អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង៖លោកម៉ាក្រុងជ្រើសយកវិធានការដាក់បំរាមគោចរដើម្បីទប់ស្កាត់នឹងរលកឆ្លងកូវីដ១៩ លើកទី២

សំឡេង ០៧:០៩
ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុងបានអន្តរាគមន៍នៅក្នុងវេទិកាសួរ ឆ្លើយជាមួយនឹងអ្នកកាសែត ២នាក់នាយប់ថ្ងៃពុធ ទី១៤ តុលា។
ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុងបានអន្តរាគមន៍នៅក្នុងវេទិកាសួរ ឆ្លើយជាមួយនឹងអ្នកកាសែត ២នាក់នាយប់ថ្ងៃពុធ ទី១៤ តុលា។ AFP - LUDOVIC MARIN
៣៦ នាទី

នៅ​ក្នុង​ប្រទេស​បារាំង ប្រធានាធិបតី​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​អន្តរាគមន៍​នៅ​ក្នុង​វេទិកា​សួរ ឆ្លើយ​ជាមួយ​នឹង​អ្នកកាសែត ២នាក់​នា​យប់​ថ្ងៃ​ពុធ ទី១៤ តុលា។ នៅ​ក្នុង​បទអន្តរាគមន៍​តាម​កញ្ចក់​ទូរទស្សន៍​រយៈពេល ៤៥នាទី លោក​ម៉ាក្រុង​បាន​ជ្រើស​យក​វិធានការ​ដាក់​បំរាម​គោចរ​ដើម្បី​ទប់​ស្កាត់​នឹង​កំណើន​ករណី​ឆ្លង​កូវីដ១៩។ វិធានការ​ដាក់​បំរាម​គោចរ​ពី​ម៉ោង ៩យប់​ដល់​ម៉ោង ៦ភ្លឺ​នឹង​ផ្តើម​អនុវត្ត​ចាប់​ពី​អាធ្រាត្រ​យប់​ថ្ងៃ​សុក្រ ទី១៦ ឆ្លង​ចូល​ថ្ងៃ​សៅរ៍ ទី១៧ តុលា​សម្រាប់​រយៈពេល​យ៉ាង​តិច ៤សប្តាហ៍។ លោក​ម៉ាក្រុង​បាន​ទទួល​ស្គាល់​ថា បារាំង​កំពុង​មាន​ស្ថានភាព​កូវីដ១៩ គួរ​ឲ្យ​ព្រួយបារម្ភ​ដែល​បារាំង​ត្រូវ​ចាត់​វិធានការ​តឹងតែង​ជាង​មុន។ គួរ​បញ្ជាក់​ថា​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ បារាំង​បាន​ស្គាល់​ករណី​ឆ្លង​កូវីដ១៩ ប្រមាណ​ជា ២០ ០០០ករណី​ក្នុង​មួយ​ថ្ងៃៗ។

ផ្សាយពាណិជ្ជកម្ម

វិធានការ​ដាក់​បំរាម​គោចរ​មាន​ជាប់​ពាក់ព័ន្ធ​ចំពោះ​ក្រុង​ប៉ារីស តំបន់​ជុំវិញ​ក្រុង​ប៉ារីស និង​ក្រុង​ធំៗ​ចំនួន ៨ទៀត​ដែល​សុទ្ធសឹង​ជា​តំបន់​កំពុង​មាន​ស្ថានភាព​អាសន្ន​កូវីដ១៩ ខ្ពស់​បំផុត ឬ​ជា​តំបន់​ដែល​កូវីដ១៩ កំពុង​ធ្វើ​ចរាចរណ៍​យ៉ាង​សកម្ម​ខ្លាំង។ ក្រុង​ធំៗ​ទាំង ៨ មាន Lille Grenoble Lyon Aix-Marseille Montpellier Rouen Toulouse និង Saint-Etienne។ បើ​គិត​ជា​ចំនួន​ពលរដ្ឋ​ដែល​ជាប់​ក្នុង​បំរាមគោចរ​នេះ គឺ​មាន​ប្រមាណ​ជា ២០លាននាក់​ក្នុង​ចំនួន​ពលរដ្ឋ​បារាំង​សរុប​ប្រមាណ ៦៧លាននាក់។ នេះ​ជា​លើកទី១ គិត​តាំង​ពី​សង្រ្គាមលោកលើក​ទី២ ដែល​មាន​ការ​ដាក់​បំរាម​គោចរ​លើ​ពលរដ្ឋ​បារាំង​យ៉ាង​ច្រើន​សម្បើម​របៀប​នេះ។

បំរាម​គោចរ​ដែល​ដាក់​ពី​ម៉ោង ៩យប់​ដល់​ម៉ោង ៦ភ្លឺ​នឹង​ផ្តើម​ចូល​ជា​ធរមាន​ចាប់​ពី​អាធ្រាត​យប់​ថ្ងៃ​សុក្រ​ឆ្លង​ចូល​ថ្ងៃ​សៅរ៍ ទី១៧ តុលា​សម្រាប់​រយៈពេល​យ៉ាង​តិច ៤សប្តាហ៍។ តែ​លោក​ម៉ាក្រុង​ចង់​ឲ្យ​បំរាម​គោចរ​នេះ​មាន​រយៈពេល ៦សប្តាហ៍ ពោល​បន្ត​រហូត​ដល់​ថ្ងៃទី១ ធ្នូ បើ​សភា​អនុញ្ញាត។ ពលរដ្ឋ​ដែល​ចេញ​ពី​ធ្វើ​ការងារ​នៅ​ក្រោយ​ម៉ោង ៩យប់ និង​ពលរដ្ឋ​ដែល​ធ្វើ​ការងារ​ពេល​យប់​ត្រូវ​មាន​លិខិត​អនុញ្ញាត។ ចំណែក​អ្នក​ដែល​ល្មើស​នឹង​បំរាម​គោចរ​នេះ​នឹង​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ចំនួន ១៣៥អឺរ៉ូ ហើយ​បើ​មាន​ការ​ល្មើស​ច្រើន​ដង​នឹង​ត្រូវ​ផាកពិន័យ​ដល់​ទៅ ១ ៥០០អឺរ៉ូ។

តាម​រយៈ​បំរាម​គោចរ​មួយ​នេះ ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​បារាំង​ទាំង ២០លាននាក់​ដែល​ត្រូវ​ជាប់​បំរាម​គោចរ​ហាក់​គ្មាន​អ្វី​ផ្លាស់ប្តូរ​ទេ​នៅ​ចន្លោះ​ពី​ម៉ោង ៦ភ្លឺ​ដល់​ម៉ោង ៩យប់។ ផ្ទាំងស៊ីប​របស់​លោក​ម៉ាក្រុង​តាម​រយៈ​បំរាម​គោចរ​ពី​ម៉ោង ៩យប់​ដល់​ម៉ោង ៦ភ្លឺ គឺ​មិន​ឲ្យ​មនុស្ស​ចេញ​ដើរ​លេង​ពេល​យប់​ទៅ​ជួបជុំ​គ្នា​ស៊ីផឹក​នៅ​តាម​ភោជនីយដ្ឋាន ឬ​នៅ​តាម​ផ្ទះ​មិត្តភក្តិ និង​ក្រុម​គ្រួសារ។ ការ​ជួបជុំ​គ្នា​របៀប​នេះ​បាន​បង្ក​ហានិភ័យ​ខ្ពស់​នៃ​ការ​ចម្លង និង​ការ​ឆ្លង​កូវីដ១៩។

លោក​ម៉ាក្រុង​ជំរុញ​ឲ្យ​បង្កើន​ការ​ធ្វើ​ការងារ​ពី​ផ្ទះ

ក្រៅ​ពី​ហាម​ពលរដ្ឋ​ទាំង ២០លាននាក់​រស់ក្នុង​ក្រុង​ធំៗ​ចំនួន ៩ មិន​ឲ្យ​ចេញ​ដើរ​លេង​យប់​ពី​ម៉ោង ៩យប់​ដល់​ម៉ោង ៦ភ្លឺ ដែល​ជា​វិធានការ​ចាំ​បាច់ លោក​ម៉ាក្រុង​មិន​បាន​ដាក់​វិធានការ​ចាំ​បាច់​អ្វី​ផ្សេង​លើស​ពី​វិធានការ​ដែល​បាន និង​កំពុង​បន្ត​ចូល​ជា​ធរមាន​តាំង​ពី​ក្រោយ​លើក​ការ​បិទខ្ទប់​ប្រទេស​កាល​ពី​ថ្ងៃទី១១ ឧសភា​ទេ។ ទោះ​ជា​មាន ឬ​គ្មាន​បំរាម​គោចរ​ហាម​ដើរ​លេង​ពេល​យប់​ចន្លោះ​ពី​ម៉ោង ៩យប់​ដល់​ម៉ោង ៦ភ្លឺ ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​មាន​ដំណើរ​ការ​ធម្មតា។ ចំណែក​នៅ​ក្រៅ​ម៉ោង​បំរាម​គោចរ សកម្មភាព​មួយ​ភាគ​ធំ​បន្ត​មាន​ដំណើរការ​ធម្មតា​ដោយ​ត្រូវ​គោរព​វិធានការ​អនាម័យ​ត្រឹមត្រូវ។

ពលរដ្ឋ​ទាំង ២០លាននាក់​រស់ក្នុង​ក្រុង​ធំៗ​ចំនួន ៩ មាន​សិទ្ធិ​ចេញ​ទៅ​វ៉ាកង​នៅ​ពេល​វ៉ាកង​សិស្ស​សាលា​រយៈពេល ២សប្តាហ៍​ឈាន​មក​ដល់​នៅ​នៅ​យប់​ថ្ងៃ​សុក្រ ទី១៦ តុលា​ស្អែក មាន​សិទ្ធិ​ធ្វើ​ដំណើរ​ដោយ​សេរី​ឆ្លង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត​ដោយ​គ្មាន​កំណត់​ចម្ងាយ។ ដោយឡែក និង​ក្រៅ​ពី​បំរាម​គោចរ​ដែល​ជា​វិធានការ​ចាំ​បាច់ លោក​ម៉ាក្រុង​បាន​ដាក់​ចេញ​នូវ​សំណើ​មួយ​ចំនួន ដូច​ជា​ផ្តល់​អាទិភាព​លើ​ការ​ធ្វើ​ការងារ​ពី​ផ្ទះ​ឲ្យ​បាន​ពី ២ ឬ​៣ដង​ក្នុង​មួយ​សប្តាហ៍ បើ​អាច​ធ្វើ​បាន ការ​ជួបជុំ​ញាំបាយ​លក្ខណៈឯកជន​មិន​គួរ​ឲ្យ​មាន​គ្នា​លើស​ពី ៦នាក់​នៅ​តុបាយ ឬ​មួយ​ក៏​គួរ​ពាក់ម៉ាស​នៅ​ក្នុង​ជំនួប​គ្រួសារ ឬ​មិត្តភក្តិ។

បន្ទាប់​មក លោក​ម៉ាក្រុង​បាន​ទទួល​ស្គាល់​ពី​ការ​លំបាក​នៅ​ក្នុង​យុទ្ធនាការ រួម​ទាំង​បច្ចេកទេស​ធ្វើ​តេស្តិ៍​រក​កូវីដ១៩។ នៅ​ក្នុង​ន័យ​នេះ លោក​ម៉ាក្រុង​បាន​សន្យា​ប្រើ​យុទ្ធសាស្រ្ត​ថ្មី​ដើម្បី​ធ្វើ​តេស្តិ៍ និង​កាត់បន្ថយ​រយៈពេល​រង់ចាំ​លទ្ធផល​ធ្វើ​តេស្តិ៍។ ទាក់ទង​នឹង​កម្មវិធី​លើ​ទូរស័ព្ទដៃ​ឈ្មោះ « StopCovid » នឹង​ត្រូវ​ជំនួស​ដោយ​កម្មវិធី​ថ្មី​ឈ្មោះ « tous anti-Covid » ឬ​អាច​ប្រែ​ថា « ទាំង​អស់​គ្នា​ប្រឆាំង​កូវីដ »

កាត់​បន្ថយ​ករណី​ឆ្លង​ពី ២០ ០០០ករណី​មក​នៅ​ចន្លោះ​ពី ២ ០០០ ទៅ ៣ ០០០ករណី

គួរ​រម្លឹក​ថា​នៅ​ក្នុង​វិធានការ​ទប់​ស្កាត់​ការ​ឆ្លងរាលដាល​កូវីដ១៩ ពី​ដំបូង បារាំង​បាន​ជ្រើស​វិធានការ​បិទខ្ទប់​ប្រទេស​ទាំង​ស្រុង​ពី​ថ្ងៃទី១៧ មីនា​ដល់​ថ្ងៃទី១១ ឧសភា។ ជម្រើស​បិទ​ប្រទេស​ទាំង​ស្រុង​របស់​បារាំង​កាល​ណោះ​មិនមែន​មាន​តែ​បារាំង​ទេ គឺ​មាន​សឹង​គ្រប់​ប្រទេស​លើ​លោក។ តែ​ជម្រើស​របៀប​នេះ​បាន​ធ្វើ​ឲ្យ​សង្វាក់​សេដ្ឋកិច្ច​ជាប់​គាំង​ទាំង​ស្រុង ហើយ​រដ្ឋ​ក៏​បាន​ចំណាយ​លុយ​យ៉ាង​ច្រើន​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច។ នេះ​ជា​មេរៀន​មួយ​ដែលបារាំង និង​ប្រទេស​អឺរ៉ុប​ខ្លះ​មិន​ចង់​យក​មក​អនុវត្ត​ជា​ថ្មី​ទេ។ ម្យ៉ាង​ទៀត គេ​ក៏​ហាក់​បាន​ស្គាល់​កាន់​តែ​ច្បាស់​ទៅ​ពី​អត្តសញ្ញា​របស់​កូវីដ១៩ ពី​របៀប​ឆ្លង​ក៏​ដូច​ជា​ពី​របៀប​ទប់​ស្កាត់​វា។

គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​បារាំង​សម្រេច​ជ្រើស​យក​វិធានការ​ទប់ស្កាត់​ដោយ​សិក្សា​លើ​ករណី​ជាក់ស្តែង​នៅ​តាម​តំបន់​នីមួយៗ ពោល​ចៀសវាង​ការ​បិទខ្ទប់​ប្រទេស​ទាំង​ស្រុង។ កម្មវត្ថុ​របស់​រដ្ឋាភិបាល គឺ​ចង់​ឲ្យ​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​កូវីដ១៩ មាន​ដំណើរ​ស្រប​គ្នា​នឹង​សកម្មភាព​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ធម្មតា​របស់​ពលរដ្ឋ។ គួរ​បញ្ជាក់​ថា​ក្នុង​រយៈពេល​ចុង​ក្រោយ ចំនួន​ករណី​ឆ្លង​នៅ​បារាំង​ស្ថិត​ក្នុង​រង្វង់​ ២០ ០០០ករណី​ក្នុង​មួយ​ថ្ងៃៗ។ តាម​រយៈ​បំរាម​គោចរ​នៅ​ក្នុង​តំបន់​ដែល​កូវីដ១៩ កំពុង​ធ្វើ​ចរាចរណ៍​ខ្លាំង​ពេល​នេះ លោក​ម៉ាក្រុង​សង្ឃឹម​កាត់​បន្ថយ​អត្រា​ឆ្លង​ពី ២០ ០០០ករណី​ក្នុង​មួយ​ថ្ងៃ​មក​នៅ​ចន្លោះ​ពី ២ ០០០ ទៅ ៣ ០០០ករណី​ក្នុង​មួយ​ថ្ងៃ។

លោក​ម៉ាក្រុង​បាន​បញ្ជាក់​យ៉ាង​ទទូច​ថា រដ្ឋាភិបាល​មិន​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​កូវីដ១៩ ទេ តែ​បាន​ទទួល​ស្គាល់​ថា ស្ថានការណ៍​សព្វថ្ងៃ​ពិត​ជា​គួរ​ឲ្យ​បារម្ភ​ដែល​ត្រូវ​ចាត់​វិធានការ​តឹងរឹង​ជាង​មុន។ បន្ទាប់​មក លោក​ម៉ាក្រុង​បាន​បន្ថែម​ដោយ​ព្រមាន​ថា បារាំង​នឹង​បន្ត​រស់​ជាមួយ​កូវីដ១៩ យ៉ាង​តិច​ដល់​រដូវក្តៅ​ឆ្នាំ ២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ