ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិស័យអប់រំនៅក្នុងប្រទេសហ្វីលីពីនកំពុងជួបវិបត្តិដោយសារវិបត្តិកូវីដ១៩?

សំឡេង ០៥:៤១
វិស័យអប់រំនៅក្នុងប្រទេសហ្វីលីពីនកំពុងជួបវិបត្តិដោយសារវិបត្តិកូវីដ១៩?
វិស័យអប់រំនៅក្នុងប្រទេសហ្វីលីពីនកំពុងជួបវិបត្តិដោយសារវិបត្តិកូវីដ១៩? AP - Aaron Favila

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន រដ្ឋាភិបាល​បាន​បន្ត​បិទ​ទ្វារ​សាលា​ដោយ​បារម្ភ​ខ្លាច​កូនក្មេង​ចម្លង​ជំងឺ​កូវីដ១៩ ទៅ​ឱពុក ម្តាយ​ដែល​មាន​វ័យ​ចំណាស់។ ឆ្នាំ ២០២១ នេះ​ជា​ឆ្នាំ​ទី២ ដែល​មាន​កូនសិស្ស​ជា​ច្រើន​លាននាក់​បាន​បន្ត​រៀនសូត្រ​តាម​អនឡាញ។ រហូត​មក​ដល់​ពេល​នេះ ប្រធានាធិបតី​លោក​ឌុយទែរតេ​បន្ត​ទាត់ចោល​លើ​សំណើ​សុំ​ឲ្យ​បើក​សាលារៀន​ឡើង​វិញ ទោះ​បី​ជា​សាលារៀន​ស្ថិត​នៅ​ក្នុង​តំបន់​​មិន​សូវ​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ក៏​ដោយ។ អ្វី​ដែល​ក្រុម​អ្នកជំនាញ​បារម្ភ គឺ​វិបត្តិ​អប់រំ​ដែល​កើត​ចេញ​ពី​ការ​បន្ត​បិទ​សាលារៀន​ពេល​នេះ។

ផ្សាយពាណិជ្ជកម្ម

រឿង​បិទ​សាលារៀន និង​ឲ្យ​កូនសិស្ស​រៀន​ពី​ចម្ងាយ ឬ​រៀន​តាម​អនឡាញ គឺ​ជា​វិធានការ​មួយ​ដែល​ត្រូវ​បាន​ប្រទេស​សឹង​តែ​ទាំង​អស់​លើ​លោក​យក​ទៅ​អនុវត្ត មិន​ថា​ប្រទេស​អ្នក​មាន ឬ​ប្រទេស​អ្នក​ក្រ។ គោលដៅ​នៃ​ការ​អនុវត្ត​វិធានការ​មួយ​នេះ គឺ​ដើម្បី​ទប់ស្កាត់​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ដែល​បាន​ផ្ទុះ​ដំបូង​នៅ​ដើម​ឆ្នាំ ២០២០។ ក្នុង​រយៈពេល​ជិត ២ឆ្នាំ​នៃ​វត្តមាន​កូវីដ១៩ និង​បន្ត​ដោយ​កូវីដ១៩ បំប្លែង​ខ្លួន ការ​បិទ ហើយ​បើក និង​ការ​បើក ហើយ​បិទ​សាលារៀន​ជា​រឿង​មួយ​ធម្មតា​ទៅ​ហើយ​សម្រាប់​ប្រទេស​ខ្លះ​ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្តែង​នៃ​ជំងឺ​កូវីដ១៩។ អ្វី​ជា​ការ​កត់សម្គាល់​នៅ​ពេល​នេះ មាន​ប្រទេស​ខ្លះ​បាន​បើក​សាលារៀន​ឡើង​វិញ​ទាំង​ស្រុង និង​ប្រទេស​ខ្លះ​ទៀត​បាន​បើក​តែ​មួយ​ភាគ។ បន្ទាប់​មក នៅ​មាន​ប្រទេស​មួយ​ចំនួន​តូច​បន្ត​បិទ​សាលារៀន​ទាំង​ស្រុង​តាំង​ពី​ដើមទី​មក​ដល់​សព្វថ្ងៃ ក្នុង​នោះ​ក៏​មាន​ប្រទេស​ហ្វីលីពីន​មួយ​ដែរ។

រហូត​មក​ដល់​ពេល​នេះ ប្រធានាធិបតី​ហ្វីលីពីន​លោក​ឌុយទែរតេ​បាន​បដិសេធ​លើ​សំណើ​សុំ​បើក​សាលារៀន​ឡើង​វិញ សូម្បី​តែ​សាលាបឋមសិក្សា និង​សាលាមធ្យមសិក្សា​ក៏​លោក​ឌុយទែរតេ​មិន​ព្រម​ដែរ។ ប្រធានាធិបតី​ហ្វីលីពីន​រូប​នេះ​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា គឺ​ខ្លាច​កូនសិស្ស​ឆ្លង​កូវីដ១៩ រួច​ចម្លង​ជំងឺ​នេះ​ទៅ​មនុស្ស​ចាស់ ពិសេស​ឱពុក ម្តាយ​របស់​ពួក​គេ។ ហេតុផល​លើកឡើង​ដោយ​លោក​ឌុយទែរតេ​មិន​ខុស​ទេ ព្រោះ​មនុស្ស​ចាស់​ជា​ក្រុម​មនុស្ស​ដែល​ងាយ​រងគ្រោះ​ខ្លាំង​ដោយ​ជំងឺ​កូវីដ១៩។ នៅ​ក្នុង​រយៈពេល​បិទ​សាលា​នេះ រដ្ឋាភិបាល​បាន​រៀបចំ​ឲ្យ​មាន​ការ​រៀនសូត្រ​ពី​ចម្ងាយ ឬ​ហៅ​រៀនសូត្រ​តាម​អនឡាញ ហើយ​ដើម្បី​ពង្រឹង​បន្ថែម​លើ​ការ​សិក្សា រៀនសូត្រ​របៀប​នេះ ក្រសួង​អប់រំ​បាន​បង្កើត​ឡើង​នូវ​កម្មវិធី​អប់រំ​រួម​មួយ​កាល​ពី​ខែ​តុលា ឆ្នាំ ២០២០។

កម្មវិធី​អប់រំ​រួម​មួយ​នេះ​ត្រូវ​បាន​ចែក​ចេញ​ជា ៣ ផ្នែក គឺ​វគ្គ​រៀនសូត្រ​តាម​អនឡាញ ការ​បញ្ជូន​ឯកសារ​មេរៀន និង​ការ​ផ្សាយ​មេរៀន​តាម​កញ្ចក់​ទូរទស្សន៍។ តែ​អ្វី​ដែល​រដ្ឋាភិបាល​ហាក់​បាន​មើល​រំលង​នោះ​នៅ​ត្រង់​ថា មាន​កូនសិស្ស​ភាគ​ច្រើន​គ្មាន​ម៉ាស៊ីនកុំព្យូទ័រ ឬ​គ្មាន​អ៊ីនធ័រនែត​នៅ​ផ្ទះ​ទេ។ នេះ​ជា​រឿង​មួយ និង​គ្រាន់​ជា​រឿង​មួយ​ជ្រុង​នៃ​បញ្ហា​ប៉ុណ្ណោះ។ រឿង និង​បញ្ហា​ដែល​សំខាន់​ជាង​នេះ​នា​ពេល​បច្ចុប្បន្ន គឺ​ការ​ដែល​ក្រសួង​អប់រំ​ក្តាប់​មិន​បាន​ពី​ចំនួន​កូនសិស្ស​ដែល​រៀន​តាម​អនឡាញ លទ្ធភាព​ដែល​កូនសិស្ស​អាច​រៀន​តាម​អនឡាញ និង​ចំណេះដឹង​ពិត​ប្រាកដ​ដែល​កូនសិស្ស​ទទួល​បាន​ពី​ការ​រៀន​តាម​អនឡាញ។ នេះ​ដោយ​មិន​បាន​រាប់​បញ្ចូល​នូវ​ចំនួន​កូន​សិស្ស​ដែល​ដល់​អាយុ​ចូល​រៀន​ដោយ​ផ្តើម​រៀន​តាម​អនឡាញ​ទេ។

« ខ្ញុំ​ចង់​ទៅ​សាលា។ ខ្ញុំ​មិន​ដឹង​ថា ថ្នាក់រៀន​មាន​រាង​ដូច​ម្តេច ខ្ញុំ​មិន​ដែល​ឃើញ​វា​ទាល់​តែ​សោះ » នេះ​ជា​សម្តី​របស់​កុមារី​ម្នាក់​អាយុ ៧ឆ្នាំ​ឈ្មោះ​គីលី ឡារ៉ូប៊ី។ កុមារី​រូប​នេះ​បាន​រអ៊ូរទាំ​ដែល​មិន​ចេះ​អាន ក្រោយ​ពី​បាន​រៀន​ថ្នាក់​មត្តេយ្យ​តាម​អនឡាញ​អស់​រយៈពេល ១ឆ្នាំ។ លោក Isy Faingold អ្នក​ទទួល​ខុសត្រូវ​ផ្នែក​អប់រំ​របស់​អង្គការ Unicef ប្រចាំ​ហ្វីលីពីន​បាន​ថ្លែង​ថា មាន​ឱពុក ម្តាយ​ជាង ៨០% កំពុង​បារម្ភ​ពី​ការ​ទទួល​បាន​ការ​រៀនសូត្រ​តិចតួច​របស់​កូនៗ​ពួក​គេ។ ក្នុង​ចំណោម​ឱពុក ម្តាយ​ទាំង​ជាង ៨០% នេះ មាន ២ភាគ៣ ចង់​ឲ្យ​បើក​សាលារៀន​ឡើង​វិញ​នៅ​តាម​តំបន់​ដែល​មិន​សូវ​មាន​ករណី​ឆ្លង​កូវីដ១៩។ គួរ​បញ្ជាក់​ថា ចំនួន​កូនសិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​ឆ្នាំ​សិក្សា ២០២០ មាន​ការ​ធ្លាក់​ចុះ​ខ្លាំង បើ​ធៀប​នឹង​ឆ្នាំ​សិក្សា ២០១៩ ពោល​មុន​ការ​ផ្ទុះ​ជំងឺ​កូវីដ១៩។

អ្វី​ដែល​លោក Isy Faingold បារម្ភ គឺ​ខ្លាច​តែ​សិស្ស​ភាគ​ច្រើន​បោះបង់​សាលា​ដោយ​មិន​ត្រឡប់​វិញ​តែ​ម្តង។ ក្រៅ​ពី​ធ្វើ​ឲ្យ​ការ​អប់រំ​មាន​គុណភាព​ធ្លាក់​ចុះ ការ​សិក្សា រៀនសូត្រ​តាម​អនឡាញ​ក៏​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាពផ្លូវចិត្ត និង​ការ​អភិវឌ្ឍន៍​របស់​កុមារ​ដែរ។ តាម​លោក Isy Faingold ឆ្នាំ​សិក្សា​ដំបូង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​អ្នក​ដល់​អាយុ​ចូល​សាលា និង​ថា គឺ​ក្រុម​សិស្ស​ប្រភេទ​នេះ​ដែល​ជា​អ្នក​រងគ្រោះ​ខ្លាំង​ជាង​គេ​ដោយ​ការ​បិទ​សាលារៀន។ តែ​លោកស្រី Josefina Almarez នាយិកា​សាលា​មួយ​បាន​ចេញ​មុខ​ការពារ​លើ​ការ​បង្រៀន​តាម​អនឡាញ​របស់​រដ្ឋាភិបាល​ដោយ​បញ្ជាក់​ថា គ្មាន​កុមារ​ណា​ម្នាក់​ត្រូវ​បាន​បំភ្លេច​ចោល​នៅ​ក្នុង​ឆ្នាំ​សិក្សា​ដំបូង​ទេ ទោះ​បី​ជា​ការ​រៀនសូត្រ​ដំបូង​នេះ​បាន​ធ្វើ​ឡើង​តាម​អនឡាញ​ក៏​ដោយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​សម្រេច​បន្ត​បិទ​សាលា​របស់​រដ្ឋាភិបាល​ពេល​នេះ​កំពុង​បន្ត​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង។

លោកស្រី Mercedes Arzadon សាស្រ្តាចារ្យ​នៅ​សកលវិទ្យាល័យ​បាន​យល់​ឃើញ​ថា វា​គួរ​ឲ្យ​អស់​សំណើច​ដែល​រដ្ឋាភិបាល​បន្ត​បិទ​សាលា​គ្មាន​កំណត់​ពេល ខណៈ​ដែល​មាន​ប្រទេស​ជិត​ខាង​ផ្សេង​ដូច​យ៉ាង​ឥណ្ឌូណេស៊ី​បាន​សម្រេច​បើក​សាលា​ឡើង​វិញ​ដោយ​សុវត្ថិភាព។ បើ​យោង​តាម​សេណារីយ៉ូ​សុទិដ្ឋិនិយម ហ្វីលីពីន​អាច​នឹង​បើក​សាលា​ឡើង​វិញ​នៅ​ឆ្នាំ ២០២២ នេះ​ជា​ការ​បញ្ជាក់​របស់​លោក Isy Faingold។ តែ​បើក​ឡើង​វិញ ឬ​ក៏​មិន​បើក​ឡើង​វិញ វា​អាច​អាស្រ័យ​លើ​កត្តា​ពីរ​ជា​សត្យានុម័ត ទី១ អត្រា​អ្នក​ឆ្លង​កូវីដ១៩ ប្រចាំ​ថ្ងៃ និង​ទី២ អត្រា​ចំនួន​អ្នក​ចាក់​វ៉ាក់សាំង។ នៅ​ចំពោះ​មុខ​ពេល​នេះ មេរោគ​បំប្លែងខ្លួន​ដែលតា​កំពុង​ធ្វើ​ចរាចរណ៍​ខ្លាំង ហើយ​មាន​ចំនួន​ពលរដ្ឋ​ផ្ទាំងស៊ីប​តែ​ប្រមាណ ២០% ប៉ុណ្ណោះ​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន ២ដូស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI