ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយករដ្ឋមន្រ្តី​អេត្យូពី អះអាង ថា បាន​វាយដណ្តើម​បាន​រដ្ឋធានី​របស់​ពួកទឧ្ទាម​ទីហ្រ្កេ

សំឡេង ០៧:០៧
ប្រជាជន​ទីហ្រ្កេ នៅអេត្យូពី រត់ភៀសខ្លួន​ពី​ការប្រយុទ្ធគ្នា​រវាង​ទ័ព​រដ្ឋាភិបាល​អេត្យូពី និង​ក្រុមទាហាន​ទីហ្រ្កេ នៅ​ព្រំដែន​អេត្យូពី​និង​ស៊ូដង់
ប្រជាជន​ទីហ្រ្កេ នៅអេត្យូពី រត់ភៀសខ្លួន​ពី​ការប្រយុទ្ធគ្នា​រវាង​ទ័ព​រដ្ឋាភិបាល​អេត្យូពី និង​ក្រុមទាហាន​ទីហ្រ្កេ នៅ​ព្រំដែន​អេត្យូពី​និង​ស៊ូដង់ AP - Nariman El-Mofty

បីសប្តាហ៍​ក្រោយ បើកការវាយប្រហារ​ទៅលើ​ក្រុមរំដោះ តំបន់​ទីហ្រ្កេ  (ទីហ្រ្កេ) នាយករដ្ឋមន្រ្តី អេត្យូពី លោក​អាប៊ី អាមេដ បាន​ប្រកាស​កាលពី​យប់​ថ្ងៃសៅរ៍ម្សិលមិញ ថា កងទ័ព​រដ្ឋាភិបាល​វាយដណ្តើម ចូលកាន់កាប់​រដ្ឋធានី​ម៉េកេឡេ របស់​ពួកក្រុមប្រឆាំង ទីហ្រ្កេ ។  នៅ​ថ្ងៃ​សៅរ៍​ដដែល មន្រ្តីទូត​អាមេរិក នៅ​ប្រទេស​អេរីត្រេ ដែល​នៅជាប់តំបន់​ទីហ្រ្កេ  បាន​បញ្ជាក់​ពី​ការបាញ់ផ្លោង ជាលើក​ទី៣ សំដៅ ព្រលានយន្តហោះ នៅ​ទីក្រុង អាស្មារ៉ា។ ដោយសារ​តែ តំបន់​ទីហ្រ្កេ  ត្រូវ​កាត់ផ្តាច់​ពីពិភពលោក​ទាំងស្រុង គ្មាន​ខ្សែទូរស័ព្ទ គ្មានអ៊ីនធ័រនែត និង​គ្មានអ្នកកាសែត ដោយសារ​ការហាមឃាត់​របស់​រដ្ឋាភិបាល​អេត្យូពី គេ​នៅតែ​មិនទាន់​ច្បាស់​ពី​ស្ថានការណ៍​ជាក់ស្តែង តុល្យការ​ជនរងគ្រោះ នៅក្នុង​សមរភូមិ​ប្រយុទ្ធ​រវាង​ភាគី​ជម្លោះទាំងពីរ។

ផ្សាយពាណិជ្ជកម្ម

២ថ្ងៃ​ក្រោយ បើក​ការវាយសង្រ្គប់​ទៅលើ​តំបន់ ទីហ្រ្កេ  របស់​ពួក​រណសិរ្ស ដើម្បី​រំដោះ​ប្រជាជន​ទីក្រ នាយករដ្ឋមន្រ្តី អេត្យូពី បាន​ប្រកាស​កាល​ពី​ថ្ងៃ​យប់​ថ្ងៃ​សៅរ៍ម្សិលមិញថា កងទ័ព​រដ្ឋាភិបាល បាន​វាយដណ្តើម​យក​បាន​រដ្ឋធានី សំខាន់​របស់​តំបន់​ទីហ្រ្កេ ​មក​កាន់កាប់។ ចំណែក​ប្រមុខកងទ័ព​អេត្យូពី​វិញ បាន​អះអាង​នៅទូរទស្សន៍ជាតិថា កងទ័ព​កំពុង តាមប្រមាញ់​ដេញ ទាហាន​ទីហ្រ្កេ ចេញពី​តំបន់។

ដោយសារ​ប្រព័ន្ធ​អ៊ីនធ័រនែត ទូរស័ព្ទ ត្រូវ​កាត់ផ្តាច់​នៅ​តំបន់​ទីហ្រ្កេ  ហើយ  អ្នកកាសែត​មិនត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​យក​ព័ត៌មាន​នៅក្នុង​សមរភូមិ ប្រយុទ្ធ​រវាង​កងទ័ព​អេត្យូពី និង​ក្រុមប្រដាប់អាវុធ ទៀតនោះ គេ​ពិបាក​នឹង​បញ្ជាក់ ថា តើ​រដ្ឋធានី របស់ ក្រុមប្រដាប់រំដោះ ទីហ្រ្កេ  ពិតជាធ្លាក់​ក្នុង​ដៃ​របស់​កងទ័ព​រដ្ឋាភិបាល មែន ឬ​ក៏យ៉ាងណា។ រហូតមកដល់​ពេលនេះ គឺ​មាន​តែ នាយករដ្ឋមន្រ្តី អេត្យូពី ដែល​បាន​អះអាង​ថា កងទ័ព​រដ្ឋាភិបាល វាយដណ្តើម​យក​បាន ទីក្រុង​សំខាន់​របស់​ពួកទីហ្រ្កេ ។

ម្យ៉ាងទៀត បើសិន​កងទ័ព​រដ្ឋាភិបាល​ពិត​ជា​វាយយក​បាន​ទីក្រុង​ទីហ្រ្កេ  ពិតមែន ក៏មិនមែន​មានន័យថា រដ្ឋាភិបាល ឈ្នះ​សង្រ្គាម​ទាំងស្រុង​លើ​ពួកទីហ្រ្កេ ​ដែរ។ ក្រុមទាហាន​ទីហ្រ្កេ  មាន​គ្នីគ្នា​ដល់​ទៅ ២សែននាក់ និង​មាន​ប្រវត្តិតស៊ូ ធ្វើ​សង្រ្គាម ជាង ៥០ឆ្នាំ នៅអេត្យូពី ដែល​ជាហេតុ​ធ្វើ​ឲ្យ​គេជឿថា ​ក្រុមទីហ្រ្កេ ​នេះ​អាច​ដកខ្លួន​នៅពេលនេះ និង​ត្រលប់​ចូលព្រៃ ដើម្បី បង្កើតជា​កម្លាំង ឧទ្ទាម សម្រាប់​វាយប្រហារ​រដ្ឋាភិបាល​ទៅថ្ងៃ​អនាគត។ មេដឹកនាំ​តំបន់​ទីហ្រ្កេ  ផ្ទាល់ ដែល​ជា​មេទ័ព​របស់​ក្រុមទាហាន​ទីហ្រ្កេ  បាន​អះអាង​ហើយ​ថា គេ​នឹង​ប្រយុទ្ធ​រហូត​ដល់​ថ្ងៃ​ស្លាប់។

កងទ័ព​រដ្ឋាភិបាល​របស់​លោក អាប៊ី អាម៉េដ បាន​វាយបណ្តេញ ក្រុមទាហាន​ទីហ្រ្កេ  និង​ចូល​កាន់កាប់​រដ្ឋធានី​របស់​តំបន់ទីហ្រ្កេ ។ ប៉ុន្តែ រឿងនេះ​មិន​ចប់​ត្រឹមនេះទេ។ ផ្ទុយទៅ​វិញ វា ជា​ចំណុច​ចាប់ផ្តើម​កើតឡើង​នៃ​សង្រ្គាម​ស៊ីវិល ព្រោះថា ពួករណសិរ្ស​រំដោះ ប្រជាជន​ទីហ្រ្កេ  ដែល​មាន​ប្រវត្តិ​ធ្វើ​សឹកសង្រ្គាម និង​ចូល​ដឹកនាំ​អេត្យូពី អស់ ៣០ឆ្នាំ នឹង​មិន​បណ្តោយ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​អាប៊ី អាម៉េដ យកឈ្នះ លើ​ក្រុមខ្លួន​ងាយៗ​នោះទេ។ សង្រ្គាម​ស៊ីវិល នៅ​អេត្យូពី នឹង​អាច​បាចសាច​ចូល​ទៅ​ដល់​ប្រទេស​ជិតខាង អេរីត្រេ មួយទៀត ដែល​តាមពិត ជា​សត្រូវសួពូជ​របស់​ពួកទាហាន​ទីហ្រ្កេ ។ គួររំលឹក​ថា អេត្យូពី នៅក្រោម​ការដឹកនាំ​របស់​ក្រុមទីហ្រ្កេ  បានធ្វើ​សង្រ្គាមបង្ហូរឈាម​ ជាមួយ ប្រទេស អេរីត្រេ រហូត​ដល់​ឆ្នាំ ២០១៨។ ជម្លោះតានតឹង​នៅតំបន់នេះ កំពុងតែធ្វើ​ឲ្យ​មានការព្រួយ​បារម្ភ​ខ្លាំង ពី​ស្ថិរភាព​ក្នុង​តំបន់​ស្នែង​អាហ្វ្រិក​ទាំងមូល​ ដែលជា​តំបន់ក្រីក្រ​បំផុត នៅទ្វីប​អាហ្វ្រិក។

លោកអាប៊ី អាម៉េដ ធ្វើសង្រ្គាម​ប្រឆាំង​ពួកទីហ្រ្កេ ដើម្បី​ទប់ស្កាត់ ចរន្ត​ទាមទារ​បំបែកទឹកដី​របស់​តំបន់ផ្សេង

នៅពេលទទួល​រង្វាន់​ណូបែល​សន្តិភាព នៅ​ប្រទេស​ស៊ុយអែត កាលពី​ឆ្នាំមុន លោកធ្លាប់​លើកឡើង​ពី​ភាពជូរចត់ ដោយសារ​សង្រ្គាម​ជាមួយ​ប្រទេស​អេរីត្រេ។ លោក​នៅបាន​លើកឡើង​ពីការ អត់ឱន ការស្រឡាញ់ និង​ផ្សះផ្សារ ដើម្បី​រស់នៅ​ជា​សហគមន៍។ ប៉ុន្តែ នៅមួយឆ្នាំ ក្រោយ លោក​អាប៊ី អាម៉េដ​ដដែល ដែល​ជា​ជ័យលាភីណូបែល សន្តិភាព បាន​ប្រកាស​ធ្វើសង្រ្គាម​ជាមួយ ពួកទាហាន​ទីហ្រ្កេ  អេត្យូពី គ្នា​ឯង ដើម្បី​ស្តារ​សណ្តាប់ធ្នាប់​សង្គម​ឡើងវិញ។

លោក​នាយករដ្ឋមន្រ្តី​អេត្យូពី អាប៊ី អាម៉េដ​បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព សម្រាប់ ការប្រឹងប្រែង​របស់លោក ក្នុងការចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ ប្រទេស​ជិតខាង គឺ អេរីត្រេ ដែល​បានធ្វើ​សង្រ្គាម​ជាមួយ អេត្យូពី ពី​ឆ្នាំ ១៩៩៨ ដល់​ឆ្នាំ ២០០០។ លោកអាប៊ី អាម៉េដ អាច​ចុះកិច្ចព្រមព្រៀង សន្តិភាព​ជាមួយអេរីត្រេ ព្រោះថា មិនមែន​រដ្ឋាភិបាល​របស់​លោកទេ​ដែល​ធ្វើ​សង្រ្គាម​ជាមួយ ប្រទេស​អេរីត្រេ ប៉ុន្តែ​គឺ​ក្រុមរណសិរ្ស​រំដោះប្រជាជន​ទីហ្រ្កេ  ដែល​ដឹកនាំ អេត្យូពី អស់​៣០ឆ្នាំ ដែល​បាន​ធ្វើ​សង្រ្គាម​ជាមួយ អេរីត្រេ។

ដូច្នេះ នៅពេល​ចូល​ដឹកនាំ អេត្យូពី នៅ​ឆ្នាំ ២០១៨ លោក​អាប៊ី អាម៉េដ បាន​ផ្លាស់ប្តូរ​ខ្សែ បន្ទាត់ នយោបាយ​របស់​អេត្យូពី ដោយ​ទៅ​ចងសម្ព័ន្ធភាព​ជាមួយ​អេរីត្រេ និង​បាន​ដាក់ ក្រុមរណសិរ្ស រំដោះប្រជាជន​ទីហ្រ្កេ  ឲ្យ​កាន់​ឯកោ ឃ្លាតឆ្ងាយ​ពី​អំណាចរដ្ឋាភិបាល​កណ្តាល​អេត្យូពី។ ដោយសារ​តែ​នយោបាយ​របស់​លោក​អាប៊ី អាម៉េដ ក្រុមទីហ្រ្កេ  នៅបំផុត បាន​ដកខ្លួន ទៅ​គ្រប់គ្រង​តែ​តំបន់​ស្វ័យត ទីហ្រ្កេ ។ ដើម្បី បញ្ជាក់​លែងដើរតាម​ខ្សែនយោបាយ​របស់​រដ្ឋាភិបាល​កណ្តាល​អេត្យូពី របស់​លោក​អាប៊ី អាម៉េដ ក្រុមរណសិរ្ស​រំដោះ ប្រជាជន​ទីហ្រ្កេ  បាន​រៀបចំ​ការបោះឆ្នោត​ដាច់ដោយឡែក មួយ កាលពី​ខែ​កញ្ញា​កន្លងទៅ។ គឺរឿងនេះ ហើយដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កណ្តាល​អេត្យូពី​របស់​លោក អាប៊ី អាម៉េដ ខឹង​ក្តៅក្រហាយ រហូត​កើតរឿង ប្រយុទ្ធគ្នា តាំង​ពីដើម​ខែ​វិច្ឆិកានេះ។

លោក​នាយករដ្ឋមន្រ្តី អេត្យូពី ដឹងច្បាស់​ថា ក្រុមទីហ្រ្កេ  កំពុង ផែនការ ចង់​ផ្តាច់ទឹកដី ពី ប្រទេស​អេត្យូពី ដែល​នេះ​ជា​ផែនការ តាំងពីយូរ​របស់​ក្រុមទីហ្រ្កេ  តាំង​ពី​ពួកនេះ នៅជា​ពួកឧទ្ទាមទ័ពព្រៃ នៅ​ឆ្នាំ ១៩៧០​ម្ល៉េះ។ ទីក្រេ ជា​រដ្ឋសហព័ន្ធ ​ស្វ័យត មួយ ក្នុង​ចំណោម​រដ្ឋសហព័ន្ធ​ចំនួន ១០​របស់​អេត្យូពី ដែល​មានប្រជាជន​សរុប ១០៦លាននាក់។

លោក​អាប៊ី អាម៉េដ ធ្លាប់​លើកឡើង​ពីការបង្រួបបង្រួមជាតិ​នៅអេត្យូពី ថា គោលដៅ​ស្នូល​របស់​រដ្ឋាភិបាល​របស់លោក។ បើសិន លោកអនុញ្ញាត​ឲ្យ​តំបន់ទីហ្រ្កេ ​ផ្តាច់ខ្លួន​បាន​សម្រេច​នោះ តំបន់​សហព័ន្ធ​ផ្សេងទៀត ដែល​មាន​ចំនួន ១០ និង​គ្រប់គ្រង​ដោយរដ្ឋបាល​ស្វ័យត របស់​ជនជាតិ​ភាគតិចៗ​ផ្សេងៗគ្នា  ប្រាកដ​ជា​បះបោរ ទាមទារ​អំណាច ផ្តាច់ខ្លួន ដូចទីហ្រ្កេ  ដែល​នឹង​ធ្វើ​ឲ្យ​អេត្យូពី​ត្រូវ​បាក់បែក ជា​ច្រើន​បំណែក និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អេត្យូពីរបស់​លោក​អាប៊ី អាម៉េដ​ចុះខ្សោយជា​ប្រាកដ។

អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​រក​ថវិកា បន្ទាន់ ប្រមាណ ១៥ពាន់​លាន​ដុល្លារ សម្រាប់​ជនភៀសខ្លួន អេត្យូពី នៅស៊ូដង់….

រដ្ឋាភិបាល​អេត្យូពី បាន​ចូល​កាន់កាប់​រដ្ឋធានី​របស់​ពួកទីហ្រ្កេ មែន ប៉ុន្តែ ការប្រយុទ្ធគ្នា​នឹង​នៅតែ​មានបន្ត ហើយ​ជា​ការចាប់ផ្តើម​នៃ​សង្រ្គាម​ស៊ីវិល​យូរអង្វែង មិនងាយ​នឹង​ចប់។

ការប្រយុទ្ធគ្នា​លើកនេះ បាន​ធ្វើ​ឲ្យ​ជនជាតិ​អេត្យូពី រត់ភៀសខ្លួន ដល់​ទៅ ជាង ៤ម៉ឺន​នាក់ បាន​រត់ភៀសខ្លួន ពីតំបន់​ទីហ្រ្កេ  ទៅ​កកកុញ ក្នុង​ជំរំភៀសខ្លួន ក្នុង​ទឹកដី​ស៊ូដង់ ដែល​ជា​ប្រទេស​ក្រីក្រ រួចទៅហើយ។ នៅ​ថ្ងៃ​សៅរ៍ អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​រក​ថវិកា ១៥លាន​ដុល្លារ សម្រាប់​ជួយ​បន្ទាន់ ប្រជាជន​ភៀសខ្លួន អេត្យូពី ដែល​រត់គេចខ្លួន​ចេញពី​ការប្រយុទ្ធគ្នា​នៅ​ទីហ្រ្កេ ។ ថវិកា ១៥លាន​ដុល្លារ សម្រាប់ជួយ​ជនភៀសខ្លួន ក្នុង​រយៈពេល តែ ប៉ុន្តែ គេ​មិន​ច្បាស់ទេថា អង្គការ​សហប្រជាជាតិ​អាច​រកជំនួយ ជួយ​ទាន់​ពេលវេលា​ជួយ​ជនភៀសខ្លួន ដែរឬទេ ព្រោះថា ក្នុង​កាលៈទេសៈ​កើតមាន​ជំងឺរាតត្បាត កូវីដ ​ប្រទេស​ផ្តល់ជំនួយ​ជាច្រើន​ក៏កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ស្រុក​របស់ខ្លួន​ផងដែរនោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI