នាទីសុខភាពនិងអនាម័យ

កូវីដ​១៩ ៖ អ្វី​ដែល​ស្ត្រី មានផ្ទៃពោះ គួរ​​ដឹង ក្នុង​អំឡុង​ពេល​មានជំងឺរាតត្បាត

សំឡេង ១០:៣៦
មាន​ផ្ទៃពោះ​ក្នុង​បរិបទ​កូវីដ១៩
មាន​ផ្ទៃពោះ​ក្នុង​បរិបទ​កូវីដ១៩ iStock / LSOphoto

ពេល​​បាន​ឆ្លង​មេរោគ​កូរ៉ូណានៃ​ជំងឺកូវីដ ស្ត្រី​មាន​ផ្ទៃ​ពោះ ទំនង​ជា​​មាន​ហានិភ័យ​ធ្លាក់​ខ្លួន​ឈឺ​កូវីដ១៩ ទម្រង់​ធ្ងន់ ជាង​ស្ត្រី​ធម្មតា។ ការ​សិក្សាអន្តរជាតិ​ក្នុង​ប្រទេសចំនួន ១៨ នៅ​លើ​ពិភពលោក បាន​បង្ហាញ​ថា ស្ត្រី​មាន​គ៌ភ វិជ្ជមាន​កូវីដ អាច​មានគ្រោះ​ជួប​ហានិភ័យ​ធ្ងន់ធ្ងរ ឬ​ស្លាប់ ២០​ដងលើស ស្ត្រី​មាន​ផ្ទៃពោះ​គ្មាន​កូវីដ។ ប៉ុន្តែ​ការសិក្សាវិទ្យាសាស្ត្រ​នៅ​មាន​តិច​តួច​នៅ​ឡើយ​ ជុំ​វិញ​ប្រធានបទនេះ​ ហេតុដូច្នេះគួរ​តែ​ប្រុង​ប្រយ័ត្នខ្លាំង និង​កុំ​អាល​ធ្វើ​សេចក្តីស​ន្និដ្ឋាន​អ្វីឆាប់​ពេក។

ផ្សាយពាណិជ្ជកម្ម

មាន​ផ្ទៃពោះ​នៅ​ឆ្នាំ​២០២១ ត្រូវ​ខ្វាយ​ខ្វល់​គិត​អំពី​បញ្ហា​សុខភាព​តាម​ទម្លាប់​​អ្នក​ពរពោះ​​ជាធម្មតាផង និង​ត្រូវ​ខ្វល់​គិតខ្លាំង​ អំពីហានិភ័យ​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ​១៩មួយ​ទៀត។ នៅ​ប្រទេស​ជឿនលឿន ឬ​ ប្រទេស​អ្នកមាន​ ស្ត្រីមានផ្ទៃពោះ មាន​អាទិភាព​ចាក់​ថ្នាំ​បង្ការ​ប្រឆាំងកូវីដ​មុន​គេដែរ។ ប៉ុន្តែ​ ស្ត្រី​ភាគ​ច្រើន​នៅ​តែ​ចោទ​សួរ​ ថា​តើ​មាន​អនុសាសន៍​អ្វីពិសេស​សម្រាប់អ្នកពរពោះ​ដែរ​ឬទេ ?

មាន​ផ្ទៃ​ពោះ​ជា​កត្តាហានិភ័យ​?

​ស្ត្រី​មាន​ផ្ទៃពោះ​គ្មាន​គ្រោះ​ឆ្លង​កូវីដ​១៩​ជាង​ស្ត្រី​គ្មានផ្ទៃពោះ​ទេ។ មេរោគ​នៃ​ជំងឺ​កូវី​ដ១៩ ក៏មិនកំណាច​ខ្លាំង​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ ជាង​ស្ត្រី​គ្មាន​ផ្ទៃពោះដែរ ប៉ុន្តែ​បើ​​ស្ត្រី​មានផ្ទៃពោះបាន​ឆ្លង​កូវីដ១៩ ហើយធ្លាក់​ខ្លួន​​មាន​វិបត្តិ​ដង្ហើម​ បញ្ហា​ដំបូង​គេ គឺ​ពិបាក​​សង្គ្រោះ​និង​ការព្យាបាល​មាន​លក្ខណៈ​ស្មុគស្មាញ​ជាង។ ហើយ​គឺ​ការ​មាន​គ៌ភ ផ្ទាល់​តែ​ម្តង​ ជា​កត្តាហានិភ័យ ព្រោះ​ពេល​មាន​ផ្ទៃពោះ ស្ត្រី​ចាស់​អស់​១៥​ឆ្នាំ បានន័យ​ថា​ បើ​ស្ត្រី​ផ្ទៃពោះ​នៅអាយុ​៣៥ឆ្នាំ ស្ត្រី​ប្រឈម​នឹងហានិភ័យ​សុខភាព​ដូច​ស្ត្រី​អាយុ​៥០​ឆ្នាំ។ ហេតុ​ដូច្នេះហើយ​បាន​ជាអាជ្ញាធរ​សុខាភិបាល​ជាន់​ខ្ពស់​​បារាំងបានជូន​ដំណឹង​​ នៅក្នុងសៀវភៅ​មគ្គុទេសក៏​របស់​ខ្លួនថា ការ​មានគ៌ភ​អាច​បង្កើន​គ្រោះ​ហានិភ័យ ឱ្យ​មានទម្រង់​ធ្ងន់​នៃ​ជំងឺ​កូវីដ ជាពិសេស​​បើ​អាយុគ៌ភ​ចូល​ដល់​ត្រីមាស​ទីបី និងបើ​ស្ត្រី​អ្នក​ពរពោះ​មាន​ជំងឺ​ប្រចាំ​កាយស្រាប់(ជំងឺ​ទឹកនោម​ផ្អែម ធាត់​ជ្រុល លើសឈាម)​។

ជាងនេះទៅ​ទៀត បើ​តាម​លទ្ធផល​នៃការសិក្សា​អន្តរជាតិថ្មី​​ ក្នុង​មន្ទីរ​សម្ភព​ចំនួន ៤៣​កន្លែង ក្នុង​១៨ប្រទេស ស្ត្រីមាន​ផ្ទៃពោះ ដែល​ឆ្លង​កូវីដ​១៩ ពេល​កំពុង​ពរ​ពោះ មាន​ហានិភ័យ​ធ្លាក់ខ្លួន​ស្លាប់​ ដល់​ទៅ ២០​ដង​លើស​​ស្ត្រី​មាន​ផ្ទៃពោះ គ្មានកូវីដ១៩ និង​មាន​ហានិភ័យ​ធ្លាក់​ខ្លួន​ឈឺធ្ងន់ ត្រូវ​ការ​ការ​សង្គ្រោះ​និង​ថែទាំដោយ​ជំនួយ​អុកស៊ីហ្សែន ឬ ឆ្លង​ទន្លេមុន​កំណត់។ តែ​ជាសំណាង​ល្អ ស្ត្រី​មាន​គ៌ភ​មាន​កូវី​ដ​ក្នុង​ទម្រង់​ស្រាល ឬ​គ្មាន​រោគ​សញ្ញា និងពុំ​មានជំងឺប្រចាំកាយ​ស្រាប់​ទេ ក៏​មិនងាយ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដូច​រៀប​រាប់​ខាង​លើ​ដែរ។ នេះបើ​តាម​ការ​គូសបញ្ជាក់​របស់​លោកវេជ្ជបណ្ឌិត Dr Michael Gravett នៅសាកលវិទ្យាល័យ​វ៉ាស៊ីនតោន ដែលជា​សហប្រធាន​ដឹកនាំ​សិក្សា ដែល​ទើប​ចេញ​ផ្សាយ​ក្នុង​ទំព័រទស្សនាវដ្តី Jama pediatrics ។

តើ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​កូវីដ អាចចម្លង​មេរោគ​ទៅ​ឱ្យ​កូន​នៅក្នុង​ផ្ទៃ ?

នេះជា​សំណួរ​ដែលស្ទើរគ្រប់ស្ត្រី​មាន​ផ្ទៃពោះសម័យ​កូវីដ​បានចោទសួរ និង​​ក៏ជា​សំណួរ​ដែលអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ​កំពុង​បន្តចោទ​សួរ​ឥតឈប់​ដែរ។ តែ​បើ​តាម​អាជ្ញាធរ​ស្រាវជ្រាវវិទ្យាសាស្ត្រ​និង​​សុខភាព​បារាំង យោង​ករណី​ដ៏​តិចតួចដែលមាន វាជាការ​កម្រណាស់​ដែលមេរោគ​កូវីដ​​របស់ម្តាយ​ឆ្លងទៅកូន​ក្នុង​ផ្ទៃ។ គេ​សង្កេតឃើញ​មាន​​ករណី​​ដំបូង​បង្អស់មួយ នៅ​សិង្ហបុរី​ដែល​ទារក​កើត​មកអង់ទីក័រ​កូវីដ។ តែ​​បើ​តាមការសិក្សា​ ​របស់អាមេរិក គ្មាន​ទារក​ណាម្នាក់​កើត​មក​វិជ្ជមានកូវីដ​១៩​ទេ។ ការ​សិក្សាមួយ​ទៀត​របស់​អ្នកស្រាវជ្រាវអង់គ្លេស ដែលបានតាមដាន​សង្កេត​ស្ត្រីមាន​ផ្ទៃពោះ​ជាង​​បួនពាន់​នាក់ ពាក់កណ្តាលមានកូវីដ ពាក់កណ្តាលទៀត​គ្មានកូវីដ នៅអង់គ្លេស និងនៅ​សហរដ្ឋអាមេរិក និង បានបង្ហាញ​ថា គ្រប់​ទារកកើត​មក​សុទ្ធតែមានសុខភាព​ល្អ គ្រប់គីឡូ និង​គ្រោះ​មរណៈ​ក្រោយ​កើត​ទេ។ ប៉ុន្តែ អ្នកស្រាវជ្រាវ​អង់គ្លេស​សន្និដ្ឋាន​ថា កូវីដ​ ទំន​ង​ជាអាច​​ជំរុញ​ឱ្យ​ស្ត្រី​ពរពោះបង្កើត​​ទារក​កើត​មិន​គ្រប់​ខែ។ នៅក្នុង​ទិន្នន័យ​អង់គ្លេស ស្ត្រីពរពោះ​មានកូវីដ​ ដល់ទៅ​ ១២%​ឆ្លងទន្លេ​មុនកាលកំណត់ ទល់នឹង​៧,៥% បើ​ប្រៀប​ទៅ​នឹងមធ្យមភាគជាតិ។ ទិន្នន័យ​នៅ​អាមេរិកវិញ បង្ហាញ​ថា​ទារក​១៥%​កើត​មិន​គ្រប់ខែ  ទល់​នឹង​មធ្យមភាគជាតិ ត្រឹម​តែ១០%។

តើ​នឹង​អាចមាន​ករណី​ទារកក្នុង​ផ្ទៃម្តាយ​មានកូវីដលូតលាស់មិនត្រឹមត្រូវ​ដែរឬទេ ?

នេះ​ក៏​ជា​សំណួរ​ដែលអ្នក​វិទ្យាសាស្ត្រ​កំពុង​ចោទសួរ​ខ្លាំង​ដែរ ជាពិសេស​ចំពោះ​ការឆ្លង​កូវីដ​នៅ​ក្នុង​ត្រីមាស​ដំបូងនៃគ៌ភ ព្រោះ​​ដំណាក់កាល​នេះ ជា​រយៈ​ពេល​ដែល​កូ​នក្នុង​ផ្ទៃ​ចាប់​កកើត​សរីរាង្គ។ បើ​តាម​ឯកសារ​ដែល​មាន ​តិច​តួច​ស្តើងនៅឡើយនោះ ច្រើន​តែ​ជា​ការសិក្សា​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ចូល​ដល់​ត្រីមាស​ទីបី​នៃគ៌ភ​។ បើ​តាម​​របាយការណ៍​របស់​ឧត្តមប្រឹក្សា​ជាន់​ខ្ពស់​សុខភាព​សាធារណៈបារាំង​​ ចេញ​ផ្សាយ ​នា​ថ្ងៃទី ២៣​កក្កដា ២០២០ ពុំ​មានករណីទារក​កើត​មក​មាន​ការ​​លូត​លាស់​មិន​ត្រឹម​ត្រូវ​ ​ពាក់​ព័ន្ធ​នឹង​ជំងឺ​កូវីដ​១៩​ទេ។

ប៉ុន្តែ​បើ​តាម​របាយការណ៍​របស់​អាជ្ញាធរ​សុខាភិបាល​អៀរឡង់​ ចេញ​ផ្សាយ​នៅ​ថ្ងៃទី ៤​មីនា ២០២១​វិញ មានករណី​ទារក​លូតលាស់​មិន​ត្រឹម​ត្រូវ កើត​មក​ស្លាប់​ភ្លាម​បួន​​នាក់ជាប់​សង្ស័យ​ថា​បណ្តាល​មក​ពី​ម្តាយ​វិជ្ជមានជំងឺ​កូវីដ​១៩។ ហើយ​មូលហេតុ​នៃ​ការ​ស្លាប់​ទារក​គឺ​ដោយ​សារ​មានការ​បង្ករោគ​នៅ​នឹង​សុក។ អាជ្ញាធរ​អៀរឡង់​កំពុង​សិក្សា​​បន្ថែម​ដើម្បី​បានយល់កាន់​តែ​ច្បាស់។ វា​មិនមែនជាការ​កម្រទេ​ដែល​ទារក​កើត​មាន​រូបរាង​មិន​ត្រឹម​ត្រូវ ឬ​ស្លាប់ ដោយ​ហេតុ​សុក​មាន​ឆ្លង​មេរោគ។ តែករណី​ទារកកើត​មក​ស្លាប់​ភ្លាម​ភាគ​ច្រើន​គេ​រកមូល​ហេតុ​មិនឃើញ​ទេ។

អ្នកពរ​ពោះ​វិជ្ជមានកូវីដ១៩ ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ពេល​ឆ្លង​ទន្លេ ?

បើតាម​ទិន្នន័យ​វិទ្យាសាស្ត្រ អ្នក​ពរ​ពោះ​វិជ្ជមាន​កូវីដ១៩ មាន​អត្រា​អ្នក​ឆ្លង​ទន្លេ​ដោយ​វះកាត់ និង​ការ​កើត​មិនគ្រប់​ខែ​​បានកើន​ឡើងខ្ពស់។ ៨០​ទៅ​៩០%​ ឆ្លង​ទន្លេ​ដោយ​វះកាត់ និង​២០ទៅ​៤០% ឆ្លងទន្លេ​មុន​កាលកំណត់។ អត្រាដ៏​ខ្ពស់​នេះ មួយ​ផ្នែក​គឺ​ជា​ចេតនា​របស់​គ្រូពេទ្យ​ដើម្បី​ចង់​ជួយ​សង្គ្រោះ​ម្តាយដែល​មាន​វិបត្តិ​ផ្លូវ​ដង្ហើម។ ដោយ​បច្ចុប្បន្ន​គ្រូពេទ្យ​អាច​បង្កើត​កូន​មុន​ខែ ឬ​វះ​បង្កើត​កូន​ បាន​ត្រឹម​ត្រូវ​ អ្នក​ជាម្តាយ​ដែល​មាន​ជំងឺកូវីដ​១៩​ទម្រង់​ធ្ងន់​ អាច​ឆាប់់ធូរ​ស្បើយ​ ឬ​អាច​ទទួលការ​ព្យាបាល​អាការៈ​ខ្វះ​អុកស៊ីហ្សែន​បាន​ស្រួល​ជាង​នៅ​ពរពោះ។ ក្រោយ​ពេល​ឆ្លងទន្លេ ស្ត្រី​​មានជំងឺ​កូវីដ​​ពិត​ជា​មាន​ហានិភ័យ​ប្រឈម​នឹង​បញ្ហា​ក្រោយ​សម្រាល​កូន​ច្រើន​ជាង​អ្នក​គ្មាន​កូវីដ​មែន។ តាមធម្មតា​មានស្ត្រី​ប្រមាណ​៤,៥%ជួប​វិបត្តិក្រោយ​ឆ្លង​ទន្លេ ទល់​១៣%​ចំពោះ​ស្រ្តី​មាន​ឆ្លង​កូវីដ។

បើ​អ្នក​ជា​ម្តាយ​វិជ្ជមាន​កូវីដ​១៩ ត្រូវ​បំបែក​ខ្លួន​ពី​​កូន​ទើប​នឹងកើត ?

ទេ ! អ្នក​ជំនាញ​សុខាភិបាល​មាន​មតិ​ស្រប​គ្នា​ទាំង​ស្រុង ថា​មិន​ត្រូវ​បំបែកកូនទើបនឹងកើត​​ពី​ម្តាយ​ទេ។ ថ្វីបើ​​​គ្រោះ​ចម្លងកូវីដ​ពី​ម្តាយ​ទៅកូនមាន​ដោយ​ជាក់ស្តែង​យ៉ាងណា​ក៏​ដោយ ក៏​ការចម្លងមាន​កំរិត​ទាប និងទាល់តែម្តាយ​ឈឺធ្ងន់ធ្ងរ​មែនទែន។ ជា​ទូទៅអ្នកជាម្តាយ​ច្រើនមាន​អាការៈកូវីដ​​ស្រាល ឬ​គ្មាន​រោគ​សញ្ញា​ផង​ទេ ដូច្នេះ​ពេល​សម្រាក​នៅ​​មន្ទីរសម្ភព ​ត្រូវ​លាង​ដៃឱ្យ​បាន​ញឹកញាប់​និង​ត្រូវពាក់ម៉ាសឱ្យ​ជាប់ ពេលបំបៅ​កូន ពេល​មើល​ពរ​កូន។ ស្ត្រី​វិជ្ជមាន​កូវីដ​១៩ ក៏​អាច​​បំបៅ​ដោះកូន​បាន​ដែរ។ នេះ​បើ​ក្រុមគ្រូពេទ្យ​ជំនាញ។

ស្ត្រីមាន​ផ្ទៃពោះ​អាច​ចាក់​ថ្នាំ​បង្ការ​កូវីដ​បាន​ដែរ​ឬទេ ?

ពីមុនមកដោយ​​មានការ​សាកល្បង​តិ​ច​តួច​ពេក អាជ្ញាធរ​បារាំង បាន​ណែនាំ​មិន​ឱ្យ​ស្ត្រីមានផ្ទៃពោះ និង​បំបៅ​ដោះកូន​ ដាក់​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​កូវីដ​១៩​ទេ។ ឧត្តម​ប្រឹក្សា​​សុខាភិបាល​ជាន់​ខ្ពស់​បារាំង​ ទើប​យល់​ព្រមបើក​​ភ្លើង​ខៀវ​ ឱ្យ​ស្ត្រីមាន​ផ្ទៃពោះ​និង​ស្ត្រី​ទើប​ឆ្លង​ទន្លេ​រួច ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​កូវីដ​១៩ ចាប់​ពី​​ថ្ងៃទី ៥​មីនា​មក​តែប៉ុណ្ណោះ ដោយ​ប្រើ​ពពួក​វ៉ាក់សាំង មាន​បច្ចេកវិទ្យាARNm​ ពោល​គឺ​វវ៉ាក់សាំង​របស់​ក្រុមហ៊ុន​Pfizer និងModerna។ អាមេរិក​ ​បានផ្តល់​ការ​​ចាក់​ថ្នាំ​បង្ការនេះ​លើ​ស្ត្រីមាន​ផ្ទៃពោះ​មុន​គេ។ ក្រោយ​ការ​ចាក់​ថ្នាំ​ ​ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​រាប់​ពាន់​នាក់ ជួប​បញ្ហា​ពេល​ពពោះ ទារក​មាន​បញ្ហា​ មុន​និង​ក្រោយ​ឆ្លង​ទន្លេទេ។

ផ្ទុយ​ទៅវិញ​​ គេ​គ្មាន​ទិន្នន័យ​សោះ​ទាក់ទង​នឹង​ថ្នាំ​បង្ការ​ផលិត​ឡើងតាម​វិធី​ចាស់​​ដោយ​ប្រើ​មេរោគជា​ភ្នាក់ងារ ដូច​យ៉ាង​ថ្នាំ​បង្ការ​របស់​ក្រុមហ៊ុន​អាស្ត្រាហ្សេនីកា។ នៅ​ប្រទេសបារាំាំង អាជ្ញាធរ​ផ្តល់​អាទិភាព​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ចាក់ថ្នាំ​បង្ការ​របស់​Pfizer Moderna ចាប់​ពីសប្តាហ៍​ទី​១០ទៅ។

ប៉ុន្តែ​អាជ្ញាធរសុខភាព​ គ្មាន​អនុសាសន៍​អ្វី​ជា​ពិសេស និង​ជា​ផ្លូវ​ការ​អ្វី ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ទេ ក្រៅ​អំពី​ត្រូវ​ពង្រឹង​និងប្រកាន់​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​មែន​ទែន សេចក្តី​ណែនាំ​របស់​ក្រសួង​ ក្នុង​ការ​​ការ​ពារ​ខ្លួន​ និង​ត្រូវ​ដាក់​ខ្លួន​នៅ​ឆ្ងាយ​ពី​គេ ជ្រើសរើស​ធ្វើការ​ពី​ផ្ទះ​ ចាប់​ពី​អាយុ​គ៌ភ​បីខែ​ទៅ បន្ត​តាមដាន​សុខភាព​គ៌ភបើ​មាន​អ្វី​សង្ស័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI