អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ពពក​ខ្មៅ​កូវីដ​១៩ នៅ​បាំង​​ពីមុខ​វិស័យ​ដឹកជញ្ជូន​ផ្លូវអាកាស យ៉ាង​ហោច​ដល់​ពាក់​​កណ្តាល​​​ឆ្នាំ​២០២១

សំឡេង ០៨:៤៤
យន្តហោះរបស់​ក្រុមហ៊ុន​ Delta Air Lines ចតចោល​នៅ​ Birmingham-Shuttlesworth International Airport រដ្ឋ Alabama ថ្ងៃទី​២៥ មីនា ២០២០
យន្តហោះរបស់​ក្រុមហ៊ុន​ Delta Air Lines ចតចោល​នៅ​ Birmingham-Shuttlesworth International Airport រដ្ឋ Alabama ថ្ងៃទី​២៥ មីនា ២០២០ REUTERS - ELIJAH NOUVELAGE
ដោយ៖ ម៉ម ពិសី
៤២ នាទី

ក្នុងចំណោមវិស័យសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារវិបត្តិជំងឺកូវីដ១៩​ គឺវិស័យដឹកជញ្ជូនផ្លូវអាកាស។ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ខ្លះ ចំណូលបានធ្លាក់ចុះដល់ទៅ​៨០% នៅក្នុងរដូវកាលធ្វើដំណើរ វិស្សមកាលខែក្តៅឆ្នាំនេះ។ ហើយសម្រាប់ការធ្វើដំណើរតាមយន្តហោះ ក្នុង​រដូវកាល​ធ្វើដំណើរខែត្រជាក់ ចុងឆ្នាំ២០២០ ដល់ដើមឆ្នាំ២០២១ ក៏គេពុំមានសង្ឃឹមថានឹងអាចស្ទុះឡើងដែរ ដោយសារតែ​នៅតាមប្រទេសអឺរ៉ុបសឹងតែទាំងអស់ ការឆ្លងរាលដាលជំងឺកូវីដ១៩ កំពុង​តែហក់ឡើងខ្លាំង គួរឲ្យ​បារម្ភជាទីបំផុត។ ដរាបណា នៅមិនទាន់មានថ្នាំវ៉ាក់សាំង គឺគេមិនដឹងថា តើពេលណា ទើបពពកខ្មៅ​នេះ រសាត់ចេញពី​មុខវិស័យដឹកជញ្ជូនផ្លូវអាកាសឡើយ។

ផ្សាយពាណិជ្ជកម្ម

វិស័យដឹកជញ្ជូនផ្លូវអាកាស នៅទូទាំងពិភពលោក កំពុងស្ថិតនៅក្នុងលំហរបោកបក់ដោយខ្យល់ រំជួយ គ្រោះថ្នាក់ខ្លាំងណាស់។ និយាយជារួមគិតចាប់ពីផ្ទុះជំងឺកូវីដ១៩ នៅដើមឆ្នាំ២០២០នេះមក គឺក្រុមហ៊ុនអាកាសចរណ៍ស៊ីវីល បានកាត់បន្ថយជើងហោះហើរ បន្តិចម្តងៗ ដោយសារតែគ្មានអ្នកដំណើរ។

លំបាកខ្លាំង លុះរហូតដល់ពាក់កណ្តាល​ឆ្នាំ២០២១

លោក Stephane Albernhe អ្នកជំនាញនៅខុទ្ទការល័យប្រឹក្សាយោបល់ Archey Strategy Consulting បានលើកឡើងថា សម្រាប់ការធ្វើដំណើរ ក្នុងរដូវរងារ ដែលគិតចាប់ពី​ចុងខែតុលា​នេះ ដល់ខែ​មីនា​ឆ្នាំក្រោយ ក៏គេគ្មានសង្ឃឹមដែរ។ តាមធម្មតា រដូវការនេះ មានមនុស្សធ្វើដំណើរច្រើនណាស់ តាមយន្តហោះ ព្រោះជារដូវបុណ្យណូអែល បុណ្យឆ្លងឆ្នាំសកល និងវិស្សមកាល​លេងកីឡាជិះស្គីទឹកកកជាដើម។ ក៏ប៉ុន្តែដោយសារតែកូវីដ១៩ អ្វីៗត្រូវរាំងស្ទះទាំងអស់។

យោងតាមតួលេខ របស់​សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (Iata) បានឲ្យ​ដឹងថា​ ឆមាសទី១ឆ្នាំ២០២០ ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍បានធ្លាក់ជាមធ្យម ប្រមាណ​៨០%។ រដូវក្តៅវិស្សមកាលធំឆ្នាំនេះ មិនមានអ្នកដំណើរច្រើនទេ ម្លោះហើយ ក្រុមហ៊ុនអាកាសចរណ៍ កាន់តែបាត់​បង់ចំណូលថែមទៀត។ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ កំពុងស្ថិតក្នុងការលំបាក ដោយសារ​មិនមានប្រាក់ចំណាយអចិន្ត្រៃយ៍ ដូចជាទៅលើប្រាក់ខែបុគ្គលិក ការជួសជុលយន្តហោះ និងសេវាកម្ម​ផ្សេងទៀត។ ក្រុមហ៊ុនខ្លះ បានប្រកាស​ពីគម្រោង​បញ្ឈប់បុគ្គលិកច្រើននាក់ណាស់។

កត្តាដែលធ្វើឲ្យ​វិស័យអាកាសចរណ៍ស៊ីវីល ជួបបញ្ហាលំបាក និងមិនមានសង្ឃឹមថាអាចងើបឡើងវិញបាន ពីនេះរហូតពាក់កណ្តាល​ឆ្នាំ២០២១ គឺដោយសារតែពេលនេះ ប្រទេសភាគច្រើននៅតំបន់​​​អឺរ៉ុប កំពុងប្រឈមនឹងការឆ្លងរាលដាលខ្លាំងណាស់។ ជាទូទៅអ្នកធ្វើដំណើរយន្តហោះ ដើម្បីទៅធ្វើការងារ ឬប្រជុំនៅទីឆ្ងាយៗអី គឺលែងមាន ដោយសារតែពួកគេធ្វើការពីផ្ទះ ឬប្រជុំ​ពីចំងាយ តាមប្រព័ន្ធវីស្យូខុនហ្វឺរិនស៍។ ជាទូទៅអ្នកធ្វើដំណើររៀបនេះ ភាគច្រើនជានាយក ឬថៅកែធំៗដែលជិះ Businesse Class ទៀត។ ចឹងទៅ ក្រុមហ៊ុនអាកាសចរណ៍ កាន់តែបាត់បង់ប្រាក់ចំណូលធំ។ កត្តាចំបងមួយទៀតនោះ គឺការភ័យខ្លាច អំពី​ការ​ប្រឈមនឹងការឆ្លងរាលដាល នៅក្នុងពេលជិះយន្តហោះ ព្រោះអ្នកដំណើរ អាចមកពីគ្រប់ទិសទី មករួមគ្នាស្ថិតក្នុងយន្តហោះតែមួយ។

លទ្ធភាព​ឆ្លងកូវីដ១៩នៅលើយន្តហោះ មានតិចបំផុត?

យោងតាមយោបល់អ្នកជំនាញខ្លះ បានអះអាងថា ការប្រឈមនឹងការឆ្លងកូវីដ​១៩ តៗគ្នា នៅលើយន្តហោះ ពីអ្នកដំណើរផ្សេងទៀត គឺវាតិចតួចណាស់ ព្រោះថាតាមធម្មតា យន្តហោះមាន​ប្រព័ន្ធផ្លាស់ប្តូរខ្យល់បរិយាកាសក្នុងយន្តហោះ យ៉ាងមានប្រសិទ្ធិភាព។ លោកវិជ្ជបណ្ឌិត David Powell ដែលជាអ្នកជំនាញ​ផ្នែកវេជ្ជសាស្ត្រ របស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ បានអះអាងថា លទ្ធភាពនៃការឆ្លងតៗគ្នា នៅក្នុងពេលជិះយន្តហោះ គឺវាតិចតួចណាស់។

យន្តហោះមានប្រព័ន្ធបឺតខ្យល់ចេញចូល​ ផ្លាស់ប្តូរខ្យល់ថ្មីនៅក្នុងយន្តហោះ យ៉ាងមានប្រសិទ្ធិភាព។ មួយវិញទៀត ក្រុមហ៊ុនអាកាសចរណ៍ នីមួយៗ បានអនុវត្តវិធានការសម្អាតអនាម័យ យ៉ាងតឹងតែងបំផុត។ ដរាបណា អ្នកដំណើរលើយន្តហោះពាក់ម៉ាសឲ្យ​បាន​ជាប់ លាងសំអាតដៃដោយទឹកអាល់កុល និងរក្សាគម្លាតពីអ្នកដំណើរផ្សេងទៀត គឺមិនងាយឆ្លងគ្នាទេ។ វាលើកលែងតែ អ្នកដំណើរម្នាក់ ទៅប៉ះពាល់ដោយផ្ទាល់ជាមួយនឹងទឹកមាត់ ទឹកសំបោរ របស់អ្នកដំណើរម្នាក់ទៀត ដែលមានផ្ទុកកូវីដ១៩ ករណីហ្នឹងទើបថាអាចឆ្លងតគ្នាបាន។

យ៉ាងណាមិញ កាលពី​ថ្ងៃទី​១៥តុលា កងទ័ពអាមេរិក បានចេញរបាយការណ៍ថ្មីមួយ ដែលបញ្ជាក់ថា លទ្ធភាព​នៃការឆ្លងកូវីដ១៩ នៅក្នុងយន្តហោះ គឺមានទាបបំផុត។ របាយការណ៍នេះ គឺជាលទ្ធផលនៃការ​ធ្វើពិសោធន៍យ៉ាងម៉ដ្ឋចត់​ នៅក្នុងការធ្វើដំណើរផ្លូវឆ្ងាយ លើយន្តហោះប្រភេទBoeing 767 និង Boeing 777។ គេបានធ្វើតេស្តសាកល្បង ចំនួន​៣០០ដង ក្នុងយន្តហោះដែលចតលើដី និងកំពុងហោះលើមេឃ ដោយដាក់ប្រព័ន្ធចាប់យកល្អងមេរោគ ឲ្យ​នៅក្បែម៉ាណឺកាំងមួួយ ដែលមានផ្ទុកមេរោគជំងឺកូវីដ១៩។

នៅក្នុងយន្តហោះ គេបានប្រើប្រព័ន្ធស្ទង់ល្អងមេរោគក្នុងបរិយាកាស ដើម្បីចង់ដឹងថាតើមេរោគកូវីដ​១៩ ដែលចេញពីច្រមុះ មាត់របស់ម៉ាណឺកាំងនោះ អាចចម្លងទៅអ្នកនៅក្បែរនោះ កម្រិតណា​។ ជាការ​សន្និដ្ឋានគឺ ល្អងតូចល្អិតដែលផ្ទុក​មេរោគជម្ងឺកូវីដ១៩ ប្រមាណ​៩៩,៧% ត្រូវបានបាត់ភ្លាម​ពី​​បរិយាកាស​ ​ក្នុងពេល​តែ៥នាទី ដោយសារតែប្រព័ន្ធកង្ហារស្រូប និងផ្លាស់ប្តូរខ្យល់​របស់យន្តហោះ។ លទ្ធផលតេស្តនេះ គឺគេឈរលើគោលការណ៍ថា អ្នកដំណើរទាំងអស់ត្រូវពាក់ម៉ាស់ ហើយ​អ្នកដែលមានផ្ទុគមេរោគមិនដើរចុះឡើងនៅក្នុងយន្តហោះ។

លទ្ធផលធ្វើតេស្តនេះ ជាដំណឹងល្អសម្រាប់កងទ័ពអាមេរិក ដើម្បី​ធ្វើការដឹកជញ្ជូនកងទ័ព និងក្រុមគ្រួសារ​របស់កងទ័ពឡើងវិញ។ ប៉ុន្មានខែមកនេះ ការផ្លាស់ប្តូរកម្លាំងនៃកងទ័ពអាមេរិក ​ដែលនៅឆ្ងាយ ត្រូវបានផ្អាកដោយសារតែ​បញ្ហាខ្លាច​ឆ្លងកូវីដក្នុងយន្តហោះនេះឯង។ លទ្ធផលនេះ ក៏ជាដំណឹងល្អផងដែរ សម្រាប់​ក្រុមហ៊ុនអាកាសចរណ៍ស៊ីវីលទូទៅ ដើម្បីឲ្យ​អ្នកដំណើរ​មានការទុកចិត្ត​។

ធ្វើតេស្តនៅព្រលានយន្តហោះ ដើម្បីបញ្ចៀសការដាក់ឲ្យ​ធ្វើចត្តឡីស័កពេលទៅដល់

សម្រាប់ពេលនេះ រដ្ឋាភិបាលប​្រទេសមួយចំនួន នៅតែដាក់កំហិតយ៉ាងតឹងតែង​ សម្រាប់អ្នកដំណើរដែលចង់ចូលប្រទេសគេ​ ដូចជា​លទ្ធផលតេស្តអវិជ្ជមានរយៈពេល​៤៨ម៉ោង មុនចេញដំណើរ ឬប្រទេសខ្លះបានដាក់ឲ្យ​ធ្វើចត្តាឡីស័ក ដោយស្វ័យប្រវត្តិតែម្តង។ ទាំងអស់នេះ ក៏នៅតែជាឧបសគ្គធំ សម្រាប់ការវិលត្រលប់មករកភាពប្រក្រតីវិញ នៃការដឹកជញ្ជូនតាមផ្លូវអាកាស។

រឿងដាក់កំហិតឲ្យ​អ្នកដំណើរធ្វើតេស្ត​ថ្មីៗ និងដាក់ឲ្យ​ធ្វើចត្តាឡីស័កពេលទៅដល់នេះ គឺជាបញ្ហាចោទធំណាស់ ដែលធ្វើឲ្យ​អ្នកដំណើរទាំងយើងទាំងគេ មិនចង់ទៅណាឡើយ។ អ្វីដែលជាការសង្ឃឹមធំ ទៅថ្ងៃខាងមុខ​ របស់​ក្រុម​ហ៊ុនអាកាសចរណ៍ គឺទីមួយថ្នាំវ៉ាក់សាំង តែវាមិនទាន់អាចមានភ្លាមៗទេ។

សម្រាប់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ខ្លះ កំពុងដកចង្ការមាន់ទៅហើយ។ នៅសហរដ្ឋអាេមរិក ក្រុមហ៊ុន United Airlines បានបញ្ឈរជើងបុគ្គលិក ឲ្យ​ឈប់សម្រាកបណ្តោះអាសន្ន ចំនួន​១៣០០០នាក់រួចទៅហើយ។ នៅអឺរ៉ុប ក្រុមហ៊ុនធំៗខ្លះ ដែលមានភាគហ៊ុនរបស់រដ្ឋ បានទទួលជំនួយថវិកាពីរដ្ឋ ដើម្បីជួយទប់ តែមិនដឹងថាអាចទប់បានដល់ពេលណាទេ។ យោងតាមតួលេខផ្លូវការ ក្រុមហ៊ុនអាកាសចរណ៍ស៊ីវីល បានទទួលជំនួយថវិកាដោយផ្ទាល់ ដោយប្រយោល ឬជាកម្ចី សរុបប្រមាណ​១៦០ពាន់លានរួចទៅហើយ។

ក្រុមហ៊ុនអាកាសចរណ៍ រួមជាមួយអាជ្ញាធរប្រទេសជាច្រើន បានផ្តល់ក្តីសង្ឃឹមទៅលើការធ្វើតេស្តទ្រង់ទ្រាយធំ និងដោយឆាប់រហ័ស នៅព្រលានយន្តហោះផ្ទាល់តែម្តង មុននឹងចេញដំណើរ។ នេះជាវិធានការជំនួស ដើម្បីចៀសវាងការដាក់ឲ្យធ្វើចត្តាឡីស័ក ពេលទៅដល់ប្រទេសគោលដៅ។ តែប្រការនេះ ត្រូវការឲ្យ​មានការសហការខ្ពស់ ពីសំណាក់អាជ្ញាធរប្រទេសទាំងនោះ។ បច្ចុប្បន្ននេះ គេបានអនុវត្តខ្លះហើយ នៅព្រលានយន្តហោះទីក្រុង Milan Rome Bruxelles London Francfort ព្រលាននៅប្រទេសតំបន់ឈូងសមុទ្រ ព្រលានខ្លះនៅតំបន់អាស៊ី និងសម្រាប់ជើងហោះហើររវាង​កោះហាវៃ និងសហរដ្ឋអាមេរិក ជាដើម។

ដោយឡែក អាជ្ញាធរសិង្ហបុរី និង ហុងកុង បានប្រកាសថា គេបានចុះកិច្ចព្រមព្រៀងពិសេសមួយ អនុញ្ញាតឲ្យ​មានការធ្វើដំណើរចេញចូល រវាងដែនដីទាំង២នេះ មិនថាជាដំណើរទេសចរណ៍ ឬការងារ ដោយគ្រាន់តែបង្ហាញលទ្ធផលតេស្តអវិជ្ជមាន។ ដូច្នេះ យើងឃើញថា ទាំងក្រុមហ៊ុនអាកាសចរណ៍ ទាំងអាជ្ញាធររដ្ឋ ត្រូវតែរិះរកវិធីថ្មីៗ ដើម្បីធានាសុវត្ថិភាព សុខភាព និងទំនុកចិត្តរបស់អ្នកដំណើរ ដើម្បីឲ្យ​វិស័យសេដ្ឋកិច្ចដ៏សំខាន់នេះ អាចងើបឡើងវិញបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ