បទយកការណ៍

អ្នកជំនាញផ្នែកសុខភាពព្រួយបារម្ភពីអត្រាកុមារនិងទារកឆ្លងវីរុសកូវីដ១៩មានការកើនឡើង

រូបតំណាងៈ
រូបតំណាងៈ © វួចទៀង

រាប់​ចាប់​តាំង​ពី​ព្រឹត្តការណ៍​សហគម​២០​កុម្ភៈ​មក​កុមារ​ក៏​មិន​ខុស​ពី​មនុស្ស​ចាស់​ដែរ ពួក​គេ​បាន​ស្ពាយ​បង្វិចចូល​ក្នុង​រថយន្ត​ពេទ្យ​ដើម្បី​ទៅ​ព្យាបាល​ជំងឺ​កូវីដ​១៩។  បើ​តាម​របាយការណ៍​ប្រចាំថ្ងៃ​របស់​ក្រសួង​សុខាភិបាល មាន​កុមារ​និង​ទារក​​មិន​ក្រោម​២០០​នាក់​ឡើយ​បាន​ចូល​ខ្លួន​ព្យាបាល​ជំងឺ​កូវីដ១៩។ ក្នុង​នោះ​មានទារក​អាយុ​៤​ខែ ៣ខែ ៧ខែ ៩ខែ ១​ឆ្នាំ​ជាដើម។ បើតាម​អ្នក​ជំនាញ​សុខភាព​ទារក​និង​កុមារ​បាន​ឆ្លង​វីរុស​កូវីដ១៩ ពី​មនុស្ស​ធំ​តាម​រយៈ​ភាព​ស្និទ្ធ​ស្នាល។  ជាក់ស្ដែង​ស្ត្រី​ម្នាក់​ឲ្យ​ដឹង​ថា កូន​របស់​នាងដែល​ទើប​មានអាយុ​៩​ខែ​បាន​ឆ្លង​វីរុស​កូវីដ១៩​ពី​ប្អូនស្រី​ដែល​ធ្វើ​ដំណើរ​មក​ពី​ក្រុង​ព្រះសីហនុ។

ផ្សាយពាណិជ្ជកម្ម

 

រូបតំណាង
រូបតំណាង © @Internet

មាន​អាយុ១៩ឆ្នាំ​ដានីត​បាន​ឡើង​ឡាន​ពេទ្យ​បី​កូន​តូច​អាយុ​៩​ខែ​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ត្រពាំងស្វាយ​នៃ​ខេត្ត​កំពង់ធំ។ ចូល​ខ្លួន​ព្យាបាល​ជំងឺ​ទាំង​ពីរ​នាក់​ម្ដាយ​កូន​នៅ​ថ្ងៃ​ទី​២២​ខែ​មិនា​និង​ត្រឡប់​មក​ផ្ទះវិញ​នៅ​ថ្ងៃ​ទី៥​ខែ​មេសា​បន្ទាប់​ពី​ព្យាបាល​ជា​សះ​ស្បើយ។ ហើយ​បន្ទាប់​ពី​មក​ដល់​ផ្ទះ​កំសត់​ប្រក​សង្ខសី សង់ផុត​ពី​ដី​តែ​បន្តិច ដានីត​និង​កូន​តូច​ដាក់​ខ្លួន​ឯង​នៅ​ដោយ​ឡែក​ពី​គេ​រយៈ​ពេល​១៤​ថ្ងៃ​ទៀត។

 

តែ​គួរ​ឲ្យ​សោក​ស្ដាយ​ត្រឡប់​មក​ផ្ទះ​មិន​បាន​ប៉ុន្មាន​ផង​ដានីត​និង​កូន​រួម​ជាមួយ​ប្ដី​បាន​ឡើង​ពេទ្យ​ជា​ថ្មី​ចូលខ្លួន​ទៅ​តាម​ដាន​ជំងឺ​កូវីដ១៩​ក្នុង​សាលារៀន​មួយ​កន្លែង​ស្ថិត​នៅ​ខេត្តកំពង់ធំ នៅ​ថ្ងៃ​ទី​១៧​ខែ​មេសាក្រោយ​រក​ឃើញ​ថា ម្ដាយ​ដានីត​លាប់​ឡើងវិញ​នូវ​ជំងឺ​កូវីដ​១៩។ បន្ទាប់​ពី​ចូល​ខ្លួន​តាម​ដាន​ជំងឺ​កូវីដ​១៩ជាង​មួយ​សប្ដាហ៍​ដានីត និង​ក្រុម​គ្រួសារ​រួមទាំង​ម្ដាយ​បាន​ត្រឡប់​មក​ផ្ទះ​មក​វិញ នៅ​ថ្ងៃ​ទី​២៤​មេសាក្រោយ​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា នាង​និង​កូន​គ្មាន​ជំងឺ​កូវីដ​១៩។

មិនមែន​ជា​មនុស្ស​បាន​សម្ដី​ដានីត​បាន​ប្រាប់​ពី​ដំណើរ​ដើម​ទង​ខ្លះៗ​ដែល​នាំ​ឲ្យ​គ្រួសារ​នាង​ទាំង​មូល​ឆ្លង​វីរុស​កូវីដ១៩​គឺ​ផ្ដើម​ចេញ​ពី​ប្អូន​ស្រី​បង្កើត​វ័យ​១៦​ឆ្នាំ​ធ្វើ​ដំណើរ​មក​ពី​ក្រុង​ព្រះសីហនុ។ ក្រុង​ព្រះសីហនុ​នេះហើយ ជា​ទីតាំង​ទី២​ដែល​ឃើញ​ចំនួន​ឆ្លង​វីរុស​ច្រើន បន្ទាប់​ពី​រាជធានី​ភ្នំពេញ​នៅ​ក្នុង​ព្រឹត្តការណ៍​សហគ​ម​២០​កុម្ភៈ។«​ប្អូន​ខ្ញុំ​ធ្វើ​ដំណើរ​មក​ពី​កំពង់​សោម​មក​មើល​តាឈឺ ​នៅ​ស្រុក​ហើយ​វា​អត់​ដឹង​ខ្លួន​ថា ​មាន​ជំងឺ​កូវីដ​១៩​ទេ តែ​យាយ​ខ្ញុំ​ម្នាក់​ទៀត​នៅ​កំពង់សោម​ហ្នឹង​មាន​ផ្ទុក​វីរុស​កូវីដ១៩ គេ​ក៏​ស្វែង​រក​អ្នក​ពាក់ព័ន្ធ​ទៅទើបដឹងថា ប្អូន​ខ្ញុំ​មាន​ផ្ទុក​វីរុស​កូវីដ១៩​ដែរ។»

ដូច្នេះ​ប្រាកដ​ណាស់​ដានីត​ឆ្លង​កូវីដ១៩ពី​ប្អូន​ស្រី តាមរយៈ​ភាព​ស្និទ្ធិស្នាល ខណៈ​ប្អូន​ស្រី​បាន​ចម្លង​វីរុស​នេះ​បន្ត​ទៅ​កូន​តូច​របស់​ដានីត​តាមរយៈ​ទឹកមាត់​បន្ទាប់​ពី​បាន​ថើប​ក្នុង​ន័យ​ស្រឡាញ់​រវាង​មីង​និង​ក្មួយ​។ ​«ពេទ្យ​ប្រាប់​ថា កូន​ខ្ញុំ​មិន​មែន​ឆ្លង​តាម​ទឹកដោះ​ទេ ឆ្លង​តាម​ទឹក​មាត់​ព្រោះ​ប្អូន​ខ្ញុំ​មក​ថើប​និង​ លេង​ជាមួយ​កូនរបស់​ខ្ញុំ។»

តែ​យ៉ាង​ណា​អំឡុង​ពេល​ព្យាបាល​ស្ត្រី​វ័យ​១៩​ឆ្នាំ​រូប​នេះ​អះអាង​ថា​ កូនតូច​របស់​នាង​មិន​យំ​ធ្វើ​បាប​ម្ដាយឡើយ ហើយ​ដានីត​ខ្លួន​ឯង​ក៏​គ្មាន​រង​ការ​រំខាន​ណាមួយ​ពី​ជំងឺ​កូវីដ​១៩​ដែរ។«ទោះ​ជា​កូន​មិន​យំ​ធ្វើ​បាបមែន​ពិត​តែ​រៀង​ពិបាក​តិច[បង]​យើង​ធ្វើអ្វី​ក៏​ធ្វើ​តែ​ឯង​ព្រោះ​អត់​មាន​អ្នក​ជួយ​ទេ​ដោយ​សារ​កន្លែង​យើង​ស្នាក់នៅ​ព្យា​បាល​ដាច់ៗ​ពី​គ្នា ហើយ​ខ្ញុំ​ដៃ​ម្ខាង​បី​កូន​ម្ខាង​កាន់​ឥវ៉ាន់។» នៅ​ចំពោះ​មុខភាព​លំបាក់​នេះ​ដានីតនិយាយ​តែ​មួយ​ម៉ាត់​ខ្លី​ប៉ុណ្ណោះ សូម​ឲ្យ​ម្ដាយ​គ្រប់​រូប​ដែល​មាន​កូនតូច​ប្រុងប្រយ័ត្ន​ជាមួយ​កូវីដ១៩​គ្រប់ពេល​វេលា។

កុមារីអាយុពីរឆ្នាំដែលជាកូនស្រីរបស់អ្នកនាង ហួន វួចទៀង
កុមារីអាយុពីរឆ្នាំដែលជាកូនស្រីរបស់អ្នកនាង ហួន វួចទៀង © វួចទៀង

ភាព​ប្រុងប្រយ័ត្ន​បាន​កើត​មាន​រួច​ទៅ​ហើយ​សម្រាប់​ស្ត្រី​គ្រប់រូប​ដែល​មាន​កូន​តូច និង​និយាយ​ដោយ​ឡែកសម្រាប់​អ្នកនាង ហួន វួចទៀង ដែល​មាន​កូនតូច​អាយុ​២ឆ្នាំ​ផ្ញើ​នៅ​ស្រុក​ជាមួយ​តា​យាយ។ «ពេល​ខ្ញុំឃើញ​អត្រា​ក្មេង​ឆ្លង​មាន​ចំនួន​ច្រើន​ខ្ញុំ​កាន់​តែ​ភ័យ​ព្រោះ​កូន​ខ្ញុំ​ទើប​តែ​មាន​អាយុ​ជាង​២​ខួប។ នេះ​ដោយ​សារកូន​ក្មេង​មិន​ចេះ​ទ្រាំ​ដូច​យើង​មនុស្ស​ចាស់​ឯណា​ពាក់ម៉ាស់​បាន​តែ​មួយ​ភ្លេច​ទារ​ដោះ​ចេញ​ហើយ​ការ​លាងដៃ​​ឲ្យ​បាន​ញឹកញាប់​តាម​ការណែ​នាំ​របស់​ក្រសួង​ទាល់​តែ​មាន​មនុស្ស​ចាស់​នៅ​ពី​ក្រោយ​ចាំ​ជួយ​ទៀត។»នេះ​ជា​ស្ថានភាព​ពិត​ដែល​អ្នក​នាង​ហួន វួចទៀង កំពុង​ជួប​ប្រទះ​នៅ​ចំពោះ​មុខ​ការ​បង្ការ​វីរុស​កូវីដ១៩។ ជា​អាជីវករ​លក់​ដូរ​នៅ​ផ្សារចាស់​ក្នុង​រាជធានី​ភ្នំពេញ​អ្នក​នាង​ហួន វួចទៀង នៅ​ក្នុង​វ័យ​២៥​ឆ្នាំ​បាន​ផ្អាក លក់​ស្បែក​ជើង​តាំង​ពី​មុន​ផ្សារចាស់​បិទ​ទៀត​ដើម្បី​ទៅ​មើល​កូន​តូច​និង​បង្ការ​ខ្លួន​ឯង​ពី​កូវីដ​១៩។

 

ដោយ​សារ​តែ​ដឹង​ថា ភាគ​ច្រើ​នៃ​កុមារ​ងាយ​ឆ្លង​កូវីដ១៩​ពី​មនុស្ស​ចាស់ អ្នកនាង​ហួន វួចទៀង បាន​បង្ការកូន​តូច​របស់​នាង​ឲ្យ​នៅ​ឆ្ងាយ​ពី​មនុស្ស​ចាស់ តែ​ក្ដី​ព្រួយ​បារម្ភ​ខ្លាច​រង​ការ​រិះគន់​ថា ជា​មនុស្ស​រើស​អើង។ «ជា​ធម្មតា​ក្មេង​តូចៗ​តែ​មាន​មនុស្ស​ចាស់ មក​ក្រឺត មក​ក្នាញ់​ មក​ថើប មក​ញោះ ​ខ្ញុំ​ក៏​បារម្ភ​ខ្លាច​មនុស្ស​ចាស់នាំ​មេរោគ​នោះ​មក​ចម្លង​បន្ត​ដល់​កុមារ​ក្នុង​ករណី​មនុស្ស​ចាស់​មាន​កូវីដ​១៩។»

ឲ្យ​កុមារ​នៅ​ឆ្ងាយ​ពី​មនុស្សធំ​ដើម្បី​បង្ការ​កូវីដ១៩ ជា​សកម្មភាព​មួយ​ល្អ​ដែល​ជំនាញ​ផ្នែក​សុខភាព​លើកទឹក​ចិត្ត​ឲ្យ​អនុវត្ត​បែប​នេះ​ទម្រាំ​កម្ពុជា​ធូរ​ស្រាល​ពី​ជំងឺ​កូវីដ​១៩។«នៅ​ស្រុក​គេ គេ​មិន​ងាយ​ឲ្យ​យើង​ប៉ះ​កូនគេ​ទេ នៅ​ស្រុក​ខ្មែរ​យើង​ចូល​ចិត្ត​ថើប​ថ្ពាល់ កាន់​ដៃ ហើយ​នៅ​ស្រុក​គេ​តែ​ធ្វើ​បែប​នេះ​ឳពុក​ម្ដាយ​គេ​ខឹង។ទោះ​ជា​សុំ​ឳពុក​ម្ដាយ ថើប​ថ្ពាល់​ឬកាន់​ដៃ​ក៏ដោយ ភាគច្រើន​គឺ​ត្រូវ​បាន​បដិសេធ ម៉េច​បាន​គេ​បដិសេធដោយ​សារ​គេ​អត់​ចង់​ឲ្យ​កូន​គេ​ឆ្លង​មេ​រោគ​។​»នេះ​ជា​ការ​លើក​ឡើង​របស់​លោកវេជ្ជបណ្ឌិត គួច ម៉េងលី អ្នក​ជំនាញ​ផ្នែក​សុខភាព។ លោកវេជ្ជបណ្ឌិត​បាន​បន្ថែម​ថា កុមារ​ក្រោម​អាយុ​៨​ឆ្នាំ​និង​ទារក​ងាយប្រឈម​ការ​ឆ្លង​វីរុស​និង​មិន​ងាយ​ព្យាបាល​ជា។

លោកវេជ្ជបណ្ឌិត គួច ម៉េងលី
លោកវេជ្ជបណ្ឌិត គួច ម៉េងលី © @Internet

«កុមារ​ប្រសិន​បើ​នៅ​ក្រោម​អាយុ​៧​ទៅ​៨​ឆ្នាំ​ងាយ​ឆ្លងវីរុស​មិន​ចំពោះ​តែ​កូវីដ១៩​ទេ និង​ព្យាបាល​មិន​ងាយជា ព្រោះ​ប្រព័ន្ធ​ការពារ​គាត់​ខ្សោយ​ដោយ​ការ​វិវត្តន៍​នៃ​ប្រព័ន្ធ​ការពារ​របស់​កុមារ​មិន​ទាន់​គ្រប់​លក្ខណៈ​ឡើយ។ [កាន់]តែ​ហានិភ័យ​ចំពោះ​ការ​ចម្លង​វីរុស​ទៅ​កាន់​តែ​ទារក​ទើប​កើត។»

 

យក​ចិត្ត​ទុក​ដាក់​រក្សា​អនាម័យ​ចំពោះ​កុមារ​តូច​និង​ទារក​ជា​ដំបូ​ន្មា​ន​របស់​អ្នកជំនាញ​ផ្នែក​សុខភាព​រូបនេះ​។«ក្មេង​តូច​ក៏​ដោយ​ក៏​ត្រូវ​ការ​លាង​ដៃ ពាក់ម៉ាស់ អនាម័យ​ជា​ប្រចាំ ហើយ​ក្រុម​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ជាង​គេគឺ​ក្រុម​កុមារ​តូច​និង​មនុស្ស​ចាស់​នេះ​ឯង។ បើ​អាច​គេង​ឲ្យ​ដាច់ៗ​ពី​គ្នា​ប្រសិន​បើ​ឳពុក​កូន​ណា​សង្ស័យ​ថា ខ្លួន​កំពុង​មាន​វីរុស»។  បើ​តាម​អង្គការ​យូនីសេហ្វ ៖ កូវីដ១៩ អាចសម្លាប់កុមារ ដោយប្រយោល ដល់៦ពាន់នាក់ក្នុងមួយថ្ងៃៗ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI