អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កងទ័ពអូស្ត្រាលី ទទួល​ស្គាល់​អំពើ​ឧក្រិដ្ឋ សម្លាប់​មនុស្ស​ដោយ​ខុសច្បាប់ ធ្វើនៅ​អាហ្វហ្កានីស្ថាន​

សំឡេង ០៧:១៥
លោក Angus Campbell អគ្គមេបញ្ជាការកងទ័ព​អូស្ត្រាលី ថ្លែងសារ​​ទទួលស្គាល់អំពើ​ឧក្រិដ្ឋរបស់​កងកុម្មង់ដូអូស្ត្រាលី ធ្វើនៅ​អាហ្វហ្កានីស្ថាន រវាង ២០០៧-២០១៣។ ក្រុងកង់បេរ៉ា ថ្ងៃទី​១៩ វិច្ឆិកា ២០២០
លោក Angus Campbell អគ្គមេបញ្ជាការកងទ័ព​អូស្ត្រាលី ថ្លែងសារ​​ទទួលស្គាល់អំពើ​ឧក្រិដ្ឋរបស់​កងកុម្មង់ដូអូស្ត្រាលី ធ្វើនៅ​អាហ្វហ្កានីស្ថាន រវាង ២០០៧-២០១៣។ ក្រុងកង់បេរ៉ា ថ្ងៃទី​១៩ វិច្ឆិកា ២០២០ AP - Mick Tsikas
ដោយ៖ ម៉ម ពិសី
៣៦ នាទី

នៅថ្ងៃទី​១៩វិច្ឆិកា កងទ័ពអូស្ត្រាលី បានចេញរបាយការណ៍មួយ ស្តីអំពី​អំពើឧក្រិដ្ឋធ្វើឡើង ដោយកងកុម្មង់ដូពិសេស​អូស្ត្រាលី ក្នុងពេល​បំពេញបេសកកម្មនៅ​អាហ្វហ្កានីស្ថាន រវាងពីឆ្នាំ២០០៧ ដល់២០១៣។ យោងតាមរបាយការណ៍នេះ កងទ័ពអូស្ត្រាលី បានទទួលស្គាល់ ថាកងកុម្មង់ដូខ្លួន បានសម្លាប់​ប្រជាជនស្លូតត្រង់​អាហ្វហ្កានីស្ថាន រួមទាំងអ្នកទោស សរុប​យ៉ាងហោច៣៩នាក់ ដែលជាការសម្លាប់​ដោយ​ខុសច្បាប់ និង​មិនពាក់ព័ន្ធនឹង​ការប្រយុទ្ធក្នុង​សមរភូមិឡើយ​។ ដំណឹងនេះ បានធ្វើឲ្យរញ្ជួយ​មតិសាធារណៈអូស្ត្រាលី ដែលកន្លងមក តែងតែគាំទ្រ នៅពីក្រោយ​កងទ័ពរបស់ខ្លួន។

ផ្សាយពាណិជ្ជកម្ម

អគ្គមេបញ្ជាការកងទ័ពអូស្ត្រាលី ចេញមុខទទួលស្គាល់

របាយការណ៍ដែលមានកម្រាស់ ៤៦៥ទំព័រនេះ គឺជាលទ្ធផលស៊ើបអង្កេត របស់ក្រុមការងារ​ស៊ើបអង្កេត​ផ្ទៃក្នុង នៃកងទ័ពអូស្រាលី ជាច្រើនឆ្នាំមកហើយ។ ជាសរុបសន្និដ្ឋាន កងទ័ពអូស្ត្រាលី បានទទួលស្គាល់ថា កងកុម្មង់ដូពិសេសរបស់ខ្លួន ដែលបំពេញបេសកកម្មនៅ អាហ្វហ្កានីស្ថាន រវាងពីឆ្នាំ​២០០៧ ដល់ឆ្នាំ​២០១៣ បានប្រព្រឹត្តិអំពើឧក្រិដ្ឋ សម្លាប់មនុស្ស​ដោយ​ខុសច្បាប់ ចំនួន​យ៉ាងហោច៣៩នាក់។

គឺលោក Augus Campbell អគ្គមេបញ្ជាការកងទ័ពអូស្ត្រាលីតែម្តង ដែលបានចេញមុខ និយាយទទួលស្គាល់ ជាសាធារណៈនៅថ្ងៃនេះ។ លោកបាន​លើកឡើងថា ដោយផ្អែក​លើ​ការសន្និដ្ឋាន របស់របាយការណ៍នេះ គឺក្រុមកងកុម្មង់​ដូអូស្ត្រាលីខ្លះ​ ពិតជាបានធ្វើបំពានច្បាប់ រំលោភវិន័យ ធ្វើសកម្មភាព​សម្លាប់មនុស្សស្លូតត្រង់ និងអ្នកទោស ហើយថែមទាំងបាន​រៀបចំប្រឌិតស្ថានការណ៍ កុហកថ្នាក់លើ ដើម្បីបិទបាំងអំពើឧក្រិដ្ឋរបស់ខ្លួនថែមទៀតផង។

របាយការណ៍បានលើកឡើងជាអាទិ៍ថា ទាហានអូស្ត្រាលីថ្មីៗ ដែលទើបតែទៅដល់អាហ្វហ្កានីស្ថាន ហើយដែលមិនធ្លាប់បាញ់សម្លាប់មនុស្សសោះនោះ ត្រូវបាន​មេមេ បញ្ជាឲ្យ​បាញ់​ទៅលើអ្នកទោសអាហ្វហ្កានីស្ថាន ដើម្បី​ហាត់សមបាញ់សម្លាប់មនុស្ស​ ឲ្យធ្លាប់ដៃ។ ហើយបន្ទាប់មកទេ ទាហានអូស្ត្រាលី​ ក្មេងៗទាំងនោះ ត្រូវគេបញ្ជា ឲ្យរៀប​ចំប្រឌិតឆាកល្ខោន ថាមានការផ្ទុះអាវុធ បាញ់តប់តគ្នា រវាងពួកគេ និងក្រុមអ្នកទោសតាលីបង់។

ជាសរុប របាយការណ៍នេះ លើកឡើងថា យ៉ាងហោចមាន​ករណីសម្លាប់ប្រជាជនស្លូតត្រង់ និងអ្នកទោស​អាហ្វហ្កានីស្ថាន សរុបទាំងអស់​៣៩នាក់ ដែលធ្វើឡើងដោយខុសច្បាប់ទាំងស្រុង ពីសំណាក់កងកុម្មង់ដូអូស្ត្រាលី។ លោកមេបញ្ជាការ Augus Campbell ក៏​បានថ្លែងសូមទោសជាសាធារណៈ ទៅកាន់ប្រជាជន​អាហ្វហ្កានីស្ថាន ចំពោះអំពើឧក្រិដ្ឋ ដ៏អយុត្តិធម៌នេះ។ 

រដ្ឋាភិបាលអូស្ត្រាលី ​ព្យាយាម​បិទខ្ទប់កុំឲ្យ​គេផ្សាយ​រឿងអាស្រូវ

នៅក្រោយ​ភេរវកម្មថ្ងៃទី​១១ កញ្ញា ២០០១ អូស្ត្រាលីបានចូលរួម ជាមួយសហរដ្ឋអាមេរិក ដោយបានបញ្ជូនកងទ័ព ប្រមាណ​ជា២៦០០០នាក់ ទៅអាហ្វហ្កានីស្ថាន មុននឹងដកទ័ពចេញពីអាហ្វហ្កានីស្ថានទាំងអស់ នៅឆ្នាំ២០១៣។ ក៏ប៉ុន្តែ ក្រោយមកមានបែកធ្លាយ​ដំណឹងជាបន្តបន្ទាប់ ស្តីសកម្មភាព​ឧក្រិដ្ឋមួយចំនួន បង្កឡើងដោយ​កងកុម្មង់ដូ​​អូស្ត្រាលី។ រដ្ឋាភិបាលអូស្ត្រាលី ក៏ដូចជាកងទ័ព បានទទួលរងសំពាធខ្លាំងណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារ​តែ​មានដំណឹងលេចឮជាបន្តបន្ទាប់ ថាកងទ័ពអូស្ត្រាលី បានធ្វើអំពើខុសឆ្គង ធ្ងន់ធ្ងរ នៅអាហ្វហ្កានីស្ថាន​។ ដំណឹងបែកធ្លាយទាំងនោះ បានធ្វើឲ្យ​ប្រជាជនអូស្ត្រាលី ខឹង និងរិះគន់កងទ័ព។

បណ្តាញសារព័ត៌មានស៊ើបអង្កេតអូស្ត្រាលី បានចុះផ្សាយអត្ថបទ​ និង​វីដេអូឯកសារជាច្រើន ស្តីពីរឿងអាស្រូវនេះ។ ឧទាហរណ៍ មានករណី ទាហានអូស្ត្រាលី បានសម្លាប់បុរសជនជាតិអាហ្វហ្កានីស្ថានម្នាក់ ដើម្បីកុំឲ្យ​លើសចំណុះ ចំនួន​មនុស្ស​នៅលើឧត្ថម្ភាគចក្រ។ និងមានករណីសម្លាប់ កុមារអាហ្វហ្កានីស្ថាន អាយុ៦ឆ្នាំ ក្នុងពេលបើកប្រតិបត្តិការបាញ់រះ ទៅលើផ្ទះប្រជាជន។

តាមពិតដំបូងឡើយ រដ្ឋាភិបាល​អូស្ត្រាលី ហាក់បានព្យាយាមបិទខ្ទប់រឿងរ៉ាវទាំងនេះ ដោយ​បានតាមចាប់ អ្នកដែលទំលាយ​​ឯកសារសម្ងាត់ និងបានរារាំងអ្នកកាសែត មិនឲ្យចុះផ្សាយទៀត។ ជាក់ស្តែង នៅឆ្នាំ២០១៧ ទូរទស្សន៍ ABC អូស្ត្រាលី បានផ្សាយ​វីដេអូឯកសារស៊ើបអង្កេតជាច្រើន ស្តីពីកងទ័ពអូស្ត្រាលី ដែលបានសម្លាប់កុមារ និងមនុស្ស​គ្មានអាវុធជាប់ខ្លួន នៅអាហ្វហ្កានីស្ថាន។ នគរបានអូស្ត្រាលី បានបើកការស៊ើបអង្កេត ចង់រករឿងអ្នកកាសែត២នាក់ របស់ទូរទស្សន៍ABCនេះ ថាបាន​លួច និង​ផ្សព្វផ្សាយឯកសារសំងាត់របស់កងទ័ព។ នគរបាលបានទាំងចុះទៅឆែកឆេរ ដល់ទីស្នាក់ការទូរទស្សន៍នៅ​ក្រុ​ងស៊ីដនីថែមទៀតផង។ តែក្រោយមក ដោយ​ទទួលរងនូវការរិះគន់ ពីមតិសាធារណៈ និង បណ្តាញព័ត៌មានទូទៅ នគរបាល​ក៏បានបិទការស៊ើបអង្កេតនេះវិញ។ ហើយក្រោយមក​រដ្ឋាភិបាល  ព្រម​ទាំងកងទ័ពអូស្ត្រាលី បានព្រមទទួលស្គាល់ការពិត​ ហើយ​អនុញ្ញាតឲ្យ​មាន​ការស៊ើបអង្កេតផ្ទៃក្នុងកងទ័ព ស្តីអំពីអំពើឧក្រិដ្ឋទាំងនេះ។

តែងតាំងអ្នកស៊ើបអង្កេតពិសេស ទទួលបន្ទុកបទឧក្រិដ្ឋសង្រ្គាម

របាយការណ៍នេះ បាន​លើកឡើងពីវិធានការមួយចំនួន ដើម្បីស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះ ក៏ដូចជាផ្តន្ទាទោស អ្នកទទួលខុសត្រូវ​នៃអំពើឧក្រិដ្ឋទាំងនេះ។ ក្នុងន័យនេះ របាយការណ៍បានកំណត់ថា មនុស្សចំនួន​១៩នាក់ ក្នុងជួរកងទ័ព​អូស្ត្រាលី និងត្រូវបញ្ជូន​ឈ្មោះទៅកាន់នគរបាល​សហព័ន្ធអូស្ត្រាលី ដើម្បីបើកការស៊ើបអង្កេត នឹងឈានទៅផ្តន្ទាទោស។ ចំណែកក្រុមគ្រួសារជនរងគ្រោះ​អាហ្វហ្កានីស្ថាន នឹងត្រូវទទួល​បានសំណង​ជំងឺចិត្តជាប្រាក់​។

ដោយឡែក លោកមេបញ្ជាការ Augus Campbell បានលើកឡើងថា វិធានការនេះ មិនទាន់គ្រប់គ្រាន់ទេ។ គឺត្រូវតែបញ្ជូន​អ្នកទទួលខុសត្រូវ ទៅចំពោះមុខ​ការិយាល័យ​ស៊ើបអង្កេតពិសេស ទទួលបន្ទុកបទឧក្រិដ្ឋសង្រ្គាម។ លោក ថែមទាំងបាន​ ទាមទារ​ឲ្យ​ដកស័ក្តិ ពីស្មាមេបញ្ជាការ​ មួយចំនួន ដែលទទួលបន្ទុក កងកុម្មង់ពិសេស​​ដូអូស្រ្តាលី នៅអាហ្វហ្កានីស្ថាន ថែមទៀតផង។

យ៉ាងណាមិញ កាលពីសប្តាហ៍មុននេះ លោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី បាន​ប្រកាសថា លោកនឹងតែងតាំង មន្ត្រីស៊ើបអង្កេតពិសេសម្នាក់ ដើម្បីទទួលបន្ទុកសំណុំរឿងបទឧក្រិដ្ឋសង្រ្គាម បង្ករឡើងដោយ​កងទ័ពអូស្ត្រាលី។ តាមការស្មាន គំនិតនេះ គឺដើម្បីបង្ការ ក្រែងទៅថ្ងៃមុខ នឹងមានការដាក់ពាក្យប្តឹងណាមួយ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ។ បន្ថែម​ពីនេះ គណកម្មាធិការឯករាជ្យមួយ នឹងត្រូវបង្កើតឡើង ដើម្បី​រៀបចំធ្វើកំណែទម្រង់​ស៊ីជំរៅ នៅក្នុងទំលាប់វិន័យរបស់កងទ័ពអូស្ត្រាលី និង​នៅក្នុងរបៀបចាត់ចែងការងារ ក្នុងពេលបំពេញបេសកកម្មរបស់កងទ័ព។​

ដោយឡែក កាលពីថ្ងៃពុធទី​១៨វិច្ឆិកា​ លោកប្រធានាធិបតី​អាហ្វហ្កានីស្ថាន បានសរសេរតាមTwitter ថា លោក Scott Morrison បានទូរស័ព្ទទៅលោក ដើម្បី​សំដែងការសោកស្តាយជាពន់ពេក និងបាន​សុំទោសអាហ្វហ្កានីស្ថាន ចំពោះកំហុសដ៏ធ្ងន់ធ្ងរ របស់កងទ័ព​អូស្ត្រាលី។ ក៏ប៉ុន្តែ ភាគីរដ្ឋភិបាល​អូស្រ្តាលីបានអះអាងថា លោក Scott Morrison មិនបាននិយាយដូច្នេះទេ។  លោក​នាយករដ្ឋមន្ត្រីអូស្ត្រលីគ្រាន់តែបាន​ប្រាប់​ទៅ​ លោកប្រធានាធិបតី​អាហ្វហ្កានីស្ថានថា រដ្ឋាភិបាល​អូស្ត្រាលី កំពុងផ្តោតការយកចិត្តទុកដាក់ មិនទុកចោលឡើយ នូវរឿងរ៉ាវ​​ចោទប្រកាន់ ស្តីពីអំពើឧក្រិដ្ឋដែលកងទ័ពអូស្ត្រាលី​ បានធ្វើនៅអាហ្វហ្កានីស្ថាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ