នាទីសុខភាពនិងអនាម័យ

ទិវាសុខភាពពិភពលោក ៖ អនុសាសន៍៩យ៉ាងរបស់​អង្គការ​សុខភាព​ពិភពលោកដើម្បីមានសុខភាពល្អ

សំឡេង ០៨:៥៤
ដំណេក​គ្រប់គ្រាន់​ជា​កត្តាមួយ​នាំ​ឱ្យ​មានសុខភាព​ល្អ​ប្រសើរ
ដំណេក​គ្រប់គ្រាន់​ជា​កត្តាមួយ​នាំ​ឱ្យ​មានសុខភាព​ល្អ​ប្រសើរ iStock / fizkes

ថ្ងៃ​ទី ៧ មេសា ជា​ទិវា​សុខភាព​ពិភពលោក។ នៅ​ឆ្នាំ​២០២១​នេះ អង្គការ​សុខភាព​ពិភព​លោក សូម​អញ្ជើញ​អស់លោកអ្នកនាង​និង​រដ្ឋាភិបាល​លើលោក​ឱ្យ​ចូល​រួម​ធ្វើ​យុទ្ធនាការ​ដើម្បី​ឱ្យមនុស្ស​លោក​លើ​ភពផែនដី​​ទទួល​បាន​ប្រកប​ដោយ​​សមភាព​ផ្នែក​សុខភាព និង​មាន​សុខភាព​ល្អ​ប្រសើរ​ឡើង។ តើ​អង្គការ​សុខភាព​ផ្តល់​អនុសាសសន៍​យ៉ាងណា​ខ្លះ ? តើ​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​ប្រកាន់​ទម្លាប់​រស់​នៅ​យ៉ាងណា​ដើម្បី​មាន​សុខភាព​ល្អ​?

ផ្សាយពាណិជ្ជកម្ម

ពិភពលោក​មាន​វិសមភាព​សង្គម​និង​សុខភាព​ខ្លាំង​ណាស់ ! វិបត្តិកូវីដ១៩ បាន​មក​លាត​ត្រដាង​ឱ្យ​ឃើ​ញ​កាន់​ច្បាស់​អំពី វិសមភាព​សុខភាព ៖ មនុស្ស​ខ្លះ​មាន​សុខភាព​ល្អ​ប្រសើរ​ និង​ខ្លះ​ទៀត​ទទួល​បាន​សេវាថែទាំសុខភាព​យ៉ាង​ងាយ​ស្រួល​ ប៉ុន្តែ​មួយ​ផ្នែក​ទៀត ដោយ​ហេតុ​តែលក្ខខណ្ឌ​នៃ​​ទីតាំង​កំណើត កន្លែង​រស់​នៅ​ធំ​ធាត់​ និង​ធ្វើការ​ ភាព​ចាស់​ជរា​ ពួកគេ​ពុំអាច​មាន​លទ្ធភាព​ទទួល​បាន​សេវា​ថែ​ទាំសុខភាព​ត្រឹម​ត្រូវ ឬ​រស់​ដោយ​មាន​សុខភាព​ពេញ​បរិបូរណ៍​ទេ។

 

នៅ​លើភព​ផែនដី​បច្ចុប្បន្ននេះ ក្រុមមនុស្ស​និង​សហគមន៍​ខ្លះ​មិនអាចរកចំណូល​សម្រាប់​ ​ចិញ្ចឹម​ជីវិតប្រចាំ​ថ្ងៃបាន​គ្រប់គ្រាន់​ទេ ជម្រក​ក៏សម​រម្យ​ ការ​សិក្សា​ក៏​បាន​ទាប​ ជាទីបំផុត​លទ្ធភាព​រក​ការងារ​ធ្វើ​ក៏​មាន​តិច គម្លាត​សង្គម​និង​វិសមភាពស្ត្រី​និង​បុរស​​មាន​កាន់​តែ​ខ្លាំង បរិស្ថាន​ជុំវិញ​ខ្លួន​ ទឹក​ខ្យល់​ សុវត្ថិភាព​ចំណីអាហារ​មិនសូវ​​ល្អ ឬ​មិន​ល្អ​សោះ​តែ​ម្តង តើ​ឱ្យ​រស់​មាន​សុខភាព​ល្អ​ធ្វើ​ដូចម្តេច​ទៅ​កើត ?! រស់​លើ​គំនរ​ទុក្ខ​លំបាក កើត​​​ជំងឺ​ដែល​មិន​គួរ​កើត​ ឬ​អាច​ចៀស​បាន និង​មានអាយុ​ខ្លី ស្លាប់​មុន​អាយុ។ បើ​ពលរដ្ឋ​រស់​ក្នុង​ស្ថានភាព​សុខភាព​មិន​ល្អ​ហើយ​ ​សង្គម​និង​សេដ្ឋកិច្ចក៏​មាន​ជំងឺ​ទៅ​តាម​នោះ​ដែរ។

គឺ​ពិត​ជា​មិន​យុត្តិធម៌​សោះ ហើយ​ស្ថានភាព​បែប​នេះ​សុទ្ធ​តែ​អាច​បញ្ចៀស​បាន។ ហេតុ​ដូច្នេះ​ហើយបាន​ជា​​អង្គការ​សុខភាព​ពិភពលោក​ សូម​អំពាវនាវ​ដល់​គ្រប់​មេដឹកនាំប្រទេស​ជារដ្ឋ​សមាជិក​ទាំង​អស់​ ឱ្យ​រិះរក​មធ្យោបាយ​យ៉ាងណា​ផ្តល់​លក្ខខណ្ឌ​ជីវិត​ និង​ការងារ​ដល់​ប្រជាពលរដ្ឋ​ដើម្បីឱ្យសង្គម​និង​សេដ្ឋកិច្ច​មាន​សុខភាព​ល្អ ប្រជាពលរដ្ឋ​​គ្រប់​គ្នា​អាច​រស់​ដោយ​មាន​សុខភាព​ល្អ​ដែរ។

អង្គការ​សុខភាព​ពិភពលោកបានជំរុញ​ថែម​ទៀត​ឱ្យ​មេដឹកនាំ​ទាំង​អស់​តាមដាន​មើល​ការ​វិវឌ្ឍន៍​នៃ​វិសមភាព​ផ្នែក​សុខភាពនៅក្នុង​​សង្គម និង​កែលម្អ​សេវា​សុខភាព​ ដោយ​ត្រូវ​ដំឡើង​គុណភាព​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់ប្រជាជន​គ្រប់​រូប នៅ​គ្រប់ពេល ​និងគ្រប់​ច្រក​ល្ហក។

កូវីដ​១៩ បាន​វាយប្រហារ​រាតត្បាត​ក្នុង​គ្រប់​ប្រទេស​ ប៉ុន្តែ​កូវីដ​បាន​បង្ក​និង​បន្សល់​ទុកនូវ​ផលតវិបាក​ធ្ងន់​ធ្ងរ​ក្រៃ​សម្រាប់​សហគមន៍​ដែលទន់​ខ្សោយ​ ដែល​ងាយ​ប្រឈម​នឹង​កើត​ជំងឺ​និង​ដែល​មាន​សេវា​សុខភាព​គ្មាន​គុណភាព ឬ​គុណភាព​មិន​សូវ​ល្អ​។ វិធានការ​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ ក្នុង​ប្រទេស​ខ្លះ អាច​ជា​វិធានការ​ដ៏​អាក្រក់​ឬ​សម្លាប់​សហគមន៍​ទន់​ខ្សោយ​ស្រាប់​តែ​ម្តង។

ក្នុង​ឱកាស​ទិវា​សុខភាពពិភពលោក​ ដែល​មាន​កម្មវត្ថុ លើក​ស្ទួយ​ពិភពលោក​ឱ្យ​មានសមភាព​សុខភាព និង​មាន​សុខភាព​ល្អ​ប្រសើរ​ឡើង អង្គការ​សុខភាព​ពិភពលោក​បាន​ផ្តល់តំរ៉ុយ​​បួន​យ៉ាង​ដល់​ថ្នាក់​ដឹកនាំ​ប្រទេស​នីមួយៗ ក្នុង​ការ​សម្រេច​បំណង​ផ្តល់​យុត្តិធម៌​និង​សុខភាព​ជូន​ប្រជាពលរដ្ឋ ដោយ​ត្រូវ​

 

  • សហការងារ​ជាមួយ​សហគមន៍​និង​ជន​រងគ្រោះ​ដើម្បី​គាស់​កកាយ​ឬសគល់​ជា​ដើម​ហេតុ​នាំ ឱ្យ​មាន​វិសមភាព ហើយ​​ផ្តល់​ដំណោះស្រាយនិង​ធ្វើការ​អនុវត្ត​​ដោយ​ជាក់​ស្តែង​ ក្នុងវិស័យ​សុខភាព។ លទ្ធផល​នឹង​សម្រេច​បាន​យ៉ាង​ធំធេង ប្រសិន​បើ​អំណាច​សាធារណៈ​និង​សហគមន៍​ធ្វើការ និង​ស្វែង​រក​ដំណោះស្រាយ​​រួម​គ្នា។
  • ចងក្រង​និង​ប្រើប្រាស់​តែ​ទិន្នន័យ​សុខភាព​សថ្មី និង​ពិត​ប្រាកដ ដោយ​ផ្អែក​ជុំ​វិញ​ ភេទ អាយុ ​ ប្រាក់ចំណូល កំរិតចំណេះ​ដឹង​ លក្ខន្តិកៈ​ចំណាកស្រុក ពិការភាព​ ទីតាំង​ភូមិសាស្ត្រ​ និង​លក្ខណៈ​ពិសេស​ផ្សេងៗ​ទៀត​របស់​ប្រទេស​ជាតិ​ផ្ទាល់​នីមួយៗ។ គឺ​មាន​តែ​ប្រមូល​ទិន្នន័យ​បែបនេះ​ទេ ទើប​គេ​អាច​សិក្សា​វាយតម្លៃ​អំពី​វិសមភាព​សុខភាព​របស់​ប្រជាពលរដ្ឋ​ និង​ផ្តល់​ដំណោះស្រាយ​សមស្រប​បាន។
  • អនុម័ត​ផែនការជាតិ​ ដើម្បី​លុប​បំបាត់​មូលហេតុ​នៃ​វិសមភាព​និង​ផ្តល់​ការ​វិនិយោគ​ដល់​ផ្នែកថែទាំសុខភាព​បឋមឱ្យ​បាន​ច្រើន​ជាងមុន។ គិត​គូរ​សុខភាព​នៅ​ពេល​នេះ​ថ្ងៃ​នេះ គឺ​ជា​ចាំបាច់​សម្រាប់​អនាគត។
  • បញ្ចេញ​សកម្មភាព​ឆ្លង​ព្រំដែនជាតិ។ ហេតុអ្វី​ ? ជា​ឧទាហរណ៍​ជាក់​ស្តែង ដើម្បី​បិទ​បញ្ចប់​ការ​រាតត្បាតសកលនៃ​ជំងឺ​​កូវីដ​១៩បាន ដរាប​ណា​តែ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក​បាន​ទទួល​ការ​ពារ ព្យាបាល និង​ធ្វើ​តេស្ត​ ទាំង​អស់​និងស្មើ​គ្នា។ បន្ថែម​ពី​លើការ​ផ្គត់​ផ្គង់​និង​ចែកចាយ​ថ្នាំ​បង្ការ ​ ការ​ធ្វើ​តេស្ត និង​ការ​ព្យាបាលជំងឺ​កូវីដ១៩ ឱ្យ​បាន​ស្មើ​ភាព​គ្នា​នៅ​លើ​លោក​ គេត្រូវ​ពង្រឹងយន្តការ​ជាតិ​និង​អន្តរជាតិ ព្រមទាំង​ទំនុក​ចិត្ត​របស់​សហគមន៍​និង​ការ​ចូល​រួម​ពី​សហគមន៍​ ក្នុង​ការ​ចែកចាយ​និង​ប្រើប្រាស់​ផលិតផលថ្នាំ​បង្ការ​ ឱ្យ​គ្រប់​គ្នា​កំរិត​ពិភពលោក។

នេះ​ជា​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក ចំពោះ​អាជ្ញាធរ​ ចុះ​តើ​អង្គការ​សុខភាព​មាន​សេចក្តីណែនាំ​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​ដែរ​ឬទេ​?

 

ពិត​ជា​មាន ! វា​មិន​មែន​ជា​ការ​កម្រ​ទេ ដែល​អង្គការ​សុខភាព​ពិភពលោក​តែង​ផ្តល់​អនុសាសន៍​ផ្សេង​​ជូន​ប្រជាពលរដ្ឋ​នោះ។ ហើយ​ដើម្បី​រស់​មានសុខភាព​ល្អ​ប្រសើរ អង្គការ​សុខភាពពិភពលោក​បាន​ផ្តល់​អនុសាសន៍៩​យ៉ាង ដូច​ជា​ស្តី​ពី​រយៈ​ពេល​ (ចំនួន​ម៉ោង)​ ត្រូវ​ធ្វើ​កីឡា ឬ​ទម្លាប់​ទទួល​ទាន​អាហារ​ ...។ បើ​តាម​ការ​សិក្សា​អាមេរិក ការ​​អនុវត្ត​តាម​សេចក្តីណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក មិន​ត្រឹម​តែ​រស់​មាន​សុខភាព​ប្រសើរ​ឡើង​ទេ តែ​ថែម​អាច​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​មហារីក​ជា​ច្រើន​មុខបាន​ទៀត។

តើ​អនុសាសន៍​ទាំង​៩​នោះ​មានអ្វី​ខ្លះ ?!

១- ដើម្បី​មាន​សុខភាព​ល្អ អង្គការ​សុខភាពពិភពលោក​សូមណែនាំ​ ឱ្យ​ពលរដ្ឋ​គ្រប់​រូប​បញ្ចេញ​សកម្មភាព​រាងកាយ​ ធ្វើ​កីឡា​ហាត់ប្រាណ​ ឱ្យ​បាន​យ៉ាង​ហោច​៣០​នាទី​ក្នុង​មួយ​ថ្ងៃ តាម​រយៈ​ការ​​ដើរ​កំសាន្ត ម្នាក់ឯង ឬ​ដោយ​មាន​គ្នា ក្នុង​សួន​ច្បារ ក្នុង​​ធម្មជាតិ ដើម្បី​ស្រូប​សាក​យក​ថាមពល។ ប្រសិន​បើ​អ្នក​ចង់បញ្ចេញ​សកម្មភាព​បែប​ផ្សេង​ក៏​បាន ៖ រត់ ទៅហាត់​នៅ​សាល​ សាកហាត់​វាយបុក ធ្វើ​យូហ្កា ឬ​ហែល​ទឹក ។ល។ និង​។ល។

២- ការពារ​ខ្លួន​ពី​ពន្លឺ​ព្រះ​អាទិត្យ​ ! កម្តៅ​និង​ពន្លឺ​ព្រះអាទិត្យ​ជា​ប្រភព​ថាមពល​​ផ្តល់​វីតាមីន​ដេ ល្អ​សម្រាប់​សុខភាព ប៉ុន្តែ​នៅ​ក្រោម​ពន្លឺ​រស្មី​ព្រះ​អាទិត្យ​ខ្លាំង​ពេក អាច​បង្ក​ឱ្យ​មាន​បញ្ហា​ស្បែក​ទៅ​វិញ។ ៧៥%​នៃរស្មី​ UV ជា​កាំ​រស្មី​ UVA ជា​កាំរស្មី​វែង​ ដែល​ជ្រៀត​ចូល​បាន​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ស្បែក និង​ដែល​ជា​ប្រភព​នាំ​គ្រោះ​ថ្នាក់​ខ្លាំង ដោយ​ទោះបី​ជា​អ្នក​ប្រើ​ក្រែម​ការពារ​ពន្លឺ​ម៉ាក​អ្វី​ក៏​មិន​អាច​ទប់​ជាប់​បាន​ដែរ។ ​ហេតុដូច្នេះ​ហើយ​បាន​ជា​អង្គការ​សុខភាព​ពិភពលោក​ណែនាំ​ឱ្យ​ចេះ​ការ​ពារ​ខ្លួន​ពី​ពន្លឺ​ព្រះ​អាទិត្យ។​

៣-​ កាត់​បន្ថយការ​ទទួល​ទាន​ជាតិ​អាល់កុល។ យូរៗ​ម្តង​លើក​មួយ​កែវ​ មិន​ជា​អ្វី​ទេ !​ ប៉ុន្តែ​សូម​ប្រយ័ត្ន ! សូម​កុំ​ឱ្យក្លាយ​ជា​ទម្លាប់​ឱ្យ​សោះ។

៤- សូម​ទទួល​ទាន​បន្លែ​និង​ផ្លែឈើ​៥​មុខ​ក្នុង​មួយថ្ងៃ។ ​យើង​ធ្លាប់​បាន​ឮ​សេចក្តី​ណែនាំ​នេះ​យូរក្រែល​ដែរ​ហើយ ប៉ុន្តែ​សួរ​ថា​៥​មុខ​នេះ​ជា​អ្វីខ្លះ​និ​ងក្នុង​បរិមាណ​ប៉ុនណា ? សម្រាប់​អង្គការ​សុខភាពពិភពលោក ក្នុង​មួយ​ថ្ងៃ​លោក​អ្នក​គួរ​តែ​ទទួល​បន្លែ​ខុស​គ្នា​យ៉ាង​ហោច​បីមុខ ដោយ​ក្នុង​មួយ​មុខៗ​ក្នុង​បរិមាណ​៨០​ក្រាម (ក្រោម​មួយ​ខាំ) និង​ផ្លែឈើ​យ៉ាង​ច្រើន​ពីរ​មុខ បាន​ហើយ​ ព្រោះ​ផ្លែឈើ​មាន​ជាតិ​ផ្អែម មាន​ជាតិ​ស្ករ​ច្រើន។

៥- សូម​ប្រយ័ត្ន​ក្នុង​ការ​ទទួល​អាហារ​កែច្នៃ។ អាហារ​កែច្នៃ នំ​ខេក នំប្រអប់ ... អាហារ​ឧស្សាហកម្ម ឬ​ទាន់​សម័យ​នេះ មិន​ល្អ​សម្រាប់​សុខភាព​ទេ ព្រោះ​វា​មាន​ផ្ទុក​ពេញ​ទៅ​ដោយ​ ធាតុ​​ផ្សំ​បន្ថែម​ ប្រែ​ជ្រុល ផ្អែម​ជ្រុល ... ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អង្គការ​សុខភាពពិភពលោក​ណែនាំ​ឱ្យ​ទទួល​ទាន​អាហារ​កែច្នៃ ធ្វើ​ស្រាប់​បែប​នេះ ឱ្យ​បាន​តិច​បំផុត​។ កាន់​តែតិច​កាលណា​ កាន់​តែ ល្អ​កាលខ្លាំង​កាលណោះ ហើយ​ជ្រើសរើស​ការ​ទទួល​ទាន​ម្ហូបអាហារ​ដែល​អ្នក​អាច​ធ្វើ​ឱ្យ​ដោយ​ខ្លួនឯង ដាក់​វត្ថុ​ធាតុ​ដើមនិង​គ្រឿង​ផ្សំ​​ដែល​អ្នក​ដឹង​ច្បាស់​និង​រាប់​ចេញ។

៦- របៀប​ចំអិន ! ទទួល​ទាន​អាហារ​ស្គាល់​ប្រភពនិង​ធ្វើ​ដោយ​ខ្លួន​ឯង​ល្អ​ហើយ តែ​ដើម្បី​ទទួល​បាន​​ផល​ល្អ​កាន់​តែ​ប្រសើរ​សម្រាប់​សុខភាព​ទៀត​នោះ ត្រូវ​ចៀសវាង​វិធី​ចំអិន ដោយ​អាំង និង​ បង់​ខ្លាញ់​ចៀន​ឆា​បណ្តោរ​។ វិធី​ចំអិន​ពីរ​ប្រទេស​ភេទ​នេះ​ជា​កត្តា​នាំ​ឱ្យ​មាន​រោគ​មហារីក​ខ្លាំងណាស់។ សូម​ជ្រើសរើស​ការ​ចំអិន​ដោយ​ចំហុយ​ឬ​​ដាំ​ក្នុង​ទឹក​វិញ។

៧- ដំណេក​គ្រប់គ្រាន់។ បើតាម​អនុសាសន៍ ត្រូវ​សំរាន្ត​ ​ ៧-ទៅ​៩​ម៉ោង​ ក្នុង​មួយ​​យប់ៗ ទើប​ស្អែក​ឡើង​មាន​កម្លាំង​ពលំ​ពេញ​លេញ។ ដំណេក​ជា​ការ​សាក​បញ្ចូល​ថាមពល​ឱ្យ​សរីរាង្គកាយ។ ចង់​មាន​សុខភាព​ល្អ មាន​ថាមពល និង​មាន​ប្រសិទ្ធភាព​ការងារ ត្រូវ​​មាន​ដំណេក​ល្អ​គ្រប់គ្រាន់។ បើ​បាន​សម្រាក​ថ្ងៃ​២០​នាទី​បន្ថែម​ទៀត នោះ​អ្នក​កាន់​តែ​រឹង​មាំ​ និងផ្ចង់​​គំនិតធ្វើការ​បាន​ល្អ។

៨- សូម​ប្រយ័ត្ន​នឹង​សារធាតុ​នាំ​ឱ្យ​មាន​ការ​ប្រែប្រួល​ក្រពេញ​អ័រមូន។ ថ្នាំសម្លាប់​សត្វ​ល្អិត បារី  ផលិតផល​មិន​ជ្រាប​ទឹក (ប្លាស្ទិក) គ្រឿង​សំអាង ថ្នាំ​លាប​ក្រចក ចំណីអាហារ​បែប​ឧស្សាហកម្ម​ ... សារធាតុ​ដែល​នាំ​ឱ្យ​មាន​ការ​ប្រែប្រួល​ក្រពេញ​អ័រមូន មាន​គ្រប់​ទិសទី។

៩- និង​ជា​ចុងក្រោយ​គឺ​ កុំ​ជក់​បារី ! វាមិនមែន​ជា​ការ​ងាយស្រួល​ទេ​ សម្រាប់​អ្នក​ធ្លាប់​ជក់​ហើយ តែ​ត្រូវ​ប្រឹងផ្តាច់ ព្រោះ​បារី​ នាំ​ឱ្យមាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ដល់​អ្នកជក់​ និង​អ្នកនៅ​ក្បែរ។ ឈប់​ជក់​បារី ជា​ការ​សន្សំ​បានទាំង​សុខភាព ទាំង​ថវិកា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI