នាទីសុខភាពនិងអនាម័យ

តើ​សំឡេង​​អាចបង្កគ្រោះ​ថ្នាក់​និង​ផល​ល្អយ៉ាងណា ​ចំពោះ​សុខភាព?

សំឡេង ១០:១៨
តើ​សំឡេង​​អាចបង្កគ្រោះ​ថ្នាក់​និង​ផល​ល្អយ៉ាងណា ​ចំពោះ​សុខភាព?
តើ​សំឡេង​​អាចបង្កគ្រោះ​ថ្នាក់​និង​ផល​ល្អយ៉ាងណា ​ចំពោះ​សុខភាព? Bruits et son

សំឡេង​តន្ត្រី សំឡេង​ចរាចរណ៍​បើកបរ​តាម​ផ្លូវ ធ្វើការ​ក្នុង​បរិស្ថាន​មិន​ស្ងប់ស្ងាត់​មាន​សំឡេង​ខ្ញៀវខ្ញា អាច​ធ្វើ​ឱ្យប្រព័ន្ធ​សោតវិញ្ញាណ​ ចុះ​ខ្សោយ​បាន។ តើ​សំឡេង​ជា​អ្វី ? ត្រចៀក​អាច​រងគ្រោះ​យ៉ាង​ណា​នៅពេល​ឮ​សំឡេង​ខ្លាំង ? តើ​សំឡេង​អាច​បង្ក​គ្រោះ​យ៉ាងណា ? ចុះ​តើ​មាន​សំឡេង​ដែល​អាច​សម្រួល​អារម្មណ៍​និង​ល្អ​សម្រាប់​សុខភាព​និង​ត្រចៀកដែរ​ឬទេ ?

ផ្សាយពាណិជ្ជកម្ម

មានមនុស្ស​ច្រើន​ណាស់ ដែល​មានបញ្ហាត្រចៀក​ ខ្លះជា​បញ្ហា​ស្រាល និង​មិនទាំង​ដឹង​ខ្លួន​ផង។ តាម​ការ​ពិត​ រស់​ប្រឈម​នឹង​សំឡេង​ថ្លង់​និង​រំខាន​រាល់​ថ្ងៃ ដូច​ជា​ពាក់កាស​ ចុក​ត្រចៀក​ស្តាប់ភ្លេង​យូរ​រាប់​ម៉ោង​ខ្លាំង​ ឬ​ស្នូរ​សំឡេង​ខួង​ សំឡេង​ការដ្ឋាន​... សំឡេង​រំខាន​ទាំង​នេះ អាច​ប៉ះពាល់​ខ្លាំង​​ដល់​ប្រព័ន្ធ​សោតប្រសាទ​របស់​យើង ដែល​បើ​ខូច​ខាត​ហើយ​មិន​អាច​ស្តារ​បាន​ឡើង​វិញ​បាន​ទេ។

នៅ​អឺរ៉ុប​មានប្រជាជន​ប្រមាណ​ជិត​១២៥​លាន​នាក់ រស់​ប្រឈម​នឹង​ការ​បំពុលបរិស្ថាន​ជា​សំឡេង​រំខាន។ ហើយ​បើ​តាម​ភ្នាក់ងារ​បរិស្ថានអឺរ៉ុប បរិស្ថាន​សំឡេង​ពុលបាន​ជំរុញ​ឱ្យ​មនុស្ស​ប្រមាណ​៤៣០០០នាក់ ចូល​មន្ទីរពេទ្យ​ និង​ជាង​១ម៉ឺននាក់​ស្លាប់​មុន​អាយុ ក្នុង​មួយ​ឆ្នាំៗ។

តើ​សំឡេង​បង្ក​ឥទ្ធិពល​អាក្រក់​យ៉ាងណា​ខ្លះ ?

បើ​និយាយ​អំពី​ការ​រំខានដោយ​សំឡេង អ្នក​រងគ្រោះ​ដំបូង​គេ គឺ​ត្រចៀក ! ​ហានិភ័យ​ ​នៃ​សំឡេង​លាន់​ឮខ្លាំង នឹងទៅ​ប៉ះពាល់​ដំបូង​គេ​បំផុតប្រព័ន្ធ​សោតវិញ្ញាណ។ សម្រាប់​រយៈ​ពេល​ធ្វើ​ការ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ការ​ប្រឈម​នឹង​សំឡេង​លើស​ពី ៨៥DB ត្រូវ​បាន​គេ​ចាត់​ទុក​ជា​គ្រោះថ្នាក់។ បើ​ជា​​សំឡេងលាន់​ឮ​ខ្លាំង​ជាង​នេះ​ សូម​កុំ​នៅ​ស្តាប់ និងនៅ​ក្បែរ​យូរឱ្យ​សោះ។ តែ​បើ​ជា​សំឡេង​លាន់​ខ្លាំង​លើស​ពី ១៣០db ទោះ​បី​នៅប្រឈម​ស្តាប់​រយៈ​ពេល​ខ្លី ក៏ជា​តំណាង​​គ្រោះ​ថ្នាក់​សម្រាប់​​ត្រចៀក​ដែរ។

សំឡេង​ធ្វើ​ឱ្យ​ថ្លង់

រស់​ប្រឈម​នឹង​សំឡេង​រំខានឮខ្លាំងៗ យូរៗ​ទៅ​ កោសិកា​នៃ​សរីរាង្គ​ត្រចៀកខាង​ក្នុង​ត្រូវ​បំផ្លាញ​បន្តិចម្តងៗ​ដោយ​មិន​ដឹង​ខ្លួន។ យើង​នឹង​ចាប់​ផ្តើមមាន​អាការៈធ្ងន់់​ត្រចៀក​ឬទៅ​ជាថ្លង់ៗ បន្តិចម្តងៗ​ដែរ។

ថ្លង់​មាន​បី​ដំណាក់កាល ៖ ដំណាក់កាលទីមួយ ជា​ការ​ថ្លង់​ស្រាល ដែល​ម្ចាស់​ខ្លួន​មិន​ទាំង​ចាប់​អារម្មណ៍​ខ្លួន​ឯង​ថា​បាត់បង់​សមត្ថភាព​ស្តាប់​ផង ព្រោះក្នុង​ដំណាក់កាល​នេះ ត្រចៀក​នៅ​​ចាប់​រលក​សំឡេង​និយាយ​បាននៅ​ឡើយ​ ទាល់​តែ​អ្នក​និយាយ​ទល់​មុខ​ប្រើភាសា​ខ្សឹប​ខ្លាំងក្រោម​៣០db​ទើបចាប់​មិន​សូវ​បាន និង​ស្នើ​ឱ្យ​និយាយ​ម្តង​ទៀត។ ដំណាក់កាលទីពីរ ជា​ការ​ថ្លង់​មធ្យម ឬ​ហៅ​ថា​ ការធ្ងន់ត្រចៀក ! ត្រចៀក​ចាប់​ផ្តើម​ស្តាប់លែង​​សូវ​បាន​នូវ​រាល់​សំឡេង​ណា​ដែល​ស្រួយ​ខ្លាំង។ ការ​ឆ្លើយ​ឆ្លង​គ្នា​អាច​នឹង​ពិបាក​យល់​ ដោយ​ហេតុ​តែ​អ្នក​ថង់​មិន​អាច​ឮច្បាស់​ពាក្យ​ខ្លះ។ ដំណាក់កាលទីបី ជាការ​ថ្លង់​ធ្ងន់ធ្ងរ ធ្ងន់ត្រចៀក​ខ្លាំង មិន​អាច​ស្តារ​បាន​។ អ្នក​ជំងឺ​មាន​អាការៈ​ថ្លង់​ស្តាប់​គេ​លែង​បាន​សោះ ឬ​បានយ៉ាង​តិច​តួចបំផុត​ ដូច​ពាក្យចាស់​ថា ថ្លង់​ដូច​ជញ្ជាំង ទាល់​តែ​សំឡេង​ចាប់​ពី​​៩០db ទៅ​ទើប​ឮខ្លះ។

សំឡេង​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​យើង​ធ្លាក់​ខ្លួន​មាន​អាការៈ​ធ្ងន់​ត្រចៀក ឬ​ថ្លង់​ទេ តែ​ថែម​ទាំង​អាច​បង្ក​ឱ្យ​មាន​អារម្មណ៍​ថា​ឮ​សំឡេង ពេល​នៅ​ទីស្ងាត់ ឬ​បង្ក​ឱ្យ​ត្រចៀក​ពិបាក​ទ្រាំនិង​ឆាប់​ស្រៀវនឹងសំឡេង​ណា​មួយ ឬ​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ឆាប់​ស្លុត​ឬឈឺដូច​បែក​ត្រដាស​ត្រចៀក នៅ​ពេល​ឮ​សំឡេង​អ្វីមួយ​ខ្លាំងៗ ដូច​ជា​សំឡេង​កាំភ្លើង សំឡេង​ផ្ទុះ ឬ​សំឡេង​កាំជ្រួច។

សំឡេង​បង្កើន​វិបត្តិ​សរសៃ​ឈាម​បេះដូង

មានការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញថា ពលករ​​ធ្វើ​ការ​នៅក្នុង​កន្លែង​មាន​សំឡេង​លាន់​ឮ​ខ្លាំង (សំឡេង​គ្រឿង​ចក្រ សំឡេង​ម៉ាស៊ីន សំឡេង​រោទិ៍) ច្រើន​តែ​មាននិន្នការ​ធ្លាក់​ខ្លួនក្លាយ​ជា​បុគ្គល​មានបញ្ហា​សរសៃ​ឈាម​បេះ​ដូង។ កាន់​ប៉ុស្តិ៍​ការងារ​មាន​សំឡេង​ខ្លាំង​កាន់​តែ យូរ​ឆ្នាំ កាន់​តែ​មាន​គ្រោះ​កើត​ជំងឺ​ពាក់​ព័ន្ធ​នឹងសរសៃ​ឈាម​បេះដូង ព្រោះ​សំឡេង​ជា​ប្រភព បង្កើន​ល្បឿនចង្វាក់​បេះ​ដូង​ និង​ ​សម្ពាធ​ឈាម អត្រា​កូឡេស្តេរ៉ូល ព្រមទាំង​ការ​ស្លោកស្ទះ​បេះដូង Infarctus។

សំឡេងបង្កើន​ស្ត្រេស

បើ​ជាសំឡេងរំខាន​​នៅ​ពេលយប់​វិញ វានឹង​ជះ​ផល​អវិជ្ជមាន​​ខ្លាំង​ជាង​គេ​ដល់​ដំណេករបស់​មនុស្ស​សត្វ។ ប្រឈម​នឹង​សំឡេង​រំខានខ្លាំង​ចាប់​ពី ៨៥dbទៅ រយៈ​ពេល​១២​ម៉ោង នឹង​ធ្វើ​ឱ្យ​ចង្វាក់​ដំណេក​របស់​យើង​ត្រូវ​រួញ​ខ្លី និង​តិចជាង​មុន ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​​អាការៈនឿយហត់​រ៉ាំរ៉ៃ។ វា​មិនមែន​ជា​ការ​កម្រ​ទេ ដែល​​យើង​នឹង​មាន​អារម្មណ៍​គេង​មិនបានគ្រប់​គ្រាន់ មិន​ឆ្អែត និង​អស់​កម្លាំង ងើបឡើងមួរ​មៅ​មិន​សូវ​សប្បាយ​ចិត្ត​ ដោយ​សារ​មាន​សំឡេង​រំខាននៅ​ពេល​ដេកនោះ។ ដោយ​មូលហេតុ​សំឡេង​នេះ ​ អ្នក​ធ្វើ​ការ​យប់​សម្រាក​ថ្ងៃ​ អាច​មាន​វិបត្តិដំណេក​ និង​ផលវិបាក​ចំពោះ​សុខភាព​​​ធ្ងន់ធ្ងរ​ជាង​មនុស្សម្នា​ធម្មតា។

ការ​សិក្សា​ជា​ច្រើន​ផ្សេង​ទៀត បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​សំឡេង​ឮខ្លាំង ឬ​សំឡេង​រំខាន អាច​ប៉ះពាល់​ខ្លាំង​ដល់​សុខភាពផ្លូវ​ចិត្ត​និង​ខួរ​ក្បាល។ នៅ​ក្នុង​ការ​ស្រាវជ្រាវ​ចេញ​ផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្តី​សុខភាព កាលពី​ខែ​ឧសភា​ឆ្នាំ​២០១៨ អ្នក​វិទ្យាសាស្ត្រ​ដាណឺម៉ាក បាន​វិភាគលទ្ធផលអង្កេត​ ដោយ​រកឃើញ​ថា​ អ្នក​ដែល​រង​សំឡេង​រំខានមក​ពី​ផ្ទះ​អ្នក​ជិត​ខាង ជួប​ហានិភ័យ​មាន​សុខភាព​ផ្លូវចិត្ត​មិន​ល្អ ២,៣៤​ដង និង​ឡើង​ស្ត្រេស​ ២,៧៨ដង​លើស​ អ្នក​ដែល​គ្មាន​សំឡេង​អ្នក​ជិតខាង​រំខាន​។ ភាព​រំខាននិង​ហានិភ័យ​មាន​ប្រហាក់​ប្រហែល​គ្នា​ដែរ ចំពោះ​អ្នក​រស់​នៅជាប់​ផ្លូវ មាន​ចរាចរណ៍​ទៅ​មក​ច្រើន។ ការ​សិក្សា​បាន​សរុប​សេចក្តី​សន្និដ្ឋាន​ ​ថា ពិត​ជា​មានចំណង​ទំនាក់ទំនង​រវាង​ភាព​រំខាន​នៃ​សំឡេង​ និង​សុខភាព​ផ្លូវ​ចិត្ត​ និង​កំរិត​នៃស្ត្រេស​របស់​អ្នក​រស់​នៅក្នុង​ទីក្រុង ក្នុង​ផ្ទះ​ល្វែង​​​លើ​ក្រោមគ្នា​ជាច្រើនជាន់។ ប៉ុន្តែ​គេចាំ​បាច់​ត្រូវ​សិក្សា​បន្ថែមច្រើន​​ទៀត ទើប​អាច​រក​ឃើញ​ចំណង​ហេតុនិង​ផលបាន។

តើ​សំឡេង​ខ្លាំង​កំរិត​ណា​ដែល​គេ​ចាត់ទុក​ថា​នាំ​ឱ្យ​ខូចសុខភាព ?

សំឡេង​ត្រូវ​បាន​វាស់​ដោយ​ប្រើ​ខ្នាតគិត​ជា Decibel ពី​សូន្យ​ទៅ ១៣០db។ ០db ជា​សំឡេង​ទាប​បំផុតដែល​ញាណ​ត្រចៀក​​ចាប់​ដឹង និង​១៣០db ជាកំរិត​នាំ​ឱ្យ​ឈឺ​ត្រចៀក។ មិនមែន​ប្រភេទសំឡេងឡើយ​​ តែ​គឺ​កំរិត​សន្ធឹក​នៃ​សំឡេង​ខ្លាំង​ជ្រុល​ទេ ដែល​ជា​គ្រោះ​ថ្នាក់​សម្រាប់​ត្រចៀក។ ហេតុ​ដូច្នេះ​ហើយបា​ន​ជា​អ្វី​ដែលយើង​ស្តាប់​​ខ្លះ​ផ្តល់​ភាព​ពិរោះ​រណ្តំសម្រាប់​អារម្មណ៍ណាស់ ប៉ុន្តែ​បើ​អ្នក​ដំឡើង​សំឡេង​ឱ្យ​ឡើង​ខ្លាំង​ជ្រុល​ពេក​វា​អាច​ទៅ​បំផ្លាញ​សោតប្រសាទ​អ្នក​ទៅ​វិញ​ទេ។ តាម​ធម្មតា ក្នុង​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​ ​មនុស្ស​ម្នា​បច្ចុប្បន្ន​នេះ បញ្ចេញ​សំឡេង​ក្នុង​កំរិត ពី ៣០ ទៅ ៩០db។

​កំរិត​សំឡេង​ដែល​គួរ​រក្សា​ឱ្យ​បានសម្រាប់​បរិស្ថាន​ក្នុង​ផ្ទះ ដើម្បី​សុខភាព​ទូទៅ​ក៏​ដូច​ជា​សុខភាព​ដំណេក ត្រូវ​ស្ថិត​នៅ​ចន្លោះ​ពី​ ៣០-៤០​db និង​ត្រឹម​៣០db សម្រាប់​បន្ទប់​គេង។ ៦០ទៅ៦៥​db ជា​កំរិត​សំឡេង​ដែល​ត្រចៀក​ស្តាប់ឮបាន​ល្អ​ប្រសើរ​ជាង​គេ ព្រោះ​ជា​កំរិត​សំឡេង​ធម្មតា​នៃ​ការ​និយាយ​ស្តី​ឆ្លង​ឆ្លើយ​គ្នា​របស់​​​មនុស្ស​ជា​ទូទៅ។ លើស​​ពី​៦៥​ដេស៊ីបែល​ទៅ ត្រចៀក​ចាប់​ហត់​និង​ពិបាក​ទ្រាំ ... ពី​៩០​ទៅ ១០០ដេស៊ីបែល ជាហានិភ័យសម្រាប់​ត្រចៀក និង​ចាប់​ពី ១១០​ដេស៊ីបែល​ទៅ​ជា​គ្រោះថ្នាក់។

ដើម្បី​បាន​ដឹង​ថា​បរិស្ថាន​នៅ​ជុំ​វិញ​ខ្លួន​មាន​កំរិត​សំឡេង​ប៉ុន្មាន​ដេស៊ីបែលឱ្យ​ពិត​ប្រាកដ គេ​ត្រូវ​ប្រើ​ម៉ាស៊ីន​វាស់​សំឡេង។ ​ខាងក្រោម​នេះ​ជា​មគ្គុទេសក៍​នៃ​​​ ​កំរិត​សំឡេង​

​ស្ងប់​ស្ងាត់​ល្អ

  • ០db សូន្យ​គឺ​ស្ងាត់​ឈឹង ញាណ​ត្រចៀក​អាចចាប់​ដឹង​ថា​មាន​សំឡេង​
  • ១០db គឺ​ស្ងាត់​ដូច​នៅក្នុង​បន្ទប់​ថត​សំឡេង​ ឬនៅ​ទីវាលខ្សាច់​​រហោឋាន
  • ២០db ស្មើ​នឹង​ការ​និយាយ​ខ្សឹបៗ ឬ​នៅក្នុង​សួន​ឧទ្យាន​ស្ងប់ស្ងាត់

កំរិតល្អ​អាច​ទទួល​យក​បាន ៖

  • ២៥db នៅ​ស្រុកស្រែ​គ្មានខ្យល់​បោកបក់​ដើមឈើ
  • ៣០​db ក្នុង​បន្ទប់​គេង​
  • ៤០db ក្នុង​ការិយាល័យ​ធ្វើការ​ និង​ផ្ទះ​មានបរិស្ថានស្ងប់​ស្ងាត់

កំរិតអាច​ទ្រាំទ្រ​បាន ៖

  • ៤៥ db សំឡេង​ម៉ាស៊ីនបោក​ខោអាវ ម៉ាស៊ីនលាងចាន ឬ​ទូរទឹកកក
  • ៥០ db សំឡេង​ក្នុង​ផ្សារ​ទំនើបធំៗ ថ្លង់​កំរិត​៥០ដេស៊ីបែល
  • ៦០ db សំឡេង​មនុស្ស​និយាយ​គ្នា និង​សំឡេង​ពេល​បើក​បង្អួច​នៅ​ជាប់ផ្លូវ

កំរិតអាច​នាំ​ឱ្យ​ហត់​ និង​ពិបាក​ទ្រាំ

  • ៦៥db សំឡេងឡានបើក​តាម​ថ្នល់
  • ៧០db សំឡេងម៉ាស៊ីន​បូម​ផ្ទះ កាត់​ស្មៅ ផ្លុំ​ខ្យល់
  • ៨០db សំឡេង​ចរាចរណ៍​តាមផ្លូវកកណែន​ និង​ស៊ីផ្លេឡាន

កំរិត​សំឡេង​ជា​ហានិភ័យ​ ៖

  • ៩០db សំឡេងត្រាក់ទ័រ រថភ្លើង
  • ១០០db ​​សំឡេងក្នុង​កាស​បើកអស់​លេខ ឬ​ធុងបាសការ​ប្រគុំ​តន្ត្រី
  • ១០២db សំឡេងតន្ត្រី​ក្នុង​រង្គសាលបារ ដីស្កូ

កំរិត​សំឡេង​ជា​​គ្រោះថ្នាក់ ៖

  • ១១០db សំឡេង​​ធុង​បាសឡាន​ខ្លាំង​អស់​លេខ
  • ១២០db សំឡេងយន្តហោះ​ហោះឡើង ឬ​សំឡេង​ម៉ាស៊ីនខួងសំណង់
  • ១៣០db ស្នូរ​កាំភ្លើង
  • ១៤០db ស្នូរ​គ្រាប់​ផាវ

តើ​មាន​សំឡេង​ណា​មិន​រំខាន និង​ល្អ​សម្រាប់សុខភាព​និង​អារម្មណ៍​ទេឬ ?

សូម​ស្វែង​​រក​ស្តាប់​សំឡេង​ធម្មជាតិ ដូច​ជា​ទឹក​ហូរ សំឡេង​សត្វ​ច្រៀង​។ បើ​តាមការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ​ជីវវិទ្យា​នៅ​សាកលវិទ្យាល័យ​​ Carleton កាណាដា ចេញ​ផ្សាយកាលពី​ថ្ងៃ​ទី ២២មីនា ២០២១ នៅក្នុង​ទំព័រ​ទស្សនាវដ្តី​វិទ្យាសាស្ត្រ PNAS ការ​ចំណាយ​ពេ​លវេលា​ស្តាប់​សំឡេង​ធម្មជាតិ​អាច​កាត់​បន្ថយ​ស្ត្រេស បង្កើនសមត្ថភាព​ផ្នែក​បញ្ញា ហើយ​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ទៀត។

ក្រុម​អ្នក​ជំនាញ​កាណាដា​បាន​សង្កេត​ឃើញ​អំពី ឥទ្ធិពល​នៃ សំឡេង​ធម្មជាតិ​ទៅ​លើ​ចង្វាក់​បេះ​ដូង សម្ពាធ​ឈាម​ ការ​ឈឺ​ចាប់ ​ស្ត្រេស និង​ អារម្មណ៍​ព្រមទាំង​សមត្ថភាព​នៃ​ការ​យល់​ដឹង។ បើ​សរុប​ឥទ្ធិពល​វិជ្ជមានទៅ អ្នក​បានស្តាប់​សំឡេង​ធម្មជាតិ មាន​សុខភាព​ប្រសើរ​ឡើង​ចំនួន ១៨៦% ជា​ទូទៅ និង​បានកាត់​បន្ថយ​អត្រា​ស្ត្រេស​និង​មួរហ្មង​បាន​២៨%។ សំឡេង​ធម្មជាតិ​ដែល​ផ្តល់​ផល​ល្អ​ជា​ងគេ គឺ​សំឡេង​ទឹកហូរ បន្ទាប់​មក​គឺ​​សំឡេង​សត្វច្រៀង​ និង​បន្ទាប់​មកទៀត គឺ សំឡេង​ទឹកហូរ​លាយ​នឹង​សត្វ​ច្រៀង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI