ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ១៩៖អង់គ្លេសជាប្រទេសទី១ ក្នុងលោកដែលបានអនុញ្ញាតឲ្យប្រើវ៉ាក់សាំងបង្ការកូវីដ១៩

សំឡេង ០៧:១៧
អង់គ្លេសជាប្រទេសទី១ ក្នុងលោកដែលបានអនុញ្ញាតឲ្យប្រើវ៉ាក់សាំងបង្ការកូវីដ១៩
អង់គ្លេសជាប្រទេសទី១ ក្នុងលោកដែលបានអនុញ្ញាតឲ្យប្រើវ៉ាក់សាំងបង្ការកូវីដ១៩ Joel Saget AFP/Archivos

នៅ​ថ្ងៃ​ពុធ ទី២ ធ្នូ ប្រទេស​អង់គ្លេស​បាន​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ដែល​ផលិត​ដោយ​មន្ទីរពិសោធន៍​អាមេរិក អាល្លឺម៉ង់ Pfizer/ BioNTech។ អង់គ្លេស​នឹង​ទទួល​វ៉ាក់សាំង​ចាប់​ពី​សប្តាហ៍​ក្រោយ​ទៅ នេះ​ជា​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​អង់គ្លេស។ លោក​អាល់ប៊ែរ បូឡា ប្រធាន​មន្ទីរពិសោធន៍ Pfizer បាន​សាទរ​ចំពោះ​ការ​អនុញ្ញាត​របស់​អង់គ្លេស​ដោយ​ចាត់​ទុក​ជា​ការ​បោះ​ជំហាន​ជា​ប្រវត្តិសាស្រ្ត​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​កូវីដ១៩។ គួរ​បញ្ជាក់​ថា អង់គ្លេស​ជា​ប្រទេស​អឺរ៉ុប​ដែល​បាន​រងគ្រោះ​ខ្លាំង​ជាង​គេ​ដោយ​កូវីដ១៩ ជាមួយ​នឹង​អ្នក​ស្លាប់​ជាង ៥៩ ០០០នាក់។ ក្រៅ​ពី​អង់គ្លេស នៅ​មាន​ប្រទេស​ផ្សេង​ទៀត ពិសេស​សហរដ្ឋអាមេរិក និង​ប្រទេស​អឺរ៉ុប​កំពុង​បន្ត​ពិនិត្យ​លើ​សំណើ​សុំ​របស់​មន្ទីរពិសោធន៍ Pfizer/ BioNTech និង​មន្ទីរពិសោធន៍​អាមេរិក Moderna។

ផ្សាយពាណិជ្ជកម្ម

ការ​អុនញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ របស់​ប្រទេស​អង់គ្លេស​ពេល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​ក្រុម​អ្នកជំនាញ​នៃ​ទីភ្នាក់ងារ​ឱសថ​អង់គ្លេស​បាន​សិក្សា និង​វិភាគ​យ៉ាង​ស៊ីជ្រៅ​អស់​ពេល​ជា​ច្រើន​ខែ​លើ​ទិន្នន័យ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ របស់​មន្ទីរពិសោធន៍​អាមេរិក អាល្លឺម៉ង់Pfizer/ BioNTech។ លទ្ធផល​នៃ​ការ​សិក្សា វិភាគ​របស់​ទីភ្នាក់ងារ​ឱសថ​អង់គ្លេស​បាន​បង្ហាញ​ថា វ៉ាក់សាំង​បង្ការ​កូវីដ១៩ ផលិត​ដោយ​មន្ទីរពិសោធន៍​អាមេរិក អាល្លឺម៉ង់Pfizer/ BioNTech ពិត​ជា​បាន​ឆ្លើយ​តប​ត្រឹមត្រូវ​ទៅ​នឹង​បទដ្ឋាន​សុវត្ថិភាព គុណភាព និង​ប្រសិទ្ធិភាព។ តែ​ទីភ្នាក់ងារ​ឱសថ​អង់គ្លេស​មិន​បាន​បញ្ជាក់​ពី​អត្រា​សុវត្ថិភាព គុណភាព និង​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ផលិត​ដោយ​Pfizer/ BioNTech ទេ។

មន្ទីរពិសោធន៍​អាមេរិក អាល្លឺម៉ង់​មួយ​នេះ​ធ្លាប់​បាន​បញ្ជាក់​ក្នុង​ខែ​វិច្ឆិកា​ថា វ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធិភាព​ដល់​ទៅ ៩៥%។ គួរ​បញ្ជាក់​ថា មុន​នឹង​មន្ទីរពិសោធន៍​ណា​មួយ​ដាក់​ពាក្យ​សុំ​ប្រទេស​ណា​មួយ​ដើម្បី​ប្រើ និង​ចែកចាយ​វ៉ាក់សាំង​របស់​ខ្លួន មន្ទីរពិសោធន៍​នោះ​ត្រូវ​បញ្ជូន​ទិន្នន័យ​វ៉ាក់សាំង​ទៅ​ឲ្យ​រដ្ឋអំណាច​សុខាភិបាល​ក្នុង​ប្រទេស​នោះ​សិក្សា វិភាគ​ជា​មុន​សិន​ដើម្បី​ចង់​ដឹង​ពី​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង រួម​ទាំង​ផលវិបាល​ដែល​អាច​កើត​មាន​ចំពោះ​អ្នក​ដែល​ត្រូវ​គេ​ចាក់​វ៉ាក់សាំង​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​យូរ។

រដ្ឋាភិបាល​អង់គ្លេស​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ទទួល​វ៉ាក់សាំង​ចាប់​ពី​សប្តាហ៍​ក្រោយ​ទៅ ហើយ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ក៏​អាច​ចាប់​ផ្តើម​ពី​សប្តាហ៍​ក្រោយ​ទៅ​ដែរ។ តែ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នឹង​ត្រូវ​ធ្វើ​ជា​ដំណាក់ការ​ដោយ​ផ្តើម​ចាក់​មុន​គេ​លើ​ក្រុម​បុគ្គលិក​ពេទ្យ ក្រុម​មនុស្សចាស់​ស្នាក់​នៅ​អាគារ​មនុស្ស​ចាស់ និង​ប្រភេទ​មនុស្ស​ដែល​ងាយរងគ្រោះ​ខ្លាំង។ ជំហាន​បន្ទាប់ គឺ​សម្រាប់​ពលរដ្ឋ​អង់គ្លេស​ទូទៅ។

បារាំង​ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជា​សាធារណៈ​នៅ​ចន្លោះ​ខែ​មេសា និង​មិថុនា ឆ្នាំ ២០២១

នៅ​សហរដ្ឋអាមេរិក ទីភ្នាក់ងារ​ឱសថ​កំពុង​ពិនិត្យ​លើ​សំណើ​សុំ​ឲ្យ​ប្រើ និង​ចែកចាយ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ពី​មន្ទីរពិសោធន៍​ចំនួន​ពីរ គឺ​មនី្ទរពិសោធន៍​អាមេរិក អាល្លឺម៉ង់ Pfizer/ BioNTechនិង​មន្ទីរពិសោធន៍​អាមេរិក Moderna។ បើ​មាន​ការ​អនុញ្ញាត​ពី​ទីភ្នាក់ងារ​ឱសថ​អាមេរិក​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ វ៉ាក់សាំង​បង្ការ​កូវីដ១៩ របស់​មន្ទីរពិសោធន៍​ទាំង​ពីរ​អាច​មាន​ចាប់​ពី​ខែ​ធ្នូ ឆ្នាំ ២០២០​ទៅ ហើយ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ក៏​អាច​ចាប់​ផ្តើម​ភ្លាម​ដែរ។ ក៏​ដូច​ជា​ប្រទេស​អង់គ្លេស យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ អាច​នឹង​ធ្វើ​ឡើង​ជា​ដំណាក់ការ។

ក្រុម​អ្នកជំនាញ​នៃ​មជ្ឈមណ្ឌល​បង្ការ និង​ប្រឆាំង​ជំងឺ​បាន​ផ្តល់​អនុសាសន៍​ឲ្យ​   ចាក់​លើ​ក្រុម​បុគ្គលិកពេទ្យ និង​ក្រុម​មនុស្សចាស់​ដែល​ស្នាក់នៅ​តាម​អាគារ​មនុស្ស​ចាស់​មុន​គេ។ តែ​អ្នក​ដែល​សម្រេច​ចុងក្រោយ គឺ​រដ្ឋ​នីមួយៗ។ នៅ​អាមេរិក ក្រុម​បុគ្គលិក​ពេទ្យ និង​ក្រុម​មនុស្ស​ចាស់​ដែល​ស្នាក់នៅ​តាម​អាគារ​មនុស្សចាស់​បូក​បញ្ចូល​គ្នា​មាន​គ្នា​ប្រមាណ​ជា ២៤លាននាក់។ ជាមួយ​នឹង​វ៉ាក់សាំង​របស់Pfizer/ BioNTechនិង Modernaសហរដ្ឋអាមេរិក​មាន​បរិមាណ​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់​ទៅ​លើ​មនុស្ស​ទាំង ២៤លាននាក់​មុន​គេ​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០២០ នេះ។

នៅ​អឺរ៉ុប​វិញ ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​នឹង​ប្រកាស​នៅ​ថ្ងៃទី២៩ ធ្នូ​លើ​សំណើ​សុំ​របស់​មនី្ទរពិសោធន៍​អាមេរិក អាល្លឺម៉ង់ Pfizer/ BioNTechនិង​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃទី ១២ មករា​ឆ្នាំ ២០២១ សម្រាប់​សំណើ​សុំ​របស់​មន្ទីរពិសោធន៍​អាមេរិក Moderna។ ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រទេស​អឺរ៉ុប​នីមួយៗ​កំពុង​ត្រៀម​ខ្លួន និង​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ចាប់​ពី​ដើម​ឆ្នាំ ២០២១ ទៅ។ ជាក់ស្តែង​បារាំង ប្រធានាធិបតី​លោក​ម៉ាក្រុង​បាន​បញ្ជាក់​ថា នៅ​ក្នុង​ជំហាន​ដំបូង​ចាប់​ពី​ដើម​ខែ​មករា ឆ្នាំ ២០២១ ទៅ គឺ​ចាក់​លើ​ក្រុម​បុគ្គលិកពេទ្យ ក្រុម​មនុស្ស​ចាស់ និង​ក្រុម​មនុស្ស​ងាយរងគ្រោះ។ បន្ទាប់​មក​នៅ​ចន្លោះ​ខែ​មេសា និង​ខែ​មិថុនា គឺ​ចាក់​ក្រោម​ទ្រង់ទ្រាយ​ធំ​សម្រាប់​ពលរដ្ឋ​ទាំង​អស់។ តែ​លោក​ម៉ាក្រុង​បាន​បញ្ជាក់​រួច​ហើយ​ថា ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ នេះ​មិនមែន​ជា​កាតព្វកិច្ច​ទេ មាន​ន័យ​ថា អ្នក​ណា​ចង់​ចាក់​ក៏​បាន មិន​ចង់​ចាក់​ក៏​បាន៕

មាន​វ៉ាក់សាំង​មិនមែន​មាន​ន័យ​ស្មើ​នឹង​ការ​រលាយបាត់​កូវីដ១៩

លោក Tedrons អគ្គនាយក​អង្គការ​សុខភាពពិភព​ធ្លាប់​បាន​បញ្ជាក់​ច្បាស់ៗ​ថា វ៉ាក់សាំង​តែ​មួយ​មុខ​មិន​គ្រប់គ្រាន់​ដើម្បី​បញ្ចប់​ជំងឺ​កូវីដ១៩ ទេ។ លោក Tedros បាន​រម្លឹក​កាល​ពី​ថ្ងៃទី១៦ វិច្ឆិកា​ថា មនុស្ស​ទាំង​អស់​ត្រូវ​ធ្វើ​តេស្តិ៍ ដាក់​នៅ​ដាច់​ពី​គេ​ឯង និង​ព្យាបាល។ ទាំង​អស់​គ្នា​ត្រូវ​មាន​ការ​ប្រយ័ត្នប្រយែង​ជានិច្ច ហើយ​បើ​មាន​ករណី​ទាក់ទង​ជាមួយ​អ្នក​មាន​កូវីដ១៩ គឺ​ត្រូវ​ធ្វើ​តេស្តិ៍​រក​កូវីដ១៩ និង​ត្រូវ​ធ្វើ​ចត្តាឡីសក។ ជា​រួម មាន​វ៉ាក់សាំង​មិនមែន​មាន​ន័យ​ស្មើ​នឹង​ការ​រលាយ​បាត់​កូវីដ១៩ ឡើយ។

មេរៀន​ដែល​គេ​ធា្លប់​ប្រទះ​កន្លង​មក គឺ​ទាក់ទង​នឹង​វ៉ាក់សាំង​បង្ការ​ជំងឺ​កញ្ជ្រិល​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​វ៉ាក់សាំង​មួយ​មាន​ប្រសិទ្ធិភាព​ខ្ពស់។ តែ​គេ​បាន​កត់សម្គាល់​ឃើញ​ពី​ការ​បន្ត​មាន​ផ្ទុះ​ជំងឺ​កញ្រ្ជិល​នៅ​ក្នុង​ប្រទេស​ជា​ច្រើន។ ម្យ៉ាង​ទៀត វ៉ាក់សាំង​បង្ការ​កូវីដ១៩ ដែល​ទើប​រក​ឃើញ​ពេល​នេះ​នៅ​មិន​ទាន់​អាច​បំពេញ​តម្រូវ​ការ​ឲ្យ​មនុស្ស​លោក​ទាំង​អស់​ក្នុង​ពេល​តែ​មួយ​បាន​ទេ។ ក្នុង​ពេល​បន្ត​រង់ចាំ​មាន​វ៉ាក់សាំង​សម្រាប់​មនុស្សលោក​គ្រប់​រូប វីរុស​កូវីដ១៩ កំពុង​បន្ត​ធ្វើ​ចរាចរណ៍។ ដូច្នេះ​វិធានការ​នៅ​ចំពោះ​មុខ​ដែល​កំពុង​បន្ត​មាន​ប្រសិទ្ធិភាព គឺ​ពាក់ម៉ាស់ លាងដៃ​ញឹកញាប់ រក្សា​គម្លាត​សុវត្ថិភាព ឬ​ការ​ចៀសវាង​ជួបជុំ​គ្នា​ច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI