បោះឆ្នោតអាមេរិក ៖ លោក ចូបៃដិន អំពាវនាវឱ្យពលរដ្ឋអាមេរិករួបរួមគ្នាវិញ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បន្ទាប់ពីរង់ចាំបន្ថែមអស់ពេញថ្ងៃសុក្រទៀត អាមេរិកនៅតែមិនទាន់ដឹងបានថាតើលោកដូណាល់ ត្រាំ ឬលោក ចូបៃដិន នឹងក្លាយជាប្រធានាធិបតីជាប់ឆ្នោតថ្មី។ ប៉ុន្តែបីថ្ងៃក្រោយការបោះឆ្នោត និងក្នុងជំនឿជាក់កាន់តែខ្លាំងឡើងចំពោះជោគជ័យ លោក ចូ បៃដិន បានធ្វើអន្តរាគមន៍ជាថ្មី នៅយប់ថ្ងៃសុក្រទី ៦ វិច្ឆិកា អំពាវនាវឱ្យប្រជាពលរដ្ឋអាមេរិកទាំងអស់ ប្រមូលផ្តុំនិងរួបរួមគ្នា ឡើងវិញ។ ចំណែកលោក ដូណាល់ ត្រាំ វិញ ពុំបានបង្ហាញវត្តមានជាសាធារណៈទេនៅថ្ងៃម្សិលមិញ តែលោកបានផ្ញើសារព្រមានថាកុំអាលប្រកាសជោគជ័យ បណ្តឹងតាមផ្លូវច្បាប់ទើបចាប់ផ្តើមតែប៉ុណ្ណោះ។
រដ្ឋPennsylvanie ដែលលោកត្រាំជាអ្នកនាំមុខពីមុននោះ កំពុងត្រូវបានលោកដៃបិនឡើងនាំមុខវិញ នៅពេលរាប់សន្លឹកឆ្នោតអស់៩៩%។ សំឡេងគាំទ្រលោកបៃដិន បានឡើងដល់ ៤៩,៦៤% ទល់នឹង៤៩,២១%សម្រាប់លោកត្រាំ ដោយមានគម្លាតពីគ្នាជាងពីរម៉ឺន៩ពាន់សំឡេង។ នេះបើតាមតួលេខរបស់ Asscociated Press។
សម្រាប់រដ្ឋGéogie រដ្ឋគន្លឹះមួយដែរនោះ និងដែលគេគិតស្មានថានឹងអាចប្រកាសលទ្ធផលបានកាលពីថ្ងៃសុក្រនោះ អាជ្ញាធររដ្ឋបានសម្រេចរាប់សន្លឹកឆ្នោតឡើងវិញ ព្រោះគម្លាតមានតិចពេក។ Nevada រាប់សន្លឹកឆ្នោតបានដល់៨៧%ហើយ លោក បៃដិន នៅតែនាំមុខដដែរ។ មានតែរដ្ឋន័រការ៉ូលីណាមួយទេដែលលោកត្រាំនៅនាំមុខ។
ដូច្នេះសំណាងទទួលបានជោគជ័យកំពុងទោរខ្លាំងទៅរកលោក ចូ ដៃបិន កាន់តែច្បាស់ៗឡើងៗហើយ។ ក្រៅអំពីលទ្ធផល គេឃើញមានសកម្មភាពការពារជុំវិញលោកចូបៃដិន ក៏ហាក់ដូចជាចាប់មានសន្ធឹកថ្មី។ នេះជាសញ្ញាមួយទៀតថាអាចជាតំរ៉ុយប្រាប់ថាគ្រប់គ្នាកំពុងត្រៀមលក្ខណៈទទួលប្រធានាធិបតីថ្មីហើយ។ ប៉ុន្តែដរាបណាគ្មានការប្រកាសលទ្ធផល “ផ្លូវការ”ពីសំណាក់ប្រព័ន្ធ ឃោសនាព័ត៌មាន និងការទទួលស្គាល់បរាជ័យរបស់គូប្រជែង គឹប្រធានាធិបតីកំពុងកាន់អំណាចទេ ភ្នាក់ងារចារកិច្ចនិងការរក្សាសន្តិសុខប្រធានាធិបតីជាប់ឆ្នោតថ្មីមិនទាន់ដំណើរការបានឡើយ។ នេះជាបែបបទរបស់អាមេរិក។
លោកបៃដិនរៀបចំខ្លួនជាប្រធានាធិបតីជាប់ឆ្នោតថ្មី
ថ្វីបើតាមក្បួនគណិតវិទ្យា លោកដូណាល់ត្រាំ នៅតែអាចមានសំណាងឈ្នះឆ្នោត ក្លាយជាប្រធានាធិបតីអាណត្តិទីពីរមែន តែសំណាងនោះកាន់តែរួមតូច។ ហេតុដូច្នេះហើយបាន នៅល្ងាចមិញលោកចូបៃដិន បានចេញមុខធ្វើអន្តរាគមន៍ជាលើកទីបី ដោយមិនបានប្រកាសជោគជ័យទេ។ លោក បានត្រឹមបង្ហាញសុទិដ្ឋិនិយម ថាលោកនឹងទទួលបានជោគជ័យច្បាស់លាស់។ លោកបានបញ្ជូនសារសម្របសម្រួល អំពាវនាវឱ្យប្រជាពលរដ្ឋអាមេរិកទាំងអស់ពន្លត់កំហឹង និងរួបរួមគ្នាឡើងវិញ ដោយអះអាងលោកកំពុងធ្វើការជាមួយគ្រប់ពលរដ្ឋមិនថាអ្នកនោះបានបោះឆ្នោតឬមិនបានបោះឆ្នោតឱ្យលោកឡើយ។ ហើយឆ្លៀតក្នុងពេលដែលសហរដ្ឋអាមេរិកកំពុងប្រឈមនឹងអត្រាឆ្លងកូវីដ១៩ឡើងខ្ពស់ដល់កំរិតកំពូល និងមានករណីឆ្លងកូវីដ១៩នៅក្នុងសេតវិមានម្នាក់ គឺអគ្គលេខាសេតវិមានតែម្តងផងនោះ លោក បៃដិន បានប្រកាស ថា រដ្ឋាភិបាលអាណត្តិថ្មីនឹងបញ្ចេញសកម្មភាពបន្ទាន់ជួយសង្គ្រោះជីវិត ដល់ប្រជាពលរដ្ឋអាមេរិកពីកូវីដ១៩ ក្នុងថ្ងៃដំបូងភ្លាមតែម្តង។
បាត់លោកដូណាល់ ត្រាំ មួយថ្ងៃ
ចំណែកលោកដូណាល់ ត្រាំ វិញពុំបានចេញមុខថ្លែងសុន្ទរកថាអ្វី និងក៏មិនបង្ហាញវត្តមានសោះ នៅថ្ងៃសុក្រម្សិលមិញ។ ក្រោយប្រសាសន៍របស់លោកបៃដិន លោកត្រាំបានបង្ហោះសារទ្វីតខ្លីមួយព្រមានថា កុំឱ្យលោកបៃដិនប្រកាសជោគជ័យ ដោយខុសច្បាប់។ បណ្តឹងតាមផ្លូវតុលាការទើបចាប់ផ្តើមតែប៉ុណ្ណោះ។
ក្រុមការងារឃោសនាបោះឆ្នោតរបស់លោកត្រាំ បានចាប់ផ្តើមដាក់ពាក្យបណ្តឹងនៅតាមរដ្ឋផ្សេងៗ តាំងពីថ្ងៃអង្គារក្រោយការបិទការិយាល័យបោះឆ្នោតភ្លាមម្ល៉េះ។ មានជាអាទិ៍ បណ្តឹងនៅរដ្ឋវីសខុនស៊ីន សុំឱ្យរាប់សន្លឹកឆ្នោតឡើងវិញ។ បណ្តឹងនេះអាចមានសំណាងបានសម្រេច ព្រោះបើគន្លាតសំឡេងមានតែ១% ឬក្រោម១%នោះបេក្ខជនអាចសុំឱ្យរាប់ឡើងវិញបាន។ តុលាការរដ្ឋនេះអាចផ្តល់ចម្លើយនៅរវាងមួយថ្ងៃ ពីរថ្ងៃ ដល់អាទិត្យផង។ តែរដ្ឋនេះបានគោរពតាមបែបបទយ៉ាងហ្មត់ ទើបអ្នកជំនាញខ្លះយល់ថាពិបាកតវ៉ាប្រឆាំងណាស់។
នៅMichigan ក្រុមលោកត្រាំ បានប្តឹងឱ្យឈប់រាប់សន្លឹកឆ្នោត (មុនប្រកាសជោគជ័យទៅលោកបៃដិន)។ តែបើតាមប្រភពCNN តុលាការកំពូលរដ្ឋនេះទំនងជាច្រានចោទបណ្តឹងនោះ។ នៅហ្ស័កហ្ស៊ី អាជ្ញាធរបានប្រកាសរាប់សាឡើងវិញទៅហើយ។ ឯនៅតែPennsylvanie ដែលប្រកាសទទួលសន្លឹកឆ្នោតតាមប៉ុស្តិ៍រហូតដល់ថ្ងៃទី ៦ វិច្ឆិកា ឱ្យតែសំបុត្របោះត្រាចេញមុនថ្ងៃបោះឆ្នោតថ្ងៃទី ៣វិច្ឆិកា តុលាការបានបញ្ជាឱ្យរាប់សន្លឹកឆ្នោតទទួលបានក្រោយថ្ងៃទី ៣វិច្ឆិកាដោយឡែក តែមិនបានបញ្ជាឱ្យឈប់រាប់សន្លឹកឆ្នោតទាំងនោះ ដូចការទាមទាររបស់ក្រុមលោកត្រាំឡើយ។
ប៉ុន្តែការតវ៉ាតាមផ្លូវតុលាការ និងពិសេសការបរិហារអំពីការលួចបន្លំសន្លឹកឆ្នោតរបស់លោក ត្រាំ បានធ្វើឱ្យឥស្សរជនក្នុងជួរគណបក្សសាធារណរដ្ឋ ផ្ទាល់តែម្តង ខ្លះ ចាប់ដកខ្លួនឱ្យឃ្លាតពីជំហររបស់លោកត្រាំ ជាក់ស្តែងគឺប្រធានព្រឹទ្ធសភា ដ៏មានឥទ្ធិពលតែម្តង។
បណ្តឹងរបស់លោកត្រាំគ្មានមូលដ្ឋានទេសម្រាប់បក្សប្រជាធិបតេយ្យ ប៉ុន្តែការតវ៉ានេះអាចពន្យឺតពេលវេលា នៃការប្រកាសលទ្ធផលបោះឆ្នោត អស់ជាច្រើនថ្ងៃ និងជាច្រើនសប្តាហ៍៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ