​​ចាប់ផ្តើម​យក​មក​ប្រជុំ​ជជែក​គ្នា កាល​ពីថ្ងៃ​ទី២៦​កក្កដា​កន្លងទៅនេះ គឺ​ជា​របាយការណ៍​ទី៦ ដែល​គេ​គ្រោងអនុម័ត និង​ចេញផ្សាយ​ជា​របាយការណ៍​ស្ថាពរ ​នៅ​ឆ្នាំ២០២២​ខាងមុខ។

ដំណើរការ​នៃ​ការ​រៀបចំ​សរសេរ​របាយការណ៍ ដោយ​ផ្តោត​លើ​ទិន្នន័យ​តាមបែបវិទ្យាសាស្រ្ត ធ្វើឡើង​ដោយ​អ្នក​វិទ្យាសាស្រ្ត​ចម្រុះជាតិសាសន៍ ព្រមទាំង​ការ​បើក​ឲ្យ​ជជែក​ដេញដោលគ្នា ប្រកប​ដោយ​តម្លាភាពនេះហើយ ដែល​ធ្វើ​ឲ្យ​របាយការណ៍​របស់ IPCC ត្រូវ​បាន​គេ​កំណត់​យក​ជា​គោល ហើយ​ជាទូទៅ តែងតែ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើ​ការ​កំណត់​គោលនយោបាយ​ជាលក្ខណៈអន្តរជាតិ ទាក់ទង​នឹង​អាកាសធាតុ។

ជាក់ស្តែង គឺ​តាម​រយៈ​របាយការណ៍​របស់ IPCC នេះ​ហើយ ដែលនាំ​ឲ្យ​​គេ​ឯកភាព​គ្នា​ជាទូទៅ​ថា ភពផែនដី​របស់​យើង​កំពុង​ឡើងកម្តៅ​​ ដោយ​ឡើង​លឿន​ហួស​ពី​ដំណើរវិវឌ្ឍ​ជាធម្មតាទៅតាម​លក្ខណៈធម្មជាតិ ហើយ​​ថា ដើមហេតុចម្បង​នៃ​ការ​ឡើងកម្តៅផែនដី​ខុសធម្មតា​​នេះ គឺ​ចេញ​ពី​សកម្មភាព​របស់​មនុស្ស​យើង។ ហើយ​ក៏​តាមរយៈ​របាយការណ៍​របស់ IPCC នេះ​ដែរ ដែល​គេ​បាន​កំណត់យក​​ ១,៥អង្សា​ ជា​គោលដៅ​នៃ​ការទប់ស្កាត់​ការ​ឡើងកម្តៅផែនដី នៅ​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស កាល​ពី​ឆ្នាំ​២០១៥​កន្លងទៅ។

គេ​រំពឹង​ថា របាយការណ៍​ទី៦ ដែល​គេ​កំពុង​ជជែក​ដេញដោល​គ្នា​នៅពេលនេះ ហើយ​ដែល​ខ្លឹមសារសង្ខេប​នឹង​ត្រូវ​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ក្នុង​អំឡុង​ខែ​សីហា​នេះ ក៏​ទំនង​ជា​នឹង​អាច​​មាន​ឥទ្ធិពល​ខ្លាំង​ដែរ ទៅលើ​សន្និសីទ​អាកាសធាតុ ដែល​គេ​គ្រោងធ្វើ​នៅ​ស្កុតឡែនដ៍ នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

គួររំឭកផងដែរ​ថា ដោយសារ​តែ​កិច្ចខិតខំប្រឹងប្រែង នៅ​ក្នុង​វិស័យ​អាកាសធាតុ​នេះ ក្រុមជំនាញ​អន្តររដ្ឋាភិបាល​ស្តីពី​អាកាសធាតុ ធ្លាប់​ត្រូវ​បាន​គេ​ប្រគល់​រង្វាន់​ណូបែល​សន្តិភាព រួមគ្នា​ជាមួយ​នឹង​អតីត​អនុប្រធានាធិបតី​អាមេរិក​ គឺ​លោក​អាល់ ហ្ករ កាល​ពី​ឆ្នាំ​២០០៧​កន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI