អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាស៊ាន និង៥ប្រទេសដៃគូត្រៀមចុះហត្ថលេខាលើមហាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីហៅកាត់ « RCEP »

សំឡេង ០៦:០០
ប្រទេសវៀតណាម​រៀបចំ​កិច្ចប្រជុំកំពូលអាស៊ាន និងប្រទេស​ដៃគូ ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ ២០២០។
ប្រទេសវៀតណាម​រៀបចំ​កិច្ចប្រជុំកំពូលអាស៊ាន និងប្រទេស​ដៃគូ ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ ២០២០។ REUTERS - KHAM
៣០ នាទី

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ វិច្ឆិកា ប្រទេស​វៀតណាម​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល​អាស៊ាន​ជា​មួយ​ប្រទេស​ដៃគូ។ តែ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ ជំនួបកំពូល​ឆ្នាំ ២០២០ នេះ​ធ្វើ​ឡើង​តាម​អនឡាញ។ នា​ឱកាស​ជំនួបកំពូល សមាជិក​អាស៊ាន​ទាំង ១០ប្រទេស និង ៥ប្រទេស​ដៃគូ គឺ​ចិន ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ និង​អូស្រា្តលី​ត្រៀម​ចុះ​ហត្ថលេខា​លើ​មហា​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​មួយ​ដ៏​សំខាន់​ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា « RCEP » (Regional Comprehensive Economic Partnership)។

ផ្សាយពាណិជ្ជកម្ម

គំនិត​នៃ​ការ​បង្កើត​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​ដែល​គេ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស « RCEP » បាន​ចាប់​ផ្តើម​ដំបូង​ក្នុង​ឆ្នាំ ២០១២ ហើយ​ប្រទេស​ចិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អ្នក​ផ្តួចផ្តើម​គំនិត។ គោលដៅ​របស់​ចិន គឺ​ចង់​ប្រជែង​នឹង​សហរដ្ឋអាមេរិក​ដែល​បាន​ផ្តួចផ្តើម​ឲ្យ​មាន​សន្ធិសញ្ញា​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក​មួយ​ដែល​គ្មាន​វត្តមាន​ចិន។ តែ​សន្ធិសញ្ញា​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក​កំពុង​បន្ត​ចរចា​រវាង ១១ប្រទេស​សមាជិក​ដោយ​គ្មាន​វត្តមាន​សហរដ្ឋអាមេរិក។ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​សន្ធិសញ្ញា​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក​ក្នុង​ឆ្នាំ ២០១៧។ ម្យ៉ាង​ទៀត មាន​សមាជិក​អាស៊ាន​តែ ៤ប្រទេស​ដែល​បាន​ចូលរួម​នៅ​ក្នុង​សន្ធិសញ្ញា​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក គឺ​វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និង​ព្រុយណេ។

នៅ​ក្នុង​ជំហាន​ដំបូងRCEP មាន​សមាជិក​សរុប​ចំនួន ១៦ប្រទេស គឺ​សមាជិក​អាស៊ាន​ទាំង ១០ប្រទេស បូក​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ អូស្រា្តលី និង​ប្រទេស​ឥណ្ឌា។ តែ​នៅ​ចុង​ឆ្នាំ ២០១៩ ឥណ្ឌា​ក៏​បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​មហា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី RCEP វិញ។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ត​ទៅ និង​បើ​មាន​ការ​ចុះ​ហត្ថលេខា​ក្នុង​សប្តាហ៍​នេះ មហា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី RCEP នេះ​នឹង​មាន​សមាជិក​តែ ១៥ប្រទេស។ ទោះ​ជា​យ៉ាង​នេះ​ក្តី RCEP នៅ​ជា​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​ដ៏​ធំ​ជាង​គេ​ក្នុង​លោក ព្រោះ​ផលិតផលសរុប​របស់ ១៥ប្រទេស​បូកបញ្ចូល​គ្នា​មាន​ទំហំ​ដល់​ទៅ ៣០% នៃ​ផលិតផលសរុប​ក្នុង​លោក។ ចំណែក​ចំនួន​ប្រជាជន​សរុប​ទាំង ១៥ប្រទេស​មាន​ប្រមាណ​ជា ២០០០លាននាក់។

ប្រើ​ពេល​ចរចា​អស់​ពេល ៨ឆ្នាំ​ទើប​ព្រមព្រៀង​គ្នា

តាម​ពិត​ទៅ មហា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី RCEP គួរ​ត្រូវ​បាន​ចុះ​ហត្ថលេខា​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មក​ហើយ។ តែ​ក្នុង​ចំណោម​សមាជិក​ទាំង ១៦ប្រទេស​ដែល​មាន​ពី​ដំបូង មាន​ប្រទេស​ខ្លះ​បាន​ត ថ្លៃ​ដោយ​ទាមទារ​ឲ្យ​ដាក់​បន្ថែម និង​ដក​ចេញ​វិញ​នូវ​ចំណុច​មួយ​ចំនួន និង​មាន​ប្រទេស​ខ្លះ​ទៀត​បារម្ភ​ពី​ការ​ខាត​បង់​ប្រយោជន៍​របស់​ខ្លួន។ ប្រទេស​អូស្រ្តាលី និង​នូវែលសេឡង់​ចង់​ឲ្យ​ដាក់​បញ្ចូល​ទៅ​ក្នុង RCEP នូវ​វិធានការ​ពង្រឹង​ច្បាប់​ការងារ វិធានការ​ការពារ​បរិស្ថាន និង​កម្មសិទ្ធិបញ្ញា។ តែ​ការ​ទាមទារ​ទាំង​នេះ​មិន​ត្រូវ​បាន​ប្រទេស​សមាជិក​មួយ​ចំនួន​យល់ស្រប​ទេ។

បន្ទាប់​មក ឥណ្ឌា​បាន​សម្តែង​ក្តី​បារម្ភ​ពី​លំហូរ​ផលិតផល​ចិន​ជោរជន់​ចូល​ទឹកដី​របស់​ខ្លួន​តាម​រយៈ RCEP។ ក្តី​បារម្ភ​របស់​ឥណ្ឌា​ត្រូវ​បាន​សមាជិក​ផ្សេង​ទុក​ពេល​ឲ្យ​ចិន និង​ឥណ្ឌា​ចរចា​ជា​លក្ខណៈ​ទ្វេភាគី។ ដរាប​ណា​ចិន និង​ឥណ្ឌា​បន្ត​និយាយ​មិន​ចុះ​សម្រុង​គ្នា​ទេ ដរាប​នោះ​ក៏​គេ​មិន​ទាន់​អាច​ចុះ​ហត្ថលេខា​លើ RCEP បាន​ដែរ។ តែ​នៅ​ដំណាច់ឆ្នាំ ២០១៩ ក្នុង​កិច្ចប្រជុំកំពូលអាស៊ាន​នៅ​ប្រទេស​ថៃ ឥណ្ឌា​បែរ​ជា​បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី RCEP វិញ។ ការ​ដកខ្លួន​របស់​ឥណ្ឌា​កាល​ណោះ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ តែ​មិន​បាន​ធ្វើ​ឲ្យ​ការ​ចរចា​ជាប់គាំង​ទេ។ បន្ទាប់​ពី​បាន​ខកខាន​ក្នុង​ការ​ចុះ​ហត្ថលេខា​នា​ឆ្នាំ ២០១៩ សមាជិក​ទាំង ១៥ប្រទេស​ត្រៀម​ចុះ​ហត្ថលេខា​ក្នុង​សប្តាហ៍​នេះ​នា​កិច្ចប្រជុំកំពូលអាស៊ាន​បូក​ប្រទេស​ដៃគូ​ក្នុង​ប្រទេស​​វៀតណាម។

តែ​ទោះ​ជា​​យ៉ាង​នេះ​ក្តី ទ្វារ​របស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ « RCEP » បន្ត​ទុក​ទ្វារ​ចំហ​សម្រាប់​ប្រទេស​ឥណ្ឌា មាន​ន័យ​ថា ឥណ្ឌា​អាច​វិល​ចូល RCEP វិញ​នៅ​ពេល​ណា​ក៏​បាន។

ចិន​ជា​ប្រទេស​ទទួល​បាន​ប្រយោជន៏​ច្រើន​ពី RCEP?

គេ​អាច​និយាយ​បាន​ជា​រួម​ថា ប្រទេស​ហត្ថលេខី​ទាំង ១៥ប្រទេស​នឹង​ទទួល​បាន​ប្រយោជន៍​ទាំង​អស់​គ្នា​ពី RCEP ទោះ​តិច ឬ​ច្រើន។ បើ​មិន​ទទួល​បាន​ប្រយោជន៍ ក៏​ប្រហែល​ប្រទេស​ជាប់​ពាក់ព័ន្ធ​មិន​ចុះ​ហត្ថលេខា​ដែរ។ យ៉ាង​ណា​ក៏​ដោយ ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ប្រទេស​ទទួល​បាន​ប្រយោជន៍​ច្រើន​ជាង​គេ​ពី RCEP គឺ​ប្រយោជន៍​សេដ្ឋកិច្ច និង​ប្រយោជន៍​ភូមិសាស្រ្តនយោបាយ។ ប្រយោជន៍​ភូមិសាស្រ្ត​នយោបាយ ព្រោះ​អវត្តមាន​សហរដ្ឋអាមេរិក​នៅ​ក្នុង​មហា​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី RCEP នឹង​អនុញ្ញាត​ឲ្យ​ចិន​អាច​ពង្រឹង និង​ពង្រីក​បន្ថែម​នូវ​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ពិសេស​ទៅ​លើ​សមាជិក​អាស៊ាន​ទាំង ១០ប្រទេស​ដែល​សព្វថ្ងៃ មាន​ប្រទេស​ខ្លះ​មាន​ទំនោរ​រក​ចិន និង​ប្រទេស​ខ្លះ​ទៀត​មាន​ទំនោរ​រក​សហរដ្ឋអាមេរិក។

នៅ​ចំពោះ​មុខ និង​បើ​សហរដ្ឋអាមេរិក​បន្ត​មាន​សង្រ្គាមពាណិជ្ជកម្ម​ជាមួយ​ចិន មហា​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី RCEP អាច​នឹង​អនុញ្ញាត​ឲ្យ​ក្រុម​អ្នកវិនិយោគ​បរទេស​ដក​ខ្លួន​ចេញ​ពី​ចិន​ទៅ​បោះ​ទីតាំង​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​គេច​ពី​ទណ្ឌកម្ម​អាមេរិក។ តែ​​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា សហរដ្ឋអាមេរិក​ក្នុង​សករាជ​របស់​លោក​ដូណាល់ ត្រាំ​អាច​នឹង​ចូល​ដល់​ទីបញ្ចប់​នៅ ២ខែ​ខាង​មុខ។ ខុស​ពី​លោក​ត្រាំ ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​លោក​ចូ បៃដិន​អាច​នឹង​យក​ចិត្ត​ទុក​ដាក់​ជា​ថ្មី​ទៅ​លើ​តំបន់​អាស៊ី​ដូច​ក្នុង​ជំនាន់​លោក​បារ៉ាក់ អូបាម៉ា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ