អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​បារាំង​​បើកយុទ្ធនាការ​បោសសំអាត​ទ្រឹស្តី​​​អ៊ីស្លាម​ជ្រុលនិយម ក្រោយ​​ហេតុការណ៍​​សម្លាប់​​កាត់ក​​គ្រូ​​បង្រៀន

សំឡេង ០៩:៤៥
ប្រជាជនបារាំងជាច្រើនម៉ឺននាក់ ធ្វើបាតុកម្ម ដើម្បីបរិហារអំពី​ចរន្តទ្រឹស្តីអ៊ីស្លាមជ្រុលនិយម នៅក្រោយហេតុការណ៍សម្លាប់កាត់ក្បាលគ្រូបង្រៀនឈ្មោះ Samuel Paty។ ប៉ារីស ថ្ងៃទី​១៨ តុលា ២០២០។
ប្រជាជនបារាំងជាច្រើនម៉ឺននាក់ ធ្វើបាតុកម្ម ដើម្បីបរិហារអំពី​ចរន្តទ្រឹស្តីអ៊ីស្លាមជ្រុលនិយម នៅក្រោយហេតុការណ៍សម្លាប់កាត់ក្បាលគ្រូបង្រៀនឈ្មោះ Samuel Paty។ ប៉ារីស ថ្ងៃទី​១៨ តុលា ២០២០។ REUTERS - CHARLES PLATIAU
ដោយ៖ ម៉ម ពិសី
៤៦ នាទី

នៅប្រទេសបារាំង កាលពីថ្ងៃសុក្រ១៦តុលា​ មានហេតុការណ៍​ឃាតកម្មដ៏សាហាវមួយបានកើតឡើង ដោយ​យុវជន​អាយុ​១៨ឆ្នាំ​មា្នក់​ បានសម្លាប់កាត់ក្បាល គ្រូបង្រៀនអនុវិទ្យាល័យ​ម្នាក់ ក្រោមហេតុផលថា គ្រូបង្រៀនរូបនោះ បានប្រមាថ មើលងាយព្រះអាឡា។ អំពើឃាតកម្មនេះ បានញ៉ាំងឲ្យ​ផុសផុល​ នូវទឹកចិត្ត​ក្រេវក្រោធក្នុងសង្គមបារាំង ប្រឆាំងនឹងចរន្ត​​ទ្រឹស្តី​អ៊ីស្លាមជ្រុលនិយម ដែលកាន់តែរីក​​​ធំឡើងៗ ផ្ទុយពីច្បាប់គ្រិះរបស់បារាំង ដែល​​ការពារសេរីភាព​​នៃ​ការ​បញ្ចេញមតិ។ អាជ្ញាធរបារាំងបានចាត់ទុក អំពើឃាតុកម្ម​ដ៏ព្រៃផ្សៃនេះ ថាជាអំពើភេរវកម្មបែបអ៊ីស្លាម​ជ្រុលនិយម។ ​រដ្ឋា​ភិបាល​​បារាំង បានអះអាងថា នឹងបើកយុទ្ធនាការបន្ទាន់មួយ ដើម្បី​បោសសំអាត ក្រុមមនុស្ស ឬក៏​​ចលនា​ដែល​សាបព្រួស​​ទ្រឹស្តីអ៊ីស្លាមជ្រុលនិយមនេះ នៅលើទឹកដីបារាំង។

ផ្សាយពាណិជ្ជកម្ម

សម្លាប់កាត់ក្បាលគ្រូបង្រៀន នៅក្បែរសាលា

នេះគឺជាអំពើឃាតកម្ម ដ៏សាហាវព្រៃផ្សៃបំផុត ដែលបានកើតឡើង ក្នុងទឹកដីបារាំង។ ជនរងគ្រោះ គឺជាគ្រូបង្រៀនភេទប្រុស ឈ្មោះ Samuel Paty អាយុ៤៧ឆ្នាំ បង្រៀនមុខវិជ្ជាប្រវត្តិវិទ្យានិងភូមិវិទ្យា នៅ​អនុវិទ្យាល័យ Bois d’Aulne ក្នុងឃុំ Conflans-Sainte-Honorine ភាគពាយ័ព្យ ជាយទីក្រុងបារីស។ ចំណែកជនដៃដល់ គឺជាក្មេងប្រុសជំទង់អាយុ១៨ឆ្នាំ ជនជាតិរុស្ស៊ី ដើមកំណើតឆេឆិននី មក​​រស់ក្នុងប្រទេសបារាំងក្នុងនាមជាជនភៀសខ្លួន ជាមួយនិងឪពុកម្តាយ​​។ យោងតាមលទ្ធផលស៊ើបអង្កេត ជ​​ននេះមិនមែនជាសិស្ស រៀននៅក្នុងអនុវិទ្យាល័យ​ ដែលជនរងគ្រោះបង្រៀនទេ។ ឃាតករនេះ ធ្លាប់ត្រូវបានសមត្ថកិច្ចស្គាល់ថា ជនពាល បង្កអំពើហិង្សា បង្កការខូចខាតទ្រព្យ​សម្បត្តិសាធារណៈ ជាច្រើនលើក។

នៅថ្ងៃសុក្រ ទី​១៦តុលា វេលាម៉ោង៥ល្ងាច នគរបាលបាន​ប្រទះឃើញសាកសពជនរងគ្រោះ ដោយក្បាលត្រូវកាត់ចេញពីដងខ្លួន នៅមិនឆ្ងាយប៉ុន្មានពីអនុវិទ្យាល័យ។ ការស៊ើបអង្កេតបានបង្ហាញថា ឃាតករ បាន​មកចាំនៅមុខច្រកចូលសាលា ហើយបានសួរទៅកាន់កូនសិស្សថា មួយណាជាគ្រូបង្រៀនឈ្មោះ Samuel Paty ហើយបន្ទាប់​មកក៏ស្ទាក់សម្លាប់ជនរងគ្រោះ។ នៅក្បែរសាកសព​ជនរងគ្រោះ គេឃើញមានកាំបិត២ កាំបិត១នោះមានប្រវែងជាង​៣០សង់ទីមែត្រ។ នៅល្ងាចថ្ងៃដដែលនេះ ឃាតករ ត្រូវបានសមត្ថកិច្ចស្ទាក់បាញ់សម្លាប់ ដោយគ្រាប់កាំភ្លើងចំនួន​១០គ្រាប់ បន្ទាប់ពីជននោះ បានកាន់អាវុធគំរាមបាញ់ទៅលើសមត្ថកិច្ច ហើយថែមទាំងបានស្រែកឃ្លាថា “Allahou Akbar ! “ ថែមទៀតផង។

នៅក្នុងទូរស័ព្ទដៃឃាតករ គេបានរកឃើញរូបថតជាច្រើនប៉ុស្តិ ដែលជននេះបាន​ ថតសាកសព ក្បាលរបស់ជនរងគ្រោះ នៅវេលាម៉ោងប្រមាណជា​៤និង៥៧នាទីល្ងាច។​ ជននេះបាន​បង្ហោះរូបថតនេះ នៅលើគណនី​បណ្តាញTwitter របស់ខ្លួនឈ្មោះថា @Tchetchene_270 អមដោយសារសរសេរថា៖ ក្នុងនាមព្រះអាឡា ខ្លួនបានសម្លាប់ជនម្នាក់ ​ដែលហ៊ានប្រមាថមើលងាយព្រះអាឡាជាម្ចាស់។ សារនោះមានខ្លឹមសារគំរាមដល់ លោកម៉ាក្រុង និងប្រជាជនបារាំងទាំងអស់ទៀតផង ថាបើមិនបញ្ឈប់ការប្រមាថព្រះអាឡាទទេនោះ ខ្លួននឹងសងសឹក សម្លាប់មិនបង្អង់ដៃ។ នៅថ្ងៃសៅរ៍ គណនី រូបថត និងសារTwitter របស់ឃាតករនេះ ត្រូវបាន​ប្រព័ន្ធបិទចោលទាំងអស់។

រករឿងជនរងគ្រោះ ដោយសារ បាន​យករូបត្លុកព្រះអាឡា​​មកពន្យល់សិស្ស

បើតាមការស៊ើបអង្កេត ជនរងគ្រោះធ្លាប់បាន យករូបថ្លុកព្រះអាឡា មកបង្ហាញក្នុងថ្នាក់រៀន កាលពីដើមខែតុលានេះ ដើម្បីពន្យល់ វែកញែកជាមួយសិស្សក្នុងថ្នាក់ ឲ្យស្វែងយក់ថាអ្វីទៅ​ជា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដែលជាគោលការណ៍គ្រិះ នៃច្បាប់បារាំង។ រឿងរ៉ាវនេះ បានបង្កឲ្យមាន​ការតវ៉ា យ៉ាងផុសផុល ពីសំណាក់អាណាព្យាបាលសិស្ស ដែលជាអ្នកកាន់សាសនាអ៊ីស្លាម។ ឆ្លងកាត់ការប្រជុំ ជាមួយសិស្សៗ ជាមួយអាណាព្យាបាលសិស្ស ព្រមទាំងបានសាកសួរគ្រូបង្រៀនផ្ទាល់ផង ខាងថ្នាក់ដឹកនាំសាលា បានសន្និដ្ឋានថា គ្រូបង្រៀនឈ្មោះ Samuel Paty មិនបានធ្វើអ្វីខុសឆ្គងឡើយ ពោលគឺជាតួនាទី និងការងាររបស់គ្រូបង្រៀន ដែលត្រូវពន្យល់អប់រំសិស្ស ឲ្យស្វែងយល់ពីសិទ្ធិសេរីភាព ពីច្បាប់ក្នុងសង្គមបារាំង។

តែក្រោយមក​ ឪពុករបស់សិស្សស្រីម្នាក់ បានធ្វើវីដេអូ ចំនួន​២ បង្ហោះផ្សាយ​តាមបណ្តាញ​ Youtube ដោយបាន​ចោទប្រកាន់ធ្ងន់ៗទៅលើគ្រូបង្រៀងរូបនេះ ព្រមទាំងបានអំពាវនាវ ឲ្យ​អាណាព្យាបាលសិស្សផ្សេងៗទៀត ដែលកាន់សាសនាអ៊ីស្លាមដូចគ្នា ឲ្យ​ជួយគ្នា​ ដាក់ពាក្យប្តឹងគ្រប់ច្រកល្ហក ដើម្បីបណ្តេញគ្រូនេះចេញពីសាលា ដោយចោទ​គ្រូនេះ បានប្រមាថមើលងាយសាសនាអ៊ីស្លាម និងធ្វើបាបកូនចៅរបស់ខ្លួនដែលជាអ្នកគោរពសាសនាអ៊ីស្លាម។

អាណាព្យាបាលខ្លះ ចិញ្ចឹមបំប៉នគំនិតស្អប់គុំគួន ងប់ងុលនឹងអ៊ីស្លាមជ្រុលនិយម​ ក្នុងខួរក្បាលក្មេង

ឆ្លងកាត់ការស៊ើបអង្កេត សមត្ថកិច្ចបារាំង បានអះអាងថា អ្វីដែលជំរុះ ឲ្យឃាតករ ដែលមិនមែនជា​សិស្សនៅក្នុងសាលារៀននេះ មិនទាំង​ស្គាល់គ្រូបង្រៀនរូបនេះសោះពីមុនមក ហើយ​ឈានទៅសម្លាប់កាត់ក គ្រូបង្រៀនរូបនេះ គឺវាជា​លទ្ធផល​ នៃ​​សកម្មភាព​បំពុល ផ្លុំត្រចៀក ពន្យុះ ញុះញង់ ពីសំណាក់អាណាព្យាបាលសិស្សមួយចំនួន ដែលជាសមាជិក ក្នុងសហគមអ្នកកាន់សាសនាអ៊ីស្លាម ជាមួយនឹងឪពុកម្តាយរបស់ជនដៃដល់។ កាលពីថ្ងៃសៅរ៍ទី​១៧​​ សមត្ថកិច្ចបានចាប់ឃាត់ខ្លួន មនុស្សចំនួន​១១នាក់ ក្នុងនោះមាន​ឪពុកម្តាយ និងសមាជិកគ្រួសាររបស់ឃាតករ ព្រមទាំងអាណាព្យាបាលសិស្សស្រី ដែលបានធ្វើវីដេអូ អំពាវនាវឲ្យ​គេ​រករឿងគ្រូបង្រៀននោះផងដែរ។

អំពើព្រៃផ្សៃ បង្កឡើងដោយក្មេងប្រុសអាយុ១៨ឆ្នាំនេះ គឺវាជាលទ្ធផល នៃការស្រោចទឹកដាក់ជី ពីសំណាក់មនុស្សចាស់ ដែលជាឪពុកម្តាយ អាណាព្យាបាល ដើម្បី​បំប៉នគំនិតអ៊ីស្លាមជ្រុលនិយមនេះ ឲ្យវាលូតធំធាត់នៅក្នុងខួរក្បាលក្មេង រហូតក្មេងជឿងប់ងល់ គ្មានគំនិតបើកទូលាយ ហ៊ាន​សម្លាប់មនុស្ស​ដោយ​ព្រៃផ្សៃ ក្នុងនាមព្រះសាសនាអ៊ីស្លាម​បែបនេះ។ បញ្ហានេះ គឺជាបញ្ហារួម​ នៅក្នុងសង្គមបារាំងតែម្តង ព្រោះថាដូចយើងដឹងហើយ ថាបារាំងបានរងនូវអំពោះ​ភេរវកម្ម បែបអ៊ីស្លាមជ្រុលនិយមនេះ ច្រើនដងមកហើយ។

បារាំង ជាប្រទេសដែលមិនប្រកាន់សាសនាណាទាំងអស់។ សិទ្ធិសេរីភាព​នៃការបញ្ចេញមតិ ត្រូវបានការពារដោយច្បាប់។ ការ​​សើចចំអកលេង មិនថាទៅលើសាសនាណាក៏ដោយ គឺជាប្រពៃណីនៅក្នុងសង្គមបារាំង ព្រោះវាជាសិទ្ធិនៃការបញ្ចេញមតិ។ ក៏ប៉ុន្តែ អ្វីដែលគេសង្កេតឃើញ ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺថាអ្នកកាន់សាសនាអ៊ីស្លាម​ បែបជ្រុលនិយមខ្លះ បានចេញមុខរារាំង និងបរិហារសិទ្ធិសេរីភាពនេះ។

រំលាយ​ចោល អង្គការសមគមអ៊ីស្លាមមួយចំនួន​

ថ្ងៃអាទិត្យទី១៨តុលា​ ក្រុមប្រឹក្សាសន្តិសុខជាតិបារាំង បានបើកការប្រជុំបន្ទាន់ ដើម្បីចេញវិធានការក្តីមួយចំនួន ឈានទៅប្រយុទ្ធប្រឆាំង និងការរីកសាយភាយ នូវចរន្តទ្រឹស្តីអ៊ីស្លាមជ្រុលនិយមនេះ។ នៅព្រឹកថ្ងៃចន្ទ​ លោក Gérald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានអះអាងថា សមត្ថកិច្ចបារាំង កំពុងតែបើក​ប្រតិបត្តិការស៊ើបអង្កេត ចំនួន​យ៉ាងហោច ៨០សំណុំរឿង ទាំងពាក់ព័ន្ធដោយផ្ទាល់ ទាំងមិនពាក់ព័ន្ធ និងករណី​ឃាតកម្មលើគ្រូបង្រៀន​នេះ។

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានបញ្ជាក់ទៀតថា លោកនឹងស្នើទៅកិច្ចប្រជុំគណរដ្ឋមន្ត្រី ឲ្យ​រំលាយ​ចោល នូវសមាគម​ដែលពាក់ព័ន្ធនឹងសាសនាអ៊ីស្លាម ចំនួន​៥១សមាគម។ ក្នុងនោះលោកបញ្ជាក់ថា មានដូចជា សមាគមសហព័ន្ធប្រឆាំងនឹងការរើសអើង​លើអ្នកកាន់សាសនាអ៊ីស្លាម (CCIF) ដែលជាសមាគមជួយ​គាំព៌ាផ្នែកច្បាប់ ដល់អ្នកកាន់សាសនាអ៊ីស្លាម​ ដែលរងគ្រោះដោយការមើលងាយ រើសអើងផ្សេងៗ ​ និង​អង្គការ BarakCity ដែលជាអង្គការ​​សាបព្រួសទ្រឹស្តីអ៊ីស្លាមជ្រុលនិយម ដ៏សកម្មមួយនៅបារាំង។

លោករដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបារាំង អះអាងថា ឆ្លងកាត់ការស៊ើបអង្កេត គឺបានបង្ហាញយ៉ាងច្បាស់ថា សហព័ន្ធប្រឆាំងនឹងការរើសអើងអ្នកកាន់សាសនាអ៊ីស្លាម បានចូលរួមចំណែក នៅក្នុងការជំរុញឲ្យ​មាន​អំពើឃាតកម្ម​នេះ។ លោក បានប្រើពាក្យធ្ងន់ៗ អង្គការសមាគមដែលលាក់មុខ​ក្នុងនាមជាអ្នកជួយសហគមអ្នកកាន់​សាសនាអ៊ីស្លាមទាំងនោះ តាមពិត គឺជា​ “សត្រូវរបស់សាធារណៈរដ្ឋបារាំង” ។ បារាំងជាប្រទេសមានច្បាប់ គឺមិនអាចបន្ត ឲ្យ​សមាគមអង្គការទាំងនោះ បន្តធ្វើកម្មភាព​ប្រឆាំងច្បាប់បារាំង សាបព្រួសទ្រឹស្តីអ៊ីស្លាមជ្រុលនិយម បែបនេះបានទៀតទេ​។

តែយ៉ាងណា​ អ្នកវិភាគនយោបាយ​ខ្លះ បានរិះគន់រដ្ឋាភិបាល​លោក​ម៉ាក្រុង ថាមានភាពស្ទើស្ទាក់ បង្អែរបង្អង់ មិនព្រមចាត់វិធានការ ឲ្យទាន់ពេលវេលា។ បញ្ហាចរន្តអ៊ីស្លាមជ្រុលនិយម​នេះ ជាដំបៅក្នុងសង្គមបារាំង យូរឆ្នាំមកហើយ ជាក់ស្តែងអំពើភេរវកម្មផ្ទួនៗគ្នា ក្នុងឆ្នាំ២០១៥។​ តែរដ្ឋបារាំង និងតែមិនអាចជីកកកាយឫសគល់នេះបាន។

បញ្ហានេះ វាក៏ជាលទ្ធផលនៃការបែកបាក់គ្នា រវាងអ្នកនយោបាយ​បារាំងដែរ។ ក្រុមស្តាំនិយម បានរិះគន់ ចង្អុរមុខពួកឆ្វេងនិយមជ្រុល​មួយចំនួន​ ថាបានបំពាក់បំប៉ន ជួយសហគមអ្នកកាន់សាសនាអ៊ីស្លាម ឲ្យខឹងរករឿងរដ្ឋាភិបាល​ ដើម្បីតែកេងចំណេញសន្លឹកឆ្នោត។ គឺក្រុមឆ្វេងនិយមជ្រុលខ្លះនេះហើយ ដែលបានរារាំងមិនឲ្យ​មានវិធានការតឹងតែង ប្រឆាំងនឹងពួកផ្តាច់ការ ជាក់ស្តែង គម្រោងច្បាប់ដកសញ្ញាតិបារាំង​ពីភេរវជនអ៊ីស្លាម ដែលទីបំផុតត្រូវ​​ធីបចោលវិញ។ ប្រការទាំងអស់នេះ បានធ្វើឲ្យ​រដ្ឋបារាំង បរាជ័យ ម្តងជា២ដង ក្នុងការប្រយុទ្ធប្រឆាំងនឹងទ្រឹស្តីអ៊ីស្លាមជ្រុលនិយមនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ