អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីរ៉ង់ចោទអ៊ីស្រាអែល និងអាមេរិក ថាបានធ្វើ​ឃាត​មន្ត្រី​ទទួល​បន្ទុក​​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់

សំឡេង ០៦:២៣
ទីតាំងកើតហេតុភេរវកម្ម ដែល​បានសម្លាប់ លោក ម៉ូសេន ហ្វាករីហ្សាដេះ (Mohsen Fakhrizadeh) នៅជាយទីក្រុងតេអេរ៉ង់ ថ្ងៃទី ២៧ វិច្ឆិកា ២០២០
ទីតាំងកើតហេតុភេរវកម្ម ដែល​បានសម្លាប់ លោក ម៉ូសេន ហ្វាករីហ្សាដេះ (Mohsen Fakhrizadeh) នៅជាយទីក្រុងតេអេរ៉ង់ ថ្ងៃទី ២៧ វិច្ឆិកា ២០២០ VIA REUTERS - WANA NEWS AGENCY
ដោយ៖ ម៉ម ពិសី
៣១ នាទី

កាលពីថ្ងៃសុក្រទី២៧វិច្ឆិកា មន្ត្រីទទួលបន្ទុក​កម្មវិធីនុយ​ក្លេអ៊ែរអ៊ីរ៉ង់ ដ៏សំខាន់​ម្នាក់ ឈ្មោះ ម៉ូសេន ហ្វាករីហ្សាដេះ (Mohsen Fakhrizadeh) ត្រូវបាន​គេ​សម្លាប់​ នៅក្នុងហេតុការណ៍ភេរវកម្ម​​មួយ​ នៅរដ្ឋធានីតេអេរ៉ង់។ ប្រធានាធិបតីអ៊ីរ៉ង់ បាន​អះអាងថា អ្នកដែលបាន​បញ្ជាឲ្យ​សម្លាប់​មនុស្ស ​ដ៏សំខាន់របស់​អ៊ីរ៉ង់នេះ គឺអ៊ីស្រាអែល ដែលជា​ឃាតករស៊ីឈ្នួល របស់សហរដ្ឋអាេមរិក។ ប្រមុខដឹកនាំអ៊ីរ៉ង់ បានប្រកាសថា នឹងសងសឹងវិញឲ្យ​ចាស់ដៃ។

ផ្សាយពាណិជ្ជកម្ម

បិតានុយក្លេអ៊ែរអ៊ីរ៉ង់

លោក ម៉ូសេន ហ្វាករីហ្សាដេះ (Mohsen Fakhrizadeh) បានរងរបួសធ្ងន់ និងបន្ទាប់មកបានស្លាប់ បន្ទាប់ពីបានរងការវាយប្រហារភេរវកម្ម រថយន្តបំផ្ទុះគ្រាប់បែក​ និងមានការបាញ់តបតគ្នាផង រវាងក្រុមអង្គរក្សរបស់​លោក និងក្រុមភេរវកម្ម កាលពីថ្ងៃសុក្រ ទី​២៧វិច្ឆិកា។ នេះបើផ្អែក តាមការផ្សព្វផ្សាយ របស់ក្រសួង​ការពារជាតិ​អ៊ីរ៉ង់។

លោក ម៉ូសេន ហ្វាករីហ្សាដេះ អាយុ៥៩ឆ្នាំ មានតួនាទី ជាប្រធាននាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃក្រសួងការពារជាតិអ៊ីរ៉ង់។ លោក អាមៀរ ហាតាមី រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ បាន​បញ្ជាក់​​​ថា លោក ម៉ូសេន ហ្វាករីហ្សាដេះ គឺជាអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ ដ៏មាន​សមត្ថភាព នឹងបានដើរតួនាទី​យ៉ាង​សំខាន់ នៅក្នុង​ការប្រឹងប្រែងស្រាវជ្រាវ អភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

យ៉ាងណាមិញ លោកណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ ធ្លាប់បាន​ហៅ​លោក ម៉ូសេន ហ្វាករីហ្សាដេះនេះ ថា « ជាបិតាគ្រាប់បែកនុយក្លេអ៊ែរអ៊ីរ៉ង់ »។ ចំណែក ក្រសួងការបរទេសអាមេរិកវិញ ធ្លាប់បាន​ឲ្យ​ដឹងនៅឆ្នាំ​២០០៨ ថា មន្ត្រីអ៊ីរ៉ង់រូបនេះ បានធ្វើសកម្មភាពជួញដូរដោយសំងាត់ ដើម្បី​អភិវឌ្ឍន៍ផែនការផលិតគ្រាប់បរមាណូ និងមីស៊ីលនុយក្លេអ៊ែរអ៊ីរ៉ង់។ ដូច្នេះលោក ម៉ូសេន ហ្វាករីហ្សាដេះ មិនមែនជាមន្ត្រីធម្មតាទេ តែគឺជាមនុស្សម្នាក់ដ៏សំខាន់ ដើរតួនាទីធំ​ ក្នុងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។

"អ៊ីស្រាអែល ជាឃាតករស៊ីឈ្នួលរបស់អាមេរិក!"

កាលពីថ្ងៃសុក្រ ភ្លាមៗក្រោយ​ដំណឹងថា លោក​ម៉ូសេន ហ្វាករីហ្សាដេះ បានស្លាប់​ក្នុងហេតុការណ៍​ភេរវកម្ម លោក ចាវ៉ាត់ ហ្សារីហ្វ ប្រមុខការទូតអ៊ីរ៉ង់ បានសរសើរលើទំព័រ Twitter ថា​ គេមានដាន ភស្តុតាងមួយចំនួន ដែលអាចបញ្ជាក់បាន ថា​គឺក្រុមចារកិច្ចសម្ងាត់របស់អ៊ីស្រាអែល ដែលជាអ្នកធ្វើ​សកម្មភាពនេះ។

លោក ហាសាន់ រូហានី ប្រធានាធិបតីអ៊ីរ៉ង់ បានចេញលិខិតប្រកាសមួយ ដោយ​ចោទ ដោយចំៗតែម្តង ថា អ៊ីស្រាអែលគឺជាឃាតករ។ បន្ទាប់មក នៅ​តាមកញ្ចក់ទូរទស្សន៍ផ្សាយផ្ទាល់ លោករូហានី បានប្រើភាសាចោទធ្ងន់ៗ ថា​អ៊ីស្រាអែល គឺជាឃាតករស៊ីឈ្នួលរបស់អាេមរិក​ ដែលប្រទេសទាំង២នេះ មានបាតដៃប្រឡាក់ឈាមដូចគ្នា នៅក្នុងអំពើ​ឃាតកម្មនេះ។ លោករូហានី អះអាងថា សត្រូវរបស់អ៊ីរ៉ង់ កំពុងតែជ្រួលច្រប់ នៅមិនសុខ ចង់ឆក់ឱកាសខ្លួន ដែលនៅសល់តែប៉ុន្មានសប្តាហ៍ទៀត ដើម្បីធ្វើសកម្មភាព បង្កចលាចលនៅអ៊ីរ៉ង់។

សំដីនេះ គឺលោកហាសាន់ រូហានី បានសំដៅ​ទៅលើលោកដូណាល់ ត្រាំ ដែលជាមិត្តស្និទ​​ស្នាលបំផុត​ជាមួយ​អ៊ីស្រាអែល។ ដូចយើងដឹងហើយ ថា លោកដូណាល់ ត្រាំ មានទំនោរ ស្អប់អ៊ីរ៉ង់ និងរករឿងអ៊ីរ៉ង់ខ្លាំងក្លាណាស់។ គឺលោកដូណាល់ ត្រាំ ដែលបាន​ដកខ្លួនអាមេរិក ចេញពី​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងបាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចមកលើអ៊ីរ៉ង់ យ៉ាងពេញទំហឹង។ រដ្ឋាភិបាល​លោកដូណាល់ ត្រាំ ក៏ធ្លាប់បានបញ្ជាឲ្យ​សម្លាប់​មេទ័ពអ៊ីរ៉ង់ម្នាក់ដ៏សំខាន់ដែរ គឺលោក ហាសាន់ សូឡីម៉ានី កាលពីឆ្នាំ​២០១៩។

ហើយ​ប៉ុន្មានថ្ងៃមុននេះ ក្រោយ​ចាញ់ឆ្នោត លោកដូណាល់ ត្រាំ ថែម​ទាំងមានបំណង​ ចង់ឲ្យ​កងទ័ពអាមេរិក វាយកំទេច​ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ថែមទៀតផង។ តែ​បំណងនេះ ត្រូវបាន​ក្រសួងការពារជាតិអាមេរិកបដិសេធ ហើយ​ដែលធ្វើឲ្យ​លោក​រដ្ឋមន្ត្រី Mark Esper ត្រូវលោកដូណាល់ ត្រាំ ដកចេញពីតំណែង។

ហេតុផលទាំងនេះហើយ ដែលធ្វើឲ្យ​អ៊ីរ៉ង់គិតថា លោកដូណាល់ ត្រាំ កំពុង​តែឆ្លេឆ្លា អន្ទះអន្ទែង​ ចង់ធ្វើបាបអ៊ីរ៉ង់ឲ្យអស់ចិត្ត មុននឹងគាត់អស់អំណាច។ បើតាមការវិភាគរបស់អ្នកជំនាញ គឺថា លោកដូណាល់ ត្រាំ មានបំណងធ្វើរឿងឲ្យស្មុគស្មាញ បង្ករជម្លោះឲ្យ​ខ្លាំងរវាងអាមេរិក និងអ៊ីរ៉ង់ ដើម្បីធ្វើឲ្យ​រដ្ឋាភិបាល​របស់​លោកចូ បៃដិន ត្រូវឈឺក្បាលដោះស្រាយ។

"ឈាមសងដោយឈាម"

លោកមគុទេសន៍សាសនាកំពូលរបស់អ៊ីរ៉ង់ អាយ៉ាតូឡា អាលីខាមឺណី បានប្រកាសនៅថ្ងៃនេះថា អ៊ីរ៉ង់ត្រូវតែសងសឹក ចំពោះអំពើនេះ។ បណ្តាញផ្សព្វផ្សាយ​ព័ត៌មានអ៊ីរ៉ង់ បានចុះផ្សាយ​ព្រោងព្រាតថា អ៊ីស្រាអែល និងអាមេរិក ត្រូវត្រៀមខ្លួនឲ្យ​ហើយទៅ!

គួរកត់សំគាល់ថា រដ្ឋអំណាចអ៊ីរ៉ង់ មិនមែនជាអ្នកចូលចិត្តបាក់មុខឡើយ។ បើមេដឹកនាំអ៊ីរ៉ង់ហ៊ាន​និយាយថាសងសឹក គឺប្រាកដជាមានការសងសឹក ក្នុងរូបភាពណា យើងមិនអាចដឹងបានទេ សម្រាប់ពេលនេះ។ តែកុំភ្លេចថា អ៊ីរ៉ង់មានកូនចៅច្រើនគួរសម នៅក្នុងតំបន់ដើមបូព៌ា តួយ៉ាង ដូចជា​ក្រុម​ហេសបូឡាលីបង់ ដែលត្រៀមចាំតែធ្វើសកម្មភាព បើសិនជាមានការបញ្ជាពី​តេអេរ៉ង់។ 

យ៉ាងណាមិញ ការគំរាមនេះ គឺអ៊ីស្រាអែល មិនព្រងើយលេងសើចឡើយ។ នៅថ្ងៃសៅរ៍នេះ យោងតាមការផ្សាយរបស់​បណ្តាញព័ត៌មានអ៊ីស្រាអែល បានឲ្យ​ដឹងថា ក្រសួងការបរទេសអ៊ីស្រាអែល បាន​ដាក់ស្ថានទូតខ្លួននៅបរទេស ឲ្យ​ស្ថិតក្នុង​ការ​ប្រកាសអាសន្ន ដោយ​ត្រូវ​យាមសន្តិសុខឲ្យ​ម៉ដ្ឋចត់បំផុត ក្រែងមាន​អំពើភេរវកម្មណាមួយ។

តែយ៉ាងណា ខណៈដែលកាសែត​អភិរក្សនិយម​អ៊ីរ៉ង់ សរសេរអំពាវនាវ ឲ្យ​សងសឹក "ឈាមសងដោយឈាម"នេះ មានកាសែតអ៊ីរ៉ង់មួយ​ឈ្មោះ Arman-e Melli បានលើកវិភាគថា តើអ៊ីរ៉ង់គួរសងសឹងឬមិនគួរ។ កាសែតនេះ សរសេរថា អ៊ីរ៉ង់ត្រូវតែប្រយ័ត្ន ព្រោះថាបើធ្វើកាន់តែខ្លាំង គឺប្រៀបដូចជានុយទាក់បញ្ហាមកដាក់ខ្លួនទៅវិញទេ។ អ៊ីរ៉ង់ អាចនឹងជាប់អន្ទាក់អ៊ីស្រាអែល និងអាមេរិក។ សត្រូវអ៊ីរ៉ង់ទាំង២នាក់នេះ នឹងយកលេស ហើយព្រួតគ្នាធ្វើបាបអ៊ីរ៉ង់កាន់តែខ្លាំង ហើយរបបដឹកនាំអ៊ីរ៉ង់សព្វថ្ងៃទៅវិញទេ ដែលអាចនឹងរងគ្រោះថ្នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ