បទយកការណ៍

លោក ហេ ជុនសិក ៖ ទំនុក​ច្រៀង​បច្ចុប្បន្ន​គួរ​ផ្ដល់​ជា​គំនិត ការ​រិះ​គិត និង​ការ​អប់រំ​ដល់​អ្នក​ស្ដាប់

សំឡេង ១១:៣៣
លោក ហេ ជុនសិក  តន្រ្តីករផ្នែកវីយូឡុងនិងជាអ្នកជំនិតរបស់អធិរាជសំឡេងមាស លោកស៊ីន ស៊ីសាមុត។
លោក ហេ ជុនសិក តន្រ្តីករផ្នែកវីយូឡុងនិងជាអ្នកជំនិតរបស់អធិរាជសំឡេងមាស លោកស៊ីន ស៊ីសាមុត។ © @Internet
ដោយ៖ អេង គីមហុង
៥៦ នាទី

ន័យធៀប​គេ​លែង​សូវ​ឮ​នៅ​ក្នុង​បទ​ចម្រៀង​ខ្មែរ​នា​សម័យ​បច្ចុប្បន្ន។ បច្ចុប្បន្ន​បទ​ចម្រៀង​ភាគច្រើន​រំលេច​ដោយន័យ​ត្រង់។  នេះ​ជា​ការ​ចាប់​អារម្មណ៍​របស់​លោក ហេ ជុនសិក  តន្រ្តីករ​ផ្នែក​វីយូឡុង​និង​ជា​អ្នក​ជំនិត​របស់​អធិរាជ​សំឡេង​មាស លោកស៊ីន ស៊ីសាមុត។ នៅ​ក្នុង​វ័យ​៨១​ឆ្នាំ អតីត​តន្រ្តីករ​ផ្នែក​វីយូឡុង​រូប​នេះ​លើក​ឡើង​ថា  រវាងន័យ​ធៀប​និង​ន័យ​ត្រង់  ន័យ​ធៀប​ផ្ដល់​ជា​គំនិត​ ការរិះ​គិត និង​ការអប់រំ​ដល់​អ្នក​ស្ដាប់​ច្រើន​ជាង​ន័យ​ត្រង់។ ដោយ​សារ​ន័យ​ធៀប​មាន​លក្ខណៈ​ពិសេស​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ចម្រៀង​ជំនាន់​មុន​នៅ​តែ​មាន​អ្នកស្ដាប់​និង​ស្ដាប់មិន​ចេះ​ជិន​ណាយ។ 

ផ្សាយពាណិជ្ជកម្ម

ព្រែក​ឯង​អស់​សង្ឃឹម​ ពេល​មេឃ​ស្រទុំ ទេពធីតា​ក្នុង​សុបិន ត្រពាំង​សាប​កូឡាប​រោយ ទុំ​មុន​ស្រគាល ជា​ដើម​សុទ្ធសឹង​ជា​បទ​ចម្រៀង​ខ្មែរ​សម័យ​មុន​ច្រៀង​ដោយ​លោក ស៊ិន សាមុត អ្នកស្រី ប៉ែន រ៉ន អ្នកស្រី​ រស់ សេរីសុទ្ធា។   ឃ្លា​ផ្ដើម​នៃ​បទ​ទាំង​នេះ​រំលេច​ដោយ​ន័យ​ធៀប​ទើប​ជ្រាប​ចូល​មនោសញ្ចេតនា​ស្នេហា​ជ្រាលជ្រៅ​និរាស​ព្រាត់​ប្រាស់។

«និពន្ធ​បទ​ចម្រៀង​ដើម្បី​ច្រៀង​ឲ្យ​គេ​ស្ដាប់ វា​មិនមែន​ជា​រឿង​លេង​សើច​ទេ​នាង... ព្រោះ​បទ​ដែល​ចេញ​មក​ដែល​គេស្ដាប់​យូរ​ឡើង​កាន់​តែ​ពិរោះ​ឡើង [វា] អាស្រ័យ​លើ​ទឹក​ដៃ​អ្នក​និពន្ធ។ នាង​អាច​ទៅ​ស្ដាប់​បទ​ដែល​លោក​ ពៅ ស៊ីផូ និពន្ធ​ឡើង គឺ​កាន់​តែ​ស្ដាប់​កាន់​តែ​ពិរោះ ហើយ​បួន​ដប់​ឆ្នាំ​ក្រោយ​មក​កាន់​តែ​ពិរោះ​ទៅ​ទៀត ។» នេះ​ជា​បទ​ពិសោធដែល​លោក ហេ ជុនសិក  តន្រ្តីករ​ផ្នែក​វីយូឡុង​និង​ជា​ជំនិត​ផ្ទាល់​លោកស៊ីន ស៊ីសាមុត ធ្លាប់​មើល​ឃើញ​អ្នក​និពន្ធជំនាន់​មុន ជា​ពិសេស​លោក ពៅ ស៊ីផូ គាត់​ធ្វើ​បែប​នេះ។  

លោក ហេ ជុនសិក  នៅក្នុងបទសម្ភាសជាមួយ អេង គីមហុង អ្នកយកព័ត៌មានវិទ្យុបារាំងអន្តរជាតិក្នុងពេលថ្មីៗនេះ
លោក ហេ ជុនសិក នៅក្នុងបទសម្ភាសជាមួយ អេង គីមហុង អ្នកយកព័ត៌មានវិទ្យុបារាំងអន្តរជាតិក្នុងពេលថ្មីៗនេះ © kimhong
អង្គុយ​លើ​កៅអី​នៅ​ក្នុង​ផ្ទះល្វែង​មួយ​កន្លែង​ក្នុង​រាជធានីភ្នំពេញ លោក ហេ ជុនសិក  មាន​វ័យ​ជរា​ណាស់​ហើយ តែគាត់​ខំ​និយាយ​លាយ​ឡំ​សំណើច​ទាំង​ហួស​ចិត្ត​ថា  បទ​ចម្រៀង​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​អត់​មាន​ន័យ​សម្រាប់អ្នក​ស្ដាប់​សោះ​ឡើយ «នេះ​ដោយសារ​អ្នក​និពន្ធ​សសេរ​ទំនុក​ច្រៀង​អត់​ត្រូវ ​ដល់​ហើយ​ទៅ​ វា​អត់​មាន​ន័យ​ដែល​គួរចាប់​អារម្មណ៍ ស្ដាប់​ត្រចៀក​ឆ្វេង​ចេញ​ត្រចៀក​ស្ដាំ។ ខ្ញុំ​ស្ដាប់​អស់​ហើយ​តែ​ខ្ញុំ​មិន​រវល់ មិន​និយាយ។ និយាយ​ទៅ​គេទាញ​ភ្ជាប់​ទៅ​នឹង​ការ​វិវត្ត​តាម​សម័យ​កាល​សង្គម! អ៊ីចឹង​បើ​ក្មេង​ជំនាន់​ក្រោយ​គេ​យល់​បែប​ណា​ល្អ​ តាម​តែ​គេ​ទៅ ​តែបើ​គេ​មិន​ស្ដាប់​បទ​យើង កុំ​បន្ទោស​គេ។»

ត្រឡប់​ទៅ​មើល​អតីតកាល​ទសវត្សឆ្នាំ​១៩៧០ អតីត​តន្រ្តីករ​ផ្នែក​វីយូឡុង ហេ ជុនសិក អះអាងថា ទាំង​អ្នកចម្រៀង អ្នក​និពន្ធ​ទំនុក​ច្រៀង និង​បទ​ភ្លេង​សុទ្ធ​តែ​ជា​អ្នក​មាន​សមត្ថភាព «អ្នក​សសេរ​បទ​ចម្រៀង​មួយៗ​គេ​រៀន គេមិនមែន​នឹក​ឃើញ​សសេរ​ផ្ដេសផ្ដាស​ទេ។ ជាក់ស្ដែង​បង​សាមុត (ស៊ិនសាមុត) គាត់ [ជា] អ្នក​ច្រៀង​ផង គាត់ [ជា] អ្នក​និពន្ធ​ផង ហើយ​មើល​ទៅ​សមត្ថភាព គាត់ចេះ​ទាំង​បារាំង​ថៃ​និង​រៀន​សូត្រ​បាន​ច្រើន​ទៀត​ផង។ ចំណែក​អ្នក​និពន្ធ ពៅ ស៊ីផូ និង យ៉ង ឈៀង សុទ្ធ​តែ​ជាប់​ឌីប្លូម។ ឌីប្លូម​ជំនាន់​សង្គមរាស្ត្រ​និយម​ខ្លាំងណាស់​ណា ធ្វើ​កុងសី​បានទៀត​ផង។»

លោក ស៊ិន សាមុត បុគ្គលល្បីនៅក្នុងបញ្ចីប្រវត្តិសាស្ត្រសិល្បៈខ្មែរដែលត្រូវប្រជាពលរដ្កម្ពុជាប្រសិទ្ធនាមថា «អធិរាជសំឡេងមាស»
លោក ស៊ិន សាមុត បុគ្គលល្បីនៅក្នុងបញ្ចីប្រវត្តិសាស្ត្រសិល្បៈខ្មែរដែលត្រូវប្រជាពលរដ្កម្ពុជាប្រសិទ្ធនាមថា «អធិរាជសំឡេងមាស» © @Internet

ក្រៅ​ពី​លោក ស៊ិន ស៊ីសាមុត អ្នកនិពន្ធ ពៅ ស៊ីផូ និង យ៉ង ឈៀង ​លោក ហេ ជុនសិក ក៏​បាន​សសើរ​ពី​ភាព​ប៉ិន​ប្រសប់​របស់​កវី​ខ្មែរ​ម្នាក់​ទៀត​គឺ​លោក វ៉ោយ ហូរ «បទ​បែកក្អម​អូន​ហើយ​របស់ វ៉ោយ ហូរ ហ្នឹង​ល្បី​ណាស់​ណា ចេញ​លក់​ភ្លាម កាសែត​បទ​ហ្នឹង​គេ​ទិញ​អស់ ហើយ​វ៉ោយ ហូរ ហ្នឹង! គាត់​ចូលចិត្ត​ណាស់​សសេរ​បទ​ណា​ដែល​ជា​ពាក្យ​ពិត​រែង​ស្លែង… តែ​ពិត​របស់​គាត់ គេ​ចូលចិត្ត​ស្ដាប់​ណា​នាង។»

ទោះ​មាន​ឈ្មោះ​ត្រឹម​ជា​អ្នក​លេង​វីយូឡុង តែ​លោកជុនសិក ដឹង​ច្បាស់​ពី​ចេតនា​និង​ទេពកោសល្យ​អ្នកនិពន្ធ​ជំនាន់មុន​ក្នុង​ការ​ធ្វើ​បទ​ចម្រៀង​ឲ្យ​ចេញ​មក​អង្រួន​ទីផ្សារ​និង​អារម្មណ៍​អ្នកស្ដាប់ «ក្មួយដឹង​ទេ បទ​ចម្រៀង​ពីរ​បទ​កាល​ពីជំនាន់​មុន​ដែល​លក់​ដាច់​និង​មាន​អ្នក​ស្ដាប់​ខ្លាំង​បំផុត​នោះ គឺ​បទ​បាត់​ដំបង​បណ្ដូល​ចិត្ត ច្រៀង​និង​និពន្ធ​ដោយ​ស៊ិន សាមុត និង​បទ​មួយ​ទៀត​គឺ លលក​ញី​ឈ្មោល។  លលក​ញី​ឈ្មោល​ច្រៀង​ដោយ មាស ហុកសេង និពន្ធ​ដោយ​ ម៉ា ឡៅ​ពី ហើយ​បទ​ទាំង​ពីរ​នេះ សុទ្ធ​តែ​មាន​ប្រវត្តិ​របស់​វា ផ្សារ​ភ្ជាប់​នឹង​ប្រពៃណី​សាសនា​ទៀត​ផង ជា​ពិសេស​បទលលកញីឈ្មោល។»

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ បទ​ដែល​លោកជុនសិក​ចូលចិត្ត​ស្ដាប់ និង​បានចូល​រួម​លេង​វីយូឡុង គឺ​បទ​ចម្ប៉ា​បាត់ដំបង ច្រៀង​និង​និពន្ធ​ទំនុក​ច្រៀង​ដោយ​លោក ស៊ិន សាមុត។ «នៅ​ចន្លោះ​ឆ្នាំ​៦០ បទ​ហ្នឹង​ល្បី​យក​តែ​មែន​ទែន ហើយជំនាន់​នោះ ក្រោយ​ចប់​រដូវ​ច្រូត​កាត់​ដល់​យប់​ឡើង គេ​ត្រូវ​ជួល​អក​កេស​លេង គឺ​មួយ​យប់​ហ្នឹង​ក្នុង​ភូមិ​ឮ​តែ​បទ​ចម្ប៉ាបាត់​ដំបង ឆ្លង​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ​ស្ដាប់​ទៅ​អត់​សាប​សោះ។»

ចំប៉ាបាត់ដំបងជាបទដែលលោក ជុនសិក ស្រឡាញ់និងចូលចិត្តស្ដាប់!
ចំប៉ាបាត់ដំបងជាបទដែលលោក ជុនសិក ស្រឡាញ់និងចូលចិត្តស្ដាប់! © @Internet
ក្រៅ​តែ​ពី​បទ​ចម្ប៉ា​បាត់ដំបង រំដួល​ដង​ស្ទឹង​សង្កែ​ជា​បទ​បន្ទាប់ និង​មាន​បទ​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​បាន លោក ហេ ជុនសិក ជួយ​រៀប​ចំ​ផលិត​ក្នុង​នាម​ជា​ជំនួយ​ការ​លោកស៊ិន សាមុត។

អ្វី​ដែល​លោក ហេ ជុនសិក ដឹង​ពី​លោក ស៊ិន សាមុត គឺ​លោក​ជា​មនុស្ស​ស្វែង​រក​ចំណេះ​ដឹង​គ្រប់ពេល។ ខ្ញុំ​ធ្លាប់ជិះ​ឡាន​ជា​មួយ​គាត់ (ស៊ិន សាមុត) គាត់​ប្រាប់​ខ្ញុំ​ថា គាត់​មិនមែន​ចេះ​តែ​សសេរ​ទំនុក​ច្រៀង​ឲ្យ​តែ​បាន​ច្រៀង​ទេ គឺគាត់​ទៅ​រៀន​កំណាព្យ​ចុងចួន​ជាមួយ​លោក កេង វ៉ាន់សាក់។ កេង វ៉ាន់សាក់ នរណា​មិន​ស្គាល់ កវី​និពន្ធ​អក្សរសាស្រ្ដ​ខ្មែរ​ដ៏​ល្បី​ល្បាញ​និង​ជា​ស្ថាបនិក​អង្គុលី​លេខ​ខ្មែរ​សម័យ​ទសវត្សរ៍​ឆ្នាំ​១៩៥០។»

កវីនិពន្ធអក្សរសាស្រ្ដខ្មែរដ៏ល្បីល្បាញលោក វ៉ាន់សាក់ ដែលជាគ្រូបង្គោលរបស់លោក ស៊ិន សាមុត
កវីនិពន្ធអក្សរសាស្រ្ដខ្មែរដ៏ល្បីល្បាញលោក វ៉ាន់សាក់ ដែលជាគ្រូបង្គោលរបស់លោក ស៊ិន សាមុត © @Internet

លោក ហេ ជុនសិក មាន​កង្វល់​ដែរ នៅ​ពេល​ដែល​អ្នក​ចម្រៀង​ខ្មែរ​បច្ចុប្បន្ន​មួយ​ចំនួន​ប្រើ​សូរ​សៀង​សំនៀង​ខ្មែរ​មិនសូវ​ច្បាស់។ «អាលូវ​ច្រៀង​បន្លែបន្លំ​ចប់​មួយ​បទ​នឹង​គេ​ដែរ ហើយ​ចំរៀង​តែ​ឃ្លា​ដំបូង ហៅ​ឡើង​អត់​ន័យ ហើយ​គេ​អត់តាម​ស្ដាប់​ដល់​ចប់​ទេ។» លោក​ក៏​មិន​សប្បាយ​ចិត្ត​ដែរ នៅ​ពេល​ដែល​អ្នក​ចម្រៀង​ជំនាន់​ក្រោយ​យក​បទ​ចម្រៀងជំនាន់​ចាស់​ច្រៀង​ឡើង​វិញ ឆ្លៀត​កែកុន​ទាំង​ទំនុក​ច្រៀង​និង​សាច់​ភ្លេង​នោះ។

ភាព​ជា​គំរូ​នៃ​សិល្បៈ​សម្រាប់​អ្នក​ជំនាន់​ក្រោយ ទាំង​សំឡេង​និង​ទំនុក​ច្រៀង លោក ហេ ជុនសិក លើក​សសើរ​ពីទេពកោសល្យ​អ្នកស្រី ហ៊ឹម ស៊ីវន។ នេះ​ក៏​ព្រោះ​តែ​អ្នក​ស្រី ហ៊ឹម ស៊ីវន ធ្លាប់​ចូល​សិក្សា​តន្រ្តី​នៅ​សាកល​វិទ្យាល័យភូមិន្ទ​វិចិត្រ​សិល្បៈ។

លោកស្រី ហ៊ឹម ស៊ីវន បទគាត់ជាច្រើនទទួលបានការគាំទ្រពីមហាជនដូចជាៈបទវាលស្រែវាស្រូវ ទឹកភ្នែកភរិយា  ទឹកដោះគឺឈាមជាដើម
លោកស្រី ហ៊ឹម ស៊ីវន បទគាត់ជាច្រើនទទួលបានការគាំទ្រពីមហាជនដូចជាៈបទវាលស្រែវាស្រូវ ទឹកភ្នែកភរិយា ទឹកដោះគឺឈាមជាដើម © @Internet
ក្លាយ​ជា​មនុស្ស​ជំនិត​របស់​លោក ស៊ិន សាមុត ជា​រឿង​ចៃដន្យ​ទេ​សម្រាប់​លោកជុនសិក។ «ខ្ញុំ​បាន​សុំ​លោក ពៅ ស៊ីផូ ទៅ​ធ្វើការ​នៅ​វិទ្យុជាតិ​ដែល​ជា​វិទ្យុ​ផ្សាយ​សំឡេង​របស់​ប្រទេស​កម្ពុជា​ក្នុង​ការរៀន​ភ្លេង​នៅ​ហ្នុង ដល់​ហើយ​ជួបបង​សាមុត​គាត់​ទៅ​ថត​ចម្រៀង  អំឡុង​ពេល​រង់​ចាំ​ថត​បទ​ចម្រៀង ខ្ញុំអង្គុយ​លេង​ជាមួយ​គាត់ គាត់​ក៏​ប្រើ​ខ្ញុំ​ឲ្យ​ទិញ​នេះទិញ​នោះ ក៏​ស្គាល់​គ្នា​ទៅ។ បន្ទាប់​មក​ខ្វះ​អ្នក​វាយស្គរ​ក្នុង​បទចម្រៀង​សារ៉ាវ៉ាន់ គាត់​ក៏​ហៅ​ខ្ញុំ​ចូល​ក៏​បាន​ថត​ចម្រៀងពីរ​បី​បទ​ជាមួយ​គាត់​ទៅ។»

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក ស៊ិន សាមុត ទទួល​មរណភាព​បែប​ណា សូម្បី​តែ​មនុស្ស​ជំនិត​នឹង​គាត់​ដូច​លោក ហេ ជុនសិក ក៏​មិន​បាន​ដឹង​ដែរ។ «ក្រោយ​ឆ្នាំ​៧៥​ហ្នឹង ពួក​យើង​បាន​បែក​គ្នា​អស់។ ខ្ញុំ​ក៏​មិន​ដឹងថា គាត់​សម្លាប់ក្រោម​ដៃ​ខ្មែរ​ក្រហម​ឬ​យ៉ាង​ណា​ដែរ។ ខ្ញុំ​គ្រាន់​តែ​ដឹង​ពី​ផ្លូវ​ដែល​គាត់​ចាកចេញ​បន្ទាប់​ខ្មែរ​ក្រហម​ជម្លៀស​ប្រជាជន​ពីក្រុង គឺ​បង​សាមុត​បាន​ធ្វើ​ដំណើរ​ពី​ព្រែក​ឯង​បន្ទាប់​ពី​គាត់​ចេញ​ពីផ្ទះ​នៅ​ម្ដុំ​ឯករាជ្យ​យើង​រាល់​ថ្ងៃ​នេះ ហើយ​ខ្ញុំ​ធ្វើដំណើរ​បញ្ជ្រាស​គាត់​វិញ​មក​ផ្លូវ​ស្ទឹង​មាន​ជ័យ​ឯណេះ។»

លោក​ជុនសិក​មាន​អាយុ​ប្អូន​ជាង​លោក ស៊ិន សាមុត ដល់​ទៅ​៩​ឆ្នាំ​ឯណោះ ហើយ​គិត​ក្នុង​បច្ចុប្បន្ន​ប្រសិន​បើលោក ស៊ិន សាមុត នៅ​មាន​ជីវិត​គឺ​មាន​វ័យ​៩០​ឆ្នាំ ខណៈ​លោក​ជុនសិក​មាន​វ័យ​៨១​ឆ្នាំ។ ទោះ​ជា​មិនមែន​ជាបុគ្គល​ល្បី​នៅ​ក្នុង​បញ្ជី​ប្រវត្តិសាស្ត្រ​សិល្បៈ​ខ្មែរ​ក៏​ដោយ តែ​ផ្អែម​តាម​ការ​រៀបរាប់​ទាំង​ប៉ុន្មាន លោក​ជុន​សិក​ក៏​ត្រូវបាន​រាប់​បញ្ចូល​ជាបុគ្គល​ឆ្នើម​ដែល​មាន​ជំនាញ​លេង​វីយូឡុង និង​ប្រៀប​ដូច​ជា​សាក្សីរស់ បាន​ដឹង​ច្បាស់​ពី​ភាព​ប៉ិនប្រសព្វ​ក្នុង​ការ​តែង​និពន្ធ​របស់​អ្នក​ចម្រៀង​ខ្មែ​ជំនាន់​មុន។

រស់​នៅ​ស្ងៀមស្ងាត់​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​ជាមួយ​វីយូឡុង ជា​ជីវិត​មួយ​ដែល​លោក​ពេញ​ចិត្ត​ជា​ទី​បំផុត​ បន្ទាប់សម្រាក​ពី​អាជីព​ជា​អ្នក​លេង​វីយូឡុង​នៅ​ក្នុង​ឆ្នាំ​២០១៥។ នៅ​ក្នុង​ឆ្នាំ​២០១៥ អតីត​តន្ត្រី​រូប​នេះ​ក៏​ធ្លាប់​ទទួល​បានលិខិត​ថ្លែង​អំណរ​គុណ​ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ដែល​កាលណោះ​គ្រប់គ្រង​ដោយ​លោក ស៊ុន ចាន់ថុល សម្រាប់​ការ​ចូលរួម​ប្រគុំ​តន្ត្រី​សប្បុរសធម៌ «ពេលវេលា​ដែល​ត្រូ​វតប​ស្នង» ដើម្បី​ស្វែង​សរក​វិភាគទាន​ចំពោះក្រុម​គ្រួសារ​អធិរាជ​សំឡេង​មាស ស៊ិន សាមុត៕

លិខិតថ្លែងអំណរគុណទទួលបានមុនចូលនិវត្តពីអ្នកលេងវីយូឡូងនៅក្នុងឆ្នាំ២០១៥
លិខិតថ្លែងអំណរគុណទទួលបានមុនចូលនិវត្តពីអ្នកលេងវីយូឡូងនៅក្នុងឆ្នាំ២០១៥ © kimhong

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI