ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហរដ្ឋអាមេរិក៖លោកដូណាល់ ត្រាំបានសម្រេចលើកលែងទោសឲ្យលោកម៉ៃឃ័ល ហ្វ្លីន

សំឡេង ០៦:១៨
ប្រធានាធិបតី​អាមេរិក​លោកដូណាល់ ត្រាំបានសម្រេចលើកលែងទោសឲ្យលោកម៉ៃឃ័ល ហ្វ្លីន។
ប្រធានាធិបតី​អាមេរិក​លោកដូណាល់ ត្រាំបានសម្រេចលើកលែងទោសឲ្យលោកម៉ៃឃ័ល ហ្វ្លីន។ AFP - JIM WATSON
៣៤ នាទី

នៅ​សហរដ្ឋអាមេរិក ប្រធានាធិបតី​ផុតអាណត្តិ​លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​លើកលែង​ទោស​ឲ្យ​អតីត​ទីប្រឹក្សាសន្តិសុខជាតិ​លោក​ម៉ៃឃ័ល ហ្វ្លីន​នា​ថ្ងៃ​ពុធ ទី២៥ វិច្ឆិកា។ លោក​ហ្វ្លីន​ជា​មនុស្សជំនិត​ម្នាក់​របស់​លោក​ត្រាំ​ដែល​បាន​ជាប់ចោទ​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​នា​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ២០១៦។ ក្រុម​អ្នកប្រជាធិបតេយ្យ​បាន​បរិហារ​លើ​ទង្វើ​លើកលែងទោស​របស់​លោក​ត្រាំ​ចំពោះ​លោក​ហ្ល្វីន និង​ថា អ្វី​ដែល​លោក​ត្រាំ​បាន​ធ្វើ​នេះ​ជា​ការ​រំលោភអំណាច​ដែល​នឹង​ធ្វើ​ឲ្យ​នីតិរដ្ឋ​ចុះ​ខ្សោយ។

ផ្សាយពាណិជ្ជកម្ម

រឿងរ៉ាវ​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក​ម៉ៃឃ័ល ហ្ល្វីន​បាន​កើត​ឡើង​នៅ​ក្នុង​សម័យឃោសនាបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ក្នុង​ឆ្នាំ ២០១៦ ដែល​លោក​ដូណាល់ ត្រាំ​មក​ពី​គណបក្សសាធារណរដ្ឋ​ប្រកួតប្រជែង​ទល់​នឹង​លោកស្រី​ហ៊ីឡារី គ្លីនតុន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។ តាំង​ពី​នៅ​ក្នុង​សម័យឃោសនា​បោះឆ្នោត​រហូត​ដល់​ការ​ជាប់​ឆ្នោត​របស់​លោក​ដូណាល់ ត្រាំ​ក្នុង​ថ្ងៃទី៨ វិច្ឆិកា ឆ្នាំ ២០១៦ ប្រទេស​រុស្ស៊ី​បាន​ជាប់សង្ស័យ​ពី​បទ​បាន​លូកដៃ​ចូល​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។ នៅ​ក្រោយ​ការ​ជាប់ឆ្នោត និង​ការ​ឡើង​កាន់​តំណែង​របស់​លោក​ត្រាំ​ក្នុង​ថ្ងៃទី២០ មករា ឆ្នាំ ២០១៧ ការ​ស៊ើបអង្កេត​លើ​រឿងរ៉ាវ​លូកដៃ​របស់​រុស្ស៊ី​នេះ​បាន​បន្ត​មាន​ជា​ហូរហែ និង​ក៏​បាន​លេច​ឡើង​នូវ​ព័ត៌មាន​ថ្មីៗ​ជា​ច្រើន។

មាន​មនុស្ស​ជំនិត​របស់​លោក​ត្រាំ​ជា​ច្រើន​នាក់​នៃ​ក្រុម​ការងារ​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត​បាន​ជាប់​សង្ស័យ​ពី​បទ​បាន​ឃុបឃិត​ជាមួយ​រុស្ស៊ី ក្នុង​នោះ​ក៏​មាន​រូប​លោក​ម៉ៃឃ័ល ហ្ល្វីន​ដែល​ជា​អតីត​ឧត្តមសេនីយ​ម្នាក់។ លោក​ហ្វ្លីន​ជាប់​សង្ស័យ​ពី​បទ​បាន​ជួប​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៦។ បន្ទាប់​ពី​ត្រូវ​លោក​ត្រាំ​តែងតាំង​ជា​ទីប្រឹក្សាសន្តិសុខជាតិ លោក​ហ្ល្វីន​ត្រូវ​បាន FBI ហៅ​ទៅ​សួរ​ក្នុង​ថ្ងៃទី២៤ មករា ឆ្នាំ ២០១៧ ពោល​ក្រោយ​ការ​ចូល​កាន់​តំណែង​របស់​លោក​ត្រាំ​បាន ៤ថ្ងៃ។ កាល​ណោះ លោក​ហ្ល្វីន​បាន​ច្រាន​ចោល​លើ​ការ​ចោទ​ប្រកាន់​លើ​លោក និង​ថា លោក​មិន​បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៦ ទេ។

បន្ទាប់​មក លោក​ហ្ល្វីន​ក៏​បាន​សុំ​លា​ចុះ​ពី​តំណែង​ទីប្រឹក្សា​សន្តិសុខជាតិ​ដែល​លោក​បាន​កាន់​មិន​ដល់ ១ខែ​ផង។ បន្ទាប់​មក​ទៀត​ក្នុង​ថ្ងៃទី១ ធ្នូ ឆ្នាំ ២០១៧ លោក​ហ្ល្វីន​បែរ​ជា​បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​រដ្ឋអាជ្ញាពិសេស​លោក Robert Muller ថា លោក​បាន​និយាយ​កុហក FBI ព្រោះ​លោក​ពិត​ជា​បាន​ជួប​និយាយ​ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​មែន។ ជាមួយ​នឹង​សម្តី​សារភាព​នេះ លោក​ហ្ល្វីន​ក៏​បាន​សន្យា​សហការ​ជាមួយ​នឹង​ក្រុម​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេស​លោក Muller ឲ្យ​បាន​ពេញលេញ។ តែ​ទន្ទឹម​គ្នា​នេះ លោក​ហ្ល្វីន​ក៏​បាន​ទាមទារ​ឲ្យ​មាន​លុបចោល​នីតិវិធី​ប្តឹងផ្តល់​ប្រឆាំង​លោក​ដែរ។

សេតវិមាន​ថា លោក​ម៉ៃឃ័ល ហ្ល្វីន​ជា​ជនរងគ្រោះ

រឿងរ៉ាវ​ជុំ​វិញ​ការ​លូកដៃ​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​អាមេរិក​ឆ្នាំ ២០១៦ បាន​បង្ក​ឲ្យ​មាន​បរិយាស​អាប់អួរ​ខ្លាំង​នៅ​ក្នុង​អាណត្តិ ២ឆ្នាំ​ដំបូង​របស់​លោក​ដូណាល់ ត្រាំ។ រឿង​រ៉ាវ​មួយ​នេះ​បាន​បង្ខំ​ឲ្យ​ឥស្សរជន​ខ្លះ​ចុះ​ចេញ​ពី​តំណែង ដូច​ករណី​លោក​ម៉ៃឃ័ល ហ្ល្វីន និង​អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​លោក​ត្រាំ​ដក​ចេញ​ពី​តំណែង​ដូច​ករណី​នាយក FBI លោក  James Comey ឬ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ជា​ដើម។ តែ​នៅ​ទីបំផុត ការ​ស៊ើបអង្កេត​មិន​បាន​បង្ហាញ​ពី​ការ​លូកដៃ​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦ ទេ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី មាន​មនុស្ស​ជំនិត​មួយ​ចំនួន​របស់​លោក​ត្រាំ​បាន​ជាប់ចោទ​ពី​បទ​និយាយ​កុហក ដូច​ករណី​លោក​ហ្ល្វីន។

ក្នុង​នាម​ជា​ប្រធានាធិបតី លោក​ត្រាំ​មាន​សិទ្ធិ​លើកលែង​ទោស​ឲ្យ​នរណា​ក៏​បាន។ តែ​ការ​ដែល​លោក​ត្រាំ​បាន​សម្រេច​លើកលែង​ទោស​ឲ្យ​លោក​ហ្ល្វីន​ធ្វើ​ឡើង ក្រោយ​ពី​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​លោក Bill Barr បាន​សម្រេច​ក្នុង​ខែ​ឧសភា​កន្លង​ទៅ​ពី​ការ​បញ្ឈប់​មិន​ឲ្យ​បន្ត​ការ​ប្តឹងផ្តល់​ប្រឆាំង​លោក​ម៉ៃឃ័រ ហ្ល្វីន។ នៅ​ក្នុង​សារ​លើកលែង​ទោស​លោក​ហ្ល្វីន​ដែល​លោក​ត្រាំ​បាន​សរសេរ​លើ​ទំព័រ Twitter លោក​ត្រាំ​មិន​បាន​បញ្ជាក់​មូលហេតុ​អ្វី​ទេ។ តែ​អ្នកនាំពាក្យ​សេតវិមាន​លោកស្រី​ Kayleigh McEnany បាន​ពន្យល់​ហេតុផល​ដោយ​ប្រដូច​លោក​ហ្ល្វីន​ជា​ជនរងគ្រោះ​ម្នាក់​ពី​ការ​ប៉ុនប៉ង​សម្របសម្រួល​ដើម្បី​ផ្តួល​រំលំ​ការ​បោះឆ្នោត​អាមេរិក​ឆ្នាំ ២០១៦ ដោយ​ប្តូរ​ពី​ការ​ឈ្នះ​របស់​លោក​ត្រាំ​ទៅ​ជា​ការ​ឈ្នះ​របស់​លោកស្រី​ហ៊ីឡារី គ្លីនតុន​វិញ។

គណបក្សប្រជាធិបតេយ្យ​បរិហារ​ពី​ការ​រំលោភ​អំណាច​របស់​លោក​ដូណាល់ ត្រាំ

អ្វី​ជា​ការ​កត់សម្គាល់ ទង្វើ​របស់​លោក​ត្រាំ​នេះ​បាន​កើត​មាន​ឡើង​ជិត ២ខែ មុន​នឹង​លោក​ត្រាំ​ផ្ទេរអំណាច​ទៅ​ឲ្យ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ចូ បៃដិន​នៅ​ថ្ងៃទី២០ មករា ឆ្នាំ ២០២១។ លោក​បៃដិន​នៅ​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ចំពោះ​ការ​សម្រេច​របស់​លោក​ត្រាំ ហើយ​គេ​មិន​ដឹង​ថា​តើ​លោក​បៃដិន​បញ្ចេញ​ប្រតិកម្ម ឬ​អត់​ដែរ។ តែ​មាន​ប្រតិកម្ម​ច្រើន​ពី​គណបក្សប្រជាធិបតេយ្យ​របស់​លោក​បៃដិន។ « ដូណាល់ ត្រាំ​តែង​រំលោភ​អំណាច​របស់​ខ្លួន​ដើម្បី​ផ្តល់​ជា​រង្វាន់​ដល់​មិត្តភក្តិ និង​ក្រុម​មនុស្ស​ដែល​ការពារ​គាត់ » នេះ​ជា​ការ​ថ្លែង​របស់​លោក Adam Schiff តំណាងរាស្រ្ត​បក្ស​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​គណៈកម្មការ​ស៊ើបសួរ​នៅ​ក្នុង​សភា។ លោក Adam បាន​បន្ថែម​ថា លោក​មិន​ភ្ញាក់ផ្អើល​នឹង​ទង្វើ​របស់​លោក​ត្រាំ​ទេ ព្រោះ​គាត់​តែង​ធ្វើ​ដូច​នេះ​តាំង​ពី​គាត់​ចូល​កាន់​តំណែង​រហូត​ដល់​គាត់​ជិត​ចេញ​ពី​តំណែង។

« ការ​លើកលែង​ទោស​លោក​ម៉ៃឃ័ល ហ្ល្វីង គឺ​មិន​សមហេតុផល និង​ជា​ស្នាមប្រឡាក់​មួយ​ទៀត​នៃ​តុល្យការ​ដឹកនាំ​របស់​លោក​ត្រាំ » នេះ​ជា​ប្រតិកម្ម​របស់​លោក Jerry Nadler តំណាងរាស្រ្ត​បក្ស​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​គណៈកម្មការ​ច្បាប់​នៅ​ក្នុង​សភា។ លោក Nadler បាន​បរិហារ​ពី​ការ​រំលោភ​អំណាច​របស់​លោក​ត្រាំ និង​បន្ថែម​ថា ការ​ដែល​លោក​ត្រាំ​បាន​លើកលែង​ទោស​ឲ្យ​លោក​ហ្ល្វីន​មក​ពី​លោក​ត្រាំ​ចង់​រារាំង​លោក​ហ្ល្វីន​កុំ​ឲ្យ​សហការ​ជាមួយ​ក្រុម​អ្នក​ស៊ើបអង្កេត​ដូច​ដែល​លោក​ហ្ល្វីន​បាន​សន្យា។ គេ​អាច​និយាយ​បាន​ថា ជាមួយ​នឹង​ការ​សម្រេច​របស់​តុលាការ​ក្នុង​ការ​បញ្ឈប់​មិន​ឲ្យ​បន្ត​ការ​ប្តឹងផ្តល់​ប្រឆាំង​លោក​ម៉ៃឃ័រ ហ្ល្វីន និង​ការ​លើកលែង​ទោស​លោក​ហ្ល្វីន​ទាំង​ស្រុង​ពី​លោក​ត្រាំ​ពេល​នេះ, ទំព័រ​សំណុំរឿង​របស់​លោក​ម៉ៃឃ័ល ហ្ល្វីន​ត្រូវ​បាន​បិទ​ទាំង​ស្រុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI