អាស៊ាន និងប្រទេស ៥ចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំជាងគេក្នុងលោក
ចុះផ្សាយនៅថ្ងៃ៖
ក្រោយចរចាអស់៨ឆ្នាំ ប្រទេសចំនួន១៥ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីដ៏ធំ មួយ ដែលហៅកាត់ជាភាសាអង់គ្លេស ថា « RCEP » (Regional Comprehensive Economic Partnership) នៅថ្ងៃអាទិត្យ ទី ១៥វិច្ឆិកា។ ប្រទេសអាស៊ានទាំង១០ រួមជាមួយចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ បានចុះហត្ថលេខាកិច្ចព្រមព្រៀង ជាផ្លូវការ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន តាមវីដេអូ ដែលមានវៀតណាមធ្វើជាម្ចាស់ផ្ទះ។
« RCEP »ជាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីដ៏ធំជាងគេនៅក្នុងពិភពលោក បើសិនគេមើលទៅលើទំហំសេដ្ឋកិច្ច និងប្រជាជន។ ផលិតផលសរុបរបស់ ប្រទេសហត្ថលេខី ទាំង ១៥ប្រទេសបូកបញ្ចូលគ្នា មានទំហំដល់ទៅ ៣០% នៃផលិតផលសរុបក្នុងលោក។ ចំណែកចំនួនប្រជាជនសរុបទាំង ១៥ប្រទេសមានប្រមាណជា ២ពាន់លាននាក់។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងសំដៅ បង្កើតមហាតំបន់ដោះដូរសេដ្ឋកិច្ច រវាងប្រទេសសមាជិកអាស៊ានទាំង ១០ និងប្រទេសដៃគូពាណិជ្ជកម្ម៥ផ្សេងទៀត គឺ ចិន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងនូវែលសេឡង់។
ជារួម កិច្ចព្រមព្រៀង« RCEP » មានគោលដៅសំខាន់ គឺកាត់បន្ថយ ការយកពន្ធគយរវាងប្រទេសសមាជិក ការចាប់បើកពាណិជ្ជកម្មផ្នែកសេវា និងជំរុញ ការវិនិយោគដើម្បីជួយ សេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងអភិវឌ្ឍឲ្យដើរទាន់ ប្រទេសដទៃទៀត ក្នុងពិភពលោក។ គេរំពឹងថា កិច្ចព្រមព្រៀង « RCEP »នឹងជួយកាត់បន្ថយការចំណាយ និងពេលវេលា របស់ក្រុមហ៊ុនដែលត្រូវនាំចេញ ផលិតផល ទៅលក់នៅក្នុងទីផ្សាររបស់ប្រទេសសមាជិករបស់« RCEP »។
គេអាចនិយាយបានថា អំណើះតទៅ នៅក្នុងតំបន់ដោះដូរសេរី ដែលគេបង្កើតឡើង នៅថ្ងៃខាងមុខ ទៅតាម កិច្ចព្រមព្រៀងRCEP ក្រុមហ៊ុននាំចេញ នឹងលែងប្រឈម បញ្ហារដ្ឋបាល ឬ តម្លៃពន្ធខ្ពស់ ទៅតាមប្រទេសនីមួយៗ ដូចមុនទៀត។
សម្រាប់អ្នកជំនាញសេដ្ឋកិច្ច ដោយ មានប្រទេសចំនួន ១៥ តំណាងឲ្យ៣០ភាគរយនៃផលិតផលក្នុងស្រុក ក្នុងពិភពលោក ជាសមាជិក នោះ កិច្ចព្រមព្រៀង « RCEP »ជាដំណាក់កាលសំខាន់ដើម្បី ជំរុញ សេរីភាព លំហូរពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់។
នៅក្នុងកាលៈទេសៈ ដែលពិភពលោក កំពុងជួបវិបត្តិកូវីដ កិច្ចព្រមព្រៀង « RCEP » សំខាន់ណាស់សម្រាប់ប្រទេសនៅក្នុងតំបន់ ដែលកំពុងជួបវិបត្តិសេដ្ឋកិច្ច សឹងគ្រប់គ្នា ដោយសារតែ ជំងឺកូវីដ។ ប្រទេសសមាជិកអាស៊ានផ្ទាល់តែម្តង ដូចជា ឥណ្ឌូណេស៊ី និងហ្វីលីពីន ដែលមានសេដ្ឋកិច្ចដើរថយក្រោយ ជាលើកទី១ ក្នុង២០ឆ្នាំចុងក្រោយនេះ ដោយសារតែវិបត្តិកូវីដ សង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី « RCEP »នឹងជួយជំរុញ សេដ្ឋកិច្ចក្នុងស្រុក ឡើងវិញ។
កិច្ចព្រមព្រៀង RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំ ជាងគេក្នុងពិភពលោក ប៉ុន្តែ វានៅតែមិនពេញលេញ
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី « RCEP » មិនស៊ីជម្រៅ ដូច កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក ដែលអាមេរិក ធ្លាប់ជ្រោមជ្រែង មុននឹងដកខ្លួនចេញនៅ ឆ្នាំ២០១៧នោះទេ។ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អន្តរប៉ាស៊ីហ្វិក មាននិយាយពីវិស័យពន្ធគយ គឺមានការធ្វើសមាហរណកម្មលើវិស័យសំខាន់ៗមួយចំនួនផ្សេងទៀត រួមមានទាំងវិធានក្នុងការការពារសិទ្ធិពលករ បរិស្ថាន និងការការពារកម្មសិទ្ធិបញ្ញា។ ចំណែក កិច្ចព្រមព្រៀង RCEP ដែលជ្រោមជ្រែងដោយប្រទេសចិនវិញ ផ្តោតសំខាន់តែទៅលើវិស័យពន្ធគយ និងកម្មសិទ្ធិបញ្ញា ប៉ុន្តែ មិនបាននិយាយពី វិធានការ ការពារសិទ្ធិពលករ និងបរិស្ថាន នោះទេ។
មួយវិញទៀត បើតាម អ្នកជំនាញ នយោបាយអាស៊ី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី « RCEP »នឹងបង្កើតវិធាន ច្បាប់ពាណិជ្ជកម្មថ្មីសម្រាប់តំបន់ ដែលមានចិននាំមុខគេ។
បញ្ហានៅត្រង់ថា កិច្ចព្រមព្រៀង RCEP នៅមិនទាន់ពេញលក្ខណៈ និង ត្រឹមត្រូវទាំងស្រុង ព្រោះថា ប្រទេសទាំង១៥ ដែលបានចុះកិច្ចព្រមព្រៀង នៅថ្ងៃនេះ មានស្ថានភាពនយោបាយ ការអភិវឌ្ឍ ខុសដាច់គ្នាឆ្ងាយខ្លាំងពេក។ ម្យ៉ាងទៀត ប្រទេសនីមួយៗ គឺគិតផ្តោតខ្លាំងតែទៅលើបញ្ហាអាទិភាពក្នុងស្រុក។
គេអាចនិយាយបានប្រទេស ដែលពូកែខាងនាំចេញ ផលិតផល នឹងបានផលចំណេញ ពីកិច្ចព្រមព្រៀង លើកនេះ ចំណែកប្រទេសដែលមានរចនាសម្ព័ន្ធមិនទាន់ជឿនលឿន មិនទាន់អាចប្រកួតប្រជែងនឹងគេ ហើយចាំតែនាំចូលផលិតផលពីបរទេស គឺងាយរងគ្រោះ ច្រើនជាងទទួលបានប្រយោជន៍។ រងគ្រោះ ព្រោះថា លំហូរទំនិញបរទេស នឹងអាចសម្លាប់ក្រុមហ៊ុន អាជីវកររបស់ប្រទេសមួយដែលមានរចនាសម្ព័ន្ធ មិនទាន់រឹងមាំ ទន់ខ្សោយជាងគេ។
ឥណ្ឌាផ្ទាល់ បានប្រកាសដកខ្លួនចេញពីការចរចា បង្កើតកិច្ចព្រមព្រៀង RCEP តាំងពីចុងឆ្នាំ ២០១៩ ដោយសារតែឥណ្ឌាបារម្ភខ្លាចថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងធ្វើឲ្យវិស័យឧស្សាហកម្ម វាយនភណ្ឌ កសិកម្ម ក្នុងស្រុករបស់ឥណ្ឌា ត្រូវរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារការហូរចូលនៃទំនិញរបស់ចិន។
តើកិច្ចព្រមព្រៀងRCEP មានន័យយ៉ាងណាសម្រាប់អាមេរិក?
កិច្ចព្រមព្រៀង ដែលកើតចេញមកពីការជ្រោមជ្រែងរបស់ចិន នៅចំពោះមុខអវត្តមានរបស់អាមេរិក ដែលជាគូប្រជែង នៅក្នុងតំបន់យ៉ាងដូច្នេះ នឹងជួយពង្រឹង ភូមិសាស្រ្តនយោបាយរបស់ចិន នៅអាស៊ី ប៉ាស៊ីហ្វិក ជាពិសេសនៅពេលចិន កំពុងពង្រីកមហិច្ឆតាសេដ្ឋកិច្ច ផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ខ្លួន នៅក្នុងតំបន់។
គេធ្លាប់គិតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី « RCEP » នឹងអាចជួយជំរុញ ឲ្យអាមេរិក ក្រោមរដ្ឋបាលថ្មី របស់លោកចូ បៃដិន ត្រលប់មកចូលរួមក្នុងកិច្ចព្រមព្រៀង អន្តរប៉ាស៊ីហ្វិកឡើងវិញ បន្ទាប់ពីដូណាល់ ត្រាំ បានដកអាមេរិកនៅឆ្នាំ ២០១៧។ ប៉ុន្តែនៅក្នុងកាលៈទេសៈ ដែលអាមេរិកកំពុងជួបវិបត្តិសេដ្ឋកិច្ចក្នុងស្រុក ដោយសារតែវិបត្តកូវីដ យ៉ាងដូច្នេះ អនាគតប្រធានាធិបតីថ្មីរបស់អាមេរិក គឺលោក ចូ បៃដិន ប្រហែលជាត្រូវផ្តោតអាទិភាពទៅលើបញ្ហាកូវីដ និងសេដ្ឋកិច្ចក្នុងស្រុក ដោយមិនទាន់ងាកមកចាប់អារម្មណ៍ភ្លាមៗ បញ្ហានៅអាស៊ីនោះទេ។
ម្យ៉ាងទៀត បើទោះជាអាមេរិកបានធូរស្រាលនឹងបញ្ហាកូវីដ រដ្ឋបាលលោកចូ បៃដិនក៏នឹងមិនសង្ឃឹមត្រលប់មកចូលក្នុងកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក ដោយគ្មានការប្រុងប្រយ័ត្នដែរ ព្រោះថា អាមេរិកធ្លាប់និយាយហើយថា កិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក គំរាមកំហែងការងាររបស់ប្រជាជនអាមេរិក ដែលត្រូវបាត់បង់ ការងារ ទៅឲ្យប្រជាជននៅតំបន់អាស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ