អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំងរំលឹកវិញ្ញាណក្ខន្ធ​ថ្នាក់ជាតិ​ ជូនដល់​លោក​គ្រូ​Samuel Paty ដែល​ត្រូវ​ជនអ៊ីស្លាម​ជ្រុលនិយម​​​​សម្លាប់​​​​​

សំឡេង ០៩:១៥
ក្រុមគ្រួសារ និងមិត្តរួមការងារ របស់​លោកគ្រូ Samuel Paty កាន់រូបលោក ក្នុងឱកាសរំលឹកវិញ្ញាណក្ខន្ធ នៅខាងមុខអនុវិទ្យាល័យ Bois d'Aulne ថ្ងៃទី​២០តុលា ២០២០។
ក្រុមគ្រួសារ និងមិត្តរួមការងារ របស់​លោកគ្រូ Samuel Paty កាន់រូបលោក ក្នុងឱកាសរំលឹកវិញ្ញាណក្ខន្ធ នៅខាងមុខអនុវិទ្យាល័យ Bois d'Aulne ថ្ងៃទី​២០តុលា ២០២០។ AFP - BERTRAND GUAY
ដោយ៖ ម៉ម ពិសី
៤៣ នាទី

នៅ​ប្រទេសបារាំង ឃាតកម្មសម្លាប់ដោយកាត់ក្បាល ទៅលើរូបគ្រូបង្រៀនអនុវិទ្យាល័យ ឈ្មោះ សាមុអ៊ែល ប៉ាទី កាលពីថ្ងៃសុក្រកន្លងទៅ ដោយសារតែ​គ្រូនោះ បានយករូបត្លុកព្រះអាឡា​ មក​បង្ហាញពន្យល់​​សិស្សក្នុងថ្នាក់រៀន​ បានធ្វើឲ្យ​ផុសផុលទឹកចិត្ត​ក្តុកក្តួលជាខ្លាំង ពីសំណាក់​ប្រជាជន ក៏ដូចជាថ្នាក់ដឹកនាំនយោបាយ​បារាំង។ នៅល្ងាចថ្ងៃពុធទី​២១តុលា នៅទីក្រុងប៉ារីស មានកម្មវិធីរំលឹកវិញ្ញាណក្ខន្ធថ្នាក់ជាតិ ជូនដល់សព​ជនរងគ្រោះ។ ហើយរដ្ឋាភិបាលបារាំង បានប្តេជ្ញា ចាត់វិធានការ​ ឲ្យ​មានប្រសិទ្ធិភាព​បំផុត ដើម្បី​ជីកគាស់រំលើង ឫសគល់នៃចរន្តទ្រឹស្តីអ៊ីស្លាមជ្រុលនិយម ដែលកំពុងតែបំពុលសង្គមបារាំង និងដើម្បីឈាន​ទៅ​ទប់ស្កាត់ កុំឲ្យមាន​​អំពើព្រៃផ្សៃរបៀបនេះ ទៅថ្ងៃខាងមុខ។

ផ្សាយពាណិជ្ជកម្ម

អស់ប្រមាណ៤ថ្ងៃមកហើយ ដែលប្រទេសបារាំងទាំងមូល ស្ថិតក្នុងសេចក្តីទុក្ខក្រៀមក្រំ ក្តុកក្តួល​លាយឡំដោយទឹកចិត្តខឹងក្រេវក្រោធ បន្ទាប់ពីគ្រូបង្រៀនអនុវិទ្យាល័យ ឈ្មោះ Samuel Paty ត្រូវបានជនអ៊ីស្លាមជ្រុលនិយមម្នាក់ សម្លាប់យ៉ាងអយុត្តិធម៌ និងដ៏សាហាវព្រៃផ្សៃបំផុត កាលពីល្ងាចថ្ងៃសុក្រ ទី១៦តុលា។

នៅល្ងាចថ្ងៃអង្គារ​ទី​២០តុលា មានមនុស្សជាច្រើនរយនាក់ បានជួបជុំគ្នា នៅខាងមុខអនុវិទ្យាល័យ Bois d’Aulne ស្ថិតក្នុងឃុំ Conflans Sainte Honorine ជាយទីក្រុងបារីស ដែលជាទីដែលលោកគ្រូ Samuel Paty ធ្លាប់ធ្វើការ​ បង្រៀនសិស្ស​ជាច្រើនឆ្នាំ។ រសៀលម្សិលមិញដែរ សមាជិកសភាបារាំងទាំងអស់ បានរួមគ្នា ឈរនៅលើជណ្តើរ​ខាងមុខ​វិមាន​រដ្ឋសភា ដើម្បីស្មឹងស្មាត នឹងសម្តែងមរណៈទុក្ខ។

កម្មវិធីរំលឹកវិញ្ញាក្ខន្ធថ្នាក់ជាតិ នៅសកលវិទ្យាល័យSorbonne

នៅល្ងាចថ្ងៃទី​២១តុលា វេលាម៉ោង​៧ និង៣០នាទីល្ងាច នៅសកលវិទ្យាល័យ​Sorbonne នឹងមានកម្មវិធីរំលឹកវិញ្ញាក្ខន្ធថ្នាក់ជាតិ ក្រោមអធិបតីភាព ប្រមុខរដ្ឋបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងមនុស្សប្រមាណ​៤០០នាក់ទៀត ក្នុងនោះគឺមានសិស្សសាលានៅក្នុងតំបន់ជុំវិញទីក្រុងប៉ារីសផងដែរ។ លោកម៉ាក្រុង នឹងបំពាក់គ្រឿងឥស្សរិយៈយស Légion d’honneur ជូនសពលោក​គ្រូ Samuel Paty។ បន្ទាប់មក នឹងមាន ការច្រៀងចម្រៀងជាពួករបស់​ក្រុមកងឆ្មាំសាធារណៈរដ្ឋ អមដោយសម្លេងតន្ត្រីរបស់​ក្រុមភ្លេង​វិទ្យុជាតិបារាំង។ លោកម៉ាក្រុង ក៏នឹងថ្លែងសារ​ខ្លីមួយ ទៅកាន់ក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាទៅកាន់ប្រជាជនបារាំងទាំងមូល មុននឹងធ្វើការស្មឹងស្មាត មួយនាទី។

ការរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធ នៅក្នុងអាគារសកលវិទ្យាល័យ Sorbonne នេះ គឺវាមានន័យជានិម្មិតរូបធំណាស់។ ព្រោះថាសកលវិទ្យាល័យនេះ គឺតំណាងឲ្យ​ប្រព័ន្ធអប់រំបារាំង តំណាងឲ្យ​តម្លៃមិនអាចកាត់ថ្លៃបាននៃចំណេះដឹង និងឧត្តមគតិជនជាតិ​បារាំង ដែលស្រលាញ់សិទិ្ធសេរីភាព។

អំពើព្រៃផ្សៃ សម្លាប់លោកគ្រូ Samuel Paty គឺវាបានសំដៅវាយប្រហារទៅលើអាជីព និងតួនាទីជាគ្រូបង្រៀន ដែលជាអ្នកអប់រំប្រៀនប្រដៅ ផ្ទេរចំណេះដឹង និង​បង្ហាញផ្លូវ ឲ្យស្គាល់ពីតម្លៃរស់នៅក្នុងសង្គមបារាំង។ តែទីបំផុត គ្រូបង្រៀនម្នាក់នេះ បែរជាត្រូវ​ស្លាប់ ក្រោម​ដៃឃាតករម្នាក់ ដែលជឿលង់នឹងទ្រឹស្តី​អ៊ីស្លាមជ្រុលនិយមដ៏ខ្មៅងងិត។

បញ្ជូនខ្លួនមនុស្ស៧នាក់ ចូលទៅជួប​ចៅក្រុម​

យោងតាមដំនឹងចុងក្រោយ ដែលទទួលបាន គឺមានមនុស្សចំនួន​៧នាក់ ដែលនឹងត្រូវ​សមត្ថកិច្ចបញ្ជូន​ខ្លួន ឲ្យចូលទៅជួប​ចៅក្រម​ទទួលបន្ទុកសំណុំរឿងភេរវកម្ម។ ចំណែកមនុស្ស៩នាក់ទៀត ត្រូវសមត្ថកិច្ចដោះលែងវិញហើយ ដោយសារតែគ្មានភស្តុតាង និងហេតុផលគ្រប់គ្រាន់។

ក្នុងចំណោមនុស្សទាំង៧នាក់ ដែលអាចឈានទៅរងបទចោទប្រកាន់ គឺមាន​បុរសម្នាក់ដែលជា​ឪពុករបស់សិស្សស្រីម្នាក់ រៀនក្នុងថ្នាក់របស់​លោកគ្រូ Samuel Paty។ គឺបុរសនេះហើយ ដែលជាអ្នកធ្វើវីដេអូ ផ្សព្វផ្សាយ​លើបណ្តាញសង្គម បរិហារចោទប្រកាន់ លោកគ្រូ​​​​Samuel Paty ថាបានរើសអើងមកលើសិស្ស ដែលកាន់សាសនាអ៊ីស្លាម និងបានយករូបត្លុកព្រះអាឡាមកបង្ហាញក្នុងថ្នាក់រៀន។ សមត្ថកិច្ច កំពុងតែស៊ើបអង្កេតលំអិតបន្ថែមទៀត ព្រោះថាឃាតករ មុននឹង​ដល់ថ្ងៃ​ធ្វើសកម្មភាព បានសរសេរទាក់ទកឆ្លងឆ្លើយ តាមប្រព័ន្ធ WhatsApp ជាមួយនឹងបុរស​នោះ។ សមត្ថកិច្ចកំពុងចង់ដឹងថា តើបុរសដែលជាអ្នកបំផុសបំផុលតាមបណ្តាញសង្គម​ឲ្យ​គេរករឿងជនរងគ្រោះនោះ បាននិយាយអ្វីខ្លះជាមួយឃាតករ ហើយ​បាន​ចូលរួមកម្រិតណា នៅក្នុងអំពើ​ឃាតកម្មនេះ។

ក្រៅពីនេះ នៅមានមនុស្សម្នាក់ទៀតឈ្មោះ Abdelhakim Sefrioui ជាសកម្មជនអ៊ីស្លាមជ្រុលនិយមម្នាក់ មកពីប្រទេសម៉ារ៉ុក ហើយដែលបានចូលរួមជួយ​ ឪពុករបស់សិស្សស្រីខាងលើ ក្នុងយុទ្ធនាការបរិហារ រករឿងប្តឹងប្តល់លើលោកគ្រូ Samuel Paty។ ជនសង្ស័យសមគំនិត ៣នាក់ទៀត គឺជាមិត្តភ័ក្តិរបស់ឃាតករ ដែលក្នុងនោះមានម្នាក់ ត្រូវគេសង្ស័យថា បានអមដំណើរទៅជាមួយឃាតករនៅថ្ងៃកើតហេតុ និងម្នាក់ទៀត បានជូនឃាតករទៅទិញកាំបិត ដើម្បីយកមកសម្លាប់កាត់កជនរងគ្រោះ។ ក្នុងចំណោម​មនុស្សទាំង​៧នាក់ ដែលនឹង​ត្រូវគេបញ្ជូនខ្លួន ឲ្យចូលជួបចៅក្រមស៊ើបអង្កេតនេះ គឺមាន​២នាក់ជាអនីតិជន ជាក្មេង​សិស្សសាលា ដែលបានទទួលលុយពីឃាតករ ជាថ្នូរនឹងការចង្អុរប្រាប់បង្ហាញមុខ ថាមួយណាជាលោកគ្រូ Samuel Paty។

បិទវិហារអ៊ីស្លាម រំលាយ​អង្គការ សមាគមអ៊ីស្លាមមួយចំនួន​

ក្រោយអំពើឃាតុកម្មនេះ រដ្ឋាភិបាលបារាំង បានប្រកាសសន្យាថា នឹងចាត់វិធានការ បោសសំអាត ជីករំលើងឫសគល់ នៃចរន្ត​ទ្រឹស្តីអ៊ីស្លាមជ្រុលនិយម នៅក្នុងប្រទេសបារាំង។​ រដ្ឋាភិបាលបារាំង បានចេញវិធានការបន្ទាន់មួយចំនួន ដូចជាបាន​សម្រេច​បិទ វិហារឥស្លាមមួយកន្លែងនៅសង្កាត់ Pantinជាងខាងជើងទីក្រុងប៉ារីស ចាប់ពីថ្ងៃពុធនេះទៅ។ យោងតាមសមត្ថកិច្ចបារាំង គឺអ៊ីម៉ាំប្រចាំនៅ​វិហារអ៊ីស្លាមនេះ បានចែករំលែកនៅលើ​ហ្វេស​បុក នូវវីដេអូ ដែលបរិហាររករឿងចោទគ្រូបង្រៀន Samuel Paty ថាបានប្រមាថមើលងាយព្រះអាឡា។

លោក Gérald Darmanin រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបានអះអាងថា កាលពីថ្ងៃចន្ទ ថា​លោកនឹងស្នើឲ្យ​រំលាយ​ចោល​នូវ អង្គការសមាគមអ៊ីស្លាមចំនួន​៥១ ដែលបាននិងកំពុង ធ្វើសកម្មភាព​សាបព្រួសទ្រឹស្តីអ៊ីស្លាមជ្រុលនិយមលើទឹកដីបារាំង។ លោកអះអាងថា អង្គការសមាគមទាំងនោះ ជ្រកក្រោមស្លាកជួយ​អ្នកកាន់សាសនាអ៊ីស្លាម ដែលក្រីក្រ ឬរងគ្រោះដោយការរើសអើង តែធាតុពិត​ គឺពួកគេធ្វើសកម្មភាពលាងខួរក្បាល សាបព្រួសទ្រឹស្តីអ៊ីស្លាមជ្រុលនិយម នៅលើទឹកដីបារាំង។

​លោករដ្ឋមន្ត្រីមហាផ្ទៃបារាំង ក៏បានបង្ហើបឲ្យដឹងដែរ ថា​សមត្ថកិច្ចបានបើកការស៊ើបអង្កេតចំនួនប្រមាណ​៨០សំណុំរឿង ដែលខ្លះមិនមា​នទាក់ទិនដោយផ្ទាល់ ជាមួយនឹងរឿងឃាតកម្មនេះទេ។

វិធានការច្បាប់ ត្រូវតែគោរព​គោលការនីតិរដ្ឋ

បញ្ហាចោទប្រកាន់ ចង់បិទវិហារអ៊ីស្លាម ​បិទអង្គការសមាគមអ៊ីស្លាមមួយចំនួននេះ ក៏ត្រូវបានអ្នកច្បាប់ និងអ្នកនយោបាយខ្លះរិះគន់ដែរ ទាំងអ្នកនៅក្រៅ និងក្នុងរដ្ឋាភិបាលផ្ទាល់​។ ជាក់ស្តែង លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌បារាំង តែម្តង បានលើកឡើងថា កុំចាត់​វិធានការ ដោយយកអារម្មណ៍ក្តុកក្តួលក្រេវក្រោធ មកដាក់ពីមុន។ វិធានច្បាប់ ត្រូវតែឲ្យ​មានអំណះអំណាងច្បាប់ត្រឹមត្រូវ ដោយគោរព​ទៅតាមគោលការនីតិរដ្ឋ។ មានការរិះគន់ថា សមត្ថកិច្ចបារាំងកំពុងតែចង់ធ្វើសកម្មភាពចុះឆែកឆេរ បិទអង្គការសមាគមអ៊ីស្លាម ទាំងដែលគ្មានភស្តុតាងជាក់ស្តែង ពាក់ព័ន្ធនឹងអំពើឃាតកម្មសម្លាប់គ្រូបង្រៀននេះ។

ឆ្លើយតបនឹងការព្រួយបារម្ភនេះ កាលពីថ្ងៃម្សិលមិញ នៅក្នុងសភា លោក Jean Castex នាយករដ្ឋមន្ត្រីបារាំង បានបញ្ជាក់ថា អ្នកណាក៏ដោយ មិនថាបុគ្គលឯកជន អង្គការសមាគម ដែលបាន​ចូលរួមគាំទ្រ ដោយផ្ទាល់ ឬដោយប្រយោលទៅនឹងអំពើឃាតកម្មនេះ នឹងត្រូវសមត្ថកិច្ចចុះទៅឆែកឆេ ដោយមានការផ្តល់ភ្លើងខៀវអនុញ្ញាតពីសំណាក់ចៅក្រម។ ចំណែកទាក់ទិន​នឹង​​សកម្មភាព​ ចែករំលែក​វីដេអូតាមបណ្តាញសង្គម​ បរិហារបុគ្គលណាមួយ ដោយបញ្ចេញឈ្មោះជាសាធារណៈ គឺ ហើយឈានធ្វើឲ្យបុគ្គលនោះ ក្លាយជាជនរងគ្រោះ គឺរដ្ឋាភិបាលបារាំងនឹងពិចារណា បង្កើតឲ្យ​មានបទល្មើសថ្មីមួយទៀត ដែលហៅថា « បទល្មើសធ្វើឲ្យបុគ្គលម្នាក់ប្រឈមគ្រោះថ្នាក់ តាមរយៈ​កា​របញ្ចេញ​អត្តសញ្ញាណ ​និងទិន្ន័យផ្ទាល់ខ្លួន »។ 

លោកប្រធានាធិបតីម៉ាក្រុង បាននិយាយបញ្ជាក់​ កាលពីថ្ងៃម្សិលមិញថា ចាប់ពីពេលនេះទៅ គឺមិនមែនគ្រាន់តែនិយាយចោលទេ គឺរដ្ឋាភិបាល​នឹងចាត់វិធានការជាក់ស្តែង ដើម្បីបោសសំអាត​ ក្រុមអ៊ីស្លាម​ជ្រុលនិយម តែវិធានការទាំងអស់ ត្រូវទេគោរពទៅ​តាមក្រិត្យក្រមច្បាប់​ជាធរមាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ