អានតួអត្ថបទ
បទយកការណ៍

ព្រឹត្តិការណ៍រត់ជាន់គ្នាកាលពីមួយទសវត្សមុន៖ អ្នករួចរស់ជីវិតនៅតែក្ដុកក្ដួលជាប់ជានិច្ចរាល់ពេលដែលរឭកដល់

សំឡេង ១២:៤១
អ្នកស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នាកាលពី១០ឆ្នាំមុន
អ្នកស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នាកាលពី១០ឆ្នាំមុន © រ៉យទ័រ
ដោយ៖ អេង គីមហុង
៥៦ នាទី

២២​វិច្ឆិកា​ឆ្នាំ​២០១០​ដល់​២២​វិច្ឆិកា​ឆ្នាំ​២០២០ គឺជា​ខួប​១០​ឆ្នាំ​គត់​នៃ​ហេតុការណ៍​រត់​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​ទីក្រុងរណប​កោះ​ពេជ្រ។ ហេតុការណ៍​នៅ​រាត្រីថ្ងៃ​ចុងក្រោយ​នៃ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នោះ បាន​សម្លាប់​មនុស្ស​៣៦៥នាក់ និងរបួស៥៥៥នាក់។ ជន​រង​គ្រោះ​ជា​បុរស​ម្នាក់​ដែល​ត្រូវ​បាន​ទាញ​ចេញ​ពី​គំនរ​មនុស្ស​បាន​រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​បារាំងអន្តរជាតិ​ដោយ​ក្ដី​តក់​ស្លុត​ថា គេ​នៅ​មាន​ជីវិត​មក​ដល់​សព្វ​ថ្ងៃ​នេះ គឺ​បាន​គុណ​បុណ្យ​ទឹក​ដោះម្ដាយ​ថ្លៃ ជួយ​សង្គ្រោះ​កូន​ថ្លៃពីកណ្ដាប់​ដៃ​យមរាជ​នៅ​វិនាទី​ចុង​ក្រោយ។

ផ្សាយពាណិជ្ជកម្ម

 

 

ប៉ូលីសបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ
ប៉ូលីសបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ © រ៉យទ័រ

«បង​ប្អូន​នៅ​ឲ្យ​ស្ងៀម​កម្លាំង​យើង​នឹង​ទាញ​អ្នក​អស់​គ្នា​ពី​ក្រោយ​មក​វិញ ជួយ​បាន​មួយ​យក​មក​មួយ​ ទាញ​ឡើង​មក​ អូស​អាមួយនោះ​ចេញ​សិន​មក  ប្រឹង​ឡើង!  ពូពូ សុំ​ទឹក​ផឹក​តិច​មក ជួយ​ខ្ញុំ​ផង ខ្ញុំ​ស្លា​ប់ឥលូវ​ហើយ ស្រេក​ទឹក​ណាស់​បោះ​ទឹក​ឲ្យ​ខ្ញុំ​ផង»នេះជា​ហេតុ​ការណ៍​ដ៏​រន្ធត់​នៃ​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ស្លាប់ នៅ​លើ​ស្ពាន​ពេជ្រ​កោះ​១០​ឆ្នាំ​មុន នៅ​រាត្រី​នៃ​ចុង​ក្រោយ​នៃ​ពិធីបុណ្យអុំ​ទូក​កាល​ពី​ឆ្នាំ​២០១០ ហើយ​ពេល​នោះ​រថយន្ត​សារ៉ែន​សង្គ្រោះ​មនុស្ស​បាន​បន្លឺ​លាន់​ឮ​ពេញ​ទីក្រុង​ភ្នំពេញ​ជាមួយ​នឹងអារម្មណ៍​សោក​សង្រេង​ជាទី​បំផុត ក្នុង​នាម​ជា​មនុស្ស​ជាតិ​ដូច​គ្នា។

១០​ឆ្នាំ​មុន នៅ​ក្នុង​ហេតុការណ៍​រត់​ជាន់​គ្នានេះ ជន​រងគ្រោះ​ខ្លះ​បញ្ឈរ​ភ្នែក អ្នក​ខ្លះ​លា​ដៃ​សុំ​ជំនួយ​ឲ្យ​ទាញ​ខ្លួន​ចេញ​ពី​គំនរមនុស្ស​ដែល​ស្អិត​ដូច​កែវ​វិទ្យា​សាស្ត្រ ខ្លះ​ទៀត​បាន​ស្លាប់ និង​សន្លប់​បាត់​ទៅ​ហើយ។ នៅ​ចំពោះ​មុខ​គំនរ​មនុស្ស​ស្រែកឲ្យជួយ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ដុត​ដៃដុត ស្រែក​ឡើង​ស្អក​បំពង់​ក​ក៏​មាន ដើម្បី​ជួយ​ពួក​គេ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

សាកសព​ជន​រង​គ្រោះ​ ក្នុង​សោកនាដកម្ម​លើ​ស្ពាន​ពេជ្រ
សាកសព​ជន​រង​គ្រោះ​ ក្នុង​សោកនាដកម្ម​លើ​ស្ពាន​ពេជ្រ © រ៉យទ័រ

«ខ្ញុំ​មិន​នឹក​ស្មាន​ថា ខ្លួន​ឯង​បាន​រួច​ផុត​ពី​សោកនាដកម្ម​ដ៏​រន្ធត់​នោះ​ទេ​ រយៈ​ពេល​១០​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ វា​ដក់ក្នុង​អារម្មណ៍​ខ្ញុំ​រហូត ។ នៅ​ពេល​ខ្ញុំ​ជាប់​នឹង​គំនរ​មនុស្ស ខ្ញុំ​គិត​ថា ខ្លួន​ឯង​ស្លាប់​ហើយ ដោយ​គ្មាន​សង្ឃឹម​ថា នឹង​រស់​ដូច​រាល់​ថ្ងៃនេះ​ទេ ដក​ដង្ហើម​លែង​រួច តោង​ដៃ​ស្ពាន​ឡើង​ស្ពឹក​ដៃ​ស្ពឹក​ជើង​អស់​ហើយ​ អ្នក​ខ្លះ​ជាប់​គរ​លើ​គ្នា​ពី​កន្លះ​ម៉ោង​ទៅ​បួន​ម៉ោង​ក៏​មាន​។»  នេះ​ជា​ការ​ថ្លែង​ដោយ​តក់​ស្លុត​របស់​បុរស​វ័យ​២៧​ឆ្នាំ​ម្នាក់ ដែល​គាត់​ឲ្យ​វិទ្យុ​បារាំង​ដាក់​ឈ្មោះ​ក្រៅ​ថា «មាន​ជីវិត​រស់​ជាថ្មី»។

ប្រៀប​ដូច​ជា​ត្រី​រួច​ចេញ​ពីទ្រូ លោក​មាន​ជីវិត​រស់​ជាថ្មី រៀប​រាប់​បន្ត​ដោយ​រលីង​រលោង​ទឹក​ភ្នែក​ថា «ទឹក​ដោះ​ម្ដាយ​ខ្ញុំ​ថ្លៃ​ណាស់ ធ្វើ​ឲ្យ​ខ្ញុំ​រស់​មក​ដល់​ឥលូវ អ្វី​ក៏​ខ្ញុំ​លែង​ចង់​បាន​ដែរ​កុំ​ថា​ឡើយ​អំណោយ។ អំឡុង​ពេល​ជាប់ គិត​ថា បើ​ស្លាប់​ពាក្យ​ចុង​ក្រោយ​ក៏មិន​បាន​និយាយ​ទៅ​កាន់​ម៉ែ​ពុក។ បើ​មិន​បាន​គុណ​បុណ្យ​អ្នក​ម្ដាយ​ថ្លៃ​ទេ តែ​បើ​បណ្ដោយ​ឲ្យ​ជាប់​ខ្លួន​២០​នាទី គឺ​ដឹង​តែ​ស្លាប់ហ្មង​។ គ្រាន់​តែ​ចេញ​រួច​ពី​គំនរ​មនុស្ស​ភ្លាម ជីវិត​ខ្ញុំ​ប្រៀប​ដូច​ត្រី​រួច​ចេញ​ពី​ទ្រូ​អ៊ី​ចឹង!។»

ក្រោយ​រួច​ខ្លួន​ការ​សង្កត់​សង្កិន រស់​ជា​ថ្មី និយាយ​ថា គេ​ដើរ​អូស​ជើង​បណ្ដើរ​ឈប់​បណ្ដើរ​ភ័យ​បណ្ដើរ​ប្រៀប​សត្វ​មាន់​រួច​ចេញពី​ខ្ទះ​ទឹក​ពុះ «អ្នក​ដែល​មាន​ជីវិត​លុះត្រា​ជា​មនុស្ស​មាន​កម្លាំង​និង​នៅ​ពី​លើក​គេ ហើយ​លទ្ធភាព​ដែល​អាច​រស់​បាន​ទៀត​ លុះត្រាតែ [នៅ] ក្រោម​បាត​ស្ពាន​បំផុត។ ដូច​ខ្ញុំ​អី បន្ទាប់​ពី​រើ​ខ្លួន​រួច រត់ផង ដើរផង ដួលផង ខោ​អាវ​ដាច់​រហែក ឡើង​សង្វេគ​ខ្លួន​ឯង ហើយ​សប្បាយ​ចិត្ត​ពេល​ឃើញ​អ្នក​រើ​ខ្លួន​ផ្សេង​ទៀត​រត់​មក​ជា​មួយ​គ្នា។»

 

សម្លៀក​បំពាក់​ជន​រង​គ្រោះ​បន្សល់​ទុក​នៅ​លើ​ស្ពាន​ពេជ្រ
សម្លៀក​បំពាក់​ជន​រង​គ្រោះ​បន្សល់​ទុក​នៅ​លើ​ស្ពាន​ពេជ្រ © រ៉យទ័រ

 

កាល​ណោះ រស់​ជា​ថ្មី ជា​កីឡាករ​អុំ​ទូក វ័យ​១៧​ឆ្នាំ មក​ពី​ខេត្ត​កណ្ដាល។ ជាធម្មតា ក្រោយ​សំរាក​ពី​ការ​ប្រកួត​អុំ​ទូក កី​ឡាករ​មក​ពី​ជនបទ​រូប​នេះ​ស្រវេ​ស្រវា ដើរ​កំសាន្ត​មើល​សម្រស់​ទីក្រុង។ ទីក្រុង​ដែល​ពេល​នោះ នរណា​មិនល្បី ភាព​ស៊ីវីល័យ​ទីតាំងថ្មី​នៃ​រមណីយដ្ឋាន​កោះពេជ្រ។ ចាត់​ទុក​ថា​ជា​សាក្សី​រស់​ម្នាក់​ក្នុង​ចំណោម​អ្នក​រស់​រាន​មាន​ជីវិត​ជាង​៥០០​នាក់​ផ្សេង​ទៀត រស់ជាថ្មី យល់ថា មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​ព្រឹត្តការណ៍​ជាន់​គ្នា​ស្លាប់​ដោយ​សារ​បញ្ហា​បច្ចេកទេស​ជា​ធំ។«ស្ពាន​តូច​ផ្ទុកមនុស្ស​លើស​ចំណុះ ហើយ​មនុស្ស​រុញ​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត ហើយ​អ្នក​ខាង​ក្រោយ​រុញ​ទៅ​ខាង​មុខ​ដោយ​អត់​យល់​កាលៈទេសៈថា ខាង​មុខ​ទៅ​លែង​រួចអត់! គិត​តែ​រុញ។» បើ​តាម​រស់​ជា​ថ្មី ទាំង​គាត់​ទាំង​គេ ដំបូងគិត​ថា គេ​រុញ​គ្នា​លេង​តាម​ទម្លាប់សប្បាយ​ធម្មតា តែដូច​ពាក្យ​ចាស់​ថា សប្បាយ​ក្លាយ​ជា​ទុក្ខ​។

បន្ទាប់​ពី​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​បាន​មួយ​ថ្ងៃ ពោល​គឺ​នៅ​ព្រឹក​ថ្ងៃទី​២៣​វិច្ឆិកា​ឆ្នាំ​២០១០ ព្រះសង្ឃ​បាន​និមន្ត​មក​សូត្រ​ធម៌ឧទ្ទិស​កុសល​ជូន​ដល់​អ្នក​ស្លាប់ ខណៈ​សាច់​ញាតិ​អ្នក​ស្លាប់​ស្រែក​ទ្រហោ​យំ​ទាំង​ទឹក​ភ្នែក​និង​ភាពសោក​សង្រេង ឡើង​មកយក​សព កូន ប្អូន ប្រពន្ធ ឬប្ដី ទៅ​ធ្វើ​បុណ្យ។ ហើយ​អ្នក​ស្លាប់​ទាំង​នោះ​បន្សល់​ទុក​ស្លាក​ស្នាម​ស្បែក​ជើង​រាប់​រយ​គូ រួម​នឹង​សម្លៀក​បំពាក់​មួយ​ចំនួន​ផង នៅ​រាយប៉ាយ​ពាស​ពេញ​ស្ពាន។

សាកសព​ជន​រង​គ្រោះ​ រកឃើញ​នៅ​យប់​ថ្ងៃ​ចន្ទ ទី ២២ វិច្ឆិកា ២០១០
សាកសព​ជន​រង​គ្រោះ​ រកឃើញ​នៅ​យប់​ថ្ងៃ​ចន្ទ ទី ២២ វិច្ឆិកា ២០១០ © រ៉យទ័រ

៤​ឆ្នាំ​ក្រោយ​ក្រោយ​ព្រឹត្តការណ៍​ជាន់​គ្នា​លើ​ស្ពាន​ពេជ្រ ទើប រស់ជាថ្មី ត្រឡប់​មក​ជាន់​ដី​ក្រុង​ជាថ្មី។ បទ​ពិសោធន៍​នេះ​ធ្វើ​ឲ្យ​រស់​ជា​ថ្មី ខ្លាច​រអា​នឹង​កន្លែង​ជួប​ជុំ​ប្រមូល​ផ្ដុំ និង​បាន​ប្រាប់​កូន​តូច​របស់​គេ​ឲ្យ​នៅ​ឆ្ងាយ​ពី​កន្លែង​ប្រមូល​ផ្ដុំ​ដែល​មនុស្ស​ច្រើន។«គេ​បបួល​ទៅ​មើល​បាល់​ជុំ​គ្នា​នៅ​ពហុកីឡដ្ឋាន​ជាតិ ខ្ញុំ​រា​ដៃ​អត់​ទៅ​ទេ គឺ​រាង​តែ​ម្ដង សូម្បី​ដេក​នៅ​ផ្ទះ​ដាច់​ភ្លើង​ម្ដងៗ​ក៏​ភ័យ​ដែរ។»

 

អ្វី​ដែល​លោក​រស់​ជាថ្មី មិន​ទាន់​អស់​ចិត្ត​នោះ គឺ​គេ​មិន​ទាន់​ដឹង​ឡើយ​ថា មិត្តភក្ដិ​ស្គាល់​គ្នា​ពេល​ឡើង​មក​អុំទូក​និង​ដឹក​ដៃ​គ្នាមកលេង​ស្ពាន​ពេជ្រ​នេះ​រស់​ឬ​ស្លាប់​ឡើយ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​មក​នេះ។

សូមជ​ម្រាប​ជូនថា កាល​ពី​១០​ឆ្នាំ​មុន ស្ពាន​ពេជ្រ​រំលេច​ដោយ​ព័ណ៌​លឿង​ទុំ បាន​ទាញ​អារម្មណ៍​មហាជន​ឲ្យ​ដើរ​ឆ្លង​កាត់ មិនថា ពេលថ្ងៃ​ ឬ​ពេល​រាត្រី​ឡើយ។ ពេល​រាត្រី ស្ពាន​ពេជ្រ​មាន​សម្រស់កាន់​តែ​លេច​ធ្លោ​ថែម​មួយ​កម្រិ​តទៀត ដោយ​សារ​ភ្លើងបំភ្លឺ​ចែង​ចាំង​រត់​ប្រដេញ​គ្នា​។ តែអនិច្ចា គ្មាន​នរណា​ដឹង​ឡើយ​ថា ស្ពាន​ពេជ្រ​ដ៏​ស្រស់​ស្អាត​នេះ នៅ​ថ្ងៃ​ទី​៣​នៃ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​២០១០ បាន​ក្លាយ​ជា​កន្លែង​សោកនាដកម្ម​តែ​មួយ​ប៉ព្រិច​ភ្នែក។  ភ្លាមៗ​ក្រោយ​ហេតុការណ៍​មនុស្ស​រត់​ជាន់​គ្នា​ស្លាប់ អាជ្ញាធរ​បាន​វាយ​កម្ទេច​ស្ពាន​នេះ​ចោល​ដោយ​មិន​បង្អង់​យូរ​ឡើយ ដោយ​ជំនួស​មក​វិញ​នូវ​ស្ពាន​ថ្ម​ពីរ​សម្រាប់​ធ្វើ​ដំណើរ​ទៅវិញ​ទៅ​មក​។ បច្ចុប្បន្ន ទី​តាំង​នេះ​បាន​ក្លាយ​ជា​កន្លែង​ជួប​ជុំ​ដ៏ពេញ​និយម ដោយ​ហាង​អាហារ​ត្រៀប​ត្រា​ពាស​ពេញ​ ខ្លះ​លក់​ម្ហូប​ចិន កូរ៉េ និង​ម្ហូប​ខ្មែរ​ក៏​មាន។

ស្ពានពេជ្រមួយថ្ងៃក្រោយរត់ជាន់គ្នា
ស្ពានពេជ្រមួយថ្ងៃក្រោយរត់ជាន់គ្នា © រ៉យទ័រ

រស់​ជាថ្មី ជឿថា បើកាល​ពី​១០​ឆ្នាំ​មុន​មាន​ស្ពាន​ថ្ម​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​ដូច​រាល់​ថ្ងៃ​នេះ ម្ល៉េះ​កម្ពុជា​មិន​ជួប​ហេតុការណ៍​រត់ជាន់​គ្នា​ស្លាប់​៣៦៥​នាក់ និង​របួស​៥៥៥​នាក់​ឡើយ។ បើ​តាម​លោក​រស់​ជាថ្មី ពេល​នោះ​មាន​អ្នក​ខ្លះ​បង្ខំ​ចិត្ត​លោត​ពី​លើ​ស្ពានចូល​ក្នុង​ទឹក អ្នក​មាន​សំណាង​បាន​រស់​ជា​ថ្មី​ដូច​គាត់ អ្នក​ខ្លះ​ទៀត អភ័ព្វ​លិច​ស្លាប់​ក៏​មាន។

ដើម្បី​ជា​ការ​ចង​ចាំ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​បានសាងសង​ស្ដូប​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​តាំង​ស្ពានពេជ្រ ដែល​ឥលូវ​ប្រែ​មក​ជា​ស្ពាន​ថ្ម។ រៀង​រាល់​ឆ្នាំ ក្រុម​គ្រួសារ​ជន​គ្រោះ​អ្នក​ស្លាប់​បាន​នាំ​គ្នា​មក​ធ្វើ​ពិធី​បង្សុ​កូល​នៅ​ទី​នេះ។

ស្តបរំឮកវិញ្ញាណក្ខន្ធ
ស្តបរំឮកវិញ្ញាណក្ខន្ធ © រ៉យទ័រ

២២​វិច្ឆិកា​ឆ្នាំ២០១០​ដល់​២២​វិច្ឆិកា​ឆ្នាំ​២០២០ គឺ​ជា​ខួប​១០​ឆ្នាំ​គត់​នៃ​ហេតុការណ៍​រត់​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​ទីក្រុង​រណប​កោះ​ពេជ្រ ដែល​ជា​រាត្រី​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​អុំ​ទូក។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​បាន​ចាត់​ទុក​ព្រឹត្តិការណ៍​នេះថា ជា​សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​កម្ពុជា​មិន​ធ្លាប់​ប្រទះ​ទេ តំាង​ពី​ក្រោយ​ការ​ដួលរលំ​​របប​ខ្មែរ​ក្រហម​។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាលកម្ពុជា​​បាន​យក​ថ្ងៃព្រហស្ប​តិ៍ ទី២៥វិច្ឆិកា ឆ្នាំ​២០១០ ជា​ថ្ងៃ​កាន់​ទុក្ខ​ជាតិ។

គួរ​កត់​សម្គាល់​ថា កាល​ណោះ មតិ​ខ្លះ​បាន​​ស្ដីប​ន្ទោស​ទៅ​លើ​អាជ្ញាធរ ដែល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ឲ្យ​បាន​ល្អ បង្កលក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍ ហើយ​ទន្ទឹម​នឹង​នេះ​ក៏​មាន​ផង​ដែរ ការ​ទាញ​ភ្ជាប់​ព្រឹត្តការណ៍​រត់​ជាន់​គ្នា​ស្លាប់​នឹងជំនឿ​អរូបិយ​នានា ក៏​ដូច​ជា​អំពើ​ភេរវកម្ម​ជា​ដើម​។ យ៉ាង​ណា​ក៏​ដោយ អ្នក​ជំនាញ​ផ្នែក​គូរ​ប្លង់​បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍​ដ៍​អកុសល​នេះ កើត​ឡើង​ដោយ​សារ​ការ​រប្រមូល​ម្ដុំ​នៃ​ការ​ប្រគុំ​តន្ត្រី​សម្បូរ​បែប​នានា​នៅ​កោះពេជ្រ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មហាជន​ឡើង​ពី​ជន​បទ​សម្រុក​ទី​នោះ ខណៈ​ការ​រៀប​ចំ​របស់​អាជ្ញាធរ​មិន​បាន​នឹក​គិត​ដល់​ចំណុច​នេះ៕ 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ