ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ្នកជំនាញ​ឯករាជ្យ​អាមេរិក ពិភាក្សា​ពី​សុវត្ថិភាព​របស់​វ៉ាក់សាំង​Pfizer នៅមុន​ភ្លើងខៀវ​របស់​FDA

សំឡេង ០៧:៤៦
ប្រជាជន​អង់គ្លេស​ទទួល​ចាក់វ៉ាក់សាំង​របស់​ក្រុមហ៊ុនPfizer មុនគេ​ កាលពី​ថ្ងៃទី ៨​ធ្នូ ២០២០
ប្រជាជន​អង់គ្លេស​ទទួល​ចាក់វ៉ាក់សាំង​របស់​ក្រុមហ៊ុនPfizer មុនគេ​ កាលពី​ថ្ងៃទី ៨​ធ្នូ ២០២០ REUTERS - POOL

អាមេរិក​ដែល​មាន​ក្រុមហ៊ុន​Pfizer និង​BionNtech​ផលិត​បាន​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩ មុនដំបូងគេ ក្នុង​លោក​បាន​បង្ហាញ តម្លាភាព​បំផុត នៅក្នុង​រឿង​សុវត្ថិភាព និង​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង។ នៅមុន​ពេល​សម្រេច អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង បង្ការ​ជំងឺកូវីដ ១៩ នៅ អាមេរិក អាជ្ញាធរ​ឱសថ​អាមេរិកាំង​បាន​ផ្តល់​សំឡេង​ដល់​ក្រុមអ្នកជំនាញ ឯករាជ្យ ដែលត្រូវ​ពិភាក្សា ដេញដោល ជា​សាធារណៈ នៅថ្ងៃ​ព្រហស្បតិ៍​នេះ ជុំវិញ ប្រសិទ្ធិភាព​និង​សុវត្ថិភាព​របស់​វ៉ាក់សាំង របស់​ក្រុមហ៊ុន ​Pfizer និង​BionNtech។ 

ផ្សាយពាណិជ្ជកម្ម

អ្នកជំនាញ​ឯករាជ្យ​អាមេរិកាំង ត្រូវ​ជួបប្រជុំនៅថ្ងៃ ព្រហស្បតិ៍នេះ ដើម្បី​​ពិភាក្សាដេញដោល​ជាសាធារណៈ ជុំវិញ គុណភាព ប្រសិទ្ធិភាព​និង​សុវត្ថិភាព​របស់​វ៉ាក់សាំង បង្ការជំងឺកូវីដ ដែល​ផលិត​ឡើង​ដោយក្រុមហ៊ុនអាមេរិកាំង ​Pfizer រួមជាមួយ​ក្រុមហ៊ុនអាល្លឺម៉ង់ BionNtech។ នៅក្រោយ​ការផ្តល់​យោបល់​របស់អ្នកជំនាញ​ឯករាជ្យ នៅ ថ្ងៃ​នេះ ទីភ្នាក់ងារ​ឱសថ​អាមេរិកាំង FDA ត្រូវ​សម្រេច​បើកភ្លើងខៀវ សម្រាប់​ការចាក់វ៉ាក់សាំង នៅ ទឹកដីអាមេរិក នៅ ប៉ុន្មាន​ថ្ងៃ​ខាងមុខ។

នៅ​ក្នុង​កាលៈទេសៈ ដែល​អាមេរិក ជា​ប្រទេស​ដែល​មាន​អ្នកឆ្លង និង​ស្លាប់ច្រើន​ជាងគេ​ដោយសារ​ជំងឺកូវីដ ប៉ុន្តែ ប្រជាជន​អាមេរិកាំង​ត្រូវ​ទទួល​វ៉ាក់សាំង នៅក្រោយ​ប្រជាជន​អង់គ្លេស ទៅទៀត នោះ ក៏ដោយសារ​តែ ទីភ្នាក់ងារ​ឱសថ​អាមេរិកាំង​នៅមិនទាន់​បើកភ្លើងខៀវ​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង របស់​ក្រុមហ៊ុន​Pfizer។

គួររំលឹកថា បន្ទាប់ពី ​រងការរិះគន់ថា បាន​ប្រញាប់ប្រញាល់ អនុញ្ញាត​ឲ្យ​គេ​ប្រើ​ថ្នាំ អ៊ីដ្រុក្សី ក្លរ៉ូគីន ថ្នាំ​ដ៏ចម្រូងចម្រាស សម្រាប់​ព្យាបាល​អ្នកជំងឺកូវីដ កាលពី​ខែ​កក្កដា​កន្លងទៅ ទីភ្នាក់ងារ​ឱសថ​អាមេរិក FDA​បាន​ប្រុងប្រយ័ត្ន​ជាងមុន និង​បាន​យក​ពេល​យូរ ដើម្បី សិក្សា​សំណុំឯកសារស្តីពី​វ៉ាក់សាំង បង្ការជំងឺកូវីដ​របស់​ក្រុមហ៊ុន Pfizer។ លើកនេះ ដើម្បី បង្ហាញ​ពី​តម្លាភាព និង​ការងារ​ម៉ត់ចត់ អាជ្ញាធរ​ឱសថ​អាមេរិក FDA បាន​ផ្តល់​ឱកាស ជាលើកទី១ ឲ្យ​អ្នកជំនាញ​ឯករាជ្យ​ពិភាក្សា ដេញដោល​គ្នា នៅក្នុង​ការផ្សាយផ្ទាល់មួយ ​លើ​អ៊ីនធ័រនែត នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។

ជារួម គណៈកម្មាធិការ​ដែល​ប្រមូលផ្តុំ​អ្នកជំនាញ អាមេរិក សរុប ២៣​នាក់ ត្រូវ​ពិភាក្សា​គ្នា​ពី​បញ្ហា​សុវត្ថិភាព និង​ប្រសិទ្ធិភាព​របស់វ៉ាក់សាំង មុន​នឹង​សម្រេច​ចិត្ត​នៅ ថ្ងៃ​នេះ​ដដែល​ ថា តើ​គួរផ្តល់​យោបល់​ឲ្យ​ទីភ្នាក់ងារ ឱសថ​អាមេរិក ត្រូវ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង របស់​ក្រុមហ៊ុន​Pfizer ​ដែរឬទេ។ ការពិភាក្សា ដេញដោល​របស់​អ្នកជំនាញ សំខាន់ណាស់​សម្រាប់​អាច​បញ្ចុះបញ្ចូល ប្រជាជន​អាមេរិកាំង​ឲ្យ​ជឿទុកចិត្ត​លើ​វ៉ាក់សាំង ដែល​តាមពិត ត្រូវ​គេ​បង្កើតឡើង​ដោយ​ប្រើ​បច្ចេកវិទ្យាថ្មី សុទ្ធសាធ មិនធ្លាប់​មាន​ពីមុន​មក។ ការផ្តល់​យោបល់​របស់អ្នកជំនាញ ជា​ដំណាក់កាល វាយតម្លៃ​ចុងក្រោយ​របស់​ទីភ្នាក់ងារ ឱសថអាមេរិក ទៅលើ​វ៉ាក់សាំង របស់​ក្រុមហ៊ុន​Pfizer។ ម្យ៉ាង ការផ្តល់​យោបល់​យ៉ាងណា​របស់​អ្នកជំនាញ នឹង​មិនទៅ ប៉ះពាល់​ខ្លាំង ដល់​ការសម្រេចចិត្ត​របស់​ទីភ្នាក់ងារ​ឱសថ​របស់​អាមេរិក ក្នុង​ការផ្តល់​ភ្លើងខៀវ​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង នៅអាមេរិក​នោះទេ។ នៅ ប៉ុន្មាន​ថ្ងៃ​ខាងមុខ អាជ្ញាធរ​ឱសថ​អាមេរិក​នឹង​ផ្តល់​ភ្លើងខៀវ ដែល​នឹង​អាចធ្វើ​ឲ្យ​ប្រជាជន​អាមេរិកាំង​ប្រមាណ ៥០លាននាក់ ទទួល​ចាក់វ៉ាក់សាំង​មុនគេ ជាពិសេស​មនុស្ស​ចាស់ និង​អ្នកធ្វើការ​នៅមន្ទីរពេទ្យ។

ផលរំខាន​ផ្នែកសុខភាព ដែល​អាច​បង្កឡើង​ដោយ​វ៉ាក់សាំង របស់​ក្រុមហ៊ុន​Pfizer

តាមរបាយការណ៍​ដែល​ទីភ្នាក់ងារ ឱសថ​អាមេរិក បានចុះផ្សាយ កាលពីថ្ងៃ​អង្គារ កន្លងទៅ វ៉ាក់សាំង បង្ការ​កូវីដ​របស់​ក្រុមហ៊ុន គ្មាន​គ្រោះថ្នាក់ធ្ងន់ធ្ងរ សម្រាប់​សុខភាព​នោះទេ។ វាគ្រាន់​តែ​មានផល​ប៉ះពាល់ ផលរំខាន​តិចតួច បើប្រៀបធៀប នឹង​ផលប្រយោជន៍​របស់វា​ដែលអាច​ទប់ស្កាត់​មិន​ឲ្យ​ឆ្លងជំងឺកូវីដ ដល់ទៅ ៩៥%។

របាយការណ៍​របស់​ទីភ្នាក់ងារ​ឱសថ​អាមេរិក ដែល​ផ្អែក​លើ​ព័ត៌មាន ទិន្នន័យ​ផ្តល់​ដោយ​ក្រុមហ៊ុនអាមេរិកាំង Pfizer និង​ក្រុមហ៊ុន​អាល្លឺម៉ង់ BioNTech បាន​បង្ហាញ​ពី​ផលរំខាន​ផ្នែកសុខភាព បង្ក​ឡើង​ដោយ​វ៉ាក់សាំង បង្ការកូវីដ ១៩ មាន​តិចតួច ដូចជា ហត់នឿយ ឈឺសាច់ដុំ​ត្រង់​កន្លែង​ចាក់វ៉ាក់សាំង ហើយ​និង​ការឈឺក្បាល​ជាដើម។

របាយការណ៍​បាន​បង្ហាញថា ចំណុចក្រហម ឈឺសាច់ដុំ​ត្រង់​កន្លែងចាក់ មាន​ដល់ទៅ ៨៣ភាគរយ នៃអ្នកដែល​បានចូលរួម​ធ្វើតេស្ត​ជាង ៤ម៉ឺននាក់។ ​ចំណែក មនុស្ស​៦២ភាគរយ និយាយ​ថា ពួកគេ​ហត់អស់កម្លាំង។ ៥៥ភាគរយ ឈឺក្បាល និង៣៨ភាគរយ អះអាងថា ខ្លួន រងាញាក់ នៅក្រោយ​ទទួលវ៉ាក់សាំង។ នៅក្នុង​ចំណោម​មនុស្ស ២ម៉ឺននាក់​ដែល​បានទទួល​វ៉ាក់សាំង​ក្នុង​ដំណាក់កាលសាកល្បង មាន​តែ​៤នាក់ ប៉ុណ្ណោះ ដែល​មាន​បញ្ហា​ទាញសសៃមុខ ដោយសារ​ឥទ្ធិពល​វ៉ាក់សាំង។ សម្រាប់អាជ្ញាធរ​ឱសថអាមេរិក វា​ជា​បញ្ហា​តូចតាច និង​អាច​ត្រូវ​គេ​ព្យាបាល​ជា គ្មាន​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ។

អាជ្ញាធរ​អង់គ្លេស​ហាម​មិន​ឲ្យអ្នកដែលមានជំងឺ Allergie ចាក់វ៉ាក់សាំង​បង្ការកូវីដ របស់​Pfizer

អាជ្ញាធរ​អង់គ្លេស កាលពី​ថ្ងៃ​ពុធទី ៩​ធ្នូ បាន​ហាម​មិនឲ្យ​ប្រជាជន​អង់គ្លេស​ដែល​មាន​ប្រវត្តិមាន ជំងឺ​Allergie ចាក់វ៉ាក់សាំង​បង្ការ​កូវីដ​របស់​ក្រុមហ៊ុន​Pfizer ពោល​គឺ​នៅបន្ទាប់​ពីបុគ្គលិកពេទ្យ អង់គ្លេស ២នាក់ ​ធ្លាក់ខ្លួនឈឺ នៅក្រោយ​ចាក់វ៉ាក់សាំង​របស់​Pfizer។

នៅ មួយថ្ងៃ​ក្រោយ បើកយុទ្ធនាការចាក់វ៉ាក់សាំង​នៅអង់គ្លេស គេរកឃើញថា វ៉ាក់សាំង​បង្ការកូវីដ​អាច​មាន​ផលរំខានផ្នែក​សុខភាព​សម្រាប់ អ្នកដែល​មាន​បញ្ហា​Allergie នឹង​ចំណីអាហារ ឬ​ថ្នាំ ប៉ុន្តែ ដើម្បី​ដឹង​ពី​ផលរំខាន​ផ្សេងទៀត គេ​ត្រូវ​រង់ចាំ តាមដាន​នៅ ប៉ុន្មាន​ខែ​ខាងមុខ។

ចំណែក ផលរំខាន​ផ្នែកសុខភាព​របស់វ៉ាក់សាំង សម្រាប់​រយៈពេល​វែង ដូចជា​វា​អាច​ជះផលអាក្រក់​ដល់​ការបន្តពូជ ឬ ជំងឺមហារីក អីនោះ គេ​ត្រូវ​រង់ចាំ ពេល រាប់ឆ្នាំ។ ម្យ៉ាងទៀត គេ​នៅមិនទាន់ដឹងថា តើ​ប្រសិទ្ធិភាព​របស់វ៉ាក់សាំង​នឹង​មាន​រយៈពេល យូរ ប៉ុណ្ណានោះទេ។ ប៉ុន្តែ នៅក្នុង​ដំណាក់កាល​បន្ទាន់​ដែល​ជំងឺកូវីដ​សម្លាប់​មនុស្ស​រាល់ថ្ងៃ និង​ធ្វើ​ឲ្យ​ពិភពលោក​ត្រូវជាប់គាំង ដោយសារតែ​ជំងឺរាតត្បាត ផលរំខានរបស់​វ៉ាក់សាំង ឬ​ត្រូវ​បាំង​លុបបិទជិត ដោយ​ផលប្រយោជន៍​របស់វា ដែល​នឹង​ជួយ​ឲ្យ​ការពារ​មនុស្ស​មិន​ឲ្យ​ឆ្លង​ជំងឺកូវីដបាន។

បន្ទាប់ពី អង់គ្លេស និង​បារ៉ែន កាណាដា ជាប្រទេស​ទី​៣​ដែល​បាន​អនុញ្ញាត​ឲ្យ​ចាក់វ៉ាក់សាំង របស់​ក្រុមហ៊ុន​Pfizer ​ក្នុង​ទឹកដី របស់ខ្លួន នៅ ប៉ុន្មាន​ថ្ងៃ​ខាងមុខ។ រដ្ឋាភិបាល​អ៊ីស្រាអែល ឯណោះវិញ ទើបបាន​ទទួល វ៉ាក់សាំង របស់​ក្រុមហ៊ុន​Pfizerនៅថ្ងៃ​ព្រហស្បតិ៍នេះ។

ចោរអ៊ីនធ័រនែត​ចូលលួច ឯកសារ​ទាក់ទង​នឹង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​BioNTech

ទីភ្នាក់ងារ ត្រួតពិនិត្យ​ឱសថ សហភាពអឺរ៉ុបបានអះអាង​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​រងការវាយប្រហារ​ពី​ចោរអ៊ីនធ័រនែត នៅពេល​កំពុង​សិក្សា​លើ​ឯកសារ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន BioNTech។

តាម​ទីភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ អឺរ៉ុប ចោរអ៊ីនធ័រនែត បានចូល​លួច​យក​ឯកសារ​ដែល​មាន​ពាក់ព័ន្ធ​នឹង​សំណុំដាក់ពាក្យ​របស់​ក្រុមហ៊ុន​Pfizer និង​BioNTech។ គេ​មិន​បាន​បញ្ជាក់​ថ្ងៃ និង​ឈ្មោះ​របស់​ក្រុមចោរ​អ៊ីនធ័រនែត​ដែល​បាន​បើកការវាយប្រហារ​ទៅលើ​ទីភ្នាក់ងារ ត្រួតពិនិត្យ​ឱសថ​អឺរ៉ុប​នោះទេ។

ការវាយប្រហារ​របស់​ចោរអ៊ីនធ័រនែត លើកនេះ មិនមែនជា​រឿង​ប្លែក​នោះទេ ព្រោះ ទាំង​ប៉ូលិស​អាំងទែរប៉ូល​ផ្ទាល់​ធ្លាប់​បាន​ព្រមាន​រួចហើយថា ចោរអ៊ីនធ័រនែត កំពុង​បង្កើន វាយប្រហារ សំដៅ មន្ទីរពិសោធន៍ និង​ស្ថាប័ន ដែល​ធ្វើការទាក់ទង​នឹង​ការស្រាវជ្រាវ ឬ​ចែកចាយ វ៉ាក់សាំង បង្ការកូវីដ។

នៅថ្ងៃ​ព្រហស្បតិ៍ ទីភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ​ដែល​មានទីតាំង​នៅ​ប្រទេស​ហូឡង់ បានប្រកាស​បើក​ការស៊ើបអង្កេត ដើម្បី​រកមុខចោរអ៊ីនធ័រនែត។

តាម ក្រុមហ៊ុនអាល្លឺម៉ង់​BioNTech ការវាយប្រហារ​អ៊ីនធ័រនែតលើកនេះ នឹង​មិន​ប៉ះពាល់​ដល់​ដំណើរការ​ដាក់​ពាក្យ​សុំ​ការអនុញ្ញាត​ប្រើប្រាស់​វ៉ាក់សាំង នៅ ទឹកដី​អឺរ៉ុប​នោះទេ។

ទីភ្នាក់ងារត្រួតពិនិត្យ ឱសថ ដែល​ជាអ្នកអារកាត់​លើ​រឿង​ប្រើប្រាស់​ឱសថ និង​វ៉ាក់សាំង នៅ​ក្នុង​បណ្តា​ប្រទេស​សមាជិក​អឺរ៉ុប ទាំង ២៧ ត្រូវ​សម្រេច យ៉ាងយូរបំផុត នៅថ្ងៃទី ២៩ ធ្នូ​ថា តើ​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការកូវីដ របស់​Pfizer ដែរឬទេ។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI