អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កាសែតហុងកុង៖ ចិន​ពង្រាយ​មីស៊ីល​ទំនើបថ្មី ដាក់ជំនួស​មីស៊ីល​ចាស់ បែរទៅរកកោះតៃវ៉ាន់

សំឡេង ០៧:១៣
ម៉ាស៊ីន​បាលីស្ទិក​ទំនើប​ថ្មី DF-17 ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ នៅ​ក្នុង​ព្យុហយាត្រា​ ខួប​៧០ឆ្នាំ នៃ​ការបង្កើត​សាធារណរដ្ឋប្រជាមានិតចិន នៅឆ្នាំ ២០១៩។ តាម​កាសែត​ហុងកុង ចិន​បាន​ពង្រាយ​មីស៊ីល​ដែល​លឿនជាងសំឡេង ដាក់ជំនួស​មីស៊ីល​ចាស់ បែរសំដៅ​កោះតៃវ៉ាន់។
ម៉ាស៊ីន​បាលីស្ទិក​ទំនើប​ថ្មី DF-17 ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ នៅ​ក្នុង​ព្យុហយាត្រា​ ខួប​៧០ឆ្នាំ នៃ​ការបង្កើត​សាធារណរដ្ឋប្រជាមានិតចិន នៅឆ្នាំ ២០១៩។ តាម​កាសែត​ហុងកុង ចិន​បាន​ពង្រាយ​មីស៊ីល​ដែល​លឿនជាងសំឡេង ដាក់ជំនួស​មីស៊ីល​ចាស់ បែរសំដៅ​កោះតៃវ៉ាន់។ AP - Ng Han Guan
ដោយ៖ ឈាង បុប្ផា
៣៨ នាទី

តើ​ចិន​កំពុង​ត្រៀមខ្លួន ដើម្បី​វាយប្រហារ ដណ្តើម​យក​កោះតៃវ៉ាន់ ឬ​ក៏យ៉ាងណា? តាម​ការចុះផ្សាយ​របស់​កាសែត ហុងកុង ជាភាសាអង់គ្លេសSouth China Morning Post ដែល​បាន​ដកស្រង់​ប្រភព​ពី​មន្រ្តីយោធា​ចិន កងទ័ព​ចិន​បាន​ពង្រាយ​ប្រព័ន្ធ​មីស៊ីល​បាលីស្ទីក ប្រភេទថ្មី DF7 នៅ​តាម​ខេត្ត​ជាប់សមុទ្រ ដែល​បែរ​សំដៅទៅ​កោះតៃវ៉ាន់។ ព័ត៌មាន កើតឡើង ​នៅតែ​២ថ្ងៃ​ក្រោយ ដែល​ទីប្រឹក្សា សន្តិសុខ​ជាតិ​អាមេរិក បាននិយាយ​ផ្តល់យោបល់​ឲ្យ​តៃវ៉ាន់​ត្រូវពង្រឹង​​ប្រព័ន្ធ​យោធា ​របស់ខ្លួន នៅចំពោះមុខ​ការគំរាមកំហែង របស់​ចិន ដែល​នឹង​អាច​ធ្វើ​សង្រ្គាម​​ឈ្លានពាន តៃវ៉ាន់ នៅ ១០ ឬ​១៥ឆ្នាំ​ខាងមុខ។

ផ្សាយពាណិជ្ជកម្ម

តាម​កាសែត ហុងកុង South China Morning Post ប៉ុន្មាន​ទសវត្សរ៍​មកនេះ ចិន​បាន​ពង្រាយ​មីស៊ីល ចាស់ៗ ដូចជា DF 11 DF 15 នៅ​ខេត្ត​តាមឆ្នេរសមុទ្រ ដែល​នៅ​ប្រឈម​​ទល់មុខ​នឹង​កោះតៃវ៉ាន់។ ប៉ុន្តែ មីស៊ីល​DF 11 និង​DF15 ​គ្មាន​សមត្ថភាព ហោះរត់ឆ្លង ជួរភ្នំ នៅតៃវ៉ាន់ ដើម្បី អាច​ទៅ​វាយប្រហារ មូលដ្ឋាន​ទ័ព អាកាស​របស់​តៃវ៉ាន់ ដែល​ស្ថិតនៅ​ភាគខាងកើត​តៃវ៉ាន់ នោះទេ។ ផ្ទុយទៅវិញ  មីស៊ីល​ថ្មី D 7​ដែល​ចិន​បាន​យក​ទៅ​ដាក់​ជំនួស​មីស៊ីល​ចាស់ គឺ​ជាមីស៊ីល ដែល​មាន​សមត្ថភាព​ខ្ពស់ អាច​ហោះ​ក្នុង​រយៈចម្ងាយ ២៥០០​គីឡូម៉ែត្រ​អាច​ជួយ​ឲ្យ​កងទ័ព​ចិន វាយប្រហារ ទីតាំង​យោធា​របស់​តៃវ៉ាន់ ដោយ​លឿន និង​ជាក់ច្បាស់​បំផុត។

មីស៊ីល D7 ជា​ប្រភេទ​មីស៊ីល បាលីស្ទីក ដែល​ហោះលឿនជាង​សំឡេង។ គេ​បាន​ឃើញ​វា ជា​លើកទី ១ កាលពី​ឆ្នាំមុន នៅក្នុង​អំឡុង​ព្យុហយាត្រា ខួប ៧០ឆ្នាំ នៃ​ការបង្កើត សាធារណរដ្ឋ​ប្រជាមានិត​ចិន។

តាម​អ្នកវិភាគស្តីពីកងទ័ព​ចិន ដែល​ដកស្រង់​សំដី​ដោយ​កាសែត​ហុងកុង ក្រៅតែ​ពី​ផ្លាស់ប្តូរ ជំនួស មីស៊ីល​ចាស់ៗ ដោយ​មីស៊ីលបាលីស្ទិក ទំនើប លឿនជាង សំឡេង ដូចជា D7 កងទ័ព​ចិន​បាន​ដំឡើង​ផងដែរ ប្រព័ន្ធ​ខែលមីស៊ីល S-400 ដែល​ចិន​បាន​ទិញ​ពី​រុស្ស៊ី។ ប្រព័ន្ធ​ខែលមីស៊ីល​រុស្ស៊ី ដែល​ត្រូវ​ពង្រាយ​នៅតាម​ឆ្នេរ ខេត្ត​ភាគខាង​កើត​ចិន មាន​សមត្ថភាព ចាប់បាន​សញ្ញា និង​បាញ់ទម្លាក់​មីស៊ីល យន្តហោះដ្រូន ឬ យន្តហោះចម្បាំង ដែល ស្ថិតនៅ​ចម្ងាយ ៦០០គីឡូម៉ែត្រ។ គេ​អាច​និយាយ​បាន​ថាប្រព័ន្ធ​ខែល​មីស៊ីល​រុស្ស៊ី អាច​គ្របដណ្តប់ វាយប្រហារ គ្រប់ទីតាំង​យោធា​របស់​កោះតៃវ៉ាន់ ដែល​ស្ថិតនៅ​ចម្ងាយ​ត្រឹម តែជាង ១៨០គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ចិន​ដីគោក។ ពោល គឺ វា នឹង​អាច​ជួយ​ឲ្យ​កងទ័ព​ចិន បាញ់កម្ទេច​យន្តហោះ​ចម្បាំង​របស់​តៃវ៉ាន់ ទាំង​មុន​ហោះចេញ​ពី​ដីទៅទៀត។

តើ​ចិន ប្រុងប្រៀបខ្លួន​ដើម្បី​វាយដណ្តើម​យក​តៃវ៉ាន់?

ទីក្រុង​ប៉េកាំង បាន​បង្កើន​ការដាក់​សម្ពាធ កាន់តែ​ខ្លាំង ខាងផ្នែក​យោធា ទៅលើ​តៃវ៉ាន់ ដែល​លោក​ប្រធានាធិបតី ចិន​ស៊ី ជីនពីង ធ្លាប់​បាន​គំរាម​រួចហើយថា នឹង​យក​មកគ្រប់គ្រង ឡើងវិញ ទោះបី​ជា​ត្រូវ​ប្រើ​កម្លាំង​យោធា​ក៏ដោយ។

ការគំរាម​បានស្តែង​ចេញ ជា​រូបរាង​បណ្តើរៗ។ ​នៅ​ប៉ុន្មាន​ខែ​មកនេះ ចិន បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ឲ្យ​ទៅ​ហោះឆ្វែល ចូល​ក្នុង​ដែនអាកាស​របស់​តៃវ៉ាន់ កាន់តែ​ញឹកញយ។ យុទ្ធសាស្រ្ត​របស់ចិន  គឺ ញុះញង់​ឲ្យ​កោះតៃវ៉ាន់ ខាតបង់​ថវិកា ដោយ​អត់ប្រយោជន៍ នៅពេល​តៃវ៉ាន់​ត្រូវ​ចាំបាច់ បញ្ជូន​យន្តហោះ ចម្បាំង ឲ្យ​ទៅ​ហោះ​ជា​ប្រចាំ ដើម្បី ទប់ស្កាត់​កុំ​ឲ្យ​យន្តហោះ​ចិន​ហោះចូល​ដែនអាកាស​របស់ខ្លួន។ វត្តមាន​យន្តហោះ​ចម្បាំង​របស់​ចិន នៅក្នុង​ដែនអាកាស​របស់​តៃវ៉ាន់ អាច​ជា​យុទ្ធសាស្រ្ត បន្លំ បញ្ឆោត ភ្នែក​របស់​តៃវ៉ាន់ ផងដែរ ព្រោះថា នៅពេល​នេះ យន្តហោះ​របស់​ចិន គ្រាន់តែ​ទៅហោះឆ្វែលលេង ដើម្បី បំភិតបំភ័យ ប្រជាជន​តៃវ៉ាន់ ប៉ុន្តែ គេ​មិន​ដឹងទេថា នៅថ្ងៃ​ណាមួយ យន្តហោះ​ចិន​អាច​បើកការប្រយុទ្ធ វាយប្រហារ​មែនទែន​ទៅលើ​តៃវ៉ាន់។

មួយវិញទៀត ក្រៅតែ​ពីបញ្ជូន​យន្តហោះ ចម្បាំង ​ចិន នៅបាន​ធ្វើសមយុទ្ធ​យោធា ដោយប្រើ​គ្រាប់​កាំភ្លើងពិតៗ នៅក្នុងសមុទ្រ ក្បែរ កោះតៃវ៉ាន់។ សម្រាប់​អ្នកវិភាគ ការបង្រួបបង្រួម​ចិន តៃវ៉ាន់ តាម​ផ្លូវ​សន្តិភាព លែង​មាន​ទៀតហើយ។ សមយុទ្ធ​របស់​ចិន ដែល​ប្រើ​គ្រាប់កាំភ្លើង​ពិត អាច​ជា​ដំណាក់កាល​ដំបូង ដែល​នៃ​ការរៀបចំ ជើងព្រួល​សម្រាប់ធ្វើសង្គ្រាមពិតៗ​វាយប្រហារ ដណ្តើម​យកកោះតៃវ៉ាន់។

ទីប្រឹក្សា សន្តិសុខជាតិ​អាមេរិក វិញ វាយតម្លៃថា ចិន​នឹង​អាច​ធ្វើសង្រ្គាម ឈ្លានពាន តៃវ៉ាន់​ ប៉ុន្តែ មិនមែន​នៅពេលនេះទេ គឺ​អាច​ក្នុង​រយៈពេល ១០ ទៅ ១៥​ឆ្នាំខាងមុខ។ នៅពេលនេះ ចិន​មិនទាន់​ត្រៀម​ខ្លួន​គ្រប់គ្រាន់​នៅឡើយទេ។ ម្យ៉ាង វាយប្រហារ​តៃវ៉ាន់ នៅពេលនេះ នឹង​ធ្វើ​ឲ្យ​ចិន ខាតប្រយោជន៍ ច្រើន​ជាងចំណេញ។ សម្រាប់​ទីប្រឹក្សា​សន្តិសុខ​អាមេរិក តៃវ៉ាន់​គ្មាន​ជម្រើសអ្វី​ផ្សេង ក្រៅតែ​ពី​ពង្រឹង បន្ទាយ មីស៊ីល កម្លាំង​យោធា​របស់ខ្លួន នោះទេ។ គេ​ជឿថា អាមេរិក ចង់​ឲ្យ​តៃវ៉ាន់ ពង្រឹង ប្រព័ន្ធ​ការពារ​របស់ខ្លួន ក៏ព្រោះតែ​អាមេរិក ចង់​ឲ្យ​តៃវ៉ាន់ ទិញ សព្វាវុធ បន្ថែម​ពី​អាមេរិក។ នៅ​ដើម​សប្តាហ៍​នេះ ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស​Reuters បាន​ចុះផ្សាយ​ថា សេតវិមាន​កំពុង​ពន្លឿន កិច្ចសន្យា​លក់​អាវុធ ជា​កញ្ចប់ ធំមួយ ទៅ​ឲ្យ​ព្រឹទ្ធសភា​អាមេរិក​អនុម័ត។ តាម​គម្រោង តៃវ៉ាន់ ចង់​ទិញ ដ្រូន មីន​ក្នុង​ទឹក និង​មីស៊ីល របស់​អាមេរិក សម្រាប់​យក​ទប់ទល់​ការវាយប្រហារ​ណាមួយ​របស់​ប្រទេស​ចិន។

កន្លងមក ប៉េកាំង​ហាក់​ដូចជា​មិន​សូវ​ផ្តោត​អាទិភាព​ខ្លាំង​លើ​ការដណ្តើម​យក​តៃវ៉ាន់​មក​គ្រប់គ្រង​វិញ​នោះទេ ដោយ​សុខចិត្ត​ទទួល​ឲ្យ​តៃវ៉ាន់​ស្ថិត​ក្នុង​ស្ថានភាព​បច្ចុប្បន្ន គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​មួយ​ដាច់ដោយឡែក​ពីចិន ដោយ​គ្រាន់តែ​មិន​ឲ្យ​ប្រកាស​ឯករាជ្យ​ជា​ផ្លូវការ។

ក៏ប៉ុន្តែ ចិន បាន​ផ្លាស់ប្តូរ​ជំហរ ចាប់តាំង​ពីការចូលកាន់តំណែង​របស់​លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង។ ចិន និង​តៃវ៉ាន់ ក៏​ចាប់​តានតឹង ខ្លាំងណាស់ដែរ នៅពេល​តៃវ៉ាន់ឯណោះវិញ ក៏ មាន​ប្រធានាធិបតី ដែល​មិន​គាំទ្រ គំនិត​ដែលថា តៃវ៉ាន់ ជា​ផ្នែក​មួយ​របស់​ចិន។ លោក​ប្រធានាធិបតី​ចិន ​មិន​អាច​មើល​រំលង មហិច្ឆតា​របស់​លោកស្រី ប្រធានាធិបតីតៃវ៉ាន់​ដែល​ចេះ​តែ​ទៅជិតស្និទ្ធ ជាមួយ​អាមេរិក ដែល​ជា​គូប្រជែង​របស់​ចិន មិនថា ផ្នែក​យោធា និង​សេដ្ឋកិច្ច។

លោកស្រីប្រធានាធិបតី​តៃវ៉ាន់ នៅបានធ្វើ​ឲ្យ​ចិន​ខឹងសម្បារ នៅពេល​លោកស្រី ចុះ​កិច្ចសន្យា​ទិញ​អាវុធ ដូចជា​មីស៊ីល និង​ទិញ​យន្តហោះ​ចម្បាំងទំនើប​ថ្មី​របស់​អាមេរិក សម្រាប់​បំពាក់​ឲ្យ​កងទ័ព​តៃវ៉ាន់។ ធម្មតាទេ ប្រឈម​នឹង​ការគំរាមកំហែង​របស់​ប្រធានាធិបតី​ចិន ដែល​ថា នឹងយក​តៃវ៉ាន់ មកគ្រប់គ្រង ទោះប្រើ​កម្លាំង​យោធា តៃវ៉ាន់ របស់​លោកស្រី​ប្រធានាធិបតី ត្សៃ អ៊ីងវេន បាន​បង្កើន​ថវិកា​កងទ័ព ១០ភាគរយ បន្ថែមទៀត រហូត​ដល់ ១៥ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០២១ ដែល​ជា​ថវិកា​ដ៏ច្រើន ដែលតៃវ៉ាន់ មិនធ្លាប់​មាន។

ដោយសារ​តែ តៃវ៉ាន់ ចេះតែ​បង្កើនថវិកាយោធា សម្រាប់​ទិញ​អាវុធ ពី​អាមេរិក ហើយ​ម្យ៉ាង​អាមេរិក​ចេះតែ បញ្ជូន នាវាចម្បាំង ឲ្យ​បើកឆ្វែល​ក្នុង​ដែនទឹក ចន្លោះ​ចិន និងតៃវ៉ាន់ ដែល​ចិនចាត់ទុក​ជា​ការរំលោភដែនទឹក​របស់​ចិន ទើប​ចិន អស់​ភាពអត់ធ្មត់ និង​បញ្ចេញ​សាច់ដុំ​យោធាដាក់តៃវ៉ាន់ និង​អាមេរិក​វិញ។ នៅពេល​នេះ ចិន​គ្រាន់តែ​ជាបង្ហាញ​សាច់ដុំ ប៉ុន្តែ តាម​អ្នកវិភាគ​មួយចំនួន ចិនរៀបចំ​យុទ្ធសាស្រ្ត រួចហើយ និង​ត្រៀមខ្លួន សម្រាប់​វាយដណ្តើម​យក​តៃវ៉ាន់ឲ្យ​មកធ្វើ​ជា​ដែនដី​របស់ខ្លួន វិញ នៅ​ថ្ងៃ​ណាមួយ នាពេលអនាគត។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ