ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង៖​ ​នរគបាល៤នាក់ជាប់ចោទ​ ពីបទវាយដំ​ប្រើអំពើហិង្សា ខណៈការតវ៉ា​ប្រឆាំង​នគរបាល​​កំពុង​​ផុសផុលខ្លាំង

សំឡេង ០៨:៥៨
ប្រជាជនបារាំងធ្វើបាតុកម្ម ប្រឆាំងនឹងច្បាប់សន្តិសុខរួម និងការប្រើអំពើហិង្សារបស់​​កម្លាំងសមត្ថកិច្ចនគរបាល នៅថ្ងៃទី​២៨ វិច្ឆិកា ២០២០។
ប្រជាជនបារាំងធ្វើបាតុកម្ម ប្រឆាំងនឹងច្បាប់សន្តិសុខរួម និងការប្រើអំពើហិង្សារបស់​​កម្លាំងសមត្ថកិច្ចនគរបាល នៅថ្ងៃទី​២៨ វិច្ឆិកា ២០២០។ REUTERS - CHRISTIAN HARTMANN

នៅបារាំង វីដេអូមួយ​ត្រូវបានគេផ្សព្វផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ទី​២៦វិច្ឆិកា ដែលក្នុងនោះគេឃើញ​នគរបាល​​៤នាក់ បាន​ព្រួតគ្នា​វាយដំយ៉ាងហិង្សា ទៅលើ​បុរសស្បែកខ្មៅម្នាក់។ រដ្ឋអាជ្ញាបារាំង បានសម្រេចចោទប្រកាន់​​នគរបាល​ទាំង​៤នាក់ ពីបទប្រើអំពើហិង្សាបង្ករបួសស្នាម ទៅលើប្រជាពលរដ្ឋ ក្នុងនាមខ្លួន​ជាកម្លាំងសមត្ថកិច្ច។ គួរបញ្ជាក់ថា រឿងរ៉ាវនេះ គឺវាកើតឡើងចំពេល ​ដែលបារាំង កំពុងតែឆ្លងកាត់បរិបថសង្គម​មួយ​ដ៏តានតឹង ដែល​ចលនា​តវ៉ា​ប្រឆាំង​នឹងអំពើហិង្សារបស់នគរបាល មានសន្ទុះកាន់តែខ្លាំង។

ផ្សាយពាណិជ្ជកម្ម

នគរបាល​៤នាក់ ព្រួតគ្នាវាយ​ជនរងគ្រោះ

វីដេអូបានមកពីកាមេរ៉ាសុវត្ថិភាព នៅទីតាំងកន្លែងកើតហេតុ ត្រូវ​បាន​​​បណ្តាញ​ព័ត៌មាន​អនឡាញ Loopsider ផ្សព្វផ្សាយ​កាលពីល្ងាចថ្ងៃព្រសហ្បតិ៍សប្តាហ៍មុន។ ជនរងគ្រោះជាបុរសស្បែកខ្មៅ ឈ្មោះ Michel Zecler។ ហេតុការណ៍គឺបាន​កើតឡើង នៅទីតាំងស្ទូឌីយោថតភ្លេង របស់​ជនរងគ្រោះនេះតែម្តង ដែលស្ថិតនៅ​​​សង្កាត់ទី១៧ ទីក្រុងប៉ារីស។

នៅក្នុងវីដេអូ គេឃើញនគរបាល​៣នាក់ បានចាប់អូសជនរងគ្រោះ ចូលមកក្នុង​ទីតាំងស្ទូឌីយោ ហើយបានព្រួតគ្នាវាយ​ដំ ទាត់ធាក់ជនរងគ្រោះនៅក្បែរទ្វារចូល អស់ជាច្រើននាទី មុននឹង​មាន​មនុស្ស​ផ្សេងទៀតនៅក្នុងទីតាំងនោះ ចូលមកជួយឃាត់។ បន្ទាប់មកទៀត នគរបាលម្នាក់ទៀត បានគប់គ្រាប់បែកផ្សែង ចូលទៅក្នុង​ទីតាំង​កើតហេតុ។

ភ្លាមៗក្រោយ​ហេតុការណ៍នេះ ជនរងគ្រោះបានដាក់ពាក្យ​ប្តឹងទៅតុលាការ ហើយនាយកដ្ឋាន​ស៊ើបអង្កេតលើនគរបាល ក៏បានបើកការស៊ើបអង្កេតដែរ។ ជនរងគ្រោះអះអាងថា ក្នុងពេលកើត​ហេតុ នគរបាល​បានស្រែកជេរក្នុងន័យ​ប្រកាន់ពូជសាសន៍ ថា « Sale nègre » ដែលយើងអាចប្រែ​មកថា « អាខ្មៅស្មោគ​គ្រោក »។

នរគបាលទាំង​៤នាក់ ត្រូវបាន​គេវែកមុខ​បាន និងបានបញ្ជូនទៅឃុំខ្លួននៅថ្ងៃអាទិត្យ​។ កាលពី​រសៀលថ្ងៃអាទិត្យ លោករដ្ឋអាជ្ញា Rémy Heitz បានធ្វើសន្និសីទកាសែត ដោយ​បានបញ្ជាក់ថា នរគបាលទាំង​៤នាក់ ត្រូវ​ជាប់ចោទ ពីបទប្រើអំពើហិង្សាដោយចេតនា ក្នុងនាមខ្លួនជា​សមត្ថកិច្ច និងពីបទធ្វើរបាយការណ៍ដោយ​ក្លែងបន្លំការពិត។ ចៅក្រមស៊ើបអង្កេត បានសម្រេចបន្តឃុំខ្លួនជនជាប់ចោទ២នាក់ ក្នុងពេល​​រងចាំសវនាកា ដោយ​ខ្លាចក្រែងជនជាប់ចោទ ប្រើឥទ្ធិពល​គំរាមទៅលើ​ជនរងគ្រោះ និងសាក្សី។

ផ្អែកតាមតាម​បញ្ជាក់ របស់​លោករដ្ឋអាជ្ញា Rémy Heitz ពេលដំបូងនគរបាល​បង្ក​ហេតុ បាន​សរសេរនៅក្នុងរបាយការណ៍ខ្លួនថា ជនរងគ្រោះមិនពាក់ម៉ាស ហើយមានធំក្លិនកញ្ឆា ទើបសមត្ថកិច្ចធ្វើការសាកសួរ។ នៅក្នុងខ្លួនជនរងគ្រោះ មានកញ្ឆាមែនតែប្រមាណ​តែ ០.៥ក្រាមតែ​ប៉ុណ្ណោះ។ ក្រោយមក ក្រុមស៊ើបអង្កេត បានចុះទៅ​យកវីដេអូកាមេរ៉ា​សុវត្ថិភាព​នៅទីតាំងនោះ ហើយ​បាន​សន្និដ្ឋាន នគរបាលទាំង៤នាក់ បានធ្វើអំពើជ្រុលហួសប្រមាណ។​​ ​បន្ទាប់មក នគរបាលទាំង​៤នាក់ បានសារភាពទទួលស្គាល់ថា សកម្មភាពរបស់ពួកខ្លួន គឺធ្វើទៅហួសប្រមាណ មិនសម​ហេតុផល តែ​ពួក​ខ្លួន​​ធ្វើទៅ ដោយ​សារតែ​ការ​ភ័យស្លន់ស្លោ ព្រោះស្ថិតនៅទីតាំងចង្អៀត​​បិទ​ទ្វារ​ជិត ហើយ​ជនរងគ្រោះ ហាក់ដូចជាកំរោលខ្លាំងទប់មិនឈ្នះ។ តែនគរបាលទាំង៤នាក់ បានបដិសេធ ថាខ្លួនបានជេរប្រមាថ បែបរើសអើសពូជសាសន៍ ទៅលើជនរងគ្រោះទេ។

បាតុកម្មប្រឆាំងនឹងអំពើហិង្សា របស់​សមត្ថកិច្ចនគរបាល

ស្ថានភាពសង្គមបារាំង នាពេលនេះ គឺកាន់តែតានតឹងខ្លាំងឡើងៗ។ មានការបរិហារ កាន់តែ​ញឹកញាប់ ស្តីពី​ការប្រើអំពើហិង្សា ហួសប្រមាណរបស់សមត្ថកិច្ចនគរបាល ទៅលើ​ប្រជាពលរដ្ឋ។ តែទន្ទឹមនឹងនេះ សមត្ថកិច្ចនគរបាល​វិញ បានលើកឡើងថា ពួកខ្លួនរងសំពាធច្រើនណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារបាតុកម្មមានញឹកញាប់ពេក​ អំពើហិង្សាក៏សំបូរខ្លាំង បង្កឡើងដោយ​ក្រុមជនជ្រុលនិយម ជនអន្ថពាលមួយចំនួន។

ហេតុដូច្នេះហើយ បានជារដ្ឋាភិបាលលោកម៉ាក្រុង រួមជាមួយ​សមាជិកសភាស្តាំនិយម មានបំណង រៀបចំ​ច្បាប់ថ្មីមួយ​គឺច្បាប់​សន្តិសុខរួម ដើម្បីពង្រឹងអំណាចការងាររបស់សមត្ថកិច្ច ហើយឈានទៅ​បង្រ្កាប អំពើហិង្សាអាណាធិបតេយ្យក្នុងសង្គម។ បញ្ហាចោទ គឺនៅ​ក្នុងច្បាប់នេះ ត្រង់មាត្រា២៤ បានកំណត់ ផ្តន្ទាទោស ចំពោះការថត និងការ​ផ្សព្វផ្សាយ​វីដេអូ អំពីការធ្វើអន្តរាគមន៍របស់សមត្ថកិច្ច​នគរបាល ដែលធ្វើទៅក្នុងគោលបំណង​បង្ហាញអត្តសញ្ញាណនគរបាល ហើយឈានទៅធ្វើឲ្យ​នគរបាល​នោះ​ប្រឈមនឹង​ការគំរាមកំហែង ឬអំពើហិង្សា។ មាត្រានេះ ត្រូវ​បាន​​គេ​តវ៉ា​ជាខ្លាំង ដោយ​​មាន​ការ​បំពងសម្លេង ពី​ក្រុ​មអ្នកនយោបាយ​ឆ្វេងនិយមផង។

កាលពីថ្ងៃសៅរ៍កន្លងទៅ បាតុកម្មប្រឆាំងច្បាប់នេះ មានមនុស្សចូលរួមប្រមាណ​១៣​ម៉ឺននាក់ ទូទាំងប្រទេសបារាំង។ នៅបារីស បាតុកម្មនេះបានឈានទៅបង្កអំពើហិង្សា ដោយ​បាតុករជ្រុលនិយម​បានដុតឡានដុតម៉ូតូ វាយដំកំទេចហាងទំនិញ និងបានវាយ​អ្នកកាសែត និងនគរបាលថែម​ទៀតផង។

បញ្ហាច្បាប់សន្តិសុខរួម ព្រមទាំងរឿងអំពើហិង្សារបស់នគរបាល​នេះ ក៏កំពុងតែធ្វើឲ្យ​មាន ការរង្គោះរង្គើរផ្ទៃក្នុងរដ្ឋាភិបាលដែរ ដោយ​មានអ្នកខ្លះ បានចេញ​មុខរិះគន់ លោក Gérald Darmanin រដ្ឋមន្ត្រី​​ក្រសួង​មហាផ្ទៃ​បារាំង ថាមានទំនោរ កាន់ជើង​នគរបាល​ជ្រុលពេក។

មិនបោះបង់ចោលនគរបាល តែក៏ត្រូវរំងាប់ការតវ៉ារបស់​ប្រជាជន

កាលពីថ្ងៃអាទិត្យទី​២៩វិច្ឆិកា​ លោកម៉ាក្រុង បានលើកឡើងថា ហេតុការណ៍នគរបាល​ព្រួតគ្នា វាយ​មនុស្ស​ម្នាក់​នេះ គឺជារឿងអាម៉ាសខ្លាំងណាស់។ សម្តីលោកម៉ាក្រុងនេះ អាចចាត់ទុកបានថា ជាការប៉ុនប៉ង រំងាប់​​កំហឹង និង​ការតវ៉ារបស់ប្រជាជន ទាក់ទិននឹងនឹង​អំពើហិង្សារបស់នគរបាលនេះ។

កាលៈទេសៈពេលនេះ មានការលំបាកខ្លាំងណាស់​សម្រាប់ លោកម៉ាក្រុង ដែលត្រូវឈរខាងស្តាំ ពង្រឹង​អំណាច​អន្តរាគមន៍របស់សមត្ថកិច្ចរដ្ឋ ស្តារសណ្តាប់ធ្នាប់ និងសន្តិសុខឡើងវិញ។ ព្រមជាមួយ​គ្នានេះ លោកម៉ាក្រុង មិនអាចបោះបង់ចោលអ្នកខាងឆ្វេង ដែល​រិះគន់​សកម្មភាព​រំលោភបំពាន របស់សមត្ថកិច្ចនគរបាល ដែលបាន​ធ្វើអំពើហិង្សា ព្រមទាំងប្រព្រឹត្តិអំពើរើសអើងប្រកាន់ពូជ​សាស​ន៍ ទៅលើអ្នកស្បែកខ្មៅ ឬអ្នកកាន់សាសនាអ៊ីស្លាមជាដើម។

តែយ៉ាងណា រដ្ឋាភិបាល​លោកម៉ាក្រុង មិនចង់ឲ្យ​គេមើលឃើញថា ខ្លួនបោះបង់ចោលនគរបាលទេ នៅក្នុងកាលៈទេសៈនេះ។ កន្លងមក សមត្ថកិច្ចនគរបាលបានត្អូញត្អែរថា ហត់នឿយ គ្មានគ្នាគ្រប់គ្រាន់ គ្មានសម្ភារៈនិងមធ្យោបាយគ្រប់គ្រាន់ ហើយថែមទាំងប្រឈមនឹងការវាយ​ដំធ្វើបាប ពីសំណាក់​​​ប្រជាជន​​ទៀត។

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា នគរបាលមាន​ល្អមានអាក្រក់​។ អ្នកដែលធ្វើខុស ត្រូវតែទទួលរងការពិន័យ ឬផ្តន្ទាទោសតាមច្បាប់។ ដូចគ្នាដែរ រដ្ឋត្រូវតែពង្រឹងតួនាទីសមត្ថភាព ឲ្យ​កម្លាំង​នគរបាល ដើម្បីបង្រ្កាបក្រុមជនអន្ធពាល។ យ៉ាងណាមិញ ក្រោយការបែកធ្លាយ​វីដេអូ នគរបាល​ព្រួតគ្នា​វាយ​​មនុស្សនេះ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញមុខនិយាយថា បើរកឃើញថានគរបាល​មានទោសមែន គឺនឹងត្រូវដកចេញ​ពី​ជួរនគរបាលភ្លាម។ ទន្ទឹមគ្នានេះ លោកថា លោក​នៅពីក្រោយ​​នគរបាល​ ដែលរង​របួសជាង៩០នាក់ ​ក្នុងពេលបាតុកម្មកាលពីថ្ងៃសៅរ៍ បង្កឡើងដោយ​ក្រុមបាតុករជ្រុលនិយម។

ទោះចង់មិនចង់ ដើម្បីកសាងទំនុកចិត្តរវាងប្រជាជននិងនគរបាលឡើងវិញ គឺរដ្ឋាភិបាលត្រូវតែ​​ធ្វើកំណែទម្រង់ស៊ីជំរៅ នៅក្នុងជួរនគរបាល តាមរយៈការពង្រឹងវិន័យ និងអាកប្បកិរិយារបស់កម្លាំងនគរបាល ធ្វើយ៉ាងណា ចៀសឲ្យ​បាន​នូវការឈានទៅប្រើអំពើហិង្សា។ កន្លងមកមានវិធានការខ្លះៗហើយ ដូចជា​​នៅលើ​ឯកសណ្ឋាន​នគរបាល គឺមានលេខសំគាល់ ដើម្បីងាយស្រួលវែកមុខ​រក ក្នុងករណីមាន​ការប្រើអំពើហិង្សា។ ទៅថ្ងៃមុខ គេអាចនឹងដាក់កាមេរ៉ានៅនឹងអាវ​នរគបាល​ ដើម្បីថតក្នុងពេលចេញធ្វើអន្តរាគមន៍។ ហើយ​ទាក់ទិននឹងមាត្រា២៤ នៃច្បាប់សន្តិសុខរួមនេះ គឺកំពុងតែប្រទាញប្រទង់គ្នាសម្បើមណាស់ ដោយ​សមាជិកខ្លះនៃរដ្ឋាភិបាល បានទាមទារ ថាត្រូវលប់ចោលតែម្តង ដើម្បីបិទបញ្ចប់ការតវ៉ា ព្រោះមាត្រានេះ វាហាក់ដូចជាសាំងចាក់លើភ្លើងអញ្ចឹង ប៉ុន្មានថ្ងៃចុងក្រោយនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI