នាទីសុខភាពនិងអនាម័យ

រៀបការ​ជាមួយបងប្អូន​ឯង បង្ក​ផលវិបាក​សុខភាព​យ៉ាងណា ?

សំឡេង ០៩:២១
លិខិត​អញ្ជើញ​ចូល​រួម​ពិធី​អាពាហ៍ពិពាហ៍
លិខិត​អញ្ជើញ​ចូល​រួម​ពិធី​អាពាហ៍ពិពាហ៍ RFI/Leang Delux

ការ​ជាមួយ​បង​ប្អូន​ បាន​កូន​មក​ល្ងង់  រៀន​មិន​ចេះ មិន​សូវ​ឆ្លាត ... នេះជា​អ្វី​ដែល​ចាស់ៗ​ធ្លាប់​និយាយ​តៗគ្នា​មក។ ប៉ុន្តែ​ដោយ​មូលហេតុ​សេដ្ឋកិច្ច ដើម្បី​កុំ​ឱ្យ​បែកទ្រព្យ ដើម្បី​រក្សា​ពូជអំបូរ ឬ​ដោយ​មូលហេតុ​ប្រពៃណី មានគូស្វាមី​ភរិយា​ច្រើន​ណាស់ ត្រូវ​ជាបងប្អូន​ជីដូន​មួយ​គ្នា។ អាពាហ៍​ពិពាហ៍រវាង​បងប្អូន​ជីដូនមួយ​​ -ជីទួត​មួយ ឬ​រវាង​មា/មីងនិង​ក្មួយ​ជីដូន​មួយ មិន​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់ ហើយ​ក៏មិ​ន​ខុស​ច្បាប់​ធម្មជាតិ​អ្វី​ដែរ ប៉ុន្តែ​រៀប​ការ​ជាមួយ​​​បង​ប្អូន​ជាប់​ឈាម​គ្នា កាន់​តែ​ជិត កាន់​តែអាច​មាន​ផលវិបាក​ច្រើន ដល់​កូន​ និង​ដល់​បញ្ហា​បន្ត​ពូជ។ អាពាហ៍ពិពាហ៍រួម​ឈាម​ពិត​ជា​ដើម​ហេតុ​មួយ​នៃ​កើត​ជំងឺ​តំណពូជ ?​

ផ្សាយពាណិជ្ជកម្ម

រៀប​ការ​ជាមួយ​បង​ប្អូន​ក្នុង​​វង្ស​ត្រកូល​តែ​មួយ​ជាមួយ​គ្នា មិន​ប៉ះពាល់​ដល់​សុខភាព​ របស់អ្នក​ជា​​​​​ប្តី​និង​ប្រពន្ធ​ផ្ទាល់​ទេ បើ​និយាយ​តាម​បែប​វេជ្ជសាស្ត្រ​ ឬ​សម្រាប់​ក្រសែ​ភ្នែក​សង្គម​។ ប៉ុន្តែ​ផលវិបាក នៃ​អាពាហ៍ពិពាហ៍​រួម​ឈាម ដែល​គេ​អាច​ជួប​ប្រទះ គឺការ​បន្ត​ពូជ និង​​កូន​ដែល​ប្រសូត​ចេញ​ពីគូស្វាមីភរិយា​នោះ​។ រហូតដល់​ពាក់កណ្តាលសតវត្សរ៍​ទី១៩ គេសង្គេ​តឃើញ​មាន​មនុស្ស​កើត​ជំងឺសេនេទិក​ច្រើន ច្រើននៅទ្វីប​​អឺរ៉ុប និង ​អាមេរិក ដែល​ កាលណោះ មាន​ទម្លាប់​រៀប​អាពាហ៍ពិពាហ៍​ក្នុង​រង្វង់​គ្រួសារ​តែ​មួយ ឬ រវាង​​​បងប្អូនជីដូន​ឯងច្រើន​នៅឡើយ។ នេះ​បើ​តាមសាស្ត្រាចារ្យ អូស្រ្តាលី​ លោក Pr Alan Bittles ឯកទេស​ខាង​ជីវវិទ្យាមនុស្ស។ បច្ចុប្បន្ន ២០%​ទៅជាង​​៥០%​ នៃកូន​កើត​ នៅតំបន់​​អាហ្វ្រិកខាង​ជើង អាហ្វ្រិក​កណ្តាល តំបន់​ដើម​បូព៌ា តួកគី អាស៊ីកណ្តាល អាស៊ី​ខាង​ត្បូង ប្រសូត​ចេញពី​ឪពុកម្តាយ​ដែល​មាន​ជីដូនជីតា​រួមគ្នា។ ហើយ​អត្រា​មរណៈ​នៃ​ទារកកើត​ចេ​ញ​ពី​គូស្រករបងប្អូន​គ្នា បាន​ឡើង​ដល់​ទៅ ៣,៥%​លើ​សគូស្រក​ដែល​គ្មាន​ជាប់​សាច់​ឈាមគ្នា។ នេះ​បើ​តាម​របាយការណ៍​សិក្សា​របស់​លោកសាស្ត្រាចារ្យ Bittles ដដែល​ ដែល​មាន​ចុះ​ផ្សាយ​ក្នុង​ទំព័រទស្សនាវដ្តី​វិទ្យាសាស្ត្រPNAS

តើ​អាពាហ៍​ពិពាហ៍​រួម​ឈាម​ បង្ក​ផលវិបាក​យ៉ាងណា​ខ្លះ​?

នៅ​ប្រទេស​បារាំង​វិញ មាន​គូស្វាមី​ភរិយាជាប់​សាច់​ឈាម​គ្នា​ជា​​ច្រើនគូ​ណាស់​ដែល​មក​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យដោយហេតុ​កូន​មាន​ជំងឺ​ពាក់ព័ន្ធនឹង​ហ្សែន។ ច្រើន​ណាស់​ គឺ​ប្រមាណ​ជា ​ពី​៣៥០០០​ ទៅ​៤ម៉ឺន​នាក់ ក្នុង​មួយ​ឆ្នាំៗ។ ៣០-៣៥% នៃ​ក្មេងឬ​កុមារ ដែល​មាន​​ជំងឺកម្រ ជំងឺ​ព្យាបាល​មិន​ជា ទាំង​អស់​នេះ​ ​សុទ្ធ​តែ​កើត​ចេញ​ពី​​ឪពុកម្តាយ​ជា​បង​ប្អូនជីដូនមួយ​នឹងគ្នា។ ហើយ​ក៏​មាន​គូស្វាមី​ភរិយា​ជា​ច្រើន​ដែរ ដែល​មក​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​មុន​នឹង​សម្រេច​យក​កូន ព្រោះ​ខ្លាច​កូន​កើត​មក​មាន​បញ្ហា​សុខភាព ដោយ​ហេតុ​តែដឹង​ខ្លួន​ថា ​​ប្តី​ឬ​ប្រពន្ធ ជាប់​ខ្សែ​លោហិតតែមួយ ឬ​​ជា​បងប្អូន​ជីដូន​មួយ​នឹង​គ្នា។ ​នេះបើ​តាម​តួលេខ​ផ្តល់ដោយ​សាស្ត្រាចារ្យ​Arnold Munnich ប្រធានមូលនិធិ​ Imagine និង​ជាគ្រូពេទ្យ​កុមារ​ មានជំនាញ​ផ្នែក​សេនេទិក (ពូជពង្ស) នៅ​មន្ទីរ​ពេទ្យ​នេកែកុមារឈឺ Necker-Enfants malades AP-HPនិង​វិទ្យាស្ថាន​Imagine ទីក្រុង​ប៉ារីស។

យក​បងប្អូន​ជីដូនមួយ ជា​ប្តីប្រពន្ធ មិន​ត្រូវ​ហាមឃាត់​ដោយ​ច្បាប់​ទេ ប៉ុន្តែ​វា​អាច​នឹង​បង្ក​ហានិភ័យ​សុខភាព​ដល់​កូន​ជំនាន់ក្រោយ។ ផលវិបាក​ដែល​គេ​ជួប​ប្រទះ​ញឹក​ញយ​ជាង​គេ មាន​តាំង​ពី កូន​កើត​មក​ស្លាប់ៗ គូស្វាមីភរិយា​អា ពុំ​អាច​មាន​កូន​ កូន​កើត​មក​លូតលាស់​មិន​ត្រឹម​ត្រូវ ទាំង​ផ្នែកកាយសម្បទា និង​ខួរក្បាល ឬ​មិន​គ្រប់​លក្ខណៈ។ល។ ហានិភ័យ​ទាំងនេះ​ ថ្វី​បើ​មាន​កើត​មាន​ជា​ស្វ័យ​ប្រវត្តិលើ​​គ្រប់​គូ​ស្វាមី​ភរិយា​រួម​ឈាមមែន​ ប៉ុន្តែ​ហានិភ័យ​មាន​នៅ​មុខ។

តើ​រៀបការ​ជាមួយ​បងប្អូន​ជី​ដូន​មួយ​ឯង​នាំឱ្យ​កើត​មានជំងឺប្រភេទ​អ្វី​ខ្លះ​ ? ​

លោក​សាស្ត្រាចារ្យ Arnold Munnich ៖  “ជា​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​គូស្វាមីភរិយា មាន​ហ្សែន​ដូច​គ្នា ព្រោះ ប្តី​ឬ​ប្រពន្ធ​នេះ មាន​​ឪពុក -​ម្តាយ  ឬ​ជីដូន​ជីតា រួ​ម​គ្នា​។ ជំងឺ​នេះ​អាចមានច្រើនប្រភេទ​ ខ្លះ​ឃើញមាន​​កើត​ញឹកញាប់​ខ្លាំង ខ្លះ​មិន​សូវ​ឃើញ​មាន​ទេ។ ជំងឺ​ទាំង​នោះ ជា​ប្រភេទ​ ជំងឺសេនេទិក  ជំងឺ​តពូជ​​ពី​កំណើត ប្រមាណ​ជាង​១០​មុខ ដែល​អាច​ធ្វើ​ឱ្យ​កូន​កើត​មកមាន​ជំងឺ​ជាប់​ខ្លួន ឬ​ធ្លាក់​ខ្លួន​​​ពិការ​ ៖ ​ជា​​​ជំងឺពាក់ព័ន្ធ​នឹង​​សាច់​ដុំ Myopathie - នឹងគ្រាប់​ឈាម​ក្រហមDrépanocytose -នឹង​​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​និង​ប្រព័ន្ធ​រំលាយ​អាហារ​ Mucoviscidose ​។ កូន​កើតមកអាច​មានការលូត​លាស់​មិនប្រក្រតី នៅ​សរីរាង្គ​ណា​មួយ ដូច​ជា​បេះ​ដូង ឬ​ ​មាន​ការ​លូត​លាស់ខួរ​ក្បាល​​មិន​ត្រឹម​ត្រូវ មាន​សតិបញ្ញា​មិន​ល្អ មិន​គ្រប់ទឹក ពិការ អន់​បញ្ញា ឬ​កើតមក​មិន​អាច​រស់​បាន កើតមក​ស្លាប់ភ្លាម ឬ​ស្លាប់​តាំង​ពី​មុន​កើត​នៅក្នុង​ពោះ។  

មនុស្ស​យើង​ម្នាក់​ៗ​មាន​ហ្សែនដល់​ទៅ​ជាង​៣ម៉ឺន​ ដែល​​ឪពុកម្តាយចែក​ឱ្យ​ពី​កំណើត។ ហើយបង​ប្អូន​ជីដូនមួយរបស់​យើង​ ​​​​តែង​តែ​មាន​ហ្សែន​ណា​មួយ​ ដូច​យើង ក្នុង​ចំណោម​បីម៉ឺន​ហ្សែន​នោះ​។ បាន​ន័យ​ថា​ហានិភ័យ​មាន​ជំងឺតំណពូជពី​ឪពុកម្តាយ -ជីដូនជីតា ​មានច្រើនណាស់។​​ ​ ខ្ញុំនិយាយ​ដូច្នេះ​មិនមែន​ហាម​មិន​ឱ្យ​រៀបការជាមួយ​បងប្អូន​ជីដូន​ឯង​ទេ តែ​បើ​ចង់​រៀប​ការ​ជាមួយ​បងប្អូន​រួមខ្សែលោហិត​គ្នា ត្រូវ​ប្រាកដថា​ពូជ​អ្នកល្អ គ្មាន​ផ្ទុក​ហ្សែនឈឺ។”

ហេតុ​អ្វីបាន​ជារៀប​ការ​ជាមួយ​បងប្អូន​ជីដូន​មួយ​ឯង​មាន​ បង្កើនហានិភ័យ​មាន​កូន គ្មាន​សុខភាព​​ល្អ ?

ដើម្បី​ងាយ​យល់​ គេ​ត្រូវ​​​រំលឹក​​​មេរៀន​ជីវវិទ្យាបន្តិច​​សិន។ កោសិកា​មនុស្ស​គ្រប់រូប​ មាន​ក្រូមូសូម​ ចំនួន ៤៦ ដែល​ត្រូវ​ជា​២៣​គូ។ ហើយ​ក្នុងក្រូមូសូម​មួយ​គូៗនោះ ម្ខាង​បានមក​ពីឪពុក មួយ​បាន​មក​ពីម្តាយ។ បានន័យ​ថា​ក្រូម៉ូសូមនីមួយៗ មាន​ហ្សែន និង​ អាដេអិន ​ពីរ​គំរូ ៖ មួយ​មាន​ប្រភព​មក​មក​ពីខាង​​ម្តាយ មួយ​ទៀត​មានប្រភពមក​ពីខាង​ឪពុក សម្រាប់​កំណត់​អំពី​ភេទ ពណ៌​សម្បុរ​ស្បែក​ភ្នែក សក់...។  គ្រប់​ហ្សែន​សុទ្ធ​តែ​អាចមានការ​បំប្លែង​ខ្លួន ខ្សោយ ​ខូច ឈឺឬ​មិន​ប្រក្រតី ដោយ​​មូលហេតុ​ណាមួយ។ ហ្សែន​នោះ​ក៏​ត្រូវ​បាន​ឪពុក ឬ​ម្តាយ ចែក​មក​ឱ្យ​កូន​ដែរ។

ប៉ុន្តែ​បើមាន​ហ្សែន​មិន​ល្អ ហ្សែន​ខ្សោយ​ ​តែ​មួយ​  (ជួនជា​​ហ្សែនខាង​ម្តាយ ជួន​ខាងឪពុក) នោះគ្មាន​បញ្ហា​ទេ។ ហ្សែន​នោះ​​បន្តនៅ​ជាប់​ក្នុង​​ខ្លួន​យើង ដោយ​មិនបង្ក​ឱ្យ​មាន​ជំងឺ​អ្វី​ឡើយ ពេល​មាន​តែ​មួយ​។ ភាសា​បច្ចេកទេស​ គេ​ហៅ​ថា​ gène récessif។ ប៉ុន្តែ​បើមានគំរូ​ហ្សែន​ខ្សោយ​​ ឡើង​​ដល់​ទៅ​ពីរ នោះ​ទើប​ជា​បញ្ហា និងបង្ក​ឱ្យ​មានជំងឺ​តំណពូជ​​ ពី​កំណើត។ ហេតុ​ដូច្នេះហើយ​បាន​​ជា​គ្រួសារ​មាន​ហ្សែន​មិន​ល្អហើយ មាន​​ករណី​រៀប​ការ​ជាមួយ​បងប្អូន​ឯង ជាប់​ខ្សែ​លោហិត​តែ​មួយ​ត្រឹម​ជីដូន​មួយនឹងគ្នា​ទៀត​ កូន​របស់​ប្តីប្រពន្ធ​ជា​បងប្អូន​​គ្នានេះ​ មាន​ប្រូបាប៊ីលីតេខ្ពស់​ខ្លាំង ក្នុង​ការ​ទទួល​​ហ្សែន​មិន​ល្អ​ដល់​ទៅ​ពីរ។ ដូច្នេះ​កូន​កើត​មកនោះ​ ត្រូវ​​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ កើត​ជំងឺ​សេនេទិក​។ និយាយ​ឱ្យ​ស្រួល​ស្តាប់​ទៅ បើ​គ្រួសារ​មួយ​មាន​​ហ្សែន​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​សេនេទិក  ការ​បន្ត​ពូជ​​ក្នុងរង្វង់​គ្រួសារ​​តែ​មួយ​ នឹង​សម្រួល​ឱ្យ​ជំងឺ​​សេនេទិក​ងាយ​នឹងលេច​ឡើងណាស់។

​តើ​ហានិភ័យ​នៃ​អាពាហ៍ពិពាហ៍​រួមឈាម មាន​កំរិត​ណា ?

​លោក​សាស្ត្រាចារ្យ Arnold Munnich ៖

“នៅ​ពេល​បង្ក​កំណើត​កូន ​ម៉ែនិង​ឪរំលែក​​ហ្សែន​របស់ខ្លួន​ឱ្យ​កូនម្នាក់​​ពាក់​កណ្តាល ម​កផ្គុំ​ចេញ​ជា​កូន។ ពោល​គឺ​កូន​​ទទួល​មរតក​សេនេទិក​ ចំនួន​៣ម៉ឺន ពីម្តាយ​ និងបីម៉ឺន​ទៀតពី​ឪពុក ដោយ​ខ្លះ​បំប្លែង​ខ្លួន ខ្លះ​ឈឺ​ ខ្លះ​ខូច ...។ ហើយ​​​បង ឬ​​ប្អូន​ជីដូន​មួយរបស់​កូន​នោះ​ ក៏​អាច​​មាន​ផ្ទុក​ហ្សែន​បំប្លែង​ខ្លួន ហ្សែន​ខូច ហ្សែន​ខ្សោយ​ដូច​គ្នា ក្នុង​កំរិត​ប្រូបាប៊ីលីតេ​ ១៥% ។ ដូច្នេះ​បើ​បងប្អូន​ជីដូន​មួយ​​នេះ រៀប​ការ​នឹង​គ្នា នោះពួកគេ​មាន​ឱកាស ​មួយ​លើ​បួន បាន​កូន​មាន​ជំងឺសេនេទិក។ ​តែ​៧៥%​ទៀត​ល្អ​ទេ។ ចឹង​ហើយ​បាន​ជា​មាន​គូស្វាមី​ខ្លះ​មាន​កូនល្អៗជា​ធម្មតា​នោះ។ ពេទ្យ​មិនមែន​ចេះ​តែ​ថា និង​ហាម​មិន​មិន​ឱ្យ​ស្រលាញ់​បងប្អូន​ជីដូន​មួយ​ឯង​ទេ តែចង់​ប្រាប់​ថា​​ហានិភ័យ​ពិត​ជាមាន​ជា​ប្រាកដ។ ហានិភ័យ​បាន​កូន​មាន​ជំងឺ​សេនេទិក នឹង​ត្រូវ​ថយ​ចុះ​ពាក់​កណ្តាល​ប្រសិន​បើ​ប្តី​ប្រពន្ធ​ជា​បង​ប្អូនជី​ទួត​មួយ​នឹង​គ្នា និង​ពាក់​កណ្តាល​ទៀតបើ​ជា​បងប្អូន​ជីលួត​មួយ​នឹង​គ្នា។ »

ក្រៅ​អំពី​ចៀសវាង​រៀប​ការ​ជាមួយ​បងប្អូន​ជាប់​ជិតសាច់​គ្នា គេ​អាច​​រក​ជំនួយ​ពី​វិទ្យាសាស្ត្រដោយ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ធ្វើ​តេស្តវិភាគ​ឈាម​រក​មើល​ថា​យើង​មាន​ហ្សែន​មិនប្រក្រតី​លាក់​ក្នុង​ខ្លួន​ដែរ​ឬទេ។ បន្ទាប់​មក​លោក​អ្នក​អាច​សម្រេច​ចិត្ត​ទៅ​តាម​លទ្ធផល​ និង​ទៅតាម​មនសិការ​របស់​ខ្លួន​រៀងៗខ្លួន ក្នុង​ការ​សម្រេច​ចិត្ត​រៀប​ការ​ជាមួយ​បងប្អូន​ជាប់​សាច់សាលោហិត​គ្នា។ ហើយ​សូម​ចង​ចាំ​ទៀត​ថា សម្រាប់​វិទ្យាសាស្ត្រ​ បងប្អូនជីដូន​មួយ​ខាង​ម្តាយ ក៏​ដូច​ខាង​ឪពុក មាន​កំរិត​ជិត​ស្និទ្ធ​ហ្សែន​ដូច​គ្នា។  មិនមែន​បើ​ឪពុក​និង​ឪពុក​ជា​បង​ប្អូន​បង្កើត មាន​គ្រោះ​ជាង​ បងប្អូន​ជីដូនមួយ​រវាង​ម្តាយនិង​ម្តាយ ដូច​ការ​គិត​របស់​មនុស្ស​លោក និង​​ក្នុង​ទំនៀមទម្លាប់​ប្រពៃណី​ប្រទេសខ្លះ​ទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI