អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

New Horizons៖ បេសកកម្មទៅសិក្សាលម្អិតអំពីភ្លុយតុង

សំឡេង ០៨:១១
Artist impression of New Horizons spacecraft
Artist impression of New Horizons spacecraft © NASA
ដោយ៖ សេង ឌីណា
២៤ នាទី

នៅ​សប្តាហ៍​នេះ សេង ឌីណា ​សូមលើកឡើង អំពី​បេសកកម្ម​របស់​ណាសា ក្នុង​ការ​បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ឈ្មោះ New Horizons ដើម្បី​ទៅ​សិក្សា​លម្អិត អំពី​ភ្លុយតុង និង​តំបន់​ខ្សែក្រវ៉ាត់​គុយពែរ (Kuiper Belt)។

ផ្សាយពាណិជ្ជកម្ម

ភ្លុយតុង ថ្វីដ្បិតតែ​ត្រូវបានគេ​ផាត់ចេញលែងចាត់ទុក​ជា​ភព ក៏ប៉ុន្តែ មិនមែន​មានន័យ​ថា គេលែង​ចាប់អារម្មណ៍​ចង់ដឹងយល់​ អំពី​ភ្លុយតុង​នេះ​នោះទេ។ តាមការពិត​ទៅ នៅ​ឆ្នាំ​២០០៦ ឆ្នាំតែមួយ ដែល​គេ​បោះឆ្នោត​បញ្ចុះតំណែង​ភ្លុយតុង​ពី​ភព ទៅ​ជា​កូនភព ទីភ្នាក់ងារ​ណាសា​របស់​អាមេរិក ក៏​បាន​បាញ់​បង្ហោះ​យាន​គ្មាន​មនុស្ស​បើក​មួយគ្រឿង​ផងដែរ គឺ​យាន​ឈ្មោះ New Horizons ដើម្បី​ទៅ​សិក្សា​លម្អិត អំពី​ភ្លុយតុង។

New Horizons គឺ​​ជា​យាន​ដែល​មាន​​ទំហំតូច ត្រឹម​ប្រមាណ​ពី ២ ទៅ ៣ម៉ែត្រ ហើយ​មាន​ទម្ងន់​ស្រាល ត្រឹម​ប្រមាណ​ជា ៥០០គីឡូក្រាម ប៉ុន្តែ ភ្ជាប់​ទៅ​ដោយ​ឧបករណ៍​វិទ្យាសាស្ត្រ​ទំនើបៗ ជាពិសេស គឺ​កាមេរ៉ា​ដែល​អាច​ថតយក​រូបភាព​យ៉ាង​ច្បាស់ និង​លម្អិត អំពី​សណ្ឋាន​ដី​របស់​ភ្លុយតុង។

New Horizons ត្រូវបាន​ណាសា​បាញ់​បង្ហោះ នៅថ្ងៃ​ទី១៩ ខែមករា ឆ្នាំ២០០៦ ហើយ​នៅក្រោយ​ពេល​បាញ់​បង្ហោះ​ចេញ​ផុតពី​ផែនដី​ New Horizons នេះ ធ្វើ​ដំណើរ​ក្នុង​ល្បឿន​រហូតដល់​ទៅ​ជិត ៦ម៉ឺន​គីឡូម៉ែត្រ​ក្នុងមួយម៉ោង ពោលគឺ​ជា​យាន​ដែល​​មាន​ល្បឿន​លឿន​ជាង​គេ​បំផុត នៅក្នុង​ប្រវត្តិសាស្រ្។ ក៏ប៉ុន្តែ បើទោះបី​ជា​ក្នុងល្បឿន​យ៉ាងលឿន​បែបនេះ​ក៏ដោយ New Horizons ត្រូវ​ចំណាយ​ពេល​រហូតដល់​ទៅ​ ៩ឆ្នាំ​ឯណោះ ទើប​អាច​ធ្វើ​ដំណើរ​​ទៅដល់​ភ្លុយតុង នៅ​ឆ្នាំ២០១៥ ហើយ​នៅពេល​ទៅដល់​នោះ New Horizons​ ​ក៏​​​មិនមាន​ថាមពលគ្រាប់គ្រាន់​ ដើម្បី​អាច​បន្ថយ​ល្បឿន​ហោះចូល​ក្នុង​គន្លងតារាវិថី ឬ​ចុះចតលើ​ភ្លុយតុង​បាន​នោះដែរ ដោយ​បាន​ត្រឹមតែ​ហោះកាត់​ប៉ុណ្ណោះ។

ក៏ប៉ុន្តែ បើទោះបី​ត្រឹមហោះកាត់​នេះ​ក៏ដោយ New Horizons បាន​ប្រមែរប្រមូលទិន្នន័យ​បាន​យ៉ាងច្រើន ដែល​អាច​ឲ្យ​គេ​សិក្សា​បាន​យ៉ាងលម្អិត​លើ​ភ្លុយតុង ដែល​គេ​មិនធ្លាប់​ដឹង​កាល​ពីមុន ជាពិសេស គឺ​រូបភាព​យ៉ាង​ច្បាស់ និង​យ៉ាងលម្អិត អំពី​សណ្ឋានដី​របស់​ភ្លុយតុង។

តាមរយៈទិន្នន័យ​បាន​ពី​យាន New Horizons គេ​អាច​ដឹង​បាន​ថា ភ្លុយតុង​មាន​សណ្ឋានដី​ចម្រុះ គឺ​មាន​ទាំង​តំបន់​ភ្នំ ដែល​ភ្នំខ្លះ​មាន​កម្ពស់​រហូតដល់​ទៅ ២ពាន់ ទៅ ៣ពាន់ម៉ែត្រ, មាន​ទាំង​ជ្រលង ដែល​ខ្លះ​មាន​ប្រវែង​រហូតដល់​ទៅ​ប្រមាណ​ជា ៦០០គីឡូម៉ែត្រ មាន​ទាំង​​វាលទំនាប ដែល​គ្របដណ្តប់​ទៅដោយ​ទឹកកក និង​សីតុណ្ហភាព​ក្នុង​ចន្លោះ​ពី -២២៦អង្សា ទៅ -២៤០អង្សា ហើយ​ក៏មាន​ដែរ​រណ្តៅអាចម៍ផ្កាយ ដោយ​រណ្តៅខ្លះ​មាន​មុខកាត់​រហូតដល់​ទៅ​ ២៦០គីឡូម៉ែត្រ​ក៏មាន។

លក្ខណៈកាន់តែ​ពិសេស​មួយទៀត​របស់​ភ្លុយតុង គឺ​ស្រទាប់​បរិយាកាស។ ភ្លុយតុង ថ្វីដ្បិតតែ​មាន​ទំហំតូច ហើយ​ម៉ាស់ស្រាល ក៏ប៉ុន្តែ មាន​ស្រទាប់​បរិយាកាស ហើយ​ស្រទាប់​បរិយាកាស​របស់​ភ្លុយតុង​នេះ មាន​ធាតុផ្សំ​ចម្បងបំផុត​ជា​អាសូត (N2) បូករួម​ជាមួយ​នឹង​ធាតុផ្សំ​បន្ទាប់​បន្សំ​ពីរផ្សេងទៀត គឺ​មេតាន (CH4) និង​កាបោន​ម៉ូណូអុកស៊ីត (CO)។

New Horizons បាន​ហោះកាត់​ជិត​ភ្លុយតុង​បំផុត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ដោយ​ហោះ​ទៅដល់​ត្រឹមចម្ងាយតែ​ប្រមាណ​ជា ១ម៉ឺន​២ពាន់​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ផ្ទៃដី​របស់​ភ្លុយតុង មុននឹង​ហោះចេញ​ពី​ប្រព័ន្ធ​ភ្លុយតុង ហើយ​បន្ត​ដំណើរ​ទៅ​ហោះកាត់ និង​សិក្សា​លម្អិត​លើ​វត្ថុ​ផ្សេងទៀត​ក្នុង​តំបន់​ខ្សែក្រវ៉ាត់​គុយពែរ ដែល​គេ​ឲ្យ​ឈ្មោះ​តាម​ភាសា​អង់គ្លេស​ថា Kuiperbelt Objects ឬ KBO។ បេសកកម្ម ក្នុង​តំបន់ខ្សែក្រវ៉ាត់​គុយពែរ ដែល​គេ​គ្រោង​​​ធ្វើ​រហូត​ដល់​ឆ្នាំ២០២១​ខាងមុខ៕

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ