នាទីសុខភាពនិងអនាម័យ

ហេតុអ្វី​បាន​ជា​ស្ត្រីប្រឈម​នឹង​គ្រោះ​ថ្នាក់​នៃ​ប្លាស្ទិកជាង​បុរស ?

សំឡេង ០៩:២៨
ប្រភេទ​នៃ​សំឡី​អនាម័យ​ដែល​ស្ត្រី​ប្រើ​នៅពេល​ធ្លាក់​រដូវ
ប្រភេទ​នៃ​សំឡី​អនាម័យ​ដែល​ស្ត្រី​ប្រើ​នៅពេល​ធ្លាក់​រដូវ Wordpress

ស្ត្រី​ងាយ​រង​គ្រោះ​ថ្នាក់​​បង្ក​ឡើង​ដោយ​ប្លាស្ទិក​ជាង​បុរស ដោយ​មូលហេតុច្រើន​យ៉ាង​ ក្នុង​នោះ​មួយ​ជា​មូលហេតុធម្មជាតិ​ ៖ ខ្លួន​ប្រាណ​ស្ត្រី មាន​ប្រតិកម្ម​ នឹងជាតិ​ពុល​ខុស​ពី​បុរស។ ផលិតផល​អនាម័យសម្អាត​ផ្ទះ​សម្បែង​ ដែល​ស្ត្រី​ប្រើ​ប្រាស់ញយ​​ជាង​បុរស​ ក៏​ច្រើន​តែមាន​ជាតិ​ពុល​ប្លាស្ទិក​។ សូម្បី​តែ​សំឡី​អនាម័យ​​ដែ​ល​ស្ត្រី​ត្រូវ​ប្រើ​ជា​រៀង​រាល់​ខែ ក៏​ផលិត​ឡើង​ដោយ​ប្លាស្ទិក​ដែរ។

ផ្សាយពាណិជ្ជកម្ម

វត្តមាន​ប្លាសិ្ទក ឬ​របស់​ជ័រ (ស្បោង ប្រអប់/កេះស្នោ កែវ/ដប/ប្រអប់ជ័រ របស់​ធ្វើ​ពី​ជ័រ​រឹង​ជ័រ​ស្រួយ​ជ័រទន់...) រយៈ​ពេល​ជាង​៧០​ឆ្នាំកន្ល​ងមក​នេះ បាន​ជួយ​សម្រួល​ជីវភាព​រស់​នៅ​របស់​មនុស្ស​ខ្លាំង​ណាស់។ ប៉ុន្តែ​ប្លាស្ទិក​នេះ​ក៏​បាន​និង​កំពុង​បំពុល​មនុស្ស​លោក និ​ងធម្មជាតិវិញ​ខ្លាំង​ណាស់​ដែរ។ គុណ​វិបត្តិ​របស់​ប្លាស្ទិក​មាន​កាន់តែ​ច្រើន​ឡើងៗ​ ​ហួស​គុណ​សម្បត្តិ​ទៅ​ហើយ​សម្រាប់​មនុស្សជាតិ​ទាំង​មូល។

តាំង​ពី​ឆ្នាំ​១៩៥០​មក មនុស្ស​ជាតិ​បាន​ផលិត​ផ្លាស្ទិក​ចំនួន​ជាង​៩ពាន់​លាន​តោន ហើយ​ជាង​៥ពាន់​លាន​តោន ត្រូវ​បាន​ធ្លាក់​ក្នុង​គំនរ​សំរាម​និង​ក្នុង​ធម្មជាតិទឹកទន្លេបឹង​បួរ​សមុទ្ទ។ បច្ចុប្បន្ន​ភព​ផែន​ដី​កំពុង​ថប់​ដង្ហើម​ដោយសំរាម​​ប្លាស្ទិក​។ ប្លាស្ទិក​បង្កផលវិបាក​ច្រើន និង​កំពុង​គំរាម​កំហែង​​ធម្មជាតិ ទឹក​ដី​ភ្លើង​ខ្យល់ ​និង​ដល់​សុខភាព​មនុស្ស​លោក។ នៅ​ពេល​ប៉ះ​ចំណី​អាហារ​ ប្លាស្ទិក​បាន​សាយ​ភាយ​បញ្ចេញ​សារធាតុ​គីមី​ពុល។ នៅ​តំបន់​ខ្លះ​ ប្លាស្ទិក​បាន​បំពុល​ដល់​ទឹក​ដែល​ជា​ប្រភព​នៃ​ជីវិត​របស់​មនុស្ស​ទៅ​ទៀត។

បម្រែបម្រួល​ក្រពេញ​អ័រមូន Perturbateurs endocriniens

មនុស្ស​លោក​ ​​​រង​​ឥទ្ធិពល​ពី​ជាតិ​ពុលរបស់​​ផលិតផល​ប្លាស្ទិក​ ​មិន​ដូច​គ្នាទេ ហើយ​ស្ត្រី​ខ្លាំង​ជាង​បុរស ព្រោះ​សរីរាង្គ​របស់​ស្ត្រី និ​ងបុរស​ ក៏​មិន​ដូច​គ្នា​ដែរ​។ ​ខ្លួ​ន​ប្រាណ​ស្ត្រី​មាន​ជាតិ​ខ្លាញ់​ច្រើន​ជាង​បុរស សរីរាង្គ​ស្រ្តី ក៏ត្រូវ​​ស្តុក​សារធាតុ​គីមី​ខ្លាញ់​ច្រើន​ជាង​បុរស ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ស្ត្រី​ងាយមាន​ប្រតិកម្ម​នឹង​ជាតិ​ពុល​ និង​ជា​ពិសេស​នៅ​ពេល​ស្ត្រី​ពេញ​វ័យ ពរពោះ បំបៅ​កូន និង​អស់​រដូវ។

លោក Jean-Baptiste Fini ជីវវិទូ​ឯកទេស​ផ្នែក​បំរែបំរួល​អ័រមូន​ នៅ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​ក្រុង​ប៉ារីស ៖ “យើង​មិន​ធ្លាក់​ខ្លួន​ឈឺ​ភ្លាម​ក្រោយ​ពី​ទទួល​ទាន​អាហារដែល​​មាន​សារធាតុ​ពុល​ប្លាស្ទិក​ទេ ប៉ុន្តែ​គេ​មិន​ដឹងថា ​នៅ​ថ្ងៃ​ក្រោយ​វានឹង​​បង្ក​គ្រោះថ្នាក់​យ៉ាង​ណា​ឡើយ។ ​នៅ​ពេល​សារធាតុ​ពុល​ប្លាស្ទិក​​ចូល​ក្នុង​ខ្លួន​ ទោះ​ក្នុង​បរិមាណ តិច​តួច ដែល​មិនគួរ​​បង្កគ្រោះ​សោះដល់​សុខភាព​​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា​យូរៗ​ទៅ​ សារធាតុ​ពុល​ប្លាស្ទិកនោះ​​ធ្វើ​ឱ្យ​មាន​បំរែបំរួល​ក្រពេញ​អ័រមូន​។ សារធាតុ​ពុល​ប្លាស្ទិក​នេះ ​ប្រើ​ពេល​​យូរ​ ដល់ទៅ​​​ច្រើន​ឆ្នាំ​ណាស់ មុន​នឹងលេច​ទៅ​ជា​ជំងឺ​ និង​ជួន​ដល់ឆ្លង​ជំនាន់​ទៅ​ទៀតផង។ ហេតុ​ដូច្នេះហើយ​បាន​ជា​គេ​ពិបាកពន្យល់​អំពី​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ប្លាស្ទិក​នោះ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ ​គឺពេល​នេះ​អ្នក​វិទ្យាសាស្ត្រ​បាន​ដឹង​ដោយ​ប្រាកដ​ថា ពេលវេលា​នៃ​ការ​ប្រឈម​នឹង​ជាតិ​ប្លាស្ទិក ជា​កត្តា​សំខាន់គួរ​ឱ្យ​ប្រុង​ប្រយ័ត្ន​ជាង​គេ។ ​​មនុស្ស​យើងមានពេល​​​រងគ្រោះខ្លាំង​ឬ​ខ្សោយ​​ទៅ​តាម​​ដំណាក់​កាលនៃ​ជីវិត ។ ពេលវេលា​ដ៏​គ្រោះថ្នាក់​ជាង​គេ គឺ​កាល​នៅជា​​ទារក​ក្នុង​ផ្ទៃ​ម្តាយ​ -នៅ​ពេល​ទើប​នឹង​កើត​ភ្លាម -និង​នៅ​ពេល​ឡើង​ខ្លួន​ចូល​វ័យ​កម្លោះ​ក្រមុំ -ពេលមាន​ផ្ទៃពោះ-និង​ពេល​អស់​រដូវសម្រាប់​ស្ត្រី។ បើ​ប្រឈម​នឹង​ប្លាស្ទិក​នៅវ័យ ឬ​ដំណាក់កាលខាងលើ​នេះ នោះ​យើង​នឹង​ងាយ​មានជំងឺ​។ ឧទាហរណ៍​ក្មេង ​សម័យ​បៅ​ទឹ​កដោះ​គោ ដោយ​ប្រើ​ដប​ជ័រ មាន​ជាតិ​Biphénol A អាច​នឹង​មាន​បញ្ហា​សុខភាព​ច្រើន​ ប៉ុន្តែ​គេ​ត្រូវ​រង់ចាំ​ជា​ច្រើន​ឆ្នាំ​ទៀត​ទើប​អាចសន្និដ្ឋាន​បាន។ »

ផលវិបាក​អាច​ធ្ងន់ធ្ងរ​ខ្លាំងដែរ​​ចំពោះ​ទារក​ក្នុ​ងផ្ទៃ នៅ​ពេល​ម្តាយ​អ្នកពរ​ពោះ​ត្រូវ​​ប្រឈម​នឹង​ជាតិ​ពុល​ប្លាស្ទិកច្រើន​ ព្រោះ​សារធាតុ​គីមីប្លាស្ទិក​ដែល​មាន​ដំណើរ​ការ​ដូច​អ័រមូន​ នឹង​បង្កបញ្ហា​ច្រើន​​ជា​ពិសេស​តែ​ម្តង​ ទៅ​លើក្រពេញ​​អ័រមូន ​ដែលហៅជា​​ភាសាបារាំង​​ ​ថា Perturbateurs Endocriniens (សារធាតុ​ដែល​​ធ្វើ​ឱ្យក្រពេញ​​អ័រមូន​ប្រែប្រួល)។ បានន័យ​ថាប្រសិនបើស្ត្រី​​កំពុង​ពរពោះ​ប្រឈម​នឹង​សារធាតុ​ពុល​ប្លាស្ទិកពពួកនាំ​ឱ្យ​មាន​បម្រែបម្រួល​អ័រមូន​​​ច្រើន កូនកើតមក​នឹង​អាច​មាន​វិបត្តិអ័រមូន វិបត្តិ​នោះ​អាច​នឹង​លេច​នៅ​ពេលដល់​ចាស់​អាយុ២០ ឬ​ ​៣០​ឆ្នាំ​ឬ ? ចម្លើយ​គឺ​ប្រហែលជា​​មែន ! នេះ​បើ​លោកស្រី​វេជ្ជបណ្ឌិត Emmanuelle Lecornet-Sokol គ្រូពេទ្យ​ឯកទេស​អ័រមូន នៅ​មន្ទីរ​ពេទ្យ​ ក្រុង​ប៉ារីស ដែល​ពន្យល់​លម្អិត​អំពី​ឥទ្ធិពល​នៃ​សារធាតុ​ប្លាស្ទិកនិង​វិបត្តិ​អ័រមូន​ បន្ថែម​ដូច្នេះ​ថា ៖

Dr Emmanuelle Lecornet-Sokol ៖ “អ័រមូន ជា​ប្រព័ន្ធ​ទំនាក់ទំនង​ដ៏​ធំសម្បើមបំផុត​នៃ​សរីរាង្គកាយ​​មនុស្ស និងជា​ប្រព័ន្ធ​ដ៏​​អស្ចារ្យ​បំផុតមួយ​របស់​មនុស្សសត្វមានជីវិត​។ នៅពេល​​សារធាតុ​ពុលប្លាស្ទិក​​ ​Perturbateurs endocriniens ចូលដល់សរីរាង្គកាយហើយ​ ​សារធាតុពុល​​នេះ​នឹង​ទៅ​ប្តូរ​ផ្លាស់​ដំណើរការ​ “​ធម្មតា​​” របស់​ក្រពេញ​អ័រមូន ៖​ ដូច​ជា​ទៅ​ប៉ូវ​​​ភ្ញោច​​អ័រមូន​ដែល​ធម្មតា​មាន​សកម្មភាពយឺតៗឱ្យទៅ​ជា​លឿន​ ឬ​ ទៅ​ខ្ទប់សកម្មភាព​​អ័រមូនណាមួយ​​ ឬ​ទៅ​បង្ខំ​ឱ្យ​អ័រមូន​ធម្មជាតិ​ឱ្យ​បញ្ចេញ​កម្លាំង​លើសសេចក្តីត្រូវការ ឬ​ទៅ​រាំងស្ទះ​មិន​ឱ្យ​អ័រមូន​អាច​ធ្វើ​ដំណើរ​តាមចរន្ត​ឈាមរត់​ពេញ​ខ្លួន​​បាន​ដូច​ទម្លាប់។ ហើយ​​សារធាតុ​ពុលប្លាស្ទិក​ដែល​ធ្វើ​ឱ្យ​មាន​បម្រែបម្រួល​អ័រមូន មិនមែន​មាន​តែ​មួយ​ទេ គឺមាន​ច្រើន ដែល​លាយ​ច្របល់​ក្រឡុក​ចូល​គ្នា និង​ដែល​គេពិបាក​វាស់​វែង​អំពី​ឥទ្ធិពល​អាក្រក់​របស់​វា​ណាស់។

នេះ​ហើយ​ជា​ចំណោទ​ ! ព្រោះ​​គេ​នៅ​មិនទាន់​ដឹង​ថា តើ​ក្មេង​សម័យ​នេះ ​នឹង​រងគ្រោះ​យ៉ាង​ណា​​នៅ​៣០​ឆ្នាំ ក្រោយ។ ប៉ុន្តែសម្រាប់​ពេល​នេះ វិទ្យាសាស្ត្រ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​ថា ​សារធាតុពុល​​ប្លាស្ទិកដែល​ជា​ភ្នាក់ងារ​នាំ​ឱ្យ​មាន​បម្រែបម្រួល​ក្រពេញ​អ័រមូន មានចំណែក​បង្ក​​ជា​ជំងឺជា​ច្រើន​​ពាក់​ព័ន្ធ​នឹង​ការ​បន្តពូជ ៖ ការ​ធ្លាក់​ចុះ​នៃ​បរិមាណមេជីវិត​ក្នុង​ទឹក​​ស្ពែម៉ាតូហ្សូអ៊ីត​បុរស គ្រាប់ពង​ស្វាស់​របស់​ក្មេង​ប្រុស​ធ្លាក់​មក​មិនស្មើឬ​មិនផុត រន្ធ​បង្ហូរ​ទឹក​នោម​​ដុះ​លូតលាស់​មិន​ពេញ​លេញ ក្មេង​ស្រី​និ​ងក្មេង​ប្រុសកាន់​តែ​ឆាប់​ពេញ​វ័យ (ក្រមុំកម្លោះ)​ឡើងៗ​ និង​កំណើន​ជំងឺពាក់ព័ន្ធ​នឹង​អ័រមូន ដូច​ជា​ជំងឺ​​មហារីកសុដន់។ សារធាតុ​ពុល​​ប្លាស្ទិកមាន​ជា​អាទិ៍​ Biphénol A បានទៅ​រំខាន​អ័រមូនដ៏​ចំបងរបស់​​​ស្ត្រី​ ដោយ​ទៅ​ប៉ូវ​ភ្ញោច​កោសិកា​ខ្លះ​ដែល​មិន​ត្រូវ​ភ្ញោច។”

សំឡីអនាម័យ​និង​ប្លាស្ទិក

មានកត្តា​សំខាន់​មួយ​ទៀត ដែល​ជំរុញ​ឱ្យ​​ស្ត្រី​ប្រឈម​ខ្លាំង​នឹង​គ្រោះថ្នាក់ប្លាស្ទិក ជាង​បុរស​បំផុត​នោះ គឺ មកពី ស្ត្រី មាន​រដូវ ! ក្នុង​មួយ​ជីវិត​ ស្ត្រី​ត្រូវ​មានរដូវ​ជា​មធ្យម​៤០​ឆ្នាំ ហេតុផល​គឺ​សាមញ្ញទេ នៅពេលធ្លាក់​រដូវ ស្ត្រី​ចាំបាច់​ត្រូវ​ប្រើ​សំឡី​អនាម័យ។ ​ មាន​ឈ្មោះ​ថា “សំឡី” មែន តែ​តាម​ការ​ពិត​ទៅនោះ សំឡីអនាម័យ​ភាគច្រើន ដែល​ស្ត្រី​សម័យ​បច្ចុប្បន្នប្រើ មិន​ថាគេ​ថា​ខ្ញុំ​នោះ គឺ​ផលិត​ឡើង​ដោយ​បន្សំ​សារធាតុ​ជាតិប្លាស្ទិក។ ក្នុង​បរិមាណ​ប៉ុន្មាន គេ​ពិត​ជាពិបាកដឹង​ព្រោះ​សូម្បី​តែនៅ​អឺរ៉ុប ដែល​ល្បី​ខាង​មាន​ក្រម​បទដ្ឋាន​សុវត្ថិភាព​ជាង​គេ​នោះ ក៏ក្រុម​អ្នក​ឧស្សាហកម្ម​គ្មាន​កាតព្វកិច្ច​ត្រូវ​រាយ​បញ្ជាក់​បង្ហាញ​អំពី​សមាសធាតុ​សម្រាប់​ផលិត​​​សំឡី​អនាម័យ​ដែរ។

ប៉ុន្តែ​មាន​​សមាគមមួយ​ចំនួន មាន​ជា​អាទិ៍​សមាគម​ការពារ​បរិស្ថាន​និង​ស្ត្រី​ ​បាន​ដឹកនាំ​ធ្វើ​អង្កេត​ ​និង​រកឃើញ​ថា សំឡី​អនាម័យ​ដែលកំពុង​ធ្វើ​ចរាចរណ៍​លើទីផ្សារនាពេលបច្ចុប្បន្ននេះ មាន​បង្កប់​សារធាតុ​គីមី​ប្លាស្ទិក​ច្រើន​​ណាស់។

  • សំឡីអនាម័យ​ដែលគេ​ប្រើ​សម្រាប់​ដាក់​​ក្នុងប្រដាប់​ភេទ (Tampon) មាន​ខ្សែជា​ប្លាស្ទិក ហើយ​ខ្លះ​ស្រោមស្រោប​អេប៉ុងនិង​អេប៉ុង​ស្រូប​វត្ថុ​រាវ​ក៏​ធ្វើ​ពីប្លាស្ទិក​ដែរ។ សំឡី​អនាម័នេះ​មាន​ប្លាស្ទិកដល់​ទៅ​ប្រមាណ​៦%។
  • តែ​គឺ​សំឡី​អនាម័យ​ ក្នុង​ទម្រង់​ជា​បន្ទះ និងសំឡី​បន្ទះ​​ទ្រាប់​​ខោក្នុង​ ដែល​មាន​បន្សំ​ជាតិ​ប្លាស្ទិក​ច្រើន​ជាង​គេ។ ​សំឡី​អនាម័យ​​​មួយ​បន្ទះ មាន​ផ្ទុក​សារធាតុ​ប្លាស្ទិក​ដល់​ទៅ ៩០% និង​មាន​សារជាតិ​ប្លាស្ទិក​ជា​ច្រើន​ស្រទាប់។ ស្រទាប់​ខាង​លើ​បំផុត ដែល​ប៉ះ​សាច់​ផ្ទាល់​ ជា​ទូទៅ​​ជា​ប្លាស្ទិកសុទ្ធ។ ស្រទាប់​បន្ទាប់ទីពីរ ដែលជា​​តម្រងច្រោះវត្ថុ​រាវ ក៏​ជា​ប្លាស្ទិក។ ស្រទាប់​ទីបី ដែល​ជា​ស្នូល​កណ្តាល​គេ​ចាំ​ស្រូប​ឈាម​នោះ ច្រើន​តែ​ធ្វើ​ពី​កប្បាស់ ប៉ុន្តែជួនកាល​មាន​ក្រុមហ៊ុន​ខ្លះ​ក៏​​អាច​​ប្រើ​កម្ទេច​ប្លាស្ទិកលាយ​​ក្នុង​ទម្រង់​ជា​ជែលដែល​ស្រូប​វត្ថុ​រាវ​ល្អ។ ហើយ​ស្រទាប់​ចុងក្រោយ ដែល​ជា​ស្រទាប់​ស្រោម​ខាង​ក្រៅ ដែល​មិន​ជ្រាប​ទឹក ប្រាកដ​ណាស់​ថា​​ជា​ប្លាស្ទិក​ដែរ។

សារធាតុ​ប្លាស្ទិក​ក្នុង​សំឡី​អនាម័យ​ទាំង​អស់​នេះ បំពុល​សុខភាព​ស្ត្រី​ខ្លាំង​ណាស់ ព្រោះ​ធាតុ​បន្សំ​ភាគច្រើនជា​ពពួក​​សារធាតុ​អ័រមូន​សកម្ម ដូច​ជា​ពពួក​Biphenol A ឬ S ឬ Phtelate ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​ចាត់ទុក​ជា​ពពួក​សារធាតុ​អាច​បង្ក​ជំងឺមហារីក និងជា​ពពួក Perturbateurs Endocriniens ដែលជា​​​សារធាតុ​​ប៉ះពាល់​ដល់​​ក្រពេញ​អ័រមូនខ្លាំង និង​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ផ្នែក​បន្ត​ពូជ។

បញ្ហា​នៅ​ត្រង់​ថា​គេ​មិន​ដឹង​ថា​តើ​សារធាតុ​គីមី​ប្លាស្ទិក​នេះ អាច​ជ្រាប​ចូលសរីរាង្គកាយ​ស្ត្រី​ក្នុង​កំរិត​ណា​ទេ។ គេ​គ្រាន់​តែ​ដឹង​យ៉ាង​ច្បាស់​ថា ការ​ស្រូប​សារធាតុ​ពុល​ប៉ះពាល់ដល់​អ័រមូន​តិច​តួចក៏​​អាច​មិនបង្កគ្រោះ​ថ្នាក់​ដល់​សុខភាព​ដែរ។ ​ហើយ​ស្ត្រី​ត្រូវ​ប្រឈម​នឹង​សារធាតុ​នេះ​ជាប់​ជា​ប្រចាំ​ ព្រោះ​ជាទូទៅ​​ស្ត្រី​ មាន​រដូវ​រយៈ​ពេល ៤០​ឆ្នាំ ​ជា​​មធ្យម និង​ប្រើ​សំឡី​អនាម័យ​ជាមធ្យមអស់​​ជាង​១២០០០​។

ដូច្នេះ​ដើម្បីការពារ​និង​ថែទាំសុខភាព ស្ត្រី​មិន​គួរ​​មើល​ស្រាលជម្រើសប្រើ​សំឡី​អនាម័យ​ទេ។ ​ស្ត្រី​គួរ​ប្រកាន់​ទស្សនៈ​ការពារប្រសើរ​ជាង​ព្យាបាល ដោយ​ត្រូវ​ជ្រើសរើស​សំឡី​អនាម័យ​ទ្រាប់​ខាង​ក្រៅ ឬ​បើ​ជា​សំឡី​អនាម័យ​ប្រភេទ​ដាក់ក្នុង​ប្រដាប់​ភេទ Tampon​ ឬ Cup សូម​ជ្រើសរើស​សំឡីមានគុណភាព​ខ្ពស់ ធានា​ថា​គ្មាន​ជាតិ​ប្លាស្ទិក​Biphenol A ឬ Phtelate និងត្រូវ​ប្រើ​​ក្នុង​រយៈ​ពេលយ៉ាងយូរ​៦ម៉ោង​ក្នុង​សំឡីមួយ​ដុំ។ ​មិន​ដូច្នេះ គួរ​ជ្រើសរើស​សំឡី​អនាម័យ​បែប​ការពារ​បរិស្ថាន ធ្វើ​ពី​ក្រណាត់​ ហើយ​ប្រើ​បាន​ច្រើន​ដង​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI