ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ម៉ាក្រុង ប្រកាសពី​វិធានការបន្ធូរបន្ថយ ខណៈការឆ្លងរាលដាលកូវីដ​១៩ បានចុះថយគ្រាន់បើ

សំឡេង ០៨:៥៨
កញ្ចក់ទូរទស្សន៍ ក្នុងពេល​លោក​ប្រធានាធិបតីម៉ាក្រុង ថ្លែងសារទៅកាន់​ប្រជាជន នៅយប់​ថ្ងៃទី​២៤វិច្ឆិកា ២០២០
កញ្ចក់ទូរទស្សន៍ ក្នុងពេល​លោក​ប្រធានាធិបតីម៉ាក្រុង ថ្លែងសារទៅកាន់​ប្រជាជន នៅយប់​ថ្ងៃទី​២៤វិច្ឆិកា ២០២០ AFP - THOMAS COEX
ដោយ៖ ម៉ម ពិសី
៤១ នាទី

នៅបារាំង ការឆ្លងរាលដាលកូវីដ១៩ ហាក់បានធ្លាក់ចុះច្រើនគួរសម នៅក្រោយ​ការសម្រេច​បិទខ្ទប់​ប្រទេសទាំងស្រុង ចាប់​​ពី​ចុងខែតុលាមក​។ កាល​ពី​​ដើមខែ​វិច្ឆិកា ចំនួន​អ្នកឆ្លងកូវីដ​១៩ មានចន្លោះពី​៣ម៉ឺន ទៅ​៥ម៉ឺននាក់ ជារៀងរាល់ថ្ងៃ។ ប៉ុន្តែតួលេខ ប៉ុន្មាន​ថ្ងៃចុងក្រោយនេះ គឺអ្នកឆ្លងថ្មី មានខ្ទង់១ម៉ឺននាក់ ក្នុងមួយថ្ងៃ។ ជាមួយ​នឹងការធ្លាក់ចុះ នូវ​អត្រាការឆ្លងរាលដាលនេះ ​លោក​ប្រធានាធិបតីម៉ាក្រុង បាន​ថ្លែងសារប្រាប់ទៅ​ប្រជាជនបារាំង​​ កាលពី​យប់ថ្ងៃអង្គារទី ២៤វិច្ឆិកា ​ដោយ​បាន​ប្រកាស​អំពីវិធានការ​បន្ធូរបន្ថយមួយ​ចំនួន ដើម្បី​បើកសកម្ម​ភាព​សេដ្ឋកិច្ច ដំណើរការ​អាជីវកម្មឡើងវិញ ព្រមទាំងការ​ធ្វើដំណើរចុះឡើង របស់ប្រជាជនផងដែរ។

ផ្សាយពាណិជ្ជកម្ម

ដូចអ្វីដែលលោក​ម៉ាក្រុងបានសន្យា គឺថា​លោកនឹងបន្ធូរបន្ថយ​វិធានការរឹតត្បិតខ្លះ ក្នុងករណី​ដែល​ ការបិទខ្ទប់ប្រទេសលើកទី២នេះ បានហុចផ្លែផ្កា ធ្វើឲ្យ​កម្រិតនៃការឆ្លងរាលដាលកូវីដ១៩នៅបារាំងហ្នឹងធ្លាក់ចុះច្រើន​។ យោងតាមតួលេខ គឺចំនួនអ្នកឆ្លងថ្មី ប្រចាំថ្ងៃបានធ្លាក់ចុះច្រើនមែន​ ហើយចំនួនអ្នកជម្ងឺកូវីដ​១៩ ដែលត្រូវការការសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យនោះ ក៏បានធ្លាក់ចុះថយបង្គួរដែរ។

លោកម៉ាក្រុង បានថ្លែងសន្ទរកថា រយៈពេលប្រមាណ​២៥នាទី កាលពីម៉ោង​៨យប់ ថ្ងៃអង្គារម្សិលមិញ ដោយ​សន្ទរកថានេះ មានប្រជាជន​បារាំងជិត៣០លាននាក់ បានបើកទូរទស្សន៍តាមដានស្តាប់ ព្រោះថាគ្រប់គ្នា អន្ទះសារចង់ដឹងណាស់ ថាតើអ្វីទៅ ជាវិធានាការបន្ទាប់របស់រដ្ឋាភិបាល។

បន្ធូរបន្ថយ ក្នុង៣ដំណាក់កាល

នៅក្នុង​ខ្លឹមសារ​រួម លោក ម៉ាក្រុង បានកំណត់ទិសដៅ បន្ធូរបន្ថយចំនួន​៣ដំណាក់កាល៖

ដំណាក់កាលទី១ គឺចាប់ពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះទៅ ហាងទំនិញ ឬហាងប្រកបអាជីវកម្មបន្ទាប់បន្សំ ទាំងអស់ នឹងអាចបើកទ្វារដំណើរការរកស៊ីបានហើយ ដូចជាហាងលក់ផ្កា លក់ខោអាវ លក់វត្ថុអនុស្សាវរិយ៍ បណ្ណាគារ ហាងកាត់សក់ ហាងលក់គ្រឿងសង្ហារឹមអីជាដើម។ តែត្រូវបិទឲ្យ​បានមុន​ម៉ោង៩យប់។ អាចបើកលក់បានមែន តែត្រូវអនុវត្ត​​វិធានការ​អនាម័យ និងរក្សាគំលាត​នៅក្នុង​ទីតាំងអាជីវកម្មរបស់​ខ្លួន ឲ្យ​បានល្អិតល្អន់។ ចាប់ពីថ្ងៃសៅរ៍ ទី២៨វិច្ឆិកា​នេះដែរ គឺប្រជាជនអាចធ្វើដំណើរចេញក្រៅផ្ទះបានរយៈពេល​៣ម៉ោង ក្នុងរង្វង់២០គីឡូមែត្រជុំវិញផ្ទះ ដោយត្រូវបំពេញ​បែបបទ បញ្ជាក់​ពីមូលហេតុ។ កាលពីមុនគឺបានត្រឹមតែ១ម៉ោង ហើយ​១គីឡូម៉ែត្រជុំវិញផ្ទះប៉ុណ្ណោះ។ ចំណែក​ការជួបជុំបែបសាសនាវិញ គឺអាចធ្វើបាន​ចាប់ពីថ្ងៃសៅរ៍នេះទៅ តែមិនឲ្យ​មានមនុស្ស​លើសពី​៣០នាក់ទេ។ សកម្មភាព​អនុវត្ត ក្រៅ​មុខវិជ្ជាសិក្សា របស់សិស្សសាលា អាចធ្វើទៅបាន​ តែត្រូវធ្វើនៅហាលវាល ក្រៅ​​អាគារសាលារៀន។

ដំណាក់កាលទី ២ គឺចាប់ពីថ្ងៃទី​ ១៥ធ្នូទៅ ការបិទខ្ទប់ប្រទេសទាំងស្រុង នឹងត្រូវដកចេញជាស្ថាពរ ក្នុងលក្ខខណ្ឌថា ពីនេះដល់ពេលនោះ ស្ថានការឆ្លងរាលដាល​កូវីដ​១៩ នឹងកាន់តែល្អប្រសើរឡើង។ នឹងលែងមានការបិទខ្ទប់ តែត្រូវជំនួសដោយ​ បំរាមគោលចរទូទាំងប្រទេស ពោលគឺហាមចេញដើរក្រៅផ្ទះ ចន្លោះពី​ម៉ោង​៩យប់ ដល់ម៉ោង​៧ព្រឹក​។ ចំណុចនេះ លោកម៉ាក្រុង បាន​បញ្ជាក់នឹងលើកលែង សម្រាប់ យប់ថ្ងៃ​បុណ្យណូអែល គឺថ្ងៃទី​២៤ធ្នូ និងថ្ងៃឆ្លងឆ្នាំ ៣១ធ្នូ ដើម្បីអនុញ្ញាតឲ្យមនុស្ស អាចធ្វើដំណើរទៅ និង​ត្រលប់មកពី​ជួបជុំមិត្តភក្តិក្រុមគ្រួសារវិញ។ ចាប់ពីថ្ងៃទី​១៥ធ្នូដែរ រោងកុន រោងល្ខោន  ក៏អាចចាប់ផ្តើមបើកទ្វារធ្វើអាជីវកម្មបានដែរ។ ចំណែកសិស្សសាលាវិញ អាចធ្វើសកម្មភាព​អនុវត្តផ្សេងៗ នៅក្នុងអាគារសាលារៀនបាន។

ចំណែកដំណាក់កាលចុងក្រោយ គឺ​ចាប់ពីថ្ងៃទី​២០មករា ឆ្នាំក្រោយទៅ ភោជនីយដ្ឋាន នឹងអាចចាប់​ផ្តើមបើកទ្វាធ្វើអាជីវកម្មវិញបាន ដោយត្រូវគោរពលក្ខខណ្ឌអនាម័យ រក្សាគំលាត។ ផ្ទុយទៅវិញ បារ ហាងកាហ្វេ និងរង្គសាល និងក្លឹបហាត់ប្រាណ គឺលោកម៉ាក្រុងមិនបានបញ្ជាក់ថា នឹងអាចបើកអាជីវកម្ម​បាននៅពេលណានោះទេ។

រដ្ឋចំណាយ​ ១៦០០លានអឺរ៉ូក្នុងមួយខែ ដើម្បី​ជួយ​អាជីវកម្មដែលជាប់បំរាមត្រូវបិទទ្វារ

ខាងសមា​គម តំណាងមុខរបរ​ភោជនីយដ្ឋាន ហាងបារ ហាងកាហ្វេ បានសម្តែងការខឹងសម្បារខ្លាំងណាស់ ទៅនឹងការសម្រេចរបស់​លោកម៉ាក្រុង ដែលពួកគេចាត់ទុកថា វាអយុត្តិធម៌។ ពួកគេអះអាងថា គឺមិនត្រូវការចង់បាន​ប្រាក់ចំនួយ​បន្តិចបន្តួច​ពីរដ្ឋនោះទេ តែគេចង់បើកធ្វើការ រកស៊ីធម្មតាវិញ ឲ្យ​បានឆាប់ ព្រោះថាពួកគេខាងច្រើនណាស់។ ណាថ្លៃឈ្នួលទីតាំង ណាប្រាក់ចំណាយ​លើបុគ្គលិក មានហាងច្រើនណាស់ ដែល​បានសម្រេចបិទទ្វារឈប់រកស៊ី។

ដើម្បីជាការ​ជួយ​ដល់ម្ចាស់អាជីវកម្មដែលខាតបង់ ដោយសារតែត្រូវបន្តបិទទ្វារទៀតនេះ លោក​ម៉ាក្រុងអះអាងថា រដ្ឋនឹងជួយថវិកា។ ម្ចាស់អាជីវកម្ម មានជំរើស២ ទីមួយ សុំប្រាក់ជំនួយ ក្នុងកម្រិត២០% ដោយ​ប្រៀបធៀបទៅ​ប្រាក់ចំណូលប្រចាំខែ ក្នុងឆ្នាំ​២០១៩ តែដំបូលខ្ពស់បំផុតគឺ មិនឲ្យ​លើសពី​១សែនអឺរ៉ូ​ទេ។ ជំរើសទី២ គឺអាច​ស្នើសុំជំនួយទឹកប្រាក់ ចំនួន​១ម៉ឺនអឺរ៉ូ ក្នុងមួយខែ ក្នុងករណី​ដែល​គិតទៅ វាបានច្រើនជាង២០%នៃចំណូលប្រចាំខែ។ យោងតាមលោក​រដ្ឋមន្រ្តី សេដ្ឋកិច្ចបារាំង តាមស្មាន​វិធានការ​នេះ គឺរដ្ឋអាចត្រូវចំណាយ​ប្រមាណ​ ១៦០០លានអឺរ៉ូ ជារៀងរាល់ខែ ដើម្បីជួយ​ទប់​អាជីវកម្ម​ភោជនីយដ្ឋាន ដែលបន្តបិទទ្វារ។ តែយ៉ាងណាក៏ដោយ សមាគមតំណាងអាជីវកម្ម​ភោជនីយដ្ឋានបារាំង បានលើកការព្រួយបារម្ភថា នៅមិនគ្រប់គ្រាន់ទេ ហើយ​ម្យ៉ាងវិញទៀត ក៏មិនប្រាកដថា ឲ្យ​ដាក់ពាក្យសុំទៅ បានប្រាក់ភ្លាមដែរ ព្រោះថាអាចមានលក្ខខណ្ឌ តម្រូវ និង​ស្មុគស្មាញច្រើនណាស់។

លោកម៉ាក្រុង បាន​លើកឡើងថា រដ្ឋាភិបាល​យល់ពីការលំបាក​នេះ តែ​រដ្ឋាភិបាលសម្រេចនេះ គឺដើម្បីការពារសុខ​ភាព​​ប្រជាជន ​ជាទូទៅ។ វាជាអាទិភាពធំ។ រដ្ឋាភិបាល​បានផ្អែកលើអនុសាសន៍ របស់អ្នកជំនាញ​ ដែលអះអាងថា ទីទាំងបិទជិត ដែលមានមនុស្ស​ច្រើន ហើយ​មិនពាក់ម៉ាស ដូចជាភោជនីដ្ឋាន ហាងកាហ្វេ ជាដើមនេះ គឺអាចជា​ជង្រុក​ប្រមូលផ្តុំ នៃការឆ្លងរាលដាល។ ដូច្នេះមិនត្រូវប្រហែល បើកភ្លាមនាពេលនេះទេ ដរាបណាមិនទាន់មានវ៉ាក់សាំង ចាក់ឲ្យ​បានទូលំទូលាយ។

រដ្ឋមិនដាក់កំហិតបង្ខំ ឲ្យ​ប្រជាជនចាក់វ៉ាក់សាំង

ទាក់ទិននឹងយុទ្ធនាការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩នេះ លោក​ម៉ាក្រុង បានមានប្រសាសន៍ថា ចាប់ពីចុងខែ​ធ្នូ ឬដើមខែ​មករា វ៉ាក់សាំងអាចនឹងត្រូវគេ​ប្រគល់ មកដល់ដៃអាជ្ញាធរសុខាភិបាល​បារាំងហើយ។ តែលោកបានឆ្លៀតសង្កត់ធ្ងន់ថា អាចយកទៅប្រើបាន ល្គឹកណាបានឆ្លងកាត់ការពិនិត្យយ៉ាងល្អិតល្អន់ ពី​សំណាក់អាជ្ញាធរឱសថ​បារាំង មិនមែនឲ្យ​តែបានវ៉ាក់សាំង ក៏យកទៅចាក់ឲ្យ​ប្រជាជននោះទេ។

យុទ្ធសាស្ត្រ​ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩នេះ លោកម៉ាក្រុងអះអាងថា គឺបារាំងផ្អែកលើវ៉ាក់សាំងច្រើនមុខ ដែលអាចត្រូវផលិតចេញបានជាស្ថាពរ ដោយសហគ្រាសផលិតឱសថផ្សេងៗគ្នា។ សម្រាប់ដំណាក់កាលដំបូង គឺ​ គេនឹងចាប់ផ្តើមចាក់ទៅលើ​ក្រុមមនុស្ស ដែលងាយរងគ្រោះ ដែលប្រឈមនឹងការឆ្លងកូវីដ​១៩ខ្លាំងជាងគេ ដូចជាក្រុមគ្រូពេទ្យ អ្នកធ្វើការបើកឡានពេទ្យ និងមនុស្សចាស់ជរាជាដើម។ បន្ទាប់មកទៀត ពេលបានវ៉ាក់សាំងច្រើន គឺអាជ្ញាធរសុខាភិបាល និងបើកយុទ្ធនាការចាក់ ក្នុងទ្រង់ទ្រាយធំ។

ចំណែកចំណុច ថា តើប្រជាជន​ត្រូវតែមានកាតព្វកិច្ចចាក់វ៉ាក់សាំងកូវីដ១៩នេះដែរ ឬទេ គឺលោកម៉ាក្រុង​បានបញ្ជាក់ជំហរថា លោក​មិនចង់​ដាក់កំហិតទៅលើប្រជាជន​ទេ។ ដូច្នេះ ចង់ចាក់ឬមិនចាក់ គឺវាជាការសម្រេចរបស់​ប្រជាជនម្នាក់ៗ។ ត្រង់ចំណុចនេះ បានធ្វើឲ្យ​មានការខ្វែងគំនិតគ្នា ឬការរិះគន់ផងដែរ ព្រោះថាអ្នកខ្លះយល់ថា បើមិនដាក់កំហិតទេ គឺមិនមានមនុស្សច្រើនឡើយ​ដែលចង់ចាក់វានោះ ព្រោះថាវ៉ាក់សាំងនេះធ្វើរហ័សពេក។ យោងតាម​ការស្ទាបស្ទង់មតិ មានប្រជាជនបារាំងតែ​ប្រមាណ​២០%ទេ ដែលថាចង់ចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យ​បានឆាប់។ ដូច្នេះ​ បើមានមនុស្ស​តិចពេក​ចាក់វ៉ាក់សាំង គឺវាមិនមានប្រយោជន៍ទេ ព្រោះថាមេរោគនៅតែអាចចរាចរ ឆ្លងច្រើនដដែល។ មតិអ្នករិះគន់ បានអំពាវនាវឲ្យ​រដ្ឋាភិបាល ​គិតពិចារណាឡើងវិញ អំពីចំណុចនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI