សង្រ្គាមនៅតំបន់ការ៉ាបាក់៖ រុស្ស៊ីសម្តែងឫទ្ធក្នុងនាមជាអាជ្ញាកណ្តាល ខណៈអាមេនីចាញ់ទាំងឈឺចាប់
ចុះផ្សាយនៅថ្ងៃ៖
អាមេនី និងអាស៊ែបៃហ្សង់ បានចុះកិច្ចព្រមព្រៀងឈប់បាញ់ជាមួយគ្នា កាលពីថ្ងៃចន្ទ ទី៩វិច្ឆិកា ក្រោមការដឹកនាំសម្របសម្រួល ពីសំណាក់ លោកប្រធានាធិបតីរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាម នៅតំបន់ការ៉ាបាក់។ តាមរយៈកិច្ចព្រមព្រៀងនេះ គឺអាមេនី ដែលជាអ្នកចាញ់ និងខាតបង់ ខណៈខាងអាស៊ែបៃហ្សង់វិញ បានប្រកាសជ័យជំនះ។ តាមរយៈកិច្ចព្រមព្រៀងនេះដែរ គឺរុស្ស៊ីបានចេញមុខសារជាថ្មី បង្ហាញថាខ្លួននៅតែមានអំណាចឥទ្ធិពល ចាត់ចែងកិច្ចការសន្តិសុខ នៅក្នុងតំបន់កូកាស។ ទោះយ៉ាងណាក៏ដោយ ប្រជាជនអាមេនី មិនបានទទួលយកកិច្ចព្រមព្រៀងនេះទេ ដោយថែមទាំងបានចោទ លោកនាយករដ្ឋមន្ត្រីអាមេនី ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ថាជាជន់ក្បត់ជាតិថែមទៀតផង។ កាលពីថ្ងៃអង្គារ បាតុកម្មចលាចលមានពេញទីក្រុងអេរ៉េវ៉ាន រដ្ឋធានីអាមេនី។
កិច្ចព្រមព្រៀងដ៏សែនឈឺចាប់
លោក Nikol Pachinian នាយករដ្ឋមន្ត្រីអាមេនីខ្លួនឯង បាននិយាយថា នេះជាកិច្ចព្រមព្រៀងមួយដ៏ឈឺចាប់បំផុត ដែលលោកបានចុះហត្ថលេខា។ ក៏ប៉ុន្តែ លោកបានបញ្ជាក់ថា វាជារឿងដែលមិនអាចចៀសបាន ព្រោះថា សូម្បីតែកងទ័ពអាមេនី ក៏បានទទួលស្គាល់ដែរ ថាគ្មានជំរើសទេ ក្រៅតែពីចុះកិច្ចព្រមព្រៀងឈប់បាញ់។ យ៉ាងណាមិញ លោក Araïk Aroutiounian ប្រធានាធិបតីសាធារណៈរដ្ឋ ណាហ្គូនីការ៉ាបាក់ ដែលចង់បានឯករាជ្យនោះ បានលើកឡើងកាលពីថ្ងៃអង្គារម្សិលមិញថា បើសិនជានៅតែបន្តប្រយុទ្ធទៀត គឺតំបន់ការ៉ាបាក់នេះ នឹងចាញ់ទាំងស្រុង ហើយកងទ័ពអាស៊ែបៃហ្សង់ នឹងដណ្តើមកាន់កាប់ បានទាំងមូលតែម្តង។
វាគឺជាការពិត ដែលមិនអាចប្រកែកបាន ដែលថា តាមរយៈកិច្ចព្រមព្រៀងឈប់បាញ់ ដែលចុះហត្ថលេខានៅមូស្គូកាលពីថ្ងៃចន្ទ គឺអាមេនីជាអ្នកចាញ់។ សាធារណៈរដ្ឋ ណាហ្គូនីការ៉ាបាក់ បានបាត់បង់ទឹកដី ប្រហែលជា២០% ដណ្តើមបានដោយកងទ័ពអាស៊ែបៃហ្សង់ ចំណែកកងទ័ពអាមេនីវិញ ត្រូវដកថយទាំងអស់។ រុស្ស៊ីនឹងបញ្ជូនកងកម្លាំងពិសេស មានគ្នាប្រមាណ២០០០នាក់ ដើម្បីមករក្សាសន្តិភាពនៅតំបន់ការ៉ាបាក់។
ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ប្រជាជនអាមេនី បានកើតទុកមិនសុខចិត្តទេ។ កាលពីថ្ងៃអង្គារ ពួកគេបានធ្វើបាតុកម្ម យ៉ាងហិង្សាបំផុត ដោយបានសម្រុកចូលទៅក្នុងអាគាររដ្ឋសភា នៅក្នុងក្រុងអេរ៉េវ៉ាន និងបានចាប់វាយប្រធានរដ្ឋសភាអាមេនី ថែមទៀតផង។ ប្រជាជនអាមេនី បានចោទលោកនាយករដ្ឋមន្ត្រី Nikol Pachinian ថាជាជនក្បត់ជាតិ សុខចិត្តចុះចាញ់អាស៊ែបៃហ្សង់ ធ្វើឲ្យទាហានអាមេនី ស្លាប់ដោយឥតប្រយោជន៍។
បើតាមតួលេខផ្លូវការ គឺសង្រ្គាមរយៈពេល៦សប្តាហ៍កន្លងមកនេះ បានបណ្តាលឲ្យស្លាប់មនុស្សប្រមាណ១៤៤០នាក់។ តែតួលេខនេះ គ្រប់គ្នាអះអាងថា គ្រាន់តែជាចំណែកតូចប៉ុណ្ណោះ។ អ្នកខ្លះលើកឡើងថា មានស្លាប់ប្រហែល៥០០០នាក់យ៉ាងតិច ដែលភាគច្រើនគឺជាទាហានស្ម័គ្រចិត្តរបស់អាមេនី។ បញ្ហាតំបន់ការ៉ាបាក់នេះ វាបានធ្វើឲ្យផុសផុលទឹកចិត្តស្នេហាជាតិសម្បើមណាស់ ពីសំណាក់ប្រជាជនអាមេនី។ ហេតុដូច្នេះហើយ បានជាកិច្ចព្រមព្រៀងព្រមចុះចាញ់ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី Nikol Pachinian គឺប្រជាជន ពិបាកទទួលយកណាស់។ ជាងនេះទៀត ខាងអាស៊ែបៃហ្សង់ឯណោះ គេបានប្រើពាក្យម៉ាក់ងាយធ្ងន់ៗណាស់ មកលើអាមេនី ដោយលោក Ilham Aliev ប្រធានាធិបតីអាស៊ែបៃហ្សង់ បាននិយាយថា “កងទ័ពអាស៊ែបៃហ្សង់បានយកឈ្នះ ដោយបានដេញពួកឆ្កែ ឲ្យរត់បោលទៅស្រុកវិញ”។ ពាក្យនេះជាពាក្យមើកងាយធ្ងន់ណាស់ ដែលធ្វើកំហឹងរបស់ប្រជាជនអាមេនីកាន់តែឆេះសន្ធៅឡើង។
ប្រជាជនអាមេនីធ្វើបាតុកម្ម ទាមទារទំលាក់លោក Nikol Pachinian
ចង់មិនចង់ ចលាចលវិបត្តិផ្ទៃក្នុងអាមេនី កំពុងតែកើតមានទៅហើយ នៅរដ្ឋធានីអារ៉ាវ៉ាន។ លោក នាយករដ្ឋមន្ត្រី Nikol Pachinian បានបាត់មុខ តាំងតែពីថ្ងៃចន្ទ មិនដឹងថាទៅសំងំនៅទីណាទេ។ តែលោកបានប្រើបណ្តាញសង្គម ដើម្បីផ្ញើសារ ជាវីដេអូ អំពាវនាវឲ្យប្រជាជន ស្ងប់ស្ងាត់។
បាតុកម្មតវ៉ារបស់ប្រជាជនអាមេនីនៅពេលនេះ មួយផ្នែកធំគឺវាត្រូវបានបំប៉ោងឃោសនាជំរុញ ដោយក្រុមអ្នកនយោបាយប្រឆាំងនឹងលោក Nikol Pachinian ដែរ។ គណបក្សចំនួន១៧ បានរួមគ្នាទាមទារ ឲ្យលោកចុះចេះពីតំណែង។ ក្នុងចំណោមអ្នកនយោបាយប្រឆាំងទាំងនេះ គឺមានលោក Serge Sarkissian ដែលធ្លាប់ត្រូវបានទាញទំលាក់ពីកៅអីនាយករដ្ឋមន្ត្រី ដោយសារតែបាតុកម្មរបស់ប្រជាជនដែរ កាលពីឆ្នាំ២០១៨។ ហើយអ្នកដែលនាំប្រជាជនធ្វើបាតុកម្ម កាលនោះ គឺលោក Nikol Pachinian។ អញ្ចឹងហើយ បានពេលនេះ លោក Serge Sarkissian ដែលជាមនុស្សទន់ទោរទៅខាងរុស្ស៊ី ប្រហែលជាមានបំណងសងសឹកវិញ។ ដូច្នេះ នៅពីក្រោយរឿងរ៉ាវ ការតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងឈប់បាញ់នៅការ៉ាបាក់នេះ ក៏វាមានការប្រជែងអំណាចផ្ទៃក្នុងនៅអាមេនី ព្រោះមានអ្នកនយោបាយខ្លះ ចង់ឃើញលោក Nikol Pachinian ធ្លាក់ពីអំណាច។
យោងតាមប្រភពពីអ្នកយកព័ត៌មានបារាំង នៅរដ្ឋធានីអេរ៉ាវ៉ាន់ថ្ងៃទី១១វិច្ឆិកា សមត្ថកិច្ចបានចាប់ឃាត់ខ្លួន មនុស្សជាច្រើននាក់ ដែលធ្វើបាតុកម្ម។ ក្នុងនោះមានលោក Gagik Tsaroukian ប្រធានគណបក្សអាមេនីរុងរឿង ដែលជាបក្សប្រឆាំងមួយដ៏សំខាន់ដែរ។ មានការប៉ះទង្គិចគ្នាធ្ងន់ធ្ងរ រវាងសមត្ថកិច្ច និងក្រុមបាតុករ ពោរពេញដោយកំហឹង។ បើសិនជាបន្ត មានការចាប់ខ្លួនអ្នកនយោបាយទៀត គឺកំហឹងប្រជាជនអាមេនីប្រហែលជាមិនស្ងប់ងាយទេ។
លោកស្រី Nazénie Garibian អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌អាមេនី បានអំពាវនាវ ឲ្យប្រជាជនត្រូវទប់កំហឹង ដើម្បីបញ្ចៀសចលាចលហឹង្សា ព្រោះថាកាលៈទេសៈពេលនេះ អាមេនីកំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ មិនត្រូវឲ្យមានរដ្ឋប្រហារឡើយ។ យ៉ាងណាក៏ដោយ បើតាមការលើកឡើង របស់លោក Gaïdz Minassian សាស្ត្រាចារ្យជំនាញតំបន់កូកាស នៅសាលាវិទ្យាសាស្ត្រនយោបាយក្រុងប៉ារីស យល់ឃើញថា លោកនាយករដ្ឋមន្ត្រី Nikol Pachinian ប្រហែលជាគ្មានជំរើស អ្វីផ្សេង ក្រៅពីរំលាយរដ្ឋសភាចោលនោះទេ។ លោកបញ្ជាក់ថា រដ្ឋអាមេនី នៅក្មេងខ្ចី នឹងមានភាពផុយស្រួយខ្លាំងណាស់។ អាមេនីចាញ់សង្រ្គាមនៅការ៉ាបាក់ ហើយអាចប្រឈមនឹងចលាចលនយោបាយផ្ទៃក្នុងទៀត ដោយសារតែរឿងនេះ។
អ្នកឈ្នះធំបំផុត ក្នុងសំណុំរឿងនេះ គឺរុស្ស៊ី
ល្បែងអុកមួយក្តានេះ តាមពិតទៅ រុស្ស៊ីមិនចង់ចូលលេងប៉ុន្មានទេ កាលពីដំបូង ទុកឲ្យគូប្រកួត អាមេនី និងអាស៊ែបៃហ្សង់ ប្រកួតគ្នាឲ្យអស់ចិនសិន។ តាមពិត លោកពូទីន ក៏ចង់ឆក់ឱកាសនេះ ធ្វើឲ្យលោកនាយករដ្ឋមន្ត្រី អាមេនី ដឹងខ្លួនដែរ។ លោកពូទីន មិនសូវជាពេញចិត្ត លោក Nikol Pachinian ប៉ុន្មានទេ ព្រោះលោកម្នាក់នេះ បានបណ្តេញក្រុមមនុស្សដែលស្និទនឹងរុស្ស៊ី ឲ្យធ្លាក់ពីអំណាច ហើយចង់ងាកទៅរកក្រុមប្រទេសលោកខាងលិច។ ក្នុងន័យនេះ លោកប្រធានាធិបតីពូទីន ចង់បង្ហាញថា អតីតកូនចៅរុស្ស៊ី កាលពីជំនាន់សហភាពសូវៀតមួយណាក៏ដោយ ត្រូវប្រយ័ត្នខ្លួន កុំចង់បែកឆ្វេងឲ្យសោះ។ រុស្ស៊ីនៅតែមានឥទ្ធិពល ឫទ្ធីអំណាចជានិច្ច នៅក្នុងតំបន់កូកាសទាំងមូល។
ជ័យជំនះមួយទៀត របស់រុស្ស៊ីនោះ គឺរុស្ស៊ីបានទប់ មិនឲ្យតួកគេចេញមុខចេញមាត់ នៅក្នុងតំបន់នេះ។ តាមការវិភាគរបស់លោក សាស្ត្រាចារ្យ Gaïdz Minassian គឺរុស្ស៊ីមានកម្មវត្ថុ២ ទីមួយចង់រក្សាទំនាក់ទំនងយុទ្ធសាស្ត្រជាមួយតួកគី និងទី២ចង់រក្សាទុកអាស៊ែបៃហ្សង់ និងក្នុងរង្វង់អំណាចរបស់រុស្ស៊ី។ តាមពិតរុស្ស៊ីក៏ភ្ញាក់ផ្អើលដែរ នៅពេលឃើញតួកគី ចេញមុខយ៉ាងសកម្ម បញ្ជូនទ័ព បញ្ជូនសព្វាវុធ មកជួយអាស៊ែបៃហ្សង់។
យ៉ាងណាមិញ លោក Ali Bakeer អ្នកវិភាគនិយោបាយម្នាក់នៅអង់ការ៉ា បានអះអាងថា តាមពិត លោកប្រធានាធិបតីអ៊ែរដូហ្កាន់ បានស្នើទៅកាន់លោកពូទីន ថាត្រូវរៀបចំ បង្កើតយន្តការទ្វេរភាគី រុស្ស៊ី-តួកគី ដើម្បីធ្វើអាជ្ញាកណ្តាលក្នុងជំលោះនៅការ៉ាបាក់នេះ។ ក៏ប៉ុន្តែទីបំផុត ភាគីរុស្ស៊ីបានបដិសេធ។ លោក Dimitri Peskov អ្នកនាំពាក្យផ្ទាល់របស់លោកពូទីន បានបញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់នេះ គឺត្រូវធ្វើឡើងក្នុងនាមអន្តរាគមន៍សម្របសម្រួល ពីសំណាក់រុស្ស៊ីតែម្នាក់គត់។ តែយ៉ាងណា រុស្ស៊ី ក៏មិនធ្វើឲ្យតួកគីបាក់មុខដែរ។ លោក ពូទីន បានទូរស័ព្ទទៅនិយាយជាមួយលោកអ៊ែរដូហ្កាន់ ដោយយល់ព្រមបង្កើត មជ្ឈមណ្ឌលឃ្លាំមើលសន្តិសុខពិសេសមួយ ដោយមានវត្តមាន រុស្ស៊ី និងតួកគីរួមគ្នា។ មជ្ឈមណ្ឌលនេះ នឹងមានទីតាំងក្នុងទឹកដីអាស៊ែបៃហ្សង់ ហើយអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបញ្ជាក់ថា មិនពាក់ព័ន្ធគ្នា ជាមួយអន្តរាគមន៍កងរក្សាសន្តិភាពដែលរុស្ស៊ីបញ្ជូនទៅតំបន់ការ៉ាបាក់ឡើយ។
ជារួមយើងឃើញថារុស្ស៊ីជាអ្នកប្រមូលជ័យជំនះ ខណៈតួកគី ក៏សុខចិត្តទទួលលាភសក្ការៈខ្លះដែរ ព្រោះថាតាមរយៈជម្ឈមណ្ឌលនេះ គឺតួកគីបានចេញមុខក្នុងការចាត់ចែងកិច្ចការសន្តិសុខតំបន់នេះដែរ។ អ្នកឈ្នះមួយទៀត គឺលោក Ilham Aliev ប្រធានាធិបតីអាស៊ែបៃហ្សង់ ដែលត្រូវបានប្រជាជនលើកទូល ចាប់ពីពេលនេះទៅ។ ផ្ទុយទៅវិញ ប្រទេសលោកខាងលិច ដែលមានបារាំង និងសហរដ្ឋអាមេរិក តាមធម្មតាត្រូវមានចំណែកដោះស្រាយបញ្ហានេះ បែរជាគ្មានវត្តមានទៅវិញ។ អាមេរិក រវល់រឿងបោះឆ្នោត។ បារាំងវិញ មានបញ្ហាជាមួយតួកគី ដូច្នេះពិបាកនឹងមកធ្វើអាជ្ញាកណ្តាលនេះ។ ដូច្នេះជាថ្មីម្តងទៀត លោកពូទីន នៅតែជាបុរសខ្លាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ