អានតួអត្ថបទ
បទយកការណ៍

អ្នក​បន្សាប​គ្រឿង​ញៀន៖ ដើម្បី​បញ្ចប់​ការ​ជួញដូរ​គ្រឿង​ញៀន គឺ​ត្រូវ​ឈប់​ប្រើ​ប្រាស់

សំឡេង ១១:៣៣
ជនបន្សាបគ្រឿងញៀនស្ថិតក្នុងមណ្ឌល DTA
ជនបន្សាបគ្រឿងញៀនស្ថិតក្នុងមណ្ឌល DTA © kimhong
ដោយ៖ អេង គីមហុង
៦២ នាទី

នៅ​កម្ពុជា ការ​ប្រើប្រាស់​គ្រឿងញៀន​បាន​បង្កើន​ល្បឿន​ស្មើ​នឹង​យុទ្ធនាការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ដែរ។  ចំពោះ​មុខ​ស្ថានការណ៍​នេះ អ្នក​បន្សាប​គ្រឿង​ញៀន​វិញ​ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ និង​ជំរុញឲ្យអ្នក​ដែល​ប្រើ​ប្រាស់​គ្រឿង​ញៀន​ទាំងអស់ រួមគ្នា​ឈប់​ប្រើប្រាស់​គ្រឿង ញៀន​ពីពេល​នេះទៅ​  និង​ថាគឺ​មាន​តែ​ការ​ឈប់​ប្រើប្រាស់​គ្រឿងញៀន​ទេ ដែល​អាច​បញ្ចប់​ការ​ជួញ​ដូរ​គ្រឿង​ញៀន​បាន​​។ ពី​មណ្ឌល​អប់​រំ​ព្យាបាល​ជន​ប្រើប្រាស់​គ្រឿង​ញៀ​ន និង​បណ្ដុះ​បណ្ដាល​ចំណេះ​ដឹង (DTA) យើង​ស្ដាប់​បទ​យក​ការណ៍​របស់ ​អេង គីមហុង ដូចតទៅ

ផ្សាយពាណិជ្ជកម្ម

ស្ថិត​នៅ​ក្នុង​មណ្ឌល​អប់រំ​ព្យាបាល​ជន​ប្រើប្រាស់​គ្រឿង​ញៀន និង​បណ្ដុះបណ្ដាល​ចំណេះ​ដឹង (DTA) អ្នក​បន្សាប​គ្រឿងញៀន​ប្រុស​ស្រី​ជាង​៣០០​នាក់ កំពុង​មមាញឹក​ជាមួយ​ទម្លាប់​ប្រចាំ​ថ្ងៃ​ដូច​ជា៖ ធ្វើ​លំហាត់​ប្រាណ បោះប៊ូល រៀន​កុំព្យូទ័រ កាត់សក់ និង​ស្ដាប់​បទ​បង្ហាញ​ណែនាំ​របស់​អ្នក​ជំនាញ​អំពី​ផល​ប៉ះពាល់​នៃ​គ្រឿង​ញៀន​ជាដើម។ នៅ​មណ្ឌល​អប់រំ DTA ដែល​មាន​រៀបចំ​ដាំ​រុក្ខជាតិ​តូច​ធំ​ចម្រុះ​ពណ៌ បាន​ធ្វើ​ឲ្យ​អ្នក​ចូល​ទៅ​ដល់​មាន​អារម្មណ៍​ស្រឡះ​មុខ​ស្រឡះ​មាត់។ ក្រៅពី​នោះ ក៏​មាន​ផងដែរ ការ​បង្ហាញ​ពាក្យ​ស្លោក​នានា​រំឮក​ដល់​អ្នក​បន្សាប​គ្រឿង​ញៀន ជា​អាទិ៍ ពាក្យស្លោក​ថា ទូក​ទៅ​មុខ​ពឹង​ច្រវា អនាគត​ភ្លឺថ្លា មិន​ពឹង​គ្រឿង​ញៀន។

ងាក​មក​មើល​អ្នក​បន្សាប​គ្រឿង​ញៀន​វិញ ក្នុង​ឯកសណ្ឋាន​ដូចគ្នា នារី​ពាក់​អាវ​យឺត​ពណ៌​លឿង​បើក​ក ចំណែក​បុរស​ពាក់​អាវសណ្ឋាន​ដូច​គ្នា​ដែរ​តែ​ព័ណ៌​ទឹក​ប៊ិច​ខ្ចី​។ លើ​អាវ​របស់​ពួក​គេ​សុទ្ធ​តែ​មាន​សារ​ពី​ក្រោយ​ថា ខ្ញុំ​ស្រឡាញ់​ម៉ាក់​ប៉ា ខ្ញុំ​ប្ដេជ្ញា​កែ​ខ្លួន។​ អង្គុយ​ជុំ​គ្នា​ប្រមាណ​ជា​ជិត​១០​នាក់ នៅ​តុ​ឈើ​មួយ​កន្លែង បន្ទរ​ដោយ​សំឡេង​ភ្លៀង​ធ្លាក់​លើ​ស័ង្ខ​សី អ្នក​បន្សាប​គ្រឿង​ញៀនទាំង​ពីរ​ភេទ អ្នក​ខ្លះ​មាន​ទឹក​មុខ​ញញឹម ខ្លះ​ទៀត​អៀន​ខ្មាស​ឱន​មុខ​ចុះ តែ​យ៉ាង​ណា​ក៏​ដោយ​ពួក​គេ​នៅ​តែ​ក្លាហាន​ក្នុង​ការបញ្ចេញ​មតិ។

ទម្លាប់ប្រចាំថ្ងៃរបស់
ទម្លាប់ប្រចាំថ្ងៃរបស់ © kimhong

«កាល​ពី​នៅ​ជា​យុវវ័យ ខ្ញុំ​ចង់​ដឹង ចង់​សាក ហើយ​ក៏​មាន​អារម្មណ៍​ថា ញៀន ក៏​បន្ត​ប្រើប្រាស់​រហូត​ដល់​គ្រួសារ​ដឹង។ ពេលគ្រួសារ​ដឹង មិន​ហ៊ាន​ប្រឈម​មុខ​ជាមួយ​គ្រួសារ ក៏​គេច​វេស។ បន្ទាប់​មក​កើត​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ រួម​ផ្សំ​នឹង​គ្មាន​ការងារ​ធ្វើទៀត ខ្ញុំ​ក៏​ដើរ​លើ​ផ្លូវ​ប្រើ​ប្រាស់​ញៀន​នេះ​ជាង​១៧​ឆ្នាំ…។»

«ដំបូង​ឡើយ​ខ្ញុំ​បាក់​ទឹក​ចិត្ត​ដោយ​សារ​តែ​គ្រួសារ​ កំពុងតែ​បាក់​ទឹក​ចិត្ត​ក៏​មាន​មិត្ត​ភត្តិ​ជា​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន។ គេ​ប្រាប់​ខ្ញុំថា លេ​ងអាហ្នឹង​ទៅ​សប្បាយ ​បំបាត់​ទុក្ខ ខ្ញុំ​ក៏​សាក។ បន្ទាប់​មក​ក៏​ចេះ​ប្រើ យូរៗ​ទៅ​ក៏​ដើរ​លេង អត់​ចូល​ផ្ទះ​និង​មិន​ចូលសាលា…។»

«ខ្ញុំ​កើត​ក្នុង​គ្រួសារ​មួយ​ដែល​មាន​ជីវភាព​សមរម្យ​ឪពុក​ម្ដាយ​ទំនុក​បំរុង​ឲ្យ​រៀន និង​មាន​មិត្ត​ភត្តិ​ល្អ។ តែ​គួរ​ស្ដាយ​រូបភាព​ល្អៗនេះ​បាន​រលាយ​ទៅ​បាត់ ដោយ​សារ​ខ្ញុំ​ដើរ​លេង​ច្រើន អត់​ខ្វល់​ពី​គ្រួសារ ​ការ​សិក្សា។ ខ្ញុំ​ក៏​ធ្លាក់​ខ្លួន​ទៅ​ស្គាល់​មិត្តភត្តិ​ដែល​ប្រើប្រាស់​គ្រឿង​ញៀន​និង​ធ្វើ​រឿង​មួយ​ចំនួន​ទៀត​ដែល​ខុស​ច្បាប់…។»

«ខ្ញុំ​អន់​ចិត្ត​នឹង​គ្រួសារ​គ្មាន​ភាព​កក់​ក្ដៅ ហើយ​ឪពុក​ម្ដាយ​រស់​នៅ​ផ្សេង​គ្នា។ ចំណែក​ម្ដាយ​ខ្ញុំ​ចេញ​ទៅ​លក់​ដូរ​នៅ​ផ្សារ​ ទុក​ខ្ញុំ​នៅតែ​ឯង ខ្ញុំ​ក៏​តូច​ចិត្ត។ ចំ​ពេល​មិត្ត​ភត្តិ​គេ​បបួល​ថា ឯង​ទៅ​លេង​ជាមួយ​អញ​ទៅ​សប្បាយ និង​បាត់​ទុក្ខ។ ដល់​ពេល​ប្រើ​ប្រាស់គ្រឿង ខ្ញុំ​ក៏​បាត់​ទុក្ខ​មែន ដល់​អស់​ឥទ្ធិពល​ថ្នាំ​ខ្ញុំ​ចាប់​ផ្ដើម​កើត​ទុក្ខ​ទៀត​ហើយ…។»

ទាំង​នេះ​គឺ​ជា​ដើម​ចម​ដែល​រុញ​ឲ្យ​ពួក​គេ​ធ្លាក់​ក្នុង​អន្ទាក់​គ្រឿង​ញៀន។ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នក​យក​ព័ត៌មាន​វិទ្យុ​បារាំងអន្តរ​ជាតិ RFI នៅ​ក្នុង​មណ្ឌល​អប់រំព្យា​បាល​ជន​ប្រើប្រាស់​គ្រឿងញៀន និង​បណ្ដុះ​បណ្ដាល​ចំណេះ​ដឹង (DTA) ដែល​ជាគោលការណ៍​មណ្ឌល​សុំ​រក្សា​សិទ្ធិ​មិន​បញ្ចេញ​ឈ្មោះ និង​អត្តសញ្ញាណ​ជន​បន្សាប​គ្រឿង​ញៀន​ទាំង​ពីរ​ភេទ វិទ្យុ​យើង​ក៏​សុំដាក់​ឈ្មោះ​ក្រៅ​របស់​គេ​ដើម្បី​ងាយ​ចំណាំ។

អ្នកបន្សាបគ្រឿងញៀននៅចំពោះមុខអ្នកជំនាញបន្សាបគ្រឿងញៀនស្ថិតនៅDTA
អ្នកបន្សាបគ្រឿងញៀននៅចំពោះមុខអ្នកជំនាញបន្សាបគ្រឿងញៀនស្ថិតនៅDTA © kimhong

ផុង​ខ្លួន​១៧​ឆ្នាំ​ក្នុង​ការ​សេព​គ្រឿងញៀន​មក​ដល់​ពេល​នេះ លោក​ចំណាប់ មាន​អាយុ​៣៤​ឆ្នាំ ហើយ​ពេល​វេលា​៣៤​ឆ្នាំម​ក​នេះ គាត់​យល់​ថា ខ្ជះ​ខ្ជាយ​ខ្លាំង​ណាស់​ជា​មួយ​នឹង​គ្រឿង​ញៀន។

«ហត់​នឿយ​ដែរ តែ​ខ្ជិល​គិត​កាល​ពី​អតីត​កាល តែង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​អ៊ីចឹង!​ សំខាន់​បច្ចុប្បន្ន​ខ្ញុំ​ធ្វើ​ឲ្យ​ល្អ និង​កែប្រែ​ខ្លួន​ឡើងវិញ​ដើម្បី​ពុក​ម៉ែ​ខ្ញុំ​ព្រោះ​គាត់​ចាស់ៗ​អស់​ហើយ។» 

ប្រើ​ពេល​មួយ​ឆ្នាំ​បន្សាប​គ្រឿង​ញៀន​នៅ​មណ្ឌល DTA លោក​ចំណាប់​បាន​រៀន​ចេះ​លើ​មុខ​ជំនាញ​ផ្សារ​ដែក។ ជំនាញ​ផ្សារដែក​នេះ​ជា​អ្វី​ដែល​ចំណាប់​ជឿ​ជាក់​ថា នឹង​អាច​ឲ្យ​គាត់​ត្រឡប់​ចូល​ក្នុង​សង្គម​វិញ និង​អាច​ប្រកប​មុខ​របរ​ស្រប​ច្បាប់៖

«ខ្ញុំ​គិ​តថា យក​អាជីព​ផ្សារ​ដែក​នៅ​ទៅ​បំរើ​ទី​ផ្សារ​ការងារ​នៅ​ខាង​ក្រៅ ​ដើម្បី​កុំ​ឲ្យ​ទំនេរ​នឹក​នា​ដល់​គ្រឿង​ញៀន។ បើ​មិន​តាំង​ចិត្តអ៊ីចឹង​ទេ គ្រួសារ​លែង​រាប់​រក​ហើយ ព្រោះថា ទៅ​បន្ទោស​គ្រួសារ​ក៏​មិន​ត្រូវ​ដែរ។ យើង​ធ្វើ​ឲ្យ​គ្រួសារ​លែង​ជឿជាក់​ម្ដង​ពីរ​ដងហើយ!»

រីឯវត្តី នៅ​ក្នុង​វ័យ​២៦​ឆ្នាំ បាន​ក្លាយ​ជា​ក្មេង​ស្រី​ម្នាក់​ធ្លាក់​ក្នុង​អន្ទាក់​នៃ​ការ​សេព​គ្រឿង​ញៀន​៦​ឆ្នាំ។ នាង​លើក​ឡើង​ថា រយៈពេល​បន្សាប​គ្រឿង​ញៀន នាង​ទទួល​បាន​ការ​លត់​ដំ​ផ្នែក​អារម្មណ៍​និង​ផ្លូវចិត្ត។ និង​ថា នាង​មាន​អារម្មណ៍​នឹក​ពុក​ម៉ែ​បង​ប្អូនដែល​ជា​សមាជិក​គ្រួសារ​ខ្លាំង​ណាស់ ដែល​អារម្មណ៍​បែប​នេះ​មិន​ធ្លាប់​មាន​ឡើយ អំឡុង​ពេល​សេព​គ្រឿង​ញៀន៖​ «ខ្ញុំ​ជា​ស្រី ទៅ​ប្រើ​គ្រឿង​ញៀន និង​រស់​នៅ​ក្រៅ​ផ្ទះ​ គិតៗ​ទៅ​វា​ខុស​ធ្ងន់​ណាស់។ ដូច្នេះ​វា​ល្មម​ដល់​ពេល​ដែរ​ខ្ញុំ​កែ​ខ្លួន​ហើយ។»

អំឡុង​ពេល​បន្សាប​គ្រឿង​ញៀន​ជាង​មួយ​ឆ្នាំ​ម​ក​នេះ វត្តី​បាន​រៀនសូត្រ​ពី​បទ​ពិសោធ​ជីវិត និង​ការ​រស់​នៅ​ជា​ធ្លុង​មួយ​រួម​គ្នា រវាង​អ្នក​បន្សាប​គ្រឿង​ញៀន។ ដោយ​ហេតុ​នេះ​ហើយ​ទើប​នាង​យល់​ថា ការ​រស់​នៅ​ជុំគ្នា​ជាមួយ​ឪពុក​ម្ដាយ​បង​ប្អូន ដោយគ្មាន​ការ​ប្រើប្រាស់​គ្រឿង​ញៀន ជីវិត​នឹង​ជួប​តែ​ភាព​រីករាយ​បែប​នេះ​ដែរ៖ «នៅ​នេះ​ខ្ញុំ​រៀន​ធ្វើ​ម្ហូប ដែល​ការងារ​នេះ​ពី​មុន​មក​ខ្ញុំមិន​ធ្លាប់​ធ្វើទេ​។ ដូច្នេះ​ខ្ញុំ​ចេញ​ទៅ​វិញ ខ្ញុំ​ចំអិន​ម្ហូប​ហូប​ជុំ​គ្នា​ក្នុង​នាម​ជា​មនុស្ស​ថ្មី នោះ​គ្រួសារ​នឹង​រឹករាយ។»

អង្គុយ​ត្រង់​ត្រាប់​ស្ដាប់​មិត្ត​រួម​ក្រុម​ដោយ​យក​ចិត្ត​ទុក​ដាក់ សិលា​ជា​មនុស្ស​ប្រុស​ម្នាក់​ដែល​មាន​មាឌ​ធំ​ដំបង​លើក​ឡើង​ថា អំឡុង​ពេល​បន្សាប​គ្រឿង​ញៀន​ជាង​មួយ​ឆ្នាំ​ម​ក​នេះ គេ​ទទួល​បាន​ការ​ស្រឡាញ់​ទ្វេ​ដង​ពី​ឪពុ​ក​ម្ដាយ ដោយ​សារ​អ្នក​មានគុណ​របស់​សិលា​យល់​ថា គេ​បាន​ក្លាយ​ជា​មនុស្ស​ថ្មី៖ «ខ្ញុំ​ស្ដាយ​ពេល​វេលា​កន្លង​មក​ណាស់ បើ​ខ្ញុំ​យក​ពេល​វេលា​កន្លង​មក​មកសិក្សា គឺវា​ទទួល​បាន​ប្រយោជន៍​ច្រើន​ណាស់។ ហើយ​ពេល​ខ្ញុំ​ប្រើប្រាស់​គ្រឿងញៀន ខ្ញុំ​មាន​អារម្មណ៍​ឆេវឆាវ តែ​ដល់​ពេល​មកបន្សាប​នៅ​មណ្ឌល ខ្ញុំ​ក៏​លែង​មាន​អារម្មណ៍​ឆេវឆាវ​គ្រប់គ្រង​ចិត្ត​ខ្លួន​ឯង​បាន ទើប​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ខ្ញុំ​គា​ត់​ស្រឡាញ់​ខ្ញុំ​ជាង​មុនទៀត។»

នៅ​ក្នុង​វ័យ​២៥​ឆ្នាំ និយាយ​ដោយ​ស្នាម​ញញឹម សិលា​បង្ហាញ​ការ​ប្ដេជ្ញា​ថា ពេល​ចេញ​ពី​មណ្ឌល​បន្សាប​គ្រឿង​ញៀន គេ​នឹងធ្វើ​ខ្លួន​ជា​កូន​ល្អ មិត្តល្អ សិស្សល្អ ដោយ​ត្រឡប់​ទៅ​ចាប់​ប៊ិច និង​កាន់​សៀវ​ភៅវិញ។ ប្រែ​ពី​ស្នាម​ញញឹម​ទៅ​ជា​ស្រពោន សិលា​ព្រួយ​បារ​ម្ភចំពោះ​ការ​ហូរ​ចូល​គ្រឿងញៀន​ទៅ​ដល់ ភូមិ ឃុំ ដែល​អាច​ជំរុញ​ក្មេងៗ​នាំគ្នា​ប្រើប្រាស់​បាន​យ៉ាង​ងាយ។

នៅ​ឆ្វេង​ដៃ​សិលា កញ្ញា​ក៏​បាន​បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល​អួល​ដើម​ក នៅ​ពេល​ដែល​និយាយ​ដល់​ការ​ហូរ​ចូល​គ្រឿង​ញៀន​ដល់ទី​ជន​បទ ភូមិ ឃុំ។ «នៅ​មណ្ឌល​បន្សាប​គ្រឿងញៀន គេ​បាន​ប្រាប់​ខ្ញុំ​កុំ​ឲ្យ​គិត​រឿង​ខាង​ក្រៅ​ដែរ តែ​ខ្ញុំ​មិន​គិត​មិ​ន​បាន។» មិនសូវ​ជា​បាន​សម្ដី​ក្នុង​វ័យ​៣៣​ឆ្នាំ កញ្ញា​ប្ដេជ្ញា​ជូត​ទឹក​ភ្នែក​រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត បន្ទាប់​ពី​បន្សាប​គ្រឿង​ញៀន​បាន​ជាង​មួយឆ្នាំ​មក​នេះ។

ក្នុង​ចំណោម​អ្នក​អង្គុយ​ជុំ​វិញ​តុ​ឈើ​ជិត​១០ ដែល​បន្សាប​គ្រឿង​ញៀន​ជាង​មួយ​ឆ្នាំ ចន ជា​មនុស្ស​ចុង​ក្រោយ​ដែល​យើង​បានជួប​សម្ភាស។ ចន​ទើប​តែចូល​ខ្លួន​មក​បន្សាប​គ្រឿង​ញៀន​បាន​៦​ខែ​ប៉ុណ្ណោះ​។ ត្បិត​តែ​ចូល​មក​ក្រោយ​គេ ប៉ុន្តែ​ចន​ចេះជំនាញ​កាត់​សក់ ហើយ​គេ​នឹង​យក​ជំនាញ​នេះ​ទៅ​រក​ចំណូល​ពេល​ចេញ​ពី​មណ្ឌល​អប់រំ​កែ​ប្រែ DTA។ «ពេល​ខ្ញុំ​ចេញ​ទៅ​វិញ នឹង​សុំ​គ្រួសារ​បើក​ជា​កន្លែង​កាត់​សក់​សម​ល្មម​ដែល​អាច​រក​លុយ​បាន ដើម្បី​បញ្ចៀស​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ជា​ថ្មី។ មូលហេតុ​អត់​មាន​ការងារ​ធ្វើ​ហ្នឹង​ហើយ ធ្វើ​ឲ្យ​ខ្ញុំ​ទំនេរ ជឿ​ពាក្យ​គេ ក៏​ប្រើប្រា​ស់គ្រឿ​ងញៀន​ទៅ។»

ក៏​ព្រោះ​តែ​ធ្លាប់​ហែល​ឆ្លង​ការ​សេព​គ្រឿង​ញៀន​ដ៏​ជោគជាំ​រួច​ទៅ​ហើយ ចន​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​អនាគត​កុមារ​តូចៗ ដែលស្រួល​ក្នុង​ការ​អូស​ទាញ​ឲ្យ​មក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខ្លាំង​ណាស់។ «ដើម្បី​បញ្ចៀស​ការ​សេព​គ្រឿង​ញៀន​ ឪពុក​ម្ដាយ​ត្រូវ​តែរំឭក​កូន​រាល់​ថ្ងៃ​អំពីផ​លអាក្រក់​នៃ​គ្រឿង​ញៀន។»

បន្ថែម​លើ​នេះ​ចំណាប់​បាន​លើក​ឡើង​ថា គ្រឿង​ញៀន​ប្រៀប​ដូច​គ្រាប់​បែក បើ​មិន​ផ្ទុះ​នៅ​ថ្ងៃ​នេះ ក៏​ផ្ទុះ​នៅ​ថ្ងៃ​ស្អែក​ដែរ៖ «ខ្ញុំគ្រាន់​តែ​ផ្ដាំ​ជា​ចុង​ក្រោយ​ទៅ​កាន់​អ្នក​មិន​ដែល​ជក់ និង​ជក់​ហើយ សូម​ធ្វើ​ខ្លួន​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន។»

ចំណែក​វត្តី​វិញ បាន​រំឭក​ថា ពេល​ប្រើប្រាស់​គ្រឿងញៀន​មាន​មិត្តភត្តិ​នៅ​ជិត ពេល​ប៉ូលីស​មក​ទាន់​មាន​គ្រួសារ​នៅ​ក្បែរ៖ «ពេល​មាន​បញ្ហា​គឺ​មាន​តែ​គ្រួសារ​ទេ​ជួយ​ទុក្ខ​ធុរៈ​យើង ព្រោះ​ពេល​គេ​ចាប់ មិត្តភត្តិ​ខ្ញុំ​គេ​រត់​ចោល​អស់​ហើយ។»

ចំពោះ​សិលា​វិញ ស្នើ​ឲ្យ​ជន​រួម​ជាតិ​ឆ្លៀត​ពេល​ស្វែង​យល់​ពី​ផល​ប៉ះ​ពាល់​នៃ​គ្រឿង​ញៀន​៖ «គួរ​យក​ពេល​ទំនេ​រស្វែង​យល់ពី​ផល​អាក្រក់​នៃ​គ្រឿង​ញៀន និង​រួម​គ្នា​ទប់​ស្កាត់។ បន្តិច​ម្ដងៗ នោះ​វា​ជ្រាប​ទៅ​សង្គម​ទាំង​មូល ហើយ​ជំហាន​ដំបូង​កាត់​បន្ថយការ​ប្រើ​ប្រាស់ យូរ​ទៅ​នឹង​ឈាន​ទៅ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទាំង​ស្រុង។»

សម្រាប់​កញ្ញា​វិញ​បាន​គូស​បញ្ជាក់​ថា កុំ​សាក​កុំ​ចង់​ដឹង​អី​ជាមួ​យគ្រឿង​ញៀន៖ «ស្ដាប់​ខ្ញុំ​ទៅ​ណា វា​មិន​ល្អ​ទេ ព្រោះ​ខ្ញុំ​ធ្លាប់​ឆ្លងកាត់​រួច​ហើយ។ អ្វី​ដែល​សំខាន់​ទៀត​នោះ គឺ​សង្គម​ស្អប់​ខ្ពើម​ខ្លាំង​ណាស់  ទោះ​បី​ជា​យើង​លាង​ខ្លួន​ពី​គ្រឿង​ញៀន​រួច​ហើយ​ក៏ដោយ។»

បន្ថែម​លើ​នេះ​ ចន យល់ថា កម្លាំង​សង្គម​រួម​គ្នា​ប្រយុទ្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿង​ញៀន មាន​សន្ទុះ​ធំ​ជាង​កម្លាំង​នៃ​ការ​ជួញ​ដូរគ្រឿង​ញៀ​ន​ទៅ​ទៀត។ បើ​ស្អប់​ការ​ប្រើប្រាស់​គ្រឿងញៀន គួរ​នាំ​គ្នា​ប្រយុទ្ធ ប្រសើរ​ជា​ង​អង្គុយ​មើល​កំហុស​អតីត​កាល​របស់អ្នក​ធ្លាប់​ប្រើប្រាស់​គ្រឿ​ង​ញៀន ដែល​គ្នា​កែប្រែ​ខ្លួន​រួច​ទៅ​ហើយ​។ «ឆក់​ប្លន់​រាល់​ថ្ងៃ មួយ​ចំណែក​គឺ​បណ្ដាល​មក​ពី​គ្រឿង​ញៀន​។  ខ្ញុំ​សោក​ស្ដាយ​ដែរ​មិន​ទាន់​មាន​ឱកាស​ប្រាប់​ទៅ​កាន់​មនុស្ស​គ្រប់​គ្នា​ថា ការ​ប្រើប្រាស់​គ្រឿង​ញៀន​បាន​ត្រឹម​ធ្វើ​ឲ្យ​យើ​ង​រស់នៅ​លាក់​ពួន​ប៉ុណ្ណោះ។»

ការអានសៀវភៅរបស់យុវតីបន្សាបគ្រឿងញៀននៅDTA
ការអានសៀវភៅរបស់យុវតីបន្សាបគ្រឿងញៀននៅDTA © kimhong

សូមជម្រាបជូនថា នៅ​ក្នុង​ឆមាសទី​១​ក្នុង​ឆ្នាំ២០២០​នេះ សមត្ថកិច្ច​កម្ពុជា​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ចំនួន​ជាង​៥ពាន់​ករណី កើន​ឡើង​ជាង១​ពាន់​ករណី បើ​ប្រៀបធៀប​នឹង​ឆមាស​ទី១​ក្នុង​ឆ្នាំ​២០១៩។ សមត្ថកិច្ច​កម្ពុជា​ក៏​បាន​ឃាត់​ខ្លួនមនុស្ស​ចំនួន​ជាង​១​ម៉ឺន​នាក់ (១០,៨៧៧) គឺ​បាន​កើន​ឡើង​ជិត​២​ពា​ន់​នាក់ (១,៩៦៦នាក់) ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ជាង១០​ម៉ឺន​នាក់ (១០,៧០០) និង​ជន​បរទេស​១៧៧​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ