សហរដ្ឋអាមេរិក៖លោកដូណាល់ ត្រាំសម្រេចកាត់បន្ថយទ័ពអាមេរិកនៅអាហ្វហ្កានីស្ថាន និងអ៊ីរ៉ាក់ពីពេលនេះទៅខែមករា ឆ្នាំ ២០២១
ចុះផ្សាយនៅថ្ងៃ៖
នៅសហរដ្ឋអាមេរិក រដ្ឋមន្រ្តីក្រសួងការពារជាតិថ្មីលោក Christopher Miller បានប្រកាសក្នុងថ្ងៃអង្គារ ទី១៧ វិច្ឆិកាពីការកាត់បន្ថយចំនួនទ័ពអាមេរិកនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន និងនៅក្នុងប្រទេសអ៊ីរ៉ាក់។ ចាប់ពីពេលនេះទៅខែមករា ឆ្នាំ ២០២១ មានទ័ពអាមេរិកប្រមាណជា ២ ០០០នាក់នឹងដកចេញពីអាហ្វហ្កានីស្ថាន និងមាន ៥០០នាក់នឹងដកចេញពីអ៊ីរ៉ាក់។ ការសម្រេចរបស់លោក Christopher Miller ត្រាំយ៉ាងដូចនេះបានបង្កឲ្យមានប្រតិកម្មនៅសហរដ្ឋអាមេរិក និងក្រុមប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងអង្គការអូតង់ដែលកំពុងមានកម្លាំងទ័ពនៅអាហ្វហ្កានីស្ថាន។
រឿងសហរដ្ឋអាមេរិកកាត់បន្ថយចំនួនទ័ពនៅអាហ្វហ្កានីស្ថាន ឬនៅអ៊ីរ៉ាក់មិនមែនជារឿងថ្មីទេ ព្រោះជាឆន្ទៈរបស់លោកត្រាំ និងជាអ្វីដែលលោកត្រាំបានសន្យាតាំងពីនៅក្នុងសម័យឃោសនាបោះឆ្នោតឆ្នាំ ២០១៦។ សម្រាប់លោកត្រាំ សង្រ្គាមរបស់អាមេរិកនៅអាហ្វហ្កានីស្ថាន និងនៅអ៊ីរ៉ាក់ជាសង្រ្គាមគ្មានទីបញ្ចប់ដែលអាមេរិកបានចំណាយលុយយ៉ាងច្រើនសម្បើម និងដែលអាមេរិកត្រូវនាំទាហានរបស់ខ្លួនឲ្យត្រឡប់ទៅផ្ទះវិញ។ តាមការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិថ្មីលោក Christopher Miller មានទ័ពអាមេរិកប្រមាណជា ២ ០០០នាក់នឹងដកចេញពីអាហ្វហ្កានីស្ថាន និងមាន ៥០០នាក់នឹងដកចេញពីអ៊ីរ៉ាក់។ កម្មវត្ថុរបស់លោកត្រាំ គឺរក្សាទុកទ័ពអាមេរិកតែចំនួន ២ ៥០០នាក់នៅអាហ្វាហ្កានីស្ថាន និង ២ ៥០០នាក់នៅអ៊ីរ៉ាក់។
ក្រៅពីហេតុផលចង់គោរពពាក្យសន្យាក្នុងសម័យឃោសនាបោះឆ្នោត សហរដ្ឋអាមេរិកក៏សំអាងលើកិច្ចព្រមព្រៀងសន្តិភាពដែលខ្លួនបានចុះហត្ថលេខាជាមួយចលនាឧទ្ទាមតាលីបង់នៅអាហ្វហ្កានីស្ថាន។ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពមួយនេះ ក្រុងវ៉ាស៊ីតោនបានទទួលពាក្យសន្យាពីពួកតាលីបង់ក្នុងការបញ្ឈប់អំពើភេរវកម្មនៅអាហ្វហ្កានីស្ថាន។ តែអ្វីដែលគេបានឃើញនាពេលកន្លងមក ពួកឧទ្ទាមមួយនេះនៅតែបន្តការវាយប្រហារដដែល។ មានការកត់សម្គាល់មួយនៅក្នុងការប្រកាសរបស់លោក Christopher Miller គឺជម្រើសពេលវេលានៃការដកទ័ពអាមេរិកដែលត្រូវចាប់ផ្តើមពីពេលនេះទៅថ្ងៃទី១៥ មករា ឆ្នាំ ២០២១ ពោល ៥ថ្ងៃមុននឹងប្រធានាធិបតីជាប់ឆ្នោតលោកចូ បៃដិនស្បថចូលកាន់តំណែង។
អាហ្វហ្កានីស្ថាននឹងក្លាយជាមូលដ្ឋានរបស់ពួកភេរវជនអន្តរជាតិឡើងវិញ?
ក្រោយមហាភេរវកម្មថ្ងៃ១១ កញ្ញា ឆ្នាំ ២០០១ នៅសហរដ្ឋអាមេរិក រដ្ឋបាលអាមេរិកក្នុងជំនាន់ប្រធានាធិបតីលោក George W.Bush បានបើកការវាយប្រហារលើអាហ្កហ្វានីស្ថានដើម្បីតាមប្រម៉ាញ់ពួកអាល់កៃដា។ ប្រតិបត្តិការសឹករបស់អាមេរិកនៅអាហ្វហ្កានីស្ថានបានឈានទៅទម្លាក់អំណាចរបស់ពួកតាលីបង់។ បន្ទាប់មកក្នុងឆ្នាំ ២០០១ ដដែល ក្រុមប្រទេសសមាជិកអង្គការអូតង់ក៏បានបញ្ជូនកម្លាំងទ័ពទៅរួមជាមួយអាមេរិកដើម្បីធានាកុំឲ្យអាហ្វហ្កានីស្ថានក្លាយជាទីជម្រករបស់ក្រុមភេរវជនអាល់កៃដា។ នៅ ២ឆ្នាំ ក្រោយមក ពោលក្នុងឆ្នាំ ២០០៣ រដ្ឋបាលអាមេរិករបស់លោក George W.Bush ក៏បានបើកសមរភូមិសង្រ្គាមមួយទៀតនៅអ៊ីរ៉ាក់។
តែខុសពីអាហ្វហ្កានីស្ថាន សង្រ្គាមរបស់អាមេរិកនៅអ៊ីរ៉ាក់មិនសូវបានទទួលការគាំទ្រពីសហគមន៍អន្តរជាតិប៉ុន្មានទេ ពោលមានការគាំទ្រតែពីប្រទេសសម្ព័ន្ធមិត្តជិតដិតរបស់អាមេរិកប៉ុណ្ណោះ។ ប្រមុខអង្គការអូតង់លោក Stoltenberg បានសម្តែងក្តីបារម្ភខ្លាំងស្តីពីការកាត់បន្ថយទ័ពអាមេរិកនៅងាហ្វហ្កានីស្ថាន។ លោក Stoltenberg បាននិយាយពេញមាត់ថា ការដែលអាមេរិកបានប្រកាសដកទ័ពយ៉ាងទាន់ហន់របៀបនេះនឹងធ្វើឲ្យអាហ្វហ្កានីស្ថានក្លាយជាជម្រករបស់ពួកភេរវជនអន្តរជាតិជាថ្មី។ ភេរវជនអន្តរជាតិដែលលោក Stoltenberg ចង់និយាយ គឺពួកជីហាតអាល់កៃដា និងពួកជីហាតអង្គការរដ្ឋអ៊ីស្លាមដែលបាក់ទ័ពចេញពីប្រទេសស៊ីរី និងអ៊ីរ៉ាក់។
ប្រតិកម្មជំទាស់នឹងការកាត់បន្ថយទ័ពអាមេរិកពីអាហ្វហ្កានីស្ថាន និងពីអ៊ីរ៉ាក់ក៏មាននៅសហរដ្ឋអាមេរិកដែរ ពិសេសពីរដ្ឋមន្រ្តីការពារជាតិលោក Mark Esper ដែលលោកត្រាំទើបបានដកតំណែង និងលោក Mitch McConnell ប្រធានក្រុមសំឡេងភាគច្រើននៅព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ។
អូតង់ព្យាយាមរក្សាសាមគ្គីភាពផ្ទៃក្នុង ទោះមានការសម្រេចរបស់សហរដ្ឋអាមេរិក
បច្ចុប្បន្ននេះ មានកម្លាំងទ័ពអូតង់ប្រមាណជា ១២ ០០០នាក់កំពុងឈរជើងនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ក្នុងនោះ មានប្រមាណជាពាក់កណ្តាលជាទ័ពអាមេរិក។ បើអាមេរិកសម្រេចដកប្រមាណជា ២ ០០០នាក់ពីពេលនេះទៅខែមករា ឆ្នាំ ២០២១ អូតង់នឹងនៅសល់កម្លាំងសរុបប្រមាណជា ១០ ០០០នាក់។ ក្រោយអាមេរិកប្រកាសកាត់បន្ថយចំនួនទ័ព អាល្លឺម៉ង់ដែលមានទ័ពចំនួន ១ ៣០០នាក់នៅអាហ្វហ្កានីស្ថានបានថ្លែងពិចារណាលើគ្រប់ជម្រើស ក្នុងនោះក៏មានជម្រើសកាត់បន្ថយ ឬដកទ័ពចេញដែរ។ តែអ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់បានបញ្ជាក់ថា ការសម្រេចចិត្តណាមួយនឹងត្រូវពិភាក្សាជាមួយសមាជិកផ្សេងទៀតដោយអាល្លឺម៉ង់បន្តប្រកាន់យកគោលការណ៍ « ចូលជាមួយគ្នា ចេញជាមួយគ្នា »។
ឃ្លាស្រដៀងគ្នានេះក៏ត្រូវបានបញ្ជាក់ដោយប្រមុខអង្គការអូតង់លោក Stoltenberg ដែរ។ យ៉ាងណាក៏ដោយ សំណុំរឿងមួយនេះនឹងត្រូវរដ្ឋមន្រ្តីការបរទេសអូតង់លើកយកទៅជជែកនៅក្នុងកិច្ចប្រជុំនាថ្ងៃទី១ និងទី២ ធ្នូខាងមុខ។ គួររម្លឹកថាតាំងពីឆ្នាំ ២០០១ មក មានទាហានអឺរ៉ុបក្នុងអង្គការអូតង់ជាង ១ ០០០នាក់បានស្លាប់នៅអាហ្វហ្កានីស្ថាន។ ចំណែកសហរដ្ឋអាមេរិក បើគិតនៅអាហ្វហ្កានីស្ថាន និងនៅអ៊ីរ៉ាក់បូកបញ្ចូលគ្នា គឺមានទាហានអាមេរិកស្លាប់ជាង ៦ ៩០០នាក់ និងរបួសជាង ៥២ ០០០នាក់ក្នុងរយៈពេលជិត ២០ឆ្នាំកន្លងទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ