អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

យុវជន​ក្នុង​ពិភពលោក ចូលរួម​បង្កើត​សន្និសីទ​អន្តរជាតិ “​ ប្រឌិត”ស្តីពី​អាកាសធាតុ "Mock Cop26"

សំឡេង ០៧:២១
សិស្សសាលា​នៅ​ប្រទេស​ប៊ែលហ្ស៊ិក ដង្ហែក្បួន​ដើម្បី​អាកាសធាតុ នៅថ្ងៃសុក្រ​ទី ១៥ មីនា ២១០៩
សិស្សសាលា​នៅ​ប្រទេស​ប៊ែលហ្ស៊ិក ដង្ហែក្បួន​ដើម្បី​អាកាសធាតុ នៅថ្ងៃសុក្រ​ទី ១៥ មីនា ២១០៩ ©REUTERS/Yves Herman
ដោយ៖ ឈាង បុប្ផា
៤៣ នាទី

យុវជន​ជាង​៣៥០​នាក់ (អាយុ​ពី ១៤ ទៅ ២៥ឆ្នាំ )នៅក្នុង​ពិភពលោក បាន​នាំគ្នា​បើក​ធ្វើ​សន្និសីទអន្តរជាតិ​ស្តីពី អាកាសធាតុ “​ ប្រឌិត” មួយ ដែល​ហៅកាត់​ជា​ភាសា​អង់គ្លេស​ថា Mock Cop26 នៅបន្ទាប់ពី ​សន្និសីទអន្តរជាតិ ​ស្តីពី​អាកាសធាតុ COP26 មែនទែន ត្រូវ​បាន​គេ​ប្រកាស​លើកពេល ដោយសារ​តែ​បញ្ហា​ជំងឺរាតត្បាត​កូវីដ ១៩។ សន្និសីទ​អន្តរជាតិ ក្លែងក្លាយ របស់​យុវជន សកម្មជន​បរិស្ថាន ធ្វើឡើង​ប្រព្រឹត្ត​ឡើងតាម​វីដេអូ ពីថ្ងៃព្រហស្បតិ៍ ទី ១៩​វិច្ឆិកា ដល់​ថ្ងៃទី ១ធ្នូ។

ផ្សាយពាណិជ្ជកម្ម

សន្និសីទ​អន្តរជាតិ​ ប្រឌិត ស្តីពី​អាកាសធាតុ ក្លែងក្លាយ ឬ​Mock Cop26 ជា​សន្និសីទ តាម​វីដេអូ ដែល ក្រុមយុវជន (សកម្មជន​បរិស្ថាន) ចំនួន១៨នាក់ បាន​បង្កើត​ឡើង ដើម្បី ជំនួស កន្លែង សន្និសីទ​អន្តរជាតិស្តីពី​អាកាសធាតុ​មែនទែន ដែល​ត្រូវ​បាន​គេ​លើក​ពេល​ទៅធ្វើ​នៅ ​ឆ្នាំក្រោយ ដោយសារ​តែ​វិបត្តិជំងឺកូវីដ ១៩។

តាម​គម្រោង សន្និសីទ​អន្តរជាតិ ស្តីពី​អាកាសធាតុ លើក​ទី ២៦ ត្រូវ​រៀបចំ​ពីថ្ងៃទី ៩​ដល់​ថ្ងៃ​ទី ២០​វិច្ឆិកានេះ នៅ​ទីក្រុង​Glasgow ប្រទេស​អង់គ្លេស។ ប៉ុន្តែ ដោយសារ​តែ​ជំងឺរាតត្បាត​កូវីដ គេក៏បាន​សម្រេច​លើក​កិច្ចប្រជុំ ទៅធ្វើ​នៅ​ខែ​វិច្ឆិកា ឆ្នាំក្រោយវិញ។

សន្និសីទ​អន្តរជាតិ​​ ប្រឌិត ស្តីពី​អាកាសធាតុ កើតចេញ​ពី​គំនិតផ្តួចផ្តើម​របស់យុវជន​អង់គ្លេស​ម្នាក់ គឺ Josh Tegrale ដែល បាន​ចូលរួម ជួយ​បង្កើត ដោយ​យុវជន ១៧នាក់​ផ្សេងទៀត ដែល​ភាគច្រើន មានប្រភព​ចេញមកពី​ចលនា​ថ្ងៃ​សុក្រ​ដើម្បី អនាគត ដែលតែង​ធ្វើ​បាតុកម្ម​តាមផ្លូវ នៅរាល់ថ្ងៃ​សុក្រ ដើម្បី ទាមទារ​ឲ្យរដ្ឋាភិបាល​គិតគូរ​ដល់​បញ្ហា​បរិស្ថាន ការប្រែប្រួល​អាកាសធាតុ។

ក្រុមយុវជន​បាន​និយាយ​ថា ពួកគេ​សម្រេច​បង្កើត សន្និសីទ អន្តរជាតិ​​ ប្រឌិត ស្តីពី​អាកាសធាតុ នេះឡើង ក៏ព្រោះតែ ពួកគេ​ខកចិត្ត ដែល​ឃើញ រដ្ឋាភិបាល ដែលជា​អ្នកសម្រេចចិត្ត​នយោបាយ ក្នុង​ពិភពលោក លើកពេលធ្វើ​សន្និសីទ​ទៅឆ្នាំក្រោយ។ សម្រាប់​ក្រុមយុវជន មេដឹកនាំ​ក្នុង​ពិភពលោក​នៅតែ ព្រងើយ​កន្តើយ មិន​ឲ្យ​តម្លៃ ទៅលើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ដែល​តាមពិត ជា​ បញ្ហា​បន្ទាន់ ជារឿងសំខាន់​សម្រាប់អាយុជីវិតមនុស្ស​នៅលើ​ផែនដី គឺ​សំខាន់ ជាង វិបត្តិ​កូវីដទៅទៀត។

តាមយោបល់​របស់​ក្រុមយុវជន បើសិន​គេលុបចោល សន្និសីទ ឆ្នាំនេះ ក៏ព្រោះតែ​គេមិនចង់ធ្វើដំណើរ ដោយសារ​​ខ្លាច​ឆ្លងជំងឺកូវីដ នោះ គេ​គួរតែ​រៀបចំ​សន្និសីទ​តាមវីដេអូ ពោល​គឺ គេ​មិនគួរ លើកពេល​ទៅធ្វើ​នៅឆ្នាំក្រោយ នោះទេ។ គ្មានធ្វើ​អ្វីសោះ ក្នុង​រយៈពេល​១ឆ្នាំ​យ៉ាងដូច្នេះ គឺ​ជាការខាតបង់​ពេលវេលា​បន្ថែមទៀត នៅពេល​ដែល​មនុស្ស​លោក​គ្មានពេលច្រើនទៀតនោះទេ នៅចំពោះមុខ​ការឡើង​កំដៅ ភពផែនដី។

ម្យ៉ាងទៀត សន្និសីទ អន្តរជាតិ​ស្តីពី​អាកាសធាតុ លើកទី ២៦ នៅ​ឆ្នាំនេះ នៅប្រទេស​អង់គ្លេស ត្រូវ​គេចាត់ទុក​ជា​សន្និសីទសំខាន់ ព្រោះ​ឆ្នាំ ២០២០ ជាឆ្នាំចុងក្រោយ ​ដែល​រដ្ឋាភិបាល​ត្រូវ​ដាក់​ឯកសារ ការសន្យា​របស់ខ្លួន​សម្រាប់​ចូលរួម​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក ថ្នាក់ជាតិ ក្នុង​ចំនួនមួយ ច្រើនជាងមុន ដើម្បីធ្វើ​យ៉ាងណា កុំ​ឲ្យ​កំដៅ លើ​ផែនដី កើនឡើង​ខ្ពស់ជាង ១,៥អង្សារ។

ដើម្បី​កុំ​ឲ្យ​ខាតពេលវេលា ក្រុមយុវជន ចង់​បង្ហាញ​ថា បើសិនមេដឹកនាំ អ្នកនយោបាយ មិនព្រម​ប្រជុំ​ចរចា ដើម្បី​និយាយ​ពី​បញ្ហា​អាកាសធាតុ ដែល​ជា​រឿងបន្ទាន់ សម្រាប់​ផែនដី ពួកគេ ជា​យុវជនក៏អាច​មាន​សមត្ថភាព ​បង្កើត​សន្និសីទ អន្តរជាតិ ដើម្បី​និយាយ​ពី​ការប្រែប្រួល​អាកាសធាតុ ជំនួស​អ្នកនយោបាយដែរ។ ជារួម សន្និសីទ ដែល​បង្កើតឡើង​ដោយ​ក្រុមយុវជន មាន​រូបរាង ដូចជា​សន្និសីទ​អន្តរជាតិ​មែនទែន ព្រោះ​វា មានការចូលរួម​ពី​រដ្ឋមន្រ្តី​ថាមពល​អង់គ្លេស ដែល​ជា​ប្រធាន​សន្និសីទ​ស្តីពី​អាកាសធាតុ មែនទែន។ នៅក្នុង​សន្និសីទ រយៈពេល ២សប្តាហ៍ រហូត​ដល់ថ្ងៃទី ១​ធ្នូ យុវជន ជាង​៣៥០នាក់ (អាយុ ពី ១៤ ទៅ​២៥ឆ្នាំ) មក​ពី ប្រទេស​ចំនួន ១៤៥ នៅក្នុង​ពិភពលោក នឹងចូលរួម​ប្រជុំ ជជែក ដោះដូរ​យោបល់ និង​ស្តាប់យោបល់​របស់​អ្នកជំនាញ ខាង​អាកាសធាតុ សេដ្ឋកិច្ចវិទូ អ្នកជំនាញ​ខាងសុខភាព និង​អ្នកច្បាប់ជាច្រើន​រូប ដូចជា​នៅក្នុង​សន្និសីទ​មែនទែន។

តើ​សន្និសីទ​របស់​យុវជន​នឹង​អាច​មាន​តម្លៃផ្លូវច្បាប់​ដែរឬទេ?

យុវជន​បង្កើតសន្និសីទ​​ ប្រឌិតនេះ ឡើង ដើម្បី ​បង្ហាញថា យុវជន​ដើរតួនាទីសំខាន់ ក្នុង​ការប្រយុទ្ធប្រឆាំង នឹង​ការប្រែប្រួល​អាកាសធាតុ និង​ថា តើអ្វីទៅជា​សន្និសីទ​ស្តីពី​អាកាសធាតុ ដែល​គ្មាន​ក្រុមចាំ​ទាមទារ​ផលប្រយោជន៍ ដូចជា​ក្រុមហ៊ុន​លក់ធ្យូងថ្ម ឬ​ប្រទេស​ផលិតប្រេង នៅពីក្រោយ​គណៈប្រតិភូ​របស់​រដ្ឋាភិបាល។

នៅក្នុង​រយៈពេល ២សប្តាហ៍ ក្រុមយុវជន ​ត្រូវ​ជជែក ពិភាក្សា​ទៅលើ​ប្រធានបទ​សំខាន់ៗ ដូចជា យុត្តិធម៌ ការអប់រំផ្នែក​អាកាសធាតុ សុខភាព ការងារបរិស្ថាន ហើយ​និង​ចំណុច​សំខាន់ ជាងគេ គឺ​ការកាត់បន្ថយ ការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់។ ដោយ​ស្តាប់បាន​យោបល់​ពី​ អ្នកជំនាញ​ខាងផ្នែក បរិស្ថាន ហើយ​និង​សាក្ខីកម្ម​របស់​អ្នកតំណាង​មកពីប្រទេស​កំពុងអភិវឌ្ឍ ប្រទេស​ក្រីក្រ ដែលរងគ្រោះ ខ្លាំង​ដោយសារ​គ្រោះធម្មជាតិ ដែលជាលទ្ធផល​នៃការប្រែប្រួលអាកាសធាតុ ក្រុមយុវជន​សង្ឃឹមថា ​នឹង​អាច​ចេញ​សេចក្តីថ្លែងការណ៍ មួយ នៅថ្ងៃបិទបញ្ចប់ សន្និសីទ​ ប្រឌិត នៅថ្ងៃ​ទី ១​ធ្នូ។ វាជាសេចក្តីថ្លែងការណ៍​ដែល​រៀបរាប់​ពីបញ្ហាដោយសារ​ការប្រែប្រួលអាកាសធាតុ គោលនយោបាយដែល​រដ្ឋាភិបាល​ត្រូវធ្វើ ហើយនិង​សកម្មភាព​របស់​ក្រុមយុវជន ក្នុងករណី​រដ្ឋាភិបាល​អាក់ខាន មិន​ធ្វើអ្វីសោះ​ដើម្បី ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ។

បន្ទាប់ពីនោះ អង្គការ​ជំនាញ​ខាងផ្នែក​ច្បាប់​បរិស្ថាន ឈ្មោះ ClientEarth នឹង​ជួយ សម្រួល​សេចក្តីថ្លែងការណ៍​របស់​ក្រុមយុវជន ឲ្យទៅជា​កិច្ចព្រមព្រៀង ស្របច្បាប់​មួយ ដែល​រដ្ឋាភិបាល​ប្រទេស​នីមួយៗ​អាច​យក​ទៅ ប្រើបង្កើតជា​ច្បាប់ សម្រាប់ ដោះស្រាយ បញ្ហាប្រែប្រួល​អាកាសធាតុ។

មួយវិញទៀត ក្រុម​យុវជន ដែល​ជាអ្នក​ផ្តួចផ្តើម​គំនិត ចង់​ឲ្យ សន្និសីទ​អន្តរជាតិ ស្តីពី​អាកាសធាតុ ​ ប្រឌិត​លើកនេះ ជា​គំរូ សម្រាប់​ការរៀបចំ​សន្និសីទ​អន្តរជាតិ​ជា​ផ្លូវការ ដែល​ត្រូវ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ នៅ​ប្រទេស​អង់គ្លេស​ដដែល។ ជាក់ស្តែង សន្និសីទ ស្តីពី​អាកាធាតុរបស់ពួកគេ ធ្វើឡើង ​តាម​វីដេអូ ដោយ​មិន​បំផ្លាញ បរិស្ថាន ព្រោះអ្នកចូលរួម​មិនបាន​ធ្វើ​ដំណើរ​តាមយន្តហោះ ដូច​សន្និសីទ មែនទែន។ តាម​ក្រុមយុវជន សន្និសីទ​​ ប្រឌិត​របស់ពួកគេ បាន​បញ្ចេញ​ឧស្ម័ន​កាបូនិក តែ​៣៩តោន ចំណែក សន្និសីទ​មែនទែន ដែលសំបូរ​ដោយ​ការធ្វើដំណើរ​តាមយន្តហោះ ​របស់​មេដឹកនាំ និង អ្នកសម្រេចចិត្ត​នយោបាយ ដែល​និយាយ​ថា ខ្វាយខ្វល់​ពី​ការបញ្ចេញ​ឧស្ម័នកាបូនិក វិញ គឺ បាន​បញ្ចេញ​ឧស្ម័នកាបូនិក ដល់ទៅ ៥ម៉ឺនតោន គឺ ច្រើនជាង សន្និសីទវីដេអូ​របស់​ក្រុមយុវជន ដល់​ទៅ ១៥០០ដង។

គំនិត​របស់​យុវជន​ល្អ ប៉ុន្តែ មិនអាច​កើតឡើងបាន នៅក្នុងអនុវត្ត ជាក់ស្តែង

ដោយសារ​តែ វិបត្តិកូវីដ កិច្ចប្រជុំអន្តរជាតិ​ធំជាច្រើន​ត្រូវ​រៀបចំ​តាម​វីដេអូ ដូចជា​ករណី របស់​APEC កិច្ចប្រជុំ​របស់​អង្គការ​សុខភាពពិភពលោក ឬ​របស់​ក្រុមប្រឹក្សា​អឺរ៉ុប​ជា​ដើម។ ប៉ុន្តែ សម្រាប់ អ្នកជំនាញ សម្រាប់កិច្ចប្រជុំ​ខ្លះ ដូចជា សន្និសីទ​ស្តីពីអាកាសធាតុ គេ​មិនអាច​ប្រើ​វីដេអូ​ទាំងស្រុង​នោះទេ។ ការប្រជុំ​ខ្លះ ត្រូវការជួបផ្ទាល់ ព្រោះជា​ការចរចា ដែល​អាច​តឹងសសៃក ​ដែលគេត្រូវការជួបមុខមនុស្ស​ផ្ទាល់ ដើម្បី​អាច​បញ្ចុះបញ្ចូល ឬ​អាចធ្វើការ​សម្រេចចិត្ត​ណាមួយ។

សន្និសីទ​ដែល​យុវជន បង្កើតឡើង អាច​ល្អមើល ផ្តល់គំនិតល្អច្រើន ដូចជា​ថា គេអាច​កាត់បន្ថយ ការប្រើប្រាស់​ធ្យូងថ្ម ដោយ​ជំនួស​ថាមពល​អ្វីផ្សេង​ដែល​មិន​បញ្ចេញ​ឧស្ម័នកាបូនិក ដែល​ជា​ឧស្ម័នផ្ទះកញ្ចក់​ធ្វើ​ឲ្យ​ផែនដី​ឡើងកំដៅ។ ប៉ុន្តែ នៅការពិត​ជាក់ស្តែង ​ការចរចា​របស់​មេដឹកនាំ​នយោបាយ មិនរលូន ដូចការ​ជជែករបស់​ក្រុមយុវជន ដែល​គ្មាន​ផលប្រយោជន៍​សេដ្ឋកិច្ច​នោះទេ ការជជែក​ថ្នាក់រដ្ឋាភិបាល វារមែងជាប់ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​សេដ្ឋកិច្ច ផលប្រយោជន៍​នយោបាយ ចំណែក ការជជែក​របស់​ក្រុមយុវជន ផ្តោតច្រើន​ទៅលើជំនួយ​សង្គម ច្រើនជាង ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ក្រុមភាគីខ្លះ។ ដូចករណី​អូស្ត្រាលី ដែល​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើការនាំចេញ​ធ្យូងថ្ម អ្នកនយោបាយពិបាក​នឹង​ផ្តោតទៅលើ​បញ្ហា​អាកាសធាតុ ដោយ​បំផ្លាញ​ឆ្នាំងបាយ​របស់ខ្លួនណាស់។

ក្រុមយុវជនផ្នែក​បរិស្ថាន ដឹង​ពី អន្ទាក់ បញ្ហា​ផលប្រយោជន៍នៅពីក្រោយ ការចរចា ស្តីពីរឿង​អាកាសធាតុនេះ។ ប៉ុន្តែ ពួកគេ នៅតែ​ចង់​ទាមទារ​ឲ្យ​រដ្ឋាភិបាល គិតគូរ​ឲ្យបាន​ច្រើន​ពីបញ្ហា​អាកាសធាតុ ឲ្យ​បានច្រើន​ជាង​បញ្ហា​សេដ្ឋកិច្ច ព្រោះ​ចង់ ឬ​មិនចង់ បើសិន​គេខ្ជីខ្ជារ មិនគិត​បញ្ហា​អាកាសធាតុ នោះ ទោះមានលុយ ក៏​ផែនដី លែង មាន​សុខភាព​ល្អ សម្រាប់​ឲ្យ​មនុស្ស​រស់នៅ​ចាយលុយ​នោះទៀតដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ